សមាគមខ្មែរក្រោមថា ស្ថានភាពសិទ្ធិខ្មែរក្រោមរងការរំលោភបំពានទាំង នៅទឹកដីកំណើត និងនៅកម្ពុជា
សមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅថ្ងៃទី៣ មិថុនានេះ បានធ្វើពិធីរម្លឹកខួប ៧១ឆ្នាំ ដែលបារាំងកាត់ដីកម្ពុជាក្រោមទៅឱ្យវៀតណាមគ្រប់គ្រងទាំងខុសច្បាប់ កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ ១៩៤៩។ មន្រ្តីសមាគមលើកឡើងថា ស្ថានភាពសិទ្ធិខ្មែរក្រោមនៅតែប្រឈមនឹងបញ្ហាការបំពានសិទ្ធិនៅទឹកដីខ្មែរនិងការរំលោភបំពានសិទ្ធិពីអាជ្ញាធរវៀតណាមនៅលើទឹកដីកម្ពុជាក្រោម ហើយនៅកម្ពុជា ពលរដ្ឋខ្មែរក្រោមក៏រងការរើសអើងដែរ។

ការប្រារព្ធខួបបាត់បង់ទឹកដីខ្មែរក្រោមនេះ គឺមានធ្វើពិធីសាសនានិងការផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដើម្បីរៀបចំវេទិកាសំណួរចម្លើយស្ដីពីស្ថានភាពសិទ្ធិខ្មែរក្រោម។អង្គការ និងសមាគមខ្មែរក្រោមប្រារព្ធពិធីនេះនៅកន្លែងផ្សេងគ្នា ថ្ងៃខុសគ្នាដោយសារតែការរាតត្បាតនៃជំងឺ covid-19។
អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន ថ្លែងក្នុងពិធីនោះថា ពលរដ្ឋខ្មែរក្រោមសព្វថ្ងៃដែលកំពុងរស់នៅប្រទេសកម្ពុជារួមមាន៖ រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តសៀមរាបជួបបញ្ហាប្រឈមបំផុត គឺអាជ្ញាធរវៀតណាមមិនធ្វើលិខិតបញ្ជាក់អត្តសញ្ញាណឲ្យពួកគេទេ។ លោកបន្តថា បញ្ហាមួយទៀតគឺការរំលោភបំពានដីធ្លី។ លោកឱ្យដឹងទៀតថា នៅលើទឹកដីកម្ពុជាក្រោមដែលមានពលរដ្ឋខ្មែរក្រោមរស់នៅច្រើនរួមមាន៖ ខេត្តព្រះត្រពាំង ខេត្តក្រមួនស ខេត្តឃ្លាំងនិងខេត្តមាត់ជ្រូកតែងរងការគំរាមកំហែងនិងរំលោភសិទ្ធិពីអាជ្ញាធរវៀតណាម៖ «បងប្អូនខ្មែរក្រោមទាំងអស់ហ្នឹងកំពុងប្រឈមបញ្ហាទាំងអស់ហ្នឹងបើនិយាយពីស្ត្រីខ្មែរក្រោមវិញសឹងតែមិនចេះរស់នៅដោយភាពលំបាកតាមចិញ្ចឹមផ្លូវក្នុងការលក់ដូរកំប៉ិកកំប៉ុកអ៊ីចឹងទៅជាពិសេសក្នុងស្ថានភាពបច្ចុប្បន្នផង»។
នៅរយៈពេលចុងក្រោយនេះពលរដ្ឋខ្មែរកំពុងរងការរំលោភបំពានពីអាជ្ញាធរវៀតណាម។ កាលពីដើមខែឧសភា ពលរដ្ឋខ្មែរក្រោមរស់នៅថ្នាក់ខេត្តក្រមួនស ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្ត កៀង យ៉ាង ត្រូវអាជ្ញាធរវៀតណាមបណ្ដេញចេញពីដីធ្លីជាង ១០០ហិកតារ។ យុវជនខ្មែរក្រោម លោក ថាច់ កឿង រស់នៅ នៅខេត្តព្រះត្រពាំង ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្ត ត្រាវិញ (Tra Vinh) ត្រូវអាជ្ញាធរវៀតណាមពិន័យលុយ ជាង ៧លានដុង ឬប្រមាណ ៣រយដុល្លារករណីបង្ហោះវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ចោទអាជ្ញាធរវៀតណាមចែកអង្ករក្លែងក្លាយដល់ពលរដ្ឋខ្មែរក្រោម។ ជុំវិញការរំលោភសិទ្ធិខ្មែរក្រោមនេះ លោក សឺន ជុំជួន ឲ្យដឹងថា លោកបានដាក់បញ្ញត្តិទៅបណ្ដាស្ថានទូតប្រទេសសេរីដែលឥទ្ធិពលលើវៀតណាម ដែលមានស្ថានទូតនៅកម្ពុជា និងនៅប្រទេសវៀតណាមឱ្យអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឱ្យគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម និងត្រូវផ្ដល់ដីឱ្យពលរដ្ឋខ្មែរក្រោមវិញ។
