ខ្មែរនិងខ្មែរ ខ្មែរក្សេមក្សាន្ត
ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្មែរ ខ្មែរក្រុងខ្មែរស្រែខ្មែររួមប្តុំ
ខ្មែរសង្ឃ-គ្រហស្ថខ្មែរមូលជុំ ខ្មែរស្នេហ៍សង្គមខ្មែរសាមគ្គី ។
ខ្មែររៀនខ្មែរចេះខ្មែរលែងល្ងង់ ខ្មែរលែងញុះញង់ដល់គ្នាគ្នី
ខ្មែរស៊ូស្លាប់ខ្លួនស្ងួនធរណី ខ្មែរស្គាល់នាទីជាកូនខ្មែរ ។
ខ្មែរប្រុសបួសរៀនដោយប្រពៃ ខ្មែរស្រីរក្សាចរិយាខ្មែរ
ខ្មែរស្មោះនឹងខ្មែរមិនស្នេហ៍គេ ខ្មែរស្រឡាញ់ខ្មែរខ្មែរការខ្មែរ (១) ។
ខ្មែរខំដុសខាត់ក្រមរខ្មែរ ខ្មែរលែងសំរែចរិតខ្មែរ (២)
ខ្មែរលះកលល្បិចក្តិចត្រួយខ្មែរ ខ្មែរលែងស្អប់ខ្មែរខ្មែររួមម៉ែ ។
ខ្មែរលើកស្ទួយខ្មែរប្រាជ្ញជាតិឯង ខ្មែរចេះកោតក្រែងសាវតារខ្មែរ
ខ្មែររួមឪម៉ែគឺជាតិខ្មែរ កូនខ្មែរឈាមខ្មែរដើម្បីខ្មែរ ។
ខ្មែរស្មោះនឹងខ្មែរមិនបែរបត់ ខ្មែរមិនទ្រុស្តក្បត់ជាតិសាសន៍ខ្មែរ
ខ្មែរមិនខ្វល់ខ្វើកចើកចោលខ្មែរ ខ្មែរមិនតែយួនភ្លេចខ្លួនខ្មែរ ។
ខ្មែរនៅតែខ្មែរនិយាយខ្មែរ ខ្មែររៀនអ័ក្ខរ៍ខ្មែរព្រោះខ្លួនខ្មែរ
ខ្មែរទោះឃើញយួនមួនជាងខ្មែរ ខ្មែរនៅតែខ្មែរមិនបង់ខ្មែរ ។
ខ្មែរប្រឹងខំមិនប្លមប្លែងគេ ខ្មែរមិនងាករេថេរជាខ្មែរ
ខ្មែរប្តេជ្ញាចិត្តខិតខំថែ កេរដំណែលខ្មែរជូនជាតិខ្មែរ ។
ខ្មែរថែវត្តវ៉ាសាសនាជាតិ ខ្មែរថែទាំជាតិវប្បធម៌ខ្មែរ
ខ្មែរថែអក្សរភាសាខ្មែរ ខ្មែរថែខ្មែរ កុំឲ្យបាត់ខ្មែរ ។
ខ្មែរធ្វើដូច្នេះទើបសមឈ្មោះ ខ្មែររស់ក្សេមក្សាន្តដូចពាក្យខ្មែរ
ខ្មែរខេមរៈប្រែថាខ្មែរ “ក្សេមក្សាន្ត”ឥតប្រែ ឋិតលើខ្មែរ ៕
វិទ្យាស្ថានពុទ្ធសាសនាខ្មែរ ខ័ណ្ឌអូរមុល ទីក្រុងព្រែកឫស្សី កម្ពុជាក្រោម
ព. ស. ២៥៥៣ គ. ស. ២០០៩

បន្តទៅខ្ញុំសូម បើករង្វង់ក្រចក ធ្វើអធិប្បាយរង្គាយសេចក្តីត្រង់ឃ្លាថា
“ខ្មែរស្រឡាញ់ខ្មែរខ្មែរការខ្មែរ”(១) ៖
ព្រោះឃ្លានេះមានការជាប់ទាក់ ទងយ៉ាងខាប់ស្អិតនឹងបញ្ហាសង្គមខ្មែរក្រោម នៅកម្ពុជាក្រោម ។ អត្ថន័យក្នុងឃ្លានេះ កើតចេញពីក្តីកង្វល់របស់ខ្ញុំ ក៏ដូចជាកង្វល់របស់ខ្មែរក្រោមទាំងអស់គ្នា ព្រោះថាសម័យបច្ចុប្បន្ននេះ នៅកម្ពុជាក្រោម គេហាក់ដូចជាពេញនិយមក្នុងរឿងខ្មែរការយួន យួនការខ្មែរ ។ គឺប្រុសខ្មែររៀបការស្រីយួន ឯប្រុសយួនរៀបការស្រីខ្មែរ ពាសពេញភូមិស្រុក ខេត្ត ក្រុងក្នុងទឹកដីកម្ពុជាក្រោម ជាហូរហែបន្តបន្ទាប់ដូចមត់គ្នាពីពាន់ជាតិមុនអញ្ចឹង ម៉ែឪដូនតាជ្រប់មុខគ្រវីក្បាលទប់លែងជាប់ ដូចជាទឹកបាក់ទំនប់ ។
ខ្ញុំសូមនាំរឿងសន្ទនាមួយ រវាងខ្ញុំជាមួយនឹងអ្នកស្រុកកម្ពុជាក្រោម ជាទឹកដីកំណើតរបស់ខ្ញុំ កាលខ្ញុំនៅក្នុងស្រុក ជូនលោកអ្នកពិចារណា ។ ខ្ញុំធ្លាប់សាកសួរគំនិតចាស់ទុំក្នុងភូមិស្រុក ជាពិសេសអ្នកមានកូនប្រសារយួន អំពីរឿងនេះថា “ហេតុអីក៏ចេះតែតាមចិត្តកូនខ្លាំងម្ល៉េះ ក្រែងចាស់ទុំនិយមនិយាយថា “នំមិនធំជាងនាឡិ” ហើយដូនតាខ្មែរយើងផ្តាំថា “ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន” ហេតុអីក៏ធំ, មា, មី, យាយ, តាឆាប់ភ្លេចម៉េះ ? (ខ្ញុំនិយាយហាក់ដូចជាបន្ទោសម៉ែឪដូនតាអាណាព្យាបាល) បានជាឃើញថា យួនហាណូយក៏លើកឲ្យ ក៏យល់ព្រម, យួនវ៉េក៏លើកឲ្យ ក៏យល់ព្រម, យួនព្រៃនគរក៏លើកឲ្យ ក៏យយល់ព្រម, យួននៅជុំវិញភូមិស្រុកក៏លើកឲ្យ ក៏យល់ព្រម ដោយងាយ ៗ ស្រួ ៗ ម្ល៉េះ ឥតបើមានដេញដោលអីសោះអញ្ចឹង ? បើតែរបៀបហ្នឹងឲ្យអាត្មាសឹកទៅរកប្រពន្ធខ្មែរឯណាបាន ? ខ្ញុំនិយាយឃ្លានេះដើម្បីឲ្យពួកគាត់សើចបន្ធូរកង្វល់, ព្រោះនិយាយដល់រឿងនេះ ឃើញពួកគាត់សុទ្ធតែមានទឹកមុខក្រៀមក្រំ អៀនអន់រអៀសខ្លួនមិនចង់ហ៊ាននិយាយទេ ។ ពួកគាត់និយាយត្អូញត្អែរប្រាប់ខ្ញុំថា : ពិតថេរដីកាព្រះតេជព្រះគុណ ឲ្យបានជ្រាប យើងខ្ញុំករុណាពិតជាខកចិត្តនឹងកូនចៅ ខ្មែរយើងសម័យនេះខ្លាំងណាស់, ពួកវាដូចជាមោហ៍បាំងជញ្ជាំងគ្រប ឲ្យងងឹតឈ្លប់ឈឹង ដឹងតែពីជ្រប់ងប់ក្នុងរឿស្នេហា លែងចេះបែងចែកខុសត្រូវ បែងចែកជាតិសាសន៍អីសោះ ។ បើនិយាយស្តីប្រដៅវា វានិយាយឫកក្រអឺតក្រទមថា ម៉ែឪចេះដឹងអីតាំងតែពីកើតមកនៅតែស្រែចម្ការ ??? រឿងស្នេហាមានទៅអាណាគេបែងចែកជាតិសាសន៍វណ្ណៈត្រកូលអី, ម៉ែឪនិយាយអញ្ចឹង ប្រយ័ត្នគេឮ គេចោទថាម៉ែឪរើសអើងពូជសាសន៍…. ។ ពួកគាត់តម្អូញថា ខ្ញុំព្រះករុណា ពិតទ័លគំនិតហើយ ព្រោះកូនឥឡូវមិនសូវស្តាប់បង្គាប់ដូចកាលពួកខ្ញុំជាន់មុនទេ ថាបើម៉ែឪ ទុកដាក់ទីណា អង្គុយទីនោះ មិនហ៊ានប្រកែកទេ ព្រោះនំកាលជាន់នោះនៅតូចជាងនាលិ តែមកដល់ជាន់នេះ មើល៍ទៅនាលិពួកខ្ញុំត្រូវនំគ្របបាត់ហើយ, បើកាត់កាល់វាចោលក៏កាត់មិនដាច់ ដូចជាពាក្យចាស់លោកថា “កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ”, មានតែធ្មេចភ្នែកតាមវាប៉ុណ្ណោះ មិនដឹងធ្វើម៉េចទេ, ពួកខ្ញុំពីមុនមកមិនសូវដែលឃើញខ្មែរការយួន យួនការខ្មែរអីភ្លូកទឹក ភ្លូកដីអ៊ីចឹងនោះទេ គឺកម្រណាស់ ព្រោះយួនសម្លាប់ខ្មែរដុតទាំងឃ្លាំង ៗ កប់ទាំងរស់ ជ្រមុជទឹកទាំងព្រែកវិញតេ ជន្លៀសខ្មែរចោលស្រុក ភូមិផ្ទះសម្បែង ដល់ពេលវិលមក វាយកផ្ទះ យកស្រែចម្ការ ទ្រព្យសម្បត្តិ ក្របី គោ មាន់ ទា ឲ្យយួនគ្នាវាអស់ ខ្មែរនៅសល់តែបាតដៃទទេទៅស៊ីឈ្នួលយួនលើស្រែឯង បម្រើយួនលើផ្ទះឯង ធ្វើទាសករយួនលើប្រទេសឯង ទទួលការឈឺចាប់ចុកទ្រូងស្ទើរបែក ស្ទើរតែទៅធ្វើអត្តឃាត តែនឹកអាណិតកូនតូច ៗ ក៏ប្រឹងរស់ទាំងទុក្ខវេទនា, ដល់ម្លឹង ៗ ហើយយួនវានៅថែមទាំងចាប់ឲ្យខ្មែរបិទមាត់ដូចគេចុក បើហ៊ានថ្ងូរ ឬតវ៉ារឿងអ្វីមួយនោះ ដល់ពេលយប់ស្ងាត់វាមកហៅទ្វារ ចាប់បិទមុខនឹងកន្សែងខ្មៅយកទៅ ហើយឲ្យលីចបពីផ្ទះទៅតាម ជីករណ្តៅកប់ដោយខ្លួនឯង លុះជីកល្មមមួយជំហរមនុស្ស ក៏វាវាយនឹងក្បាលចបទម្លាក់ចុះរណ្តៅទាំងត្រដរខ្យល់ ហើយកាយដីកប់ទាំងមិនទាន់ផុតដង្ហើម យ៉ាងព្រៃផ្សៃ, ការឈឺចាប់ ការប្រមាថមកលើខ្មែរលើសសត្វតិរច្ឆានបែបនេះហើយ បានខ្មែរស្អប់យួនសួរពូជ មានគំនុំធំប៉ុនមេឃ មានរឿងអីដែលថាខ្មែរទៅស្រឡាញ់យួនរៀបការប្តីប្រពន្ធនោះ គ្មានទេ នៅជំនាន់ខ្ញុំ, មានតែឃើញខ្មែរកាប់យួន យួនកាប់ខ្មែរ និងយួនធ្វើបាបខ្មែរប៉ុណ្ណឹង ដល់មកឥឡូវកូនចៅវាមិនបានជួបផ្ទាល់ វាមិនបានការរៀនសូត្រពីប្រវត្តិសាស្ត្រជាតិឯង ហើយពួកខ្ញុំចាស់ទុំនេះ ក៏មិនហ៊ានទាំងនិយាយប្រាប់វាត្រង់ ៗ ទេ ព្រោះចាស់លោកស្តីថា “និយាយយប់ជំពប់ព្រៃ និយាយថ្ងៃព្រៃដុះត្រចៀក” គឺពួកមនុស្សប្រចៀវស៊ើបការណ៍ខ្មែរ ឲ្យយួន តាំងតែជាន់ដើមមកដល់ឥឡូវ ពួកខ្ញុំជិតចូលឈាបនដ្ឋានហើយ មិនដែលឃើញវាបញ្ឈប់ការតាមដាន ឲ្យតែដឹងថាខ្មែរណាស្នេហាជាតិ និយាយរឿងពិតវាធ្វើបាបខ្មែរ វាលួចប្លន់ទឹកដីខ្មែរឲ្យកូនចៅ ឬសិស្សគណស្តាប់ដឹងរឿង វាមុខតែមិនទុកឲ្យនៅដេកផ្ទះទេ, បានជាលំបាកនឹងណែនាំកូនចៅណាស់ លោកម្ចាស់ក្មួយអឺយ, តាមខ្ញុំករុណាមើលទៅ ឃើញពួកយួនវាខ្លាចបំផុត គឺខ្លាចខ្មែរក្នុងសម័យបច្ចេកវិទ្យាទំនើប ដែលមនុស្សមានមានត្រចៀកទិព្វ បានដល់ទូរស័ព្ទ វិទ្យុជាដើម ភ្នែកទិព្វ បានដល់ទូរទស្សន៍ ពត៌មាន ហ្វេចសប៊ុក ទស្សនាវដ្តី កាសែត ព្រឹត្តិប័ត្រជាដើម បានដឹងឮរឿងពិតដ៏អាក្រក់របស់វា ។ អ្ហា ! បើតែបែបនេះខ្ញុំខ្លាចតែជាតិយើងមានគ្រោះធំទេ ? ។
