យុវជនខ្មែរក្រោម្នាក់ ត្រូវបានអាជ្ញាធរយួនដោះលែងវិញ ក្រោយពីកោះហៅទៅសាកសួរអស់ជាង ៤ ម៉ោង
ដោយ ស៊ឺន ចែងចើន
យុវជនខ្មែរក្រោមម្នាក់ឈ្មោះ យ័ញ សេត នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ បានចូលខ្លួនទៅឆ្លើយបំភ្លឺ តាមលិខិតកោះហៅរបស់អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង ។ ការចេញលិខិតហៅទៅសាកសួរ គឺបានធ្វើឡើង បន្ទាប់ពីយុវជនខ្មែរក្រោមរូបនេះ តែងបង្ហាញសកម្មភាពផ្សព្វផ្សាយវប្បធម៌ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនទាក់ទងនឹងការផលិតវីដេអូបទចម្រៀង ដើម្បីចូលរួមថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរក្រោម ទៅដល់សាធារណជន ឲ្យបានស្គាល់ពីជនជាតិដើមម្ចាស់ស្រុក នៅលើទឹកដីកម្ពុជាក្រោម ។

យុវជន យ័ញ សេត ថ្លែងប្រាប់សំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មាន ព្រៃនគរ យ៉ាងខ្លីថា លោកត្រូវនគរបាលស្រុកជ្រោយញ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីចំណាយពេលសាកសួរអស់ជាច្រើនម៉ោងរួចមក ។ លោកបន្តថា ការកោះហៅទៅសួរចម្លើយលើកនេះ អាជ្ញាធរវៀតណាម បានប្រើធម៌ត្រជាក់ ចំពោះរូបលោក ដោយប្រើពាក្យទន់ភ្លន់ និងភាសារាបសា ហាក់បីដូចជាមានបំណងលួងលោមលោក ដើម្បីទិញទឹកចិត្ត ដែលធ្វើឲ្យលោកកត់សម្គាល់ឃើញ ថា មានភាពខុសប្លែកពីការកោះហៅមកសាកសួរ កាលពីលើកមុនៗ ដែលពួកគេប្រើពាក្យគំរាមកំហែង សម្លុត បំភិតបំភ័យ បន្លាច ក្នុងន័យមិនឲ្យលោកសកម្មភាពក្នុងសង្គមកម្ពុជាក្រោម ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរវៀតណាម កោះហៅយុវជន យ័ញ សេត ទៅសម្លុតរឿងលោកចូលរួមធ្វើសកម្មភាពលើកស្ទួយអត្តសញ្ញាណសិល្បៈ វប្បធម៌ខ្មែរ នៅដែនដីកម្ពុជាក្រោម ។ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ យុវជន យ័ញ សេត ត្រូវអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានចុះមកឃាត់ខ្លួនភ្លាមៗ ដល់ក្នុងផ្ទះ ដោយពុំមានការបង្ហាញលិខិតស្នាមអ្វីឡើយ ។ បន្ទប់ពីចាប់យកទៅឃុំឃាំងខ្លួនសួរចម្លើយអស់មួយយប់ពីរថ្ងៃរួចមក ទើបរបបអាណានិគមយួន នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ បានដោះលែង លោក យ័ញ សេត ឲ្យមានសេរីភាពឡើងវិញ ។ ទោះបីជាបែបនេះក្ដី ដើម្បីជាថ្នូរបានដោះលែងមានសេរីភាពវិញ អាជ្ញាធរវៀតណាម បានបង្ខំឲ្យយុវជនខ្មែរក្រោមរូបនេះ ផ្ដិតមេដៃធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពទាំងឡាយណា ដែលទាក់ទងនឹងការតស៊ូមតិ និងទាមទារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម បន្តទៀត ។
អាជ្ញាធរវៀតណាម បង្កើនការបង្រ្កាបមកលើពលរដ្ឋខ្មែរក្រោម បន្ទាប់ពីប្រទេសកុម្មុយនិស្តមួយនេះ ទើបបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ ។ ពួកអាជ្ញាធរយួន បានកំណត់គោលដៅ ចាប់ខ្លួន សម្លុតបំភ័យ ធ្វើទុក្ខបុកម្នេញពលរដ្ឋ និងយុវជនខ្មែរក្រោមរូបណា ដែលហ៊ានក្រោកឡើងទាមទារសិទ្ធិជនជាតិដើមម្ចាស់ស្រុក និងបង្ហោះព័ត៌មានពិតពីប្រវត្តិទឹកដីកម្ពុជាក្រោម នៅតាមបណ្តាញសង្គម ៕