ក្រុមយុវជនស្នើរដ្ឋាភិបាល ឱ្យចាប់អារម្មណ៍សុខទុក្ខពលរដ្ឋខ្មែរក្រោម
ដោយ ឡេង ម៉ាលី | RFA Khmer
ក្រុមយុវជន និងព្រះសង្ឃ ស្នើរដ្ឋាភិបាលកម្ពុជា ឱ្យចាប់អារម្មណ៍អំពីសុខទុក្ខពលរដ្ឋខ្មែរក្រោម ដែលពួកគាត់ព្យាយាមរក្សាទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងប្រតិបត្តិជំនឿព្រះពុទ្ធសាសនា ។ ក្រុមយុវជនទាំងនោះ ចង់បង្ហាញអំពីទិដ្ឋភាពទូទៅ និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ក្រោយពីពួកគាត់បញ្ចប់ទស្សនកិច្ចសិក្សានៅទីនោះ ។

ក្រុមយុវជន និងព្រះសង្ឃអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនការទំនាក់ទំនងជាមួយពលរដ្ឋខ្មែរក្រោមឱ្យបានច្រើន តាមរយៈការធ្វើទស្សនកិច្ច ពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទៅកាន់ដែនដីកម្ពុជាក្រោម ដើម្បីធ្វើបុណ្យទាន និងសួរសុខទុក្ខពលរដ្ឋខ្មែរក្រោម ។
ពួកគាត់ទទូចដល់រដ្ឋាភិបាលកម្ពុជា ឱ្យលើកយកបញ្ហាប្រឈមនានា ទាក់ទិនការរឹតត្បិតសិទ្ធិសេរីភាពប្រតិបត្តិជំនឿសាសនា របស់ពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ទៅជជែកផ្ទាល់ ជាមួយប្រមុខដឹកនាំវៀតណាម ដូចគ្នានឹងមេដឹកនាំវៀតណាម ដែលតែងតែស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅលើទឹកដីកម្ពុជាខុសច្បាប់ ឱ្យទទួលបានការរស់នៅដោយស្របច្បាប់វិញ ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននៅឡើយទេ ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល ។
ព្រះសង្ឃគង់នៅវត្តមួយ ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមទស្សនកិច្ចសិក្សា នៅកម្ពុជា គឺព្រះតេជព្រះគុណ ផន ភាន់ មានថេរដីកាថា ព្រះអង្គភ្ញាក់ផ្អើល និងរំភើបនៅពេលប្រទះឃើញ ពលរដ្ឋខ្មែរក្រោមរាប់ពាន់នាក់ ចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តមួយ ក្នុងខេត្តឃ្លាំង ។ ព្រះអង្គស្នើដល់ពលរដ្ឋខ្មែរ ឱ្យចាប់អារម្មណ៍អំពីស្ថានភាពពលរដ្ឋខ្មែរក្រោម ដើម្បីបង្ហាញប្រាប់អាជ្ញាធរវៀតណាមថា ពលរដ្ឋខ្មែររស់នៅគ្រប់ទីកន្លែងស្រឡាញ់រាប់អានគ្នាជាឈាមជ័រតែមួយ ។
ព្រះតេជព្រះគុណ ផន ភាន់៖ «ធ្វើម៉េចឱ្យបងប្អូនខ្មែរយកចិត្តទុកដាក់ដឹងពីសុខទុក្ខថា ខ្មែរក្រោម និង ខ្មែរកណ្ដាល គឺខ្មែរតែមួយ ព្រោះខ្មែរក្រោម និងខ្មែរកណ្ដាល គឺច្រើនមែន ១០ លាននាក់ជាង» ។
