សារឆ្នាំថ្មីជូនចំពោះយុវជនខ្មែរ នៅកម្ពុជាក្រោម
ប្រែសម្រួលដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ឋិតនៅក្នុងបរិយាកាលដែលពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស កំពុងតែត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ គ្រឹសសករាជ ២០១៥ នៅតាមវត្តអារាមនានា និងការនឹករឭកដល់មាតុភូមិ កម្ពុជាក្រោម របស់ខ្លួននោះ អ៊ំសូមជូនពរក្មួយៗជាយុវជន សិស្ស និស្សិតខ្មែរក្រោម និងគ្រួសារ ប្រកបតែសេច ក្ដីសុខ ចម្រើនគ្រប់ប្រការ រៀនពូកែ មានការងារធ្វើពេលបញ្ចប់សាលា និងឆាប់បានទទួលនូវលំហើយសេរីភាពពិត ប្រាកដមួយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។

រាល់ពេលដែលអ៊ំសរសេរសារមិនមែនជាភាសាខ្មែររបស់ខ្លួនដើម្បីជូនពរដល់ក្មួយៗ អ៊ំមានការឈឺចាប់ខ្លាំងណាស់ ព្រោះថា បើអ៊ំសរសេរជាភាសាខ្មែររបស់ខ្លួន មានក្មួយៗយុវជនភាគច្រើនមិនអាចអានបានទេ ដូច្នេះ បានជាអ៊ំ សម្រេចចិត្តសរសេរជាភាសាយួនដើម្បីក្មួយៗអានបាន ។ ដូចអ្វីដែលអ៊ំធ្លាប់បាននិយាយជាមួយក្មួយៗនាពេល កន្លងមក គ្មានអ្វីឈឺចាប់ជាង ពេលដែលយើងមិនអាចសរសេរ និងនិយាយជាមួយគ្នាជាភាសាកំណើតរបស់ខ្លួន នោះទេ ។ ពួកគេចង់ឲ្យយើងបំភ្លេចចោលនូវភាសារបស់ខ្លួន និងមានថ្ងៃណាមួយ យើងនឹងមិនអាចស្គាល់ខ្លួនឯង ជានរណាបានទៀតទេ ។ ក្មួយៗត្រូវយល់ពីប្រការទាំងនេះ ។ អង្គការសហប្រជាជាតិនាពេលនេះ បានអំពាវនាវ ឲ្យមានកិច្ចការពារ នូវភាសា និងអក្សររបស់ជនជាតិដើម ។ ក្មួយៗក៏ត្រូវតែដឹងថា ខ្លួនត្រូវធ្វើអ្វីខ្លះដើម្បីការពារភាសា និងអក្សររបស់ជាតិខ្លួនឲ្យបាន ។
អ៊ំមានសេចក្ដីរីករាយខ្លាំងណាស់ ពេលដែលបានឃើញក្មួយៗនៅកម្ពុជាក្រោមអាចឡើងបណ្ដាញអិនធើណិតបាន ។ ជាពិសេស នៅលើបណ្ដាញសង្គម Facebook ក្មួយៗបានបង្ហាញអំពីមោទកភាពរបស់ខ្លួនជាជនជាតិដើមខ្មែរ ក្រោម ។ មានក្មួយៗជាច្រើនរូប បានយល់ដឹង និងមានអំណួតថា ខ្លួនជានរណា ។ ពេលដែលក្មួយៗបានដឹងខ្លួន ឯងថា ខ្លួនជានរណា ក្មួយៗនឹងបានដឹងថា ខ្លួនកំពុងតែបាត់បង់នូវអ្វីខ្លះ ដែលក្នុងនាមខ្លួនជាជនជាតិដើមនៅលើ មាតុភូមិកំណើតរបស់ខ្លួន តែបែរជាមិនអាចទទួលបាននូវសិទ្ធិជាមូលដ្ឋានរបស់ជនជាតិដើម ទៅវិញ ។ រដ្ឋាភិបាល វៀតណាមនៅហាមមិនឲ្យយើងហៅខ្លួនឯងថា “ខ្មែរក្រោម” ឬ ទឹកដីរបស់ខ្លួនថា “កម្ពុជាក្រោម” ជាដើម ។ គេបាន កែប្រែប្រវត្តិសាស្ត្រកម្ពុជាក្រោមនៅក្នុងសាលារដ្ឋ និងបានបង្រៀនឲ្យកូនចៅខ្មែរក្រោមយើងយល់ថា ខ្លួនជា “ជនជាតិ ភាគតិច” ទៅវិញ ។ រដ្ឋាភិបាលវៀតណាមបានលើកឡើងថា ពួកគេបានឆ្ការព្រៃលើទឹកដី ដូនតារបស់ យើង ។ ប្រសិនបើក្មួយៗមិន បានទទួលព័ត៌មានពីខាងក្រៅទេ វាប្រកដណាស់ថា យើងនឹងមិនអាចសរសេរជូនគ្នា ទៅវិញទៅមក ដើម្បីសម្ដែងពីអារម្មណ៍របស់ខ្លួននៅក្នុងសារលិខិតនេះបានទេ ។