ពួកគាត់បន្តទៀតថា សូមលោកម្ចាស់ក្មួយជួយមើលចុះ មិនថាខែការឬខែព្រះសង្ឃចូលវស្សាទេ តែកូនស្រីនាំប្រុសយួនមកប្រាប់ម៉ែឪថា គេចង់រៀបការខ្ញុំ, ឬកូនប្រុសនាំស្រីយួនមក ប្រាប់ថាខ្ញុំចង់រៀបការប្រពន្ធ តែប៉ុណ្ណឹង គឺត្រូវតែរៀបចំឲ្យវាហើយ ទោះជាពន្យល់ប្រាប់វាថា ខែព្រះសង្ឃចូលវស្សារៀបការមិនបាន ឬខែអស្សុជ កត្តិក មិគសិរ មាឃ ចេត្ត មិនមែនជាខែរៀបមង្គលការកូនប្រុសស្រីទេ ព្រោះប្រពៃណីខ្មែរខែរៀបការក្នុងឆ្នាំមានតែ ខែបុស្ស ផល្គុន វិសាខ ប៉ុណ្ណោះ ។ មួយទៀត ប្រាប់ទៅវាថា ម៉ែឪមិនទាន់ទៅរកចៅមហាមើល ដេញថ្ងៃ ខែ ឆ្នាំ ផ្សំធាតុ ផ្សំពង្ស អីត្រឹមត្រូវផង ក្រែងលោវាទាស់ខែឆ្នាំគ្នា, វាតបដោយសម្តីរម៉ាំងរម៉ោកថា ពួកវាគ្មានពេលរង់ទេ ?,… ពួកវាត្រូវវិលទៅរកស៊ីឈ្នួលនៅព្រៃនគរវិញ, ខ្លះវាត្រូវទៅរៀនវិញ ។ល។ ។ ដល់ពេលសួររកម៉ែឪវាឯណាម៉េចមិនមានចាស់ទុំជាអ្នកផ្លូវចៅមហាអី ចូលស្តីដណ្តឹង តាមផ្លូវច្បាប់ ? បានជាមកការប្រពន្ធ និងមានប្តីតែឯងអញ្ចឹង លែងមានច្បាប់ទម្លាប់អីហើយឬ ? វាប្រាប់ធ្វើជើយថា ម៉ែឪវានៅឯហាណូយ នៅឯវ៉េ នៅឯហាយផុង នៅឯញ៉ាត្រាង… ក្រីក្រលំបាកណាស់, ឆ្ងាយយ៉ាងនេះ គ្មានសោហ៊ុយឯណាជិះរថភ្លើង ឬជិះយន្តមកការកូនទេ សូមអធ្យាស្រ័យផង ។ មានខ្លះក៏ម៉ែឪគេមកស្តីដណ្តឹងត្រឹមត្រូវដែរ ប៉ុន្តែឮតែនៅហាណូយ វ៉េ… អញ្ចឹងមែនតែមិនដឹងជានៅដល់ជើងមេឃជើង ជើងមុងឯណាទេ? តែព្រៃនគរមិនដែលបានស្គាល់ផង ។ លោកម្ចាស់ក្មួយជ្រាបទេ អ្នកខ្លះមានដល់ចៅធំ ៗ ហើយនៅមិនទាន់ដែលស្គាល់មុខមាត់ដន្លងម្តងផង ហើយមានកូនប្រសារខ្លះ តាំងពីជួបរហូតដល់បែកគ្នាប្តីប្រពន្ធ មិនដែលទាំងបានជួបមុខម៉ែឪក្មេកម្តងផង ក៏មាន, សុទ្ធតែបែបនេះ ព្រះគុណម្ចាស់ ឲ្យករុណាទៅមើលផៅសន្តានអីទៀត ??? មែនតែទៅមើលចៅឲ្យវា និងទៅមើលរកកាត់ស្មៅឲ្យគោប៉ុណ្ណោះ …. និយាយទៅរអៀសខ្លួនណាស់ លោកម្ចាស់ក្មួយ, ប្រពៃណីជាតិខ្មែរយើងតាំងពីដូនតា មុននឹងរៀបការ យើងសុទ្ធមើលដេញខែឆ្នាំ ថាតើត្រូវសម្ពង្សគ្នាឬទេ ហើយត្រូវមានអ្នកផ្លូវចៅមហា មេបា ម៉ែឪ ជួយពិនិត្យ មើលឫកពាចរិយាមារយាទកូនប្រសារយ៉ាងល្អិតល្អន់ ទើបរៀបការ ដូចពាក្យចាស់ថា “ចរិយាថ្លៃឲ្យយក ចរិយាថោកឲ្យវៀរ”, ប៉ុណ្ណឹងហើយ នៅតែមានម៉ែឪខ្លះតឹងតែងមិនព្រមលើកកូនឲ្យ ឬចូលស្តីដណ្តឹងប្រពន្ធឲ្យកូនទៀត ថាអ្នកណេះវាអ៊ីចេះ អ្នកណោះវាអ៊ីចោះ គឺដល់មកជាមួយអ្នកភូមិផងរបងជាមួយ ហើយជាសាច់ឈាមខ្មែរគ្នាឯង ស្គាល់ញាតិផៅសន្តាន ពូជពង្សវង្សត្រកូល តាំងពីដើមមកស្រាប់ សាបែរជាតឹងតែង សុទ្ធតែខុសខាងណេះ ឬក៏ខុសខាងណោះ ហើយខ្លះនោះទៀតទាមទាររកតែជំនូនបណ្ណាការ លើសលែងជាងគិតពីអនាគតកូន រហូតដល់ទាស់ចិត្តគ្នាកូនលែងបានជួបគ្នាក៏មាន … ។ ដល់មកប៉ះជាមួយយួនវិញម៉េចក៏មិនទស្សន៍ មិនថា មិនទារដូច្នោះផង, លោកម្ចាស់ក្មួយដឹងទេ ពួកយួនដែលវាមកតាមប្តី តាមប្រពន្ធជាជាតិខ្មែរយើង ១០០ នាក់ វាមកដៃទទេ អស់ចំនួន ៩៩ នាក់ទៅហើយ, ទន្ទឹមនឹងនោះ ១០០ នាក់វាបោះបង់ និងលែងលះពាក់កណ្តាលផ្លូវ ប្រហែល ៧០ ទៅ ៨០ នាក់យ៉ាងតិច, ដល់ម្លឹង ៗ ហើយកូនខ្មែរយើង នៅតែមិនភ្លឺភ្នែកភ្ញាក់រឭកគិតគូរឡើងវិញសោះ ។ ជាច្រើនគូណាស់ ទីបំផុតនៅសល់តែកូន ២, ៣ ឲ្យម៉ែឪមើល, ហេតុនោះ បានជាករុណាពិតថេរដីកា ព្រះតេជព្រះគុណអម្បាញ់មិញថា សម័យនេះទុកដាក់កូនចៅ មិនសូវបានមើលផៅសន្តានទេ ច្រើនតែបានមើលចៅអម្បាលម៉ានជំនួសកូនវិញប៉ុណ្ណោះ” ធ្វើម៉េចទេ ដូចចាស់លោកថាមែន ម៉ែឪខ្ញុំ គឺអស់ពីខ្ញុំកូន ដល់ខ្ញុំចៅ បានចៅខ្មែរសុទ្ធទៅអស់ចិត្តដែរ អាចៅខ្មែរមិនស្មែរ យួនមិនយួនទៀត ??? មិនដឹងពេលណាកូន ៗ គេព្រមភ្ញាក់ខ្លួន ហើយមិនដឹងធ្វើម៉េចឲ្យកូនខ្មែរយើងទាំងអស់លែងដើរតាមតម្រាយអាក្រក់របស់កូនខ្ញុំនេះទេ លោកម្ចាស់ក្មួយអើយ ! ។ មើល៍ លោកម្ចាស់មើល៍ចុះ វាចោលចៅឲ្យករុណា ២, ៣ អញ្ចឹង, ហើយវាទៅបាត់ តើឲ្យខ្ញុំករុណាបោះបង់វាចោលទៅណាកើត, បានជាថ្ងៃខ្លះ ករុណា រកពេលសូម្បីតែដាំចង្ហាន់ដាក់បាត្រព្រះសង្ឃែដែលលោកមកទ្រង់បាត្រដល់មុខផ្ទះមិនទាំងបានផង កុំបាច់ពោលថ្វីដល់ទៅវត្ត ថ្ងៃសីល ថ្ងៃបុណ្យ” ។
ចំពោះបញ្ហានេះ រឿងដែលយើងគួរបារម្ភធំបំផុតនោះគឺ ទី ១ បញ្ហាភាសា, ទី ២ បញ្ហាអក្សរសាស្ត្រ, ទី ៣ បញ្ហាវប្បធម៌ប្រពៃណី, ទី ៤ បញ្ហានាមត្រកូល , ទី ៥ បញ្ហាសាសនា បញ្ហាទាំងនេះសុទ្ធសឹងតែជាបញ្ហាមានជាប់ទាក់ទងយ៉ាងស្អិតល្មួតនឹងការគង់វង្ស និងការបាត់បង់អត្តសញ្ញាណជាតិខ្មែរក្រោម នៅកម្ពុជាក្រោម ។
បញ្ហាទី ១ គឺភាសា, នៅពេលដែលខ្មែរការយួន យួនការខ្មែរ បញ្ហានេះនឹងចោទឡើងថា តើជិវិតប្រចាំថ្ងៃរបស់ប្តីប្រពន្ធគេ និយាយគ្នាភាសាអ្វី ? ចម្លើយគឺនិយាយយួន ; ខ្មែរត្រូវខាតអ្នកនិយាយភាសាខ្មែរម្នាក់, នេះប្រសិនបើគេចេញទៅនៅផ្ទះតែឯង ឬទៅរកស៊ីនៅទីក្រុងព្រៃនគរជាដើម ឬក៏ទៅនៅខាងប្តីឬប្រពន្ធយួន ។ ចុះបើគេនៅរួមក្នុងគ្រួសារខាងប្រពន្ធឬខាងប្តីខ្មែរវិញយ៉ាងម៉េចវិញ ចំពោះគ្រួសារមួយឬភូមិខ្មែរមួយទាំងមូល ដែលធ្លាប់ឮតែសំឡេងខ្មែរនិយាយឆ្លងឆ្លើយរកគ្នារាប់រយឆ្នាំមកហើយនោះ ដល់ពេលមានយួនមករសនៅលាឡំ តើគេនៅរក្សាទម្លាប់នេះខ្ជាប់ទេ ? ចម្លើយថាទេ គឺយួនតែម្នាក់ចូលផ្ទះ ចូលភូមិ អាចបង្គាប់ឲ្យខ្មែរទាំងគ្រួសារ ទាំងពូជ ទាំងភូមិនិយាយយួនត្រាប់វា ឆ្លងឆ្លើយនឹងទាំងអស់ ។ មួយទៀត ដល់ពេលបានកូនមក កូនក៏និយាយយួនតាំងពីកំណើតទៅតែម្តង, មានកូនកាត់បែបនេះច្រើនណាស់ ដែលមិនចេះភាសាខ្មែរសូម្បីមួយម៉ាត់ ។ គិតដល់ត្រឹមនេះ យើងឃើញថាយើងត្រូវខាតបង់ខ្មែរនិយាយខ្មែរ មួយចំនួនធំក្រែលហើយ គឺខាតទាំងក្មេង ទាំងចាស់ ទាំងផ្ទះ ទាំងភូមិ ហើយបូកបនឹងខ្មែរសុទ្ធសាធមួយផ្នែកចម្លែកខុសគេ មិនសូវចូលចិត្តនិយាយភាសាខ្មែរជាតិឯងនោះថែមទៀត ឃើញថា ខាតបូកនឹងខាតមែន ។ បញ្ហាថ្មីមួយទៀតចោទឡើងថា តើទៅអនាគត ២០ ឬ ៣០ ឆ្នាំទៀត ខ្មែរក្រោមទៅជាយ៉ាងម៉េច ??? ។ បញ្ហានេះសូមផ្ញើជូនសតិសម្បជញ្ញៈ ម៉ែឪដូនតា ជាពិសេសគឺយុវជនខ្មែរក្រោម ឲ្យជួយដោះស្រាយផងចុះ ។