កាលពីដើមឆ្នាំ ២០២៣ ក្រុមយុវជន បញ្ញវន្ត និស្សិត ព្រះសង្ឃ និងពលរដ្ឋ ជិត ៤០ នាក់ បានទៅធ្វើទស្សនកិច្ចសិក្សារយៈពេល ៣ ថ្ងៃ នៅដែនដីកម្ពុជាក្រោម ក្នុងខេត្តចំនួន ៣ គឺខេត្តឃ្លាំង ខេត្តព្រះត្រពាំង និងទីក្រុងព្រៃនគរ ។
ដំណើរទស្សនកិច្ចនេះ ពួកគាត់បានកត់ត្រា ដើម្បីចងក្រងឯកសារស្រាវជ្រាវ អំពីជីវភាពរស់នៅ ស្ថានភាពគោរពសិទ្ធិមនុស្ស ការប្រតិបត្តិជំនឿសាសនា ពិធីធ្វើបុណ្យទាន និងការប្រកបរបរកសិកម្មរបស់ពលរដ្ឋខ្មែរក្រោម ។ បន្ថែមពីលើនេះ ពួកគេបានចូលរួមពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា នៅវត្តមុនីរង្សីសិរីវង្សធម្មជោតិ៍ ហៅវត្តធម្មជោតិ៍ ក្នុងខេត្តឃ្លាំង ដោយមានមនុស្សចូលរួមច្រើនសន្ធឹកសន្ធាប់ ដែលភាគច្រើនលើសលប់ជា ពលរដ្ឋខ្មែរក្រោម មកពីខេត្តផ្សេងៗ ។
រីឯជនជាតិវៀតណាម មានតិចតួចប៉ុណ្ណោះ ចូលរួមពិធីបុណ្យទានបែបព្រះពុទ្ធសាសនានេះ ហើយពួកគេភាគច្រើន មកប្រកបរបរលក់ដូរទំនិញ និងម្ហូបអាហារ ក្នុងពិធីបុណ្យនោះ ។
ពលរដ្ឋខ្មែរក្រោមម្នាក់ រស់នៅខេត្តឃ្លាំង គឺលោក យ័ញ សេត ថ្លែងថា ពលរដ្ឋខ្មែរក្រោម បានយកចិត្តទុកដាក់រក្សាប្រពៃណី ទំនៀមទម្លាប់ និងអភិរក្សវប្បធម៌កេរដូនតាស្រុះគ្នា ហើយពួកគាត់ភាគច្រើនចូលរួមកម្មវិធីបុណ្យដោយជួយការងារក្នុងវត្តអារាមដោយការស្ម័គ្រចិត្ត។
លោកបញ្ជាក់ថា យុវជនខ្មែរក្រោមភាគច្រើន មានស្មារតីជាតិនិយម និងស្រឡាញ់ជាតិខ្មែរច្រើនជាង ជាតិសាសន៍វៀតណាម ហើយពួកគាត់បានតស៊ូរៀនអក្សរខ្មែរ នៅតាមវត្តអារាមនានា ។ លោកថា មកទល់ពេលនេះ អាជ្ញាធរវៀតណាមនៅតែរឹតត្បិតពលរដ្ឋខ្មែរ មិនឱ្យនាំចូលឯកសារពីក្រៅប្រទេស យកមកតម្កល់ទុក ក្នុងវត្តអារាមទេ ។
លោក យ័ញ សេត៖ «បើសិនជាបងប្អូនយើងដឹងពីប្រវត្តិសាស្ត្រ បងប្អូននឹងមានគំនិត ចាប់អារម្មណ៍ និងផ្សព្វផ្សាយពីវប្បធម៌ និងប្រវត្តិសាស្ត្រយើង» ។
ដែនដីកម្ពុជាក្រោម ក្នុងខេត្តឃ្លាំង ខេត្តព្រះត្រពាំង និងព្រៃនគរ មានសណ្ឋានដីរាបស្មើ សំបូរដីល្បាប់មានជីវជាតិ ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង អំណោយផលធ្វើកសិកម្មដំណាំស្រូវ ដាំឈូក ខ្នុរ ចេក ដូងតឿ និងស្វាយជាដើម ។
រីឯប្រព័ន្ធប្រឡាយទឹកភាគច្រើនអាចធ្វើនាវាចរបាន ងាយស្រូលដឹកកសិផល និងផ្គត់ផ្គង់ទឹកស្រោចស្រពវិស័យកសិកម្មបានគ្រប់រដូវ ។
របាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម បង្ហាញថា ខេត្តឃ្លាំងមានវត្តអារាមខ្មែរ ចំនួន ៩២ វត្ត ខេត្តព្រះត្រពាំងមានវត្តខ្មែរ ១៤៤ វត្ត ។ ប៉ុន្តែ ក្រុងព្រៃនគរនៅសល់តែវត្តខ្មែរចំនួន ២ វត្តប៉ុណ្ណោះ ក្នុងចំណោមវត្តសរុប ៤ ក្រោយពីអាជ្ញាធរវៀតណាម បានប្រែក្លាយវត្តទាំងនេះ ឱ្យគោរពតាមបែបលោកសង្ឃវៀតណាម ។
ដំណើរទស្សនកិច្ចនេះ ក្រុមយុវជន បានទៅគោរពវិញ្ញាណក្ខន្ធ វីរបុរសខ្មែរក្រោម គឺឧកញ៉ា សឺន គុយ ក្នុងខេត្តព្រះត្រពាំង ។ ព្រះសង្ឃ និងក្រុមយុវជនបានសូត្រមន្ត បង្សុកូល ឧទ្ទិសបុណ្យកុសលជូនឧកញ៉ារូបនេះ និងព្រលឹងដូនតាខ្មែរក្រោម ដែលពលីជីវិតការពារទឹកដី ។
ពួកគេថតរូបភាព និងវីដេអូ ភ្ជាប់នឹងដើមឈើទាលដ៏ធំមួយ ដែលលោកឧកញ៉ា សឺន គុយ ដាំ ដោយមានអាយុកាលជិត ២០០ ឆ្នាំមកហើយ ។ ដើមឈើទាលនេះ ជានិមិត្តរូប នៃ ការលះបង់ជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាក្រោមរបស់ចៅហ្វាយ គុយ អតីតអភិបាលខេត្តព្រះត្រពាំង ។
ព្រះតេជព្រះគុណ ភាជ សម្បូរណ៍ មានថេរដីកាថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ណាស់ គឺផ្សារភ្ជាប់ទំនាក់ទំនងរវាងខ្មែរកណ្ដាល និងខ្មែរក្រោម ដើម្បីពញ្ញាក់អារម្មណ៍ឱ្យស្ថាប័នអន្តរជាតិ និងប្រទេសលោកខាងលិចជ្រាបថា ពលរដ្ឋខ្មែរមិនភ្លេចគ្នាឡើយ ។
ព្រះអង្គអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់តំបន់ឱ្យមកទស្សនាទីតាំងប្រវត្តិសាស្ត្រ ដើមឈើទាលដ៏ធំ របស់ឧកញ៉ា សឺន គុយ ដើម្បីរួមគ្នាថែរក្សាឱ្យគង់វង្ស ។
ព្រះតេជព្រះគុណ ភាជ សម្បូរណ៍៖ «ពិតជាអស្ចារ្យណាស់កេរដំណែលឧកញ៉ា សឺន គុយ ដែនដីកម្ពុជាក្រោមនឹងមិនបាត់បង់ នឹងរស់នៅយូរអង្វែងតទៅទៀត» ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ក្រុមយុវជនខ្មែរជារឿងល្អ ។ ក៏ប៉ុន្តែ លោកថា កន្លងទៅពលរដ្ឋខ្មែរក្រោម បានធ្វើបាតុកម្មទាមទារទឹកដីកម្ពុជាក្រោម ពីវៀតណាម ដែលលោកចាត់ទុកថា ពិបាកនឹងទៅរួចណាស់ ហើយមកទល់ពេលនេះ ពលរដ្ឋខ្មែរក្រោមច្រើនលើសលប់ បានចូលសញ្ជាតិវៀតណាមទៅហើយ ។
លោកបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោម អាចទាមទារសិទ្ធិរស់នៅ ក្នុងនាមជាពលរដ្ឋធម្មតាស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ប៉ុន្តែ ប្រសិនបើពួកគាត់ចង់ទាមទារសិទ្ធិស្វ័យសម្រេច គឺពិបាកនឹងទៅរួចណាស់ ។ លើសពីនេះទៀត ពលរដ្ឋខ្មែរក្រោមត្រូវតែគោរពច្បាប់វៀតណាម ព្រោះពួកគាត់កំពុងរស់នៅក្រោមដំបូលរដ្ឋាភិបាលសង្គមនិយមវៀតណាម ។