ពេលដែលក្មួយៗឡើងបណ្ដាញ ប្រហែលជាក្មួយៗបានឃើញរដ្ឋាភិបាលវៀតណាម តែងតែត្រូវអង្គការសិទ្ធិមនុស្ស ជាពិសេស ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្ស បានមកបំពេញទស្សនកិច្ចនៅវៀតណាម នាពេលកន្លងមក បានថ្កោលទោសវៀតណាមថាបានរំលោភសិទ្ធិមនុស្ស ។ ក្រុមមន្ត្រីប្រេសិតអង្គការសហប្រជា ជាតិ បានចេញរបាយការណ៍ភ្ជាប់ជាមួយភស្តុតាងយ៉ាងច្បាស់ក្រឡែត ។ របាយការណ៍ទាំងនោះបានបញ្ជាក់ថា មន្ត្រីអង្គការសហប្រជាជាតិមិនអាចមានឱកាសបានជួបនឹងអ្នកដែលពួកគេចង់ជួបនៅកម្ពុជាក្រោមបានទេ ពួកគេ ត្រូវអាជ្ញាធរវៀតណាមរារាំង នូវដំណើរដែលពួកគេចង់ទៅ និងពួកគេត្រូវចារកម្មវៀតណាមតាមដានក្នុងពេល ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ។ ប្រសិនបើវៀតណាម ជាប្រទេសមួយដែលគោរពសិទ្ធិមនុស្ស វាប្រាកដណាស់ថា នឹងគ្មានរឿងបែបនេះកើតឡើងទេ តែបែរជាកើតឡើងចំពោះតំណាងអង្គការ សហប្រជាជាតិ ទៅវិញ ។
កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុក ខាងវប្បធម៌ លោកស្រី Farida Shaheed បានធ្វើសេចក្ដីរាយការណ៍មួយស្ដីពីដំណើរទស្សកិច្ចរបស់លោកស្រី នៅប្រទេសវៀតណាម ជម្រាបដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានជ្រាប ខណៈដែលវៀត ណាមជាសមាជិកអចិន្ត្រៃយ៍នៅក្នុងអាណត្តិនេះ ។ នៅក្នុងរបាយនោះ លោកស្រី Farida Shaheed បានបង្ហាញ អំពីករណីរំលោភបំពានលើសិទ្ធិវប្បធម៌ និងប្រពៃណីរបស់ខ្មែរក្រោម នៅកម្ពុជាក្រោម ដូចជា ការប្រណាំងទូកង នៅ ខេត្តឃ្លាំង និងពិធីប្រណាំងគោ នៅខេត្តមាត់ជ្រូក ជាដើម ។ វៀតណាមក៏បានចាត់ឲ្យតំណាងរបស់ខ្លួនឡើង ប្រតិកម្មការពារខ្លួន និងច្រានចោលនូវរបាយការណ៍របស់ លោកស្រី Shaheed ដែរ ។ ទោះបី មានការការពារខ្លួន យ៉ាងណាក៏ដោយ វៀតណាមពិបាកក្នុងការលាក់បាំងការពិតខ្លាំងណស់ ពីព្រោះប្រេសិតអង្គការសហប្រជាជាតិ បានចុះទៅពិនិត្យផ្ទាល់នូវការរំលោភបំពានលើសិទ្ធិមនុស្សនៅវៀតណាម ។ នៅថ្ងៃនោះដែរ សហព័ន្ធខ្មែរកម្ពុជា ក្រោម ក៏បានចាត់តាំងឲ្យមានកិច្ចប្រជុំមួយនៅខាងក្រៅ នៃសន្និបាតរបស់អង្គការសហប្រជាជាតិ ផងដែរ ។ លោក Heiner Bielefeldt ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកខាងសេរីភាពជំនឿសាសនា បានឡើងថ្លែង សុន្ទកថា បើកកម្មវិធីនៃអង្គប្រជុំ ។ យើងត្រូវមានអំណួតថា សហព័ន្ធខ្មែរកម្ពុជាក្រោម បាននាំយកបញ្ហារំលោភបំ ពានលើសេរីភាពសាសនា និងសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោមពីរដ្ឋាភិបាលវៀតណាមជម្រាបដល់អង្គការសហ ប្រជាជាតិ និងប្រេសិតអង្គការសហប្រជាជាតិបានជឿលើភស្តុតាងដែលសហព័ន្ធខ្មែរកម្ពុជាក្រោមផ្ដល់ជូនឲ្យ ពួកគេ ។