បញ្ហាទី ២ គឺអក្សរសាស្ត្រ : សូម្បីតែកូនខ្មែរសុទ្ធសាធក៏គង់ តែត្រូវបង្ខំចិត្តទៅរៀនសាលាយួនមុនគេបង្អស់ដែរ, ព្រោះយួនមិនបានគោរពសិទ្ធិខ្មែរក្រោមជាជនជាតិដើម តាមបង្គាប់របស់អង្គការសហប្រជាជាតិ ហើយឲ្យខ្មែរក្រោមមានសេរីភាពពេញលេញក្នុងវិស័យសិក្សាអប់រំដើម្បីធ្វើសេចក្តីសម្រេចវាសនាខ្លួនដោយខ្លួននោះឯណា ? ។ អក្សរខ្មែរមានតែសាលាវត្តដែលព្រះសង្ឃខ្នះខ្នែងបើកឲ្យកូនខ្មែររៀន កុំឲ្យសាបសូន្យ នៅពេលដែលកូនខ្មែរឈប់សម្រាក ៣ ខែ វិស្សមកាលពីសាលារៀនយួនប៉ុណ្ណោះ ។ អក្សរសាស្ត្រជាគោលរបស់ជាតិនៅចង្អៀតណាស់ខ្មែរ ក្រោមមិនចេះអក្សរជាតិនៅមានចំនួនច្រើន ជាងអ្នកចេះឆ្ងាយណាស់ ឯអ្នកប្រាកដប្រជាប្រើជាផ្លូវការបាន មនតែព្រះសង្ឃដែលបួសរៀនហ្មត់ចត់ប៉ុណ្ណោះ ។ បញ្ហាចោទឡើងថា តើកូនកាត់មិនចេះសូម្បីតែភាសានិយាយនោះ ឪឬម៉ែជាខ្មែររបស់វាមាននឹកភ្នកឲ្យកូនមករៀនអក្សរខ្មែរ ឬមកបួសរៀនឲ្យចេះដឹងអក្សរសាស្ត្រខ្មែរឬទេ ត្រង់នេះចម្លើយនៅតែទេដដែល ។ ដោយហោចទៅសូម្បីពេលដែលកូននោះធំដឹងក្តីវាមិនចង់ទទួលស្គាល់ខ្លួនវាមានម៉ែ ឬ ឪជាជាតិខ្មែរផង ព្រោះសារជាតិយួនតាំងពីដូនតាវាមក តែងតែដៀលខ្មែរថាក្រ អាក្រក់ ល្ងង់ នេះជាបញ្ហាអនាគតផ្ទាល់ខ្លួនរបស់អ្នកមានប្តី ឬប្រពន្ធយួនគួរគិតពិចារណា ជាពិសេសអ្នកមិនទាន់មានគូយួន ត្រូវគិតបង្ការទុកឲ្យហើយមុននឹងសម្រេចចិត្ត កុំឲ្យមានទោសនឹងដូនតាខ្មែរក្រោម នាំឲ្យស្តាយក្រោយ ។
បញ្ហាទី ៣ វប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ខ្មែរត្រូវញាំញីតាំងតែពីមុន និងក្នុងថ្ងៃរៀបមង្គលការ ខ្មែរយួន យួនខ្មែរ ដូចដែលមានក្នុងការសន្ទនាហើយនោះម្ល៉េះ ។ អ្នកដែលនិយាយថា ស្នេហាគ្មាននរណាគេប្រកាន់ ពូជ សាសន៍ វណ្ណៈ ត្រកូល នាំតែធ្លាក់ចុះក្នុងតម្រារើសអើងពូជសាសន៍ នោះជាលេសទេ ហើយក៏ជាការមិនទាន់យល់ថា អ្វីជាការរើសអើងពូជសាសន៍ដែរ ? ។ ការប្រកាន់ពូជសាសន៍នោះ បានដល់ការប្រមាថមើលងាយ ការបន្ថោកបន្ទាប បន្តុះបង្អាប់ពូជសាសន៍គេខុសទំនង ការជិះជាន់ ការរំលោភបំពាន ការឈ្លានពាន ការមិនគោរពសិទ្ធិជំនឿសាសនា ការមិនគោរពសិទ្ធិមនុស្សចំពោះសហគមន៍ជាតិសាសន៍ ការមិនឲ្យសិទ្ធិអភិរក្សវប្បធម៌ មិនឲ្យរៀនប្រវត្តិសាស្ត្រ រក្សាប្រពៃណីទំនៀមទម្លាប់ និងការមិនផ្តល់សេរីភាពដល់ពូជសាសន៍ណាមួយ តាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ក្នុងនាមជាមនុស្សជាតិដូចគ្នា ដូចជាអ្វី ៗ ដែលយួនបំពានលើខ្មែរក្រោមជាជនជាតិដើម មានការកាឡៃប្រវត្តិសាស្ត្រពិតរបស់ខ្មែរក្រោម បិទសិទ្ធិមិនឲ្យខ្មែរក្រោមរៀនប្រវត្តិសាស្ត្ររបស់ខ្លួន ការកាឡៃបំភ្លៃប្រវត្តិអុំទូកងរបស់ខ្មែរហើយបោះពុម្ពចេញឲ្យកូនខ្មែររៀនជាដើម នេះទើបពេញជាការរើសអើងពូជសាសន៍ដោយពិតប្រាកដ ។ ចំណែកការយល់ដឹងពីបញ្ហាជាតិសាសន៍ ហើយមិនបណ្តោយឲ្យមានស្នេហាជាមួយសត្រូវដែលបំផ្លាញជាតិសាសន៍ ដើម្បីការពារអាយុជីវិតជាតិសាសន៍របស់ខ្លួនឲ្យគង់វង្ស នេះជាឧត្តមគតិខ្ពង់ខ្ពស់របស់មនុស្សជាតិ គួរតែសរសើរ គួរតែគោរព គួរតែបានរង្វាន់ពីមជ្ឈដ្ឋានជាតិ នឹងបែរទៅមួលបង្កាច់ថា ជាការរើសអើងពូជសាសន៍ដូចម្តេចទៅ ? ឧទាហរណ៍ ថាបើយើងដឹងថា កម្លោះ ឬក្រមុំដែលយើងស្រឡាញ់ពេញចិត្តនោះ ជាកូនរបស់សត្រូវសម្លាប់ឪម៉ែយើង តើយើងនៅតែចចេសអាងថា ស្នេហាមិនរើសអើង មិនប្រកាន់ ដើម្បីបានរៀបការនឹងកូនសត្រូវនោះ កុំឲ្យគេចោទថា ខ្លួនរើសអើងពូជសាសន៍ ឬទេ ? ហើយបើធ្វើបែបនេះមែន តើយើងរស់នៅសមនឹងសតិសម្បជញ្ញៈរបស់ខ្លួនឬទេ, ឪពុកម្តាយដែលស្លាប់ទាំងវេទនា ក្រោមភាពអយុត្តិធម៌នៅក្នុងបរលោកនោះ គាត់ឈឺចិត្តឬទេ ហើយគាត់ដាក់ផ្តាសា ឬឲ្យពរយើង ? ហើយអ្នកផងសម្លឹងមកយើងដោយកែវភ្នែកអ្វី ? ។