លោក សុខ ឥសាន៖ «ឥឡូវនិយាយនេះ គាត់ប្រហែលចង់ឱ្យពលរដ្ឋខ្មែរក្រោម តវ៉ា ២.៥០០ ឆ្នាំ ក៏មិនដឹង ហើយបងប្អូនខ្មែរក្រោម គាត់ប្រហែលលែងទាមទារដីខ្មែរក្រោម គាត់ទាមទារសិទ្ធិស្វ័យភាពរស់នៅជាជនជាតិដើមភាគតិច ។ អាហ្នឹងតាមខ្ញុំចាំមិនច្រឡំ» ។
ជុំវិញរឿងនេះដែរ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំតំបន់ប្រទេសកម្ពុជា លោក តាំង សារៈ ចាត់ទុកដំណើរទស្សនកិច្ចនេះ បង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងខ្មែរកណ្ដាល និងខ្មែរក្រោម ល្អប្រសើរច្រើន និងផ្តល់ភាពកក់ក្ដៅឱ្យគ្នាទៅវិញទៅមក ។
លោកសង្ឃឹមថា ពលរដ្ឋខ្មែរកណ្ដាល នឹងកាន់តែយល់ច្បាស់ អំពីស្ថានភាពរស់នៅ ជីវភាព និងការរក្សាទំនៀមទម្លាប់ប្រពៃណី អក្សរសាស្ត្រ រួមទាំងការប្រើប្រាស់ភាសាខ្មែររបស់ពលរដ្ឋខ្មែរក្រោម ។
លោក តាំង សារៈ៖ «នេះជាចំណុចដែលខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ហើយនឹងមានក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងខ្មែរ ពីរភូមិភាគពីមួយថ្ងៃៗ នឹងស្គាល់គ្នាកាន់តែច្បាស់ ព្រោះកន្លងមកបងប្អូនខ្មែរកណ្ដាលថា បងប្អូនខ្មែរក្រោមជាវៀតណាម ឬជាយួន» ។
កាលពីឆ្នាំ ១៩៦៩ គណៈកម្មការព្រះសង្ឃខ្មែរក្រោម ភាគខាងត្បូង បានធ្វើជំរឿន ដោយរកឃើញថា ពលរដ្ឋខ្មែរក្រោម មានចំនួនជាង ២ លាននាក់ (២.០០០.០០០) ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានស្រង់ស្ថិតិពលរដ្ឋខ្មែរក្រោម ក្នុងចន្លោះពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៣ បង្ហាញថា ពលរដ្ឋខ្មែរក្រោមមានជាង ៨ លាននាក់ (៨.០០០.០០០) ហើយទិន្នន័យនេះ ទទួលស្គាល់ដោយអង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាង ហៅកាត់ថា យូ.អិន.ភី.អូ (UNPO) ។ នេះបើយោងតាមការលើកឡើងរបស់លោក តាំង សារៈ ។
លោក តាំង សារៈ សង្កេតឃើញថា អាជ្ញាធរវៀតណាមបន្តរឹតត្បិត និងលាក់បាំងចំនួនពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ដែលជាហេតុធ្វើឱ្យពួកលោកពិបាកធ្វើជំរឿន ។
ទឹកដីខ្មែរកម្ពុជាក្រោម ឬហៅថា ដែនដីកូសាំងស៊ីន ដែលមាន ២ ១ខេត្ត-ក្រុង ត្រូវបានបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យវៀតណាម គ្រប់គ្រង នៅឆ្នាំ ១៩៤៩ អំឡុងពេល ដែលអាណានិគមបារាំងត្រួតត្រាតំបន់ឥណ្ឌូចិន ៕