ជុំវិញការលើកឡើងថា ពលរដ្ឋខ្មែរក្រោមដែលជាជនជាតិដើមខ្មែរមកពីទឹកដីក្រោមនៅតែពិបាកក្នុងការទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរខ្មែរ អាស៊ីសេរីបានសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ អគ្គនាយករងនៃអគ្គនាយកអត្តសញ្ញាណកម្ម លោក តុប នេត និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅថ្ងៃទី៣ ខែមិថុនា ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។
តាមការបញ្ជាក់ពីលោក សឺន ជុំជួន ពលរដ្ឋខ្មែរក្រោមរស់នៅប្រទេសកម្ពុជាមានជាងមួយលាននាក់ ក្នុងនោះប្រមាណ ៣០ភាគរយមិនទាន់ទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណពីអាជ្ញាធរ។ សហគមន៍ខ្មែរក្រោមស្នើទៅអាជ្ញាធរកម្ពុជាពន្លឿនដោះស្រាយបញ្ហានេះដើម្បីជៀសវាងការប្រឈមបញ្ហា ឬការរំលោភសិទ្ធិនៅលើទឹកកំណើតរបស់ខ្លួន ខណៈពួកគេបានជួបបញ្ហា និងរងការជិះជាន់ធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាមទៅហើយនោះ។
ពលរដ្ឋខ្មែរក្រោមរស់នៅខេត្តក្រមួនស លោក សឺន ចាំង ដែលកំពុងមានបញ្ហាដីធ្លីជាមួយអាជ្ញាធរវៀតណាមឱ្យអាស៊ីសេរីដឹងថា អាជ្ញាធរវៀតណាមតែងតាមឃ្លាំមើលពួកលោកជាប្រចាំ។លោកថា ពេលលោកផ្ដល់ព័ត៌មាន ឬផ្ដល់បទសម្ភាសមកអ្នកសារព័ត៌មាន ឬមកអាស៊ីសេរីម្ដងៗ គឺលួចលាក់រកកន្លែងមានសុវត្ថិភាពនិយាយទូរស័ព្ទ។ លោកថា ប្រសិនបើអាជ្ញាធរអាជ្ញាធរវៀតណាមដឹងថាលោកបានផ្ដល់ព័ត៌មានចេញក្រៅពីបញ្ហារបស់លោក ឬបញ្ហារបស់ពលរដ្ឋខ្មែរក្រោមនឹងត្រូវអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញឬត្រូវជាប់ពន្ធនាគារ៖ «តាមដានយើងតាំងពីកន្លែងស៊ីមទូរស័ព្ទទៀតណា ហើយស៊ីមទូរស័ព្ទសុទ្ធតែឲ្យយើងដាក់ទីតាំងយកកាតទៅទៀតខ្លាចយើងបះបោរ»។
កម្ពុជាបានបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមឬកូសាំងស៊ីនដែលមានខេត្តចំនួន ២១ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយសារតែបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោមទៅឱ្យវៀតណាមទាំងខុសច្បាប់ និងគ្មានការយល់ព្រមពីកម្ពុជា និងពលរដ្ឋខ្មែរកម្ពុជាក្រោម។
ប្រធានសមាគមខ្មែរកម្ពុជាក្រោមនិងជាអតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ថាច់ សេដ្ឋា ឱ្យអាស៊ីសេរីដឹងថា សមាគមរបស់លោកនឹងប្រារព្ធខួបបាត់បង់ទឹកដីខ្មែរក្រោមនៅថ្ងៃទី៤ ខែមិថុនានៅទីស្នាក់ការសមាគមដោយមាននិមន្តព្រះសង្ឃ ៩អង្គធ្វើពិធីសាសនានិងមានតំណាងពលរដ្ឋខ្មែរក្រោមប្រមាណ ៣០នាក់ ដើម្បីចូលរួមប្រារព្ធពិធីនេះ៕