បញ្ហាទី ៤ គោត្តនាម : បើប្រុសខ្មែរកាស្រីយួន នៅធួនគ្រាន់ ត្រង់ថា កូនកើតមកត្រូវយកតាមគោត្តឪជាខ្មែរ ក៏គង់សម្គាល់ថាខ្មែរ នេះក៏ចំពោះតែនាមត្រកូលខ្មែរធំ ៗ ដែលងាយសម្គាល់បានមិនច្រឡំ ដូចជា ថាច់ គឹម គៀង សឺន យ័ញ ចៅ ប៉ុណ្ណោះ ។ ឯគោត្តខ្មែរក្រោមនៅមានច្រើនទៀតទៅតាមតំបន់ ដូចជានៅខេត្តព្រែកឫស្សី ខ្មែរគោត្ត ដាវ ម៉ាយ លី ក្នុងនោះដាវច្រើនបំផុត ឯទីដទៃមានខេត្តឃ្លាំង និងព្រះត្រពាំងជាដើម គង់តែមានការលាយឡំគោត្ត ដូចគ្នានឹងយួន នឹងចិនដែរ តែមិនមែនយួន មិនមែនចិនទេ ដូចយ៉ាង គោត្តត្រឹង ឡឹម លី យីប ង៉ោ ជាដើម ។ ក្នុងរឿងនេះអាចមានការលំបាកសម្គាល់ចំពោះខ្មែរកណ្តាលនៅកម្ពុជា, ព្រោះនាមត្រកូលទាំងនេះមានទាំងខ្មែរ ទាំងចិន ទាំងយួន តែខ្មែរក្រោមខ្លួនឯងបែងចែករឿងនេះបានច្បាស់ តាមរយៈសំណេះសំណាលសួរសុខទុក្ខ ពិនិត្យពិសោធន៍មើលចិត្តគំនិត អាកប្បកិរិយា សាមីខ្លួននៃអ្នកមាននាមត្រកូលទាំងនោះមិនច្រឡំទេ ។ បើប្រុសយួនការស្រីខ្មែរវិញ ដល់បានកូនយកតាមនាមត្រកូលឪយួនរបស់វា ដូច ង្វៀង វ៉ ហូ ជាដើម នេះក៏ជាការបង់គោត្តជាអត្តសញ្ញាណខ្មែរក្រោមមួយផងដែរ ។
បញ្ហាទី ៥ សាសនា : តាំងពីបុរាណកាលមកខ្មែរក្រោមមានតែព្រះពុទ្ធសាសនាមួយជាសាសនាសម្រាប់ជាតិ មិនមានសាសនាដទៃជាគម្រប់ពីរឡើយ បើទុកជាប្រពៃណីសាសនាព្រាហ្មណ៍នៅមានលាយឡំ ជាពិធីកម្មក្នុងពុទ្ធសាសនាខ្លះក៏ដោយ ក៏រាប់ថាជាប្រពៃណីប៉ុណ្ណោះ មិនមែនជាសាសនាទេ ។ ដល់ពេលខ្មែរមានប្តីយួន ប្រពន្ធយួន ភាគច្រើនបើប្តីប្រពន្ធយួននោះកាន់សាសនាអ្វី ឬអត់សាសនា គេក៏តាមប្តីប្រពន្ធនោះ បោះបង់ចោលពុទ្ធសាសនាជាសាសនាជាតិ តែមិនទាន់ទួទៅទាំងអស់ទេ ។ ទោះជាយ៉ាងនេះ ក៏នៅតែមានជះឥទ្ធិពលដល់ការកាន់ជឿព្រះពុទ្ធសាសនារបស់ខ្មែរក្រោម នាំបណ្តាលឲ្យខាតពុទ្ធសាសនិកខ្មែរក្រោមមួយចំនួនដែលតាមប្តី ឬប្រពន្ធយួននោះមិនលែង ។
ហេតុដូច្នេះ ខ្ញុំទទូចសូមយុវជនខ្មែរក្រោមទាំងអស់ ដែលជ្រុល និងមិនទាន់ជ្រុលស្រឡាញ់យួន មេត្តាគិតគូរពិចារណាឡើងថា លើលោកនេះនរណាក៏គេមានប្រទេស មានជាតិ មានសាសនាជាទីគោរព ជាទីស្នេហាស្មើជីវិតរបស់គេទាំងអស់ ហើយគេសុទ្ធតែឧទ្ទិសបេះដូងស្នេហាជូនប្រទេស ជូនជាតិ ជូនសាសនារបស់គេ ក្រៃលែងជាងស្នេហាផ្ទាល់ខ្លួនគេឆ្ងាយណាស់ ។ ការស្លាប់ដើម្បីស្នេហាដ៏មានន័យថ្លៃថ្នូរខ្ពង់ខ្ពស់គួរឲ្យយើងគេលុតជង្គង់ លើកកម្បង់អញ្ជលីថ្វាយបង្គំនោះ មិនមែនសេចក្តីស្លាប់ចំពោះស្នេហាប្រុសស្រី នៃយុវវ័យដែលគួរឲ្យបន្ទោសនោះទេ តែជាសេចក្តីស្លាប់ចំពោះស្នេហាប្រទេស ស្នេហាជាតិ ស្នេហាសាសនា ដូចជាសេចក្តីស្លាប់របស់វីរបុរសឧកញ៉ា សឺន គុយ របស់យើងជានិទស្សន៍ ព្រោះជាសេចក្តីស្លាប់ដើម្បីមិនស្លាប់ ។
យើងបានជាកើតមកអភ័ព្វមានប្រទេស មានជាតិ មានសាសនាដូចគេឯងលើលោកនេះដែរ តែបែរជាត្រូវយួនលួចប្លន់ដណ្តើមប្រទេស សម្លាប់ជិះជាន់ជាតិ គាបសង្កត់សាសនា ហើយសោយសុខលើគំនរទុក្ខរបស់យើង យើងមិនត្រូវធ្វើជាមនុស្សកំសាករស់ធ្ងន់ផែនដី ចង្អៀតពិភពលោកទទេនោះទេ យើងត្រូវធ្វើប្រយោជន៍ជូនជាតិ ជូនសាសនារបស់យើងដែលនៅសេសសល់ឲ្យបានគង់វង្ស យូរលង់តកូនចៅទៅមុខទៀត តាមតែអ្វីដែលយើងអាចធ្វើបាន ។ តាមពិតទៅ កិច្ចការងារ ដែលយើងអាចធ្វើដើម្បីជាតិសាសនានោះ សុទ្ធតែឋិតនៅក្នុងលទ្ធភាពរបស់យើងទាំងអស់, ហើយសាមញ្ញប្រចាំជីវិតយើងទៀតផង ដូចជានិយាយខ្មែរជាភាសាជាតិ ជាមួយខ្មែរជាតិឯង បង្ហាត់បង្រៀនកូន កូនក្មួយ ចៅ ឲ្យនិយាយខ្មែរ, ដាស់ស្មារតីអ្នកភ្លេចខ្លួននិយាយយួនជ្រុល មិននិយាយភាសាឯងឲ្យភ្លាក់រឭក, ស្តាប់ចម្រៀងខ្មែរ, ស្តាប់ព័ត៌មានខ្មែរ, មើលភាពយន្តខ្មែរ, ឬភាពយន្តបរទេសជាភាសាខ្មែរ, ទម្លាប់ហៅលេខទូរស័ព្ទជាលេខខ្មែរ ០ ១ ២ ៣ ៤ ៥ …. ទម្លាប់កែពាក្យយួនដែលលាយឡំនឹងខ្មែរឲ្យជាខ្មែរសុទ្ធសាធ ដូចជាខ្សែដៀង មកជា ខ្សែភ្លើង, សាកដៀងថយ មកជា បញ្ចូលថ្មទូរស័ព្ទ, ទៅឡួន មកជា ទៅរហូត ឬទៅតេម្តង, មិនហ៊េវ មកជា មិនយល់, ម៉ាយវីតិន មកជា កុំព្យូទ័រ, រៀនង៉ែ មកជារៀនមុខរបរ, បាកស៊ី មកជា គ្រូពេទ្យ, ស្គាល់ឡាំបោធ្វើជាមិនស្គាល់ មកជា ស្គាល់ពុតធ្វើជាមិនស្គាល់… មិនទម្លាប់ចាក់បណ្តោយភាសាយួន ក្នុងពេលនិយាយខ្មែរនឹងខ្មែរ ។ ខំរៀន ឬឆ្លៀតរៀនអក្សរខ្មែរ ឧស្សាហ៍អានសៀវភៅខ្មែរគ្រប់ប្រភេទដែលខ្លួនចូលចិត្ត ។ ប្តេជ្ញាមិនស្រឡាញ់ក្រមុំ កម្លោះយួន ទោះបីនៅកន្លែងធ្វើការ នៅរៀន ជាមួយយួនក៏ដោយ ឬក៏យួនមានទ្រព្យសម្បត្តិ មាន ស័ក្តិ យស ផ្តល់ឲ្យខ្លួនក៏ដោយ ក៏មិនភ្លេចថា របស់ដែលយួនមានទាំងអស់ ហើយពុតធ្វើជាឲ្យ ជាជូនដល់យើងដោយអាណិតស្រឡាញ់ ដោយចិត្តល្អនោះ សុទ្ធតែបានពីញើសឈាមខ្មែរ ពីទឹកដីខ្មែរ ពីជាតិខ្មែរយើងទាំងអស់ ពោលគឺរបស់អ្វី ៗ ដែលយួនបាននៅលើបរិវេណទឹកដីរបស់យើង ទោះបីបានដោយរបៀបណា កាលៈទេសៈណា ពេលវេលាណា នៅទីកន្លែងណាក៏សុទ្ធតែឈ្មោះថា យួនលួចប្លន់របស់ខ្មែរយើងទាំងអស់ ព្រោះជាកម្មសិទ្ធិរបស់យើង, យើងមិនដែលបានឲ្យយួនដោយកាយវាចា ឬសូម្បីដោយនឹកគិតនោះទេ ឬក៏យើងបោះបង់ចោល ហើយយួនរើសបានដោយចៃដន្យ ដូចដែលយួនបានបំផ្លើសបំភ្លៃនោះក៏ទេដែរ ។ ផ្ទុយមកវិញ យើងបានរក្សាការពារ និងទាមទារជានិច្ចនូវកម្មសិទ្ធិរបស់យើង តាមច្បាប់អន្តរជាតិឲ្យត្រាតែបាន ហើយគ្មានអ្វីដែលយើងធ្វើមិនបាននោះទេ វៀរលែងតែយើងមិនបានធ្វើប៉ុណ្ណោះ ។ ប៉ុន្តែយើងបានធ្វើ និងកំពុងខិតខំធ្វើ នឹងរឹតតែព្រមព្រៀងគ្នាធ្វើ ធ្វើរហូតទាល់តែសម្រេចសមបំណង ។ ត្រង់សេចក្តីនេះហើយ សូមយុវជនខ្មែរក្រោមពិចារណាទាំងអស់គ្នា ហើយជួយរំឭកដាស់តឿនគ្នាឲ្យដឹងខ្លួនផង ព្រោះថា បើនៅតែ ខ្មែរការយួន យួនការខ្មែរយ៉ាងនេះ ជាប់តរដឹកទៅមុខទៀត តើអនាគតខ្មែរក្រោម ដែលពឹងផ្អែកលើគោលសំខាន់ពីរយ៉ាង គឺ “អក្សរសាស្ត្រជាគោលនៃជាតិ វិន័យលោកនាថជាគោលសាសនា” និង “ភាសា, អក្សររលត់ ជាតិរលាយ ភាសា, អក្សរ ពណ្ណរាយ ជាតិថ្កើងថ្កាន” នោះនឹងទៅជាយ៉ាងណា ។ បើយុវជនខ្មែរក្រោមពិតជាចេះគិតដល់អនាគតខ្លួនមែននោះ រឹតតែត្រូវចេះគិតដល់អនាគតជាតិសាសនារបស់ខ្លួន ឲ្យច្រើនលើសលប់ក្រៃលែងជាង, ព្រោះអ្វី ? ព្រោះថាបើអនាគតជាតិសាសនាសាបសូន្យ អនាគតខ្លួនសាបរលាប ។ មួយទៀត ត្រូវតម្កល់ប្រយោជន៍ជាតិ ឲ្យនៅលើប្រយោជន៍ខ្លួន កុំយកប្រយោជន៍ខ្លួន តម្រួតលើប្រយោជន៍ជាតិ គឺថាត្រូវតែចេះច្នៃប្រយោជន៍ខ្លួនធ្វើជាពានចរណៃតម្កល់ប្រយោជន៍ជាតិជាដរាប, ព្រោះថាបើប្រយោជន៍ជាតិសាបសូន្យ ប្រយោជន៍ខ្លួនវិនាស, ប្រយោជន៍ជាតិរុងរោចន៍ ប្រយោជន៍ខ្លួនរុងរឿង ។ ។
ចំណែកអត្ថន័យក្នុងឃ្លាថា “ខ្មែរលែងសំរែចរិតខ្មែរ (២)”៖
