សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​រក​អន្តរាគមន៍​អន្តរជាតិ ជួយ​ពលរដ្ឋ​ខ្មែរក្រោម ​ឱ្យ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុក​​​ម្នេញ​​​​ ដោយ​អាជ្