អាជ្ញាធរ​វៀតណាម បន្ត​បង្ខំ​​យុវជន​ខ្មែរ​ក្រោម​​ឱ្យ​បង់​ប្រាក់​ពិន័យ ​រឿង​និយាយ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម តាម​បណ្ដាញ​សង្គម

0 429

ដោយ យន់ សាមៀន | RFA Khmer

អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង​ បាន​កោះហៅ​ឲ្យ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់ ឲ្យ​បង់​ប្រាក់​ពិន័យ ដោយសារ​តែ​គេ​បង្ហោះ​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​រឿង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ។ យុវជន​ខ្មែរ​ក្រោម​ នៅ​តែ​រក្សា​ជំហរ​ថា ពួក​គេ​ នឹង​មិន​បង់​ប្រាក់ ពិន័យ​ឲ្យ​អាជ្ញាធរ​វៀតណាម​នោះ​ទេ ដោយសារ​តែ​ពួក​គេ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​តែ​ជំងឺ Covid-19 និង​ពួក​គេ​យល់​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​កំហុស ។

យុវជន តោ ហ្វាង​ចឿង ជា​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់ ដែល​អាជ្ញាធរ​វៀតណាម​តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ ដោយសារ​តែ​គេ​បង្ហោះ​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​រឿង​ប្រវត្តិសាស្ត្រកម្ពុជាក្រោម ។ រូប៖ ខ្មែរក្រោម
យុវជន តោ ហ្វាង​ចឿង ជា​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់ ដែល​អាជ្ញាធរ​វៀតណាម​តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ ដោយសារ​តែ​គេ​បង្ហោះ​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​រឿង​ប្រវត្តិសាស្ត្រកម្ពុជាក្រោម ។ រូប៖ ខ្មែរក្រោម

យុវជន​ខ្មែរ​​ក្រោម តោ ហ្វាង​ចឿង​ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ បន្ត​បង្ខំ​ឲ្យ​បង់​ពិន័យ​រាប់​រយ​ដុល្លារ​នោះ អះអាង​ថា លោក​ នឹង​មិន​បង់​ប្រាក់​ពិន័យ​នោះ​ទេ ទោះ​បី​លោក​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ក៏​ដោយ​ចុះ ។ ការ​ប្ដេជ្ញា​ចិត្ត​មិន​ចុះ​ចាញ់ អាជ្ញាធរ​វៀតណាម​នេះ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​ នៅ​ខេត្តព្រះត្រពាំង បាន​ផ្ញើ​លិខិតរម្លឹក​ឲ្យ​លោក​សង​ប្រាក់​ពិន័យ​ចំនួន ៣០០ ដុល្លារ កាល​ពី​សប្ដាហ៍​មុន ប៉ុន្តែ​មិន​បាន​កំណត់​ពេល​វេលា​ឲ្យ​លោក សង​ប្រាក់​ពិន័យ​ច្បាស់លាស់​នោះ​ទេ ។

កាលពីខែមិថុនា អាជ្ញាធរ​វៀតណាម ​បាន​ផាក​យុវជន​នេះ ចោទ​ប្រកាន់​ករណី​ប្រើប្រាស់​បណ្ដាញ​​​សង្គម ចែក​ចាយ​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការ​បាត់បង់​ទឹក​ដីកម្ពុជា​ក្រោម ក្នុង​ខួប​បាត់បង់​ទឹក​ដី​លើក​ទី ៧១ ឆ្នាំ។​ ក្រោយ​ការ​ចែកចាយ​ព័ត៌មាន​នេះ ភ្លាម​អាជ្ញាធរ​បាន​ផ្ញើ​លិខិត​កោះហៅយុវជន តោ ហ្វាង​ចឿង ទៅ​ជួប​ដោយ​បញ្ចុះបញ្ចូល​លោក ​ឲ្យ​ធ្វើ​ជា​ភ្នាក់ងារ​សម្ងាត់​វៀតណាម ​ដើម្បី​តាម​ដាន​ខ្មែរ​ក្រោម​ណា ដែល​ហ៊ាន​រិះគន់​អាជ្ញាធរ​វៀតណាម ប៉ុន្តែ លោក​បាន​បដិសេធ​ទើប​អាជ្ញាធរ​វៀតណាម​សម្រេច​ផាក​ពិន័យ ។ យុវជន តោ ហ្វាង​ចឿង បាន​បដិសេធ​មិន​សង​ប្រាក់​ពិន័យ​នោះ​ទេ ដោយសារតែ​លោក​​គ្មាន​ប្រាក់ ដើម្បី​បង់​ដោយសារ​តែ​លោក​ជួប​ប្រទះ​បញ្ហា​ជីវភាព​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ Covid-19 ។ យុវជន តោ ហ្វាង​ចឿង បាន​សុំ​ពន្យារពេល មិន​សង​ប្រាក់​ពិន័យ មក​ទល់​សព្វថ្ងៃ​នេះ ។