គឺសំដៅយកខ្មែរជំពូកខ្លះ ជាផៅពង្ស ភូឈួយ គង់ មានចរិតថោកទាប សម្លាប់ជាតិ ទ្រុស្តសាសនា ព្រោះស្រី ស្រា យស ស័ក្តិ លាភសក្ការៈ ទ្រព្យធន ប៉ុណ្ណោះ ។ ពុំមែនមានន័យថា ខ្មែរទាំងអស់សុទ្ធតែមានចរិតថោកទាបទុច្ចរិត ដូចជាចរិតច្រណែនឈ្នានីសឫស្យា ចរិតហិង្សា ចរិតមោមោហៈ ចរិតរាគៈ ចរិតចាក់រុកញុះញង់ ចរិតរករឿងកាប់សម្លាប់កម្ចាត់ជាតិឯង ចរិតទ្រុស្តជាតិ ទ្រុស្តសាសនា …ជាដើមនោះ មិនមែនទេ ។ តាមពិតចរិតមិនល្អទាំងនេះ មានចំពោះតែជនពាល លុះក្នុងអំណាចលោកធម៌ ហើយលុះក្នុងកណ្តាប់ដៃសត្រូវ ទើបគិតមិនដិតដល់ ក៏ចាលចាញ់កលបច្ចាមិត្តបញ្ចុកបន្ស៊ីប៉ុណ្ណោះ ។ ករណីនេះ មិនថាជនណា ជាជនណាទេ កាលបើលើកអប្បមាទធម៌ ឬសតិសម្បជញ្ញៈចេញពីខ្លួនហើយ សុទ្ធតែងាយឈានធ្លាក់រណ្តៅនេះទាំងអស់ ។ ព្រះពុទ្ធទ្រង់សំដែងធម៌រំឭកដាស់តឿនសកលមនុស្សឲ្យប្រុងប្រយ័ត្ន កុំឲ្យធ្លាក់រណ្តៅនេះ ក្នុងអំឡុងពេល ២៦ សតវត្សរ៍មកហើយថា “បមាទោ មច្ចុនោ បទំ ការធ្វេសប្រហែសស្មារតីជាផ្លូវនៃសេចក្តីស្លាប់” ។ ទន្ទឹមនឹងនោះទ្រង់ក៏បានបញ្ជាក់បន្ថែមទៀតថា”អប្បមាទោ អមតំ បទំ ការមិនធ្វេសស្មារតី ជាផ្លូវនៃសេចក្តីមិនស្លាប់” ។ ព្រោះហេតុនោះ បានជាខ្មែរជំពូកខ្លះដែលប្រតិបត្តិព្រះពុទ្ធសាសនាខ្ជាប់ខ្ជួន ជាពិសេសប្រតិបត្តិតាមពុទ្ធភាសិតខាងលើនេះ រមែងមានចរិតថ្លៃថ្នូរ ចរិតល្អប្រសើរ រស់ដើម្បីជាតិសាសនា ហើយហ៊ានស្លាប់ព្រោះបុព្វហេតុជាតិសាសនា មិនខុសអំពីព្រះបរមពោធិសត្វឡើយ ដែលហ៊ានស្លាប់បំពេញបរមត្ថបារមីដើម្បីពោធិញ្ញាណ គឺពុទ្ធសាសនា ទុកជាប្រយោជន៍ ជាសេចក្តីសុខ ជាសេចក្តីចម្រើន ដល់សកលមនុស្សសត្វ ។ ជនអ្នកមានសតិសម្បជញ្ញៈជាតិសាសនាទាំងអស់ សុទ្ធតែបានឆ្លាក់ឈ្មោះជាអមតបុគ្គលជាប់ក្នុងប្រអប់បេះដូងនៃមនុស្សជាតិជារៀងដរាប មិនចេះសាបសូន្យ បើទុកជាជនដ៏ប្រសើរទាំងនោះស្លាប់បាត់រូបបាត់រាងទៅហើយក៏ដោយ ក៏ហាក់ដូចជានៅរស់រានមានជីវិតជាអមតមិនចេះស្លាប់សោះ ព្រោះបុព្វចរិយានៃបុព្វជនទាំងនោះ រមែងរស់នៅជាទិដ្ឋានុគតិនៃអនុជន ទុកដូចជាប្រទីបបំភ្លឺផ្លូវសេចក្តីចម្រើនដល់មនុស្សជាន់ក្រោយមិនចេះរលត់, ដូចជា ព្រះពុទ្ធ,ព្រះសាវកពុទ្ធ, ព្រះបាទជយវរ្ម័នទី ៧, ឧកញ៉ា សឺន គុយ, សម្តេចព្រះសង្ឃរាជ ជួន ណាត, សម្តេចព្រះធម្មលិខិត ល្វី ឯម, ព្រះឧត្តមមុនី អ៊ុម ស៊ូរ, សម្តេចព្រះសង្ឃរាជ ហួត តាត, ក្រុមជំនុំព្រះត្រៃបិដក, សឺន ង៉ុកថាញ់, ព្រះឃោសនាគ រដ្ឋបុរស អាចារ្យ ហែម ចៀវ, ព្រះធម្មបាល ខៀវ ជុំ, ព្រះវីរិយបណ្ឌិត ប៉ាង ខាត់, អតីតព្រះមេគណខេត្តព្រះត្រពាំង កម្ពុជាក្រោម ព្រះមេគណ គឹម តុក ចើង, ព្រះមេគណ ត្រឹង យាន់ជាដើម ។ បណ្តាជនជាមនុស្សដ៏ប្រសើរទាំងអស់ដែលបានរៀបរាប់មកនេះ មានតែព្រះពុទ្ធនិងពុទ្ធសាវ័កខ្លះប៉ុណ្ណោះ ដែលមិនមែនជាជាតិខ្មែរ ក្រៅពីនោះសុទ្ធតែជាជាតិខ្មែរទាំងអស់ ហើយជាខ្មែរដែលមានចរិតល្អថ្លៃថ្នូរប្រសើរខ្ពង់ខ្ពស់ គួរឲ្យខ្មែរជាបច្ឆាជនផ្តិតចម្លងទុកជាបណីតមរតករបស់ខ្លួនដើម្បីជាទីពឹងទីរឭក របស់ខ្លួនរៀងរាបដរាបជីវិតាវសាន ។
ហេតុដូច្នេះ ដែលពោលថា “ខ្មែរលែងសំរែចរិតខ្មែរ” នោះ គឺបានសេចក្តីថា សូមឲ្យខ្មែររូបណាដែលនៅសំរែព្រោះកម្អែលចរិតទុច្ចរិតរបស់ ជំពូកមនុស្សខ្មែរចរិតទ្រុស្តជាតិ ទ្រុស្តសាសនារបស់ខ្លួននោះ ឲ្យបែរមកមើលនូវចរិតថ្លៃថ្នូរជាគំរូរបស់មនុស្សខ្មែរជាន់ដើម ដែលស្មោះស្ម័គ្រស៊ូប្តូរស្លាប់នឹងជាតិសាសនា ដើម្បីលាងជម្រះមន្ទិលកំហាកចរិតមិនល្អដែលនៅសេសសល់ក្នុងខ្លួនឲ្យជ្រះស្អាត ហើយរួមដៃគ្នាសាងជាតិ សាងសាសនាខ្មែរឲ្យប្រសើរឡើង ។
អ៊ីម៉ែលៈ tranthachdung9@gmail.com
Comments are closed.