ក្មួយៗជាទីមេត្រី ! ពេលដែលបានឃើញក្មួយៗ ចេះឡើងបណ្ដាញ និងបានមើលឃើញនូវពន្លឺសេរីភាពពីខាងក្រៅ បើទោះបីវាមិនទាន់បានជះពន្លឺមកដល់ដែនដីកម្ពុជាក្រោម យ៉ាងណាក៏ដោយ តែវាក៏ជាប្រភពមួយសម្រាប់ក្មួយៗ ធ្វើ ការវិភាគទៅលើពាក្យបីម៉ាត់ថា “សេរីភាព” ឲ្យបានត្រឹមត្រូវដែរ ។ ត្រឹមត្រូវព្រោះ មិនមែនជា “សេរីភាព” ដែលត្រូវ ផ្អែកលើទស្សនៈរបស់រដ្ឋាភិបាល ឬរបស់បក្សពួកណាមួយនោះឡើយ ។ ពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស ជាពិសេស អ្នកដែលចូលរួមជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម គ្មានប្រាថ្នាអ្វីក្រៅតែពីចង់ឲ្យក្មួយៗមានសេរីភាព ពិតប្រាកដមួយ ។ គ្មានការរស់នៅដោយភាពភ័យខ្លាច និងបានគាំពារដោយច្បាប់ប្រកបដោយយុត្តិធម៌ដូចជា មនុស្សគ្រប់គ្នា ដែលវាមិនមែនគ្រាន់តែជាពាក្យសន្យាខ្យល់ ពេលដែលរដ្ឋាភិបាលចង់ចាប់ខ្លួនក្មួយៗ ក៏ចាប់តាម ទំនើងចិត្ត នោះទេ ។ ក្មួយៗត្រូវតែខិតខំរៀនសូត្រ មិនធ្វើអ្វីឲ្យខុសពីច្បាប់ដែលបានអនុញ្ញាត ។ ប្រសិនបើមានអ្វីចង់ ទាមទារ ត្រូវអនុវត្តទៅតាមច្បាប់វៀតណាម និងអន្តរជាតិ ។ ក្មួយៗមានសិទ្ធិទាក់ទង ចងសម្ព័ន្ធមិត្តភាពជា មួយមនុស្សនៅជុំវិញពិភពលោក ជាពិសេស ខ្មែរក្រោម នៅក្រៅប្រទេស ។ ពីព្រោះនោះ ជាសិទ្ធិជាមូលដ្ឋានរបស់ មនុស្សគ្រប់រូបដែលត្រូវទទួលបាន ។
នៅប្រទេសវៀតណាម បច្ចុប្បន្ន ទោះបីរដ្ឋាភិបាលមិនទាន់អនុញ្ញាត, ចលនាបង្កើតជាអង្គការសង្គមស៊ីវិល ដើម្បី ទាមទារសិទ្ធិជាមូលដ្ឋានកំពុងតែរីកស្គុះស្គាយជាបណ្ដើរហើយ ។ នេះបង្ហាញឲ្យឃើញថា ពលរដ្ឋវៀតណាម ចាប់ ផ្ដើមហ៊ានបញ្ចេញសំឡេងពិត ដែលរដ្ឋាភិបាលវៀតណាមធ្លាប់តែលាបពណ៌ថា ជាក្រុមប្រតិកិរិយា កេងប្រវញ្ចលើ សេរីភាព ។ ចឹងហើយ ក្មួយៗត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន ។ សូម្បីតែជនជាតិយួនគ្នាគេដែលជាអ្នកស្រឡាញ់ សេរីភាព ក៏ត្រូវវៀតណាមលាបពណ៌ដែរ ដោយពួកគេទាំងនោះ ត្រូវរដ្ឋាភិបាលធ្វើទារុណកម្ម និងចាប់ដាក់គុក ជា ដើម ។ ក្មួយៗជាជនជាតិដើមខ្មែរក្រោម ពួកគេនឹងមិនញញើតដៃក្នុងការធ្វើទារុណកម្មនោះទេ ដូច្នេះហើយ ទើបយើង ត្រូវមានការប្រុងប្រយ័ត្នឲ្យមែនទែន ដើម្បីកុំឲ្យផុងចូលអន្ទាក់របស់ពួកគេ ។
អ៊ំមានសង្ឃឹមថា ក្មួយៗជាសិស្ស និស្សិត និងកម្មករដែលចេញទៅសិក្សា និងធ្វើការនៅឆ្ងាយពីផ្ទះ និងភូមិស្រុក នឹងបានរដ្ឋាភិបាលវៀតណាមអនុញ្ញាតឲ្យឈប់សម្រាកដើម្បីបានវិលត្រឡប់ទៅចូលរួមក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃ ណីជាតិខ្មែររបស់យើង ដែលជិតនឹងឈានចូលមកដល់នេះ ។ ហើយសង្ឃឹមថា ឆ្នាំនេះ ក្មួយៗនឹងរួមគ្នាធ្វើឲ្យ ពិភពលោកស្គាល់ថា ក្មួយៗជាជនជាតិដើម នៃដែនដីសប្បូរទៅដោយធនធានធម្មជាតិ កម្ពុជាក្រោម ជាក់ជា មិនខាន ។
ដោយសេចក្ដីស្រឡាញ់រាប់អាន និងសូមជម្រាបលាក្មួយៗពីចម្ងាយ
ចៅ រៀប
ប្រធានសភាព្រឹទ្ធាចារ្យនៃសហព័ន្ធខ្មែរកម្ពុជាក្រោម
Comments are closed.