យុវជន តោ ហ្វាង​ចឿង ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី ២៧ កញ្ញា​ថា អាជ្ញាធរ​វៀតណាម​ចិញ្ចឹម​ចិត្ត​សងសឹក​លោក ទើប​មិន​ព្រម​ទទួល​សំណើ​ផ្អាក​បង់​ប្រាក់​ពិន័យ​នេះ៖ «ករណី​ត្រូវ​បង់​លុយ​ពិន័យ ពួក​ប្អូន​ប្ដេជ្ញា​ថា មិន​បង់​ទេ ពី​ព្រោះ​គេ​រំលោភ​សិទ្ធិ​សេរី​លើ​យើង យើង​មិន​ត្រូវ​បង់​ទេ ។ រឿង​ការ​ចាប់​ខ្លួន​យើង​មិន​ខ្លាច​ជា​ដាច់​ខេត្ត» ។

យុវជន តោ ហ្វាង​ចឿង មិន​មែន​ត្រូវ​អាជ្ញាធរ​ពិន័យ​មួយ​ករណី​នោះ​ទេ ។ កាល​ពី​ដើម​ខែកញ្ញា​នេះ វៀតណាម​ក៏​បាន​ពិន័យ​លោក ប្រាំ​រយ​ដុល្លារ ដោយ​ចោទ​ប្រកាន់​លោក​ថា លោក​បើក​លក់​ហ្គាស សម្រាប់​ចម្អិន​អាហារ​ដោយ​គ្មាន​ការ​អនុញ្ញាត ។ ទោះ​បី​យ៉ាង​ណា​​យុវជន តោ ហ្វាង​ចឿង អះអាង​ថា នេះ​ជា​លេស​សងសឹក​លោក​របស់​អាជ្ញាធរ​វៀតណាម តែប៉ុណ្ណោះ ពីព្រោះ​លោក​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​លក់​ដូរ​ត្រឹមត្រូវ ។

អាជ្ញាធរ​វៀតណាម បាន​ចាប់​ផ្ដើម​រឹត​បណ្ដឹង​សេរីភាព​ខ្មែរ​ក្រោម​ខ្លាំង​ឡើង​វិញ​ម្ដង​ទៀត​នៅ​ឆ្នាំ ២០២០ នេះ ។ អាជ្ញាធរ​វៀតណាម បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម ម្នាក់​ដាក់​ពន្ធនាគារ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ក្រោម​ បាន​ងើប​ឡើង​តវ៉ា​ប្រឆាំង​ នឹង​ការ​រឹបអូស​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ ដោយ​គ្មាន​ដំណោះ​ស្រាយ និង​សំណង ។ បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ក្រោម​រូប​នោះ ត្រូវ​អាជ្ញាធរ​វៀតណាម ដោះ​លែង​ហើយ បន្ទាប់​ពី​ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​ជា​ច្រើន​ខែ​មក ។

វៀតណាម ក៏​បាន​ផាក​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត ឈ្មោះ ថាច់ កឿង ចំនួន ​បី​រយ​ដុល្លារ ដោយសារ​តែ​លោក​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​សំដែង​មតិ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ចាត់​ទុក​ទង្វើ​ទាំង​នោះ​ជា​ការ ​ល្មើស​ច្បាប់​សន្តិសុខ​អ៊ិនធឹណិត​វៀតណាម​ទៅ​វិញ ។ ការ​ចាប់​ផ្ដើម​គាប​សង្កត់​ខ្មែរ​ក្រោម​នេះ ដោយសារ​តែ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​ពលរដ្ឋ​ក្រោម​នៅ​ក្រៅ​ប្រទេស បាន​រួបរួម​គ្នា​ធ្វើ​​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេចវាសនា ដោយខ្លួនឯង​ទៅ​ថ្ងៃ​អនាគត ។

យុវជន ថាច់ កឿង ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី ២៧ កញ្ញា​ថា ដោយសារ​តែ​លោក​ជួប​បញ្ហាជីវភាព​ ទើប​លោកស្នើសុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ពន្យារ​ពេល​ប្រាក់​ពិន័យ ។ យុវជន ថាច់ កឿង ត្រូវ​វៀតណាម​ផាក​ដោយសារ​តែ​លោក រិះគន់​គុណភាព​អង្ករ​វៀតណាម ដែល​ចែកចាយ​ឲ្យ​ខ្មែរ​ក្រោម​ណា​ ដែល​រង​ផល​ប៉ះពាល់​ដោយសារតែ ជំងឺ Covid-19 ។ យុវជន ថាច់ កឿង បច្ចុប្បន្ន​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ខ្មែរ​ក្រោម និង​លក់​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ ។ លោក​ថា ថ្មីៗ នេះ សមត្ថកិច្ច​វៀតណាម បាន​ព្រមាន​មិន​ឲ្យ​លោក​និពន្ធ​ចម្រៀង​ឲ្យ​ខ្មែរ​ក្រោម​ច្រៀង ដែល​បង្កប់​អត្ថន័យ​ស្នេហា​ជាតិ៖ «ដូច្នោះ​វា​ប្រាប់​ថា កុំ​ឲ្យ​និពន្ធ​បទ​ចម្រៀង​ស្នេហា​ជាតិ មាន​ជម្រៅ​ពេក ព្រោះ​បើ​មាន​ជម្រៅ​ពេក​ខ្លាច​មាន​ពាក់ព័ន្ធ» ។

ពាក់ព័ន្ធ​ នឹង​ការ​បន្ត​ទាមទារ​ឲ្យ​ខ្មែរ​ក្រោម​សង​ប្រាក់​ពិន័យ​ទាំង​ពលរដ្ឋ​ខ្មែរក្រោម កំពុង​ជួប​វិបត្តិសេដ្ឋកិច្ច​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ថ្កោលទោស​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម ដែល​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ។ ព្រះអង្គ​បន្ត​ថា យុវជន​ខ្មែរ​ក្រោម គ្មាន​កំហុស​អ្វី​នោះ ពីព្រោះ​ពួក​គេ​និយាយ​ការពិត ដើម្បី​ទាមទារ​​សិទ្ធិ​ជា​ជនជាតិ​ដើម​កំណើត៖ «រដ្ឋាភិបាល​វៀតណាម គួរ​តែ​ពិចារណា​ឡើង​វិញ ហើយ​គួរ​តែ​ទម្លាប់​ចោល​បទ​ចោទ​ទាំង​អស់​នោះ ហើយ​មិន​ត្រូវ​ផាក​ពិន័យ​យុវជន​ខ្មែរ​ក្រោម ប្រើ​បណ្ដាញ​សង្គម (Facebook) ផ្សព្វផ្សាយ​រឿង​ទឹក​ដី​កម្ពុជា​ក្រោម​ឡើយ» ។

ឆ្លើយ​តប​ទៅ ​នឹង​ការ​បន្ត​តាម​យាយី​ខ្មែរ​ក្រោម ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​នៅ​ក្រៅ​ស្រុក ធ្លាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​អាណាព្យាបាល​ពលរដ្ឋ​ខ្មែរ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​វៀតណាម​ ឲ្យ​ឈប់​ធ្វើ​បាប​ខ្មែរ​ក្រោម​នោះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង ប្រាប់​អាស៊ី​សេរី​ថា កម្ពុជា​មិន​អាច​ជ្រៀតជ្រែក​ចូល​កិច្ច​ការងារ​ផ្ទៃ​ក្នុង​របស់​វៀតណាម​បាន​នោះ​ទេ ។ កន្លង​មក​ទោះ​បី​កម្ពុជា​មិន​ចង់​ជ្រៀតជ្រែក​ចូល​កិច្ច​ការងារ​ផ្ទៃ​ក្នុងវៀតណាម​ក៏​ដោយ ប៉ុន្តែ​វៀតណាម តែងតែ​បង្គាប់​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា មើល​ពលរដ្ឋ​របស់​គេ​ឲ្យ​បាន​ត្រឹមត្រូវ ។ កាល​ពី​ពេល​ថ្មីៗ រដ្ឋាភិបាល​ខ្មែរ​សុខ​ចិត្ត​ទិញ​ដី​ចែក​ជូន​ពលរដ្ឋ​វៀតណាម​​ជា​ច្រើន​រយ​គ្រួសារ​ នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ឲ្យ​ជន​ជាតិ​វៀតណាម​ទាំ​ង​នោះ​ឈប់​រស់​នៅ​លើ​ទឹក បំពុល​បរិស្ថាន​ន​ទន្លេសាប ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម ​ធ្លាប់​លើក​ឡើង ដោយសារតែរដ្ឋាភិបាល​មិន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ​ហើយ​ ទើបធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រង​គ្រោះ​ដោយសារតែ​វៀតណាម ធ្វើ​បាប​រាប់​រយ​នាក់ មិន​អាច​ស្នាក់នៅ​កម្ពុជា​បាន ទើប​ពួក​គេ​បន្ត​ដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បីសុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី៕

Leave A Reply

Your email address will not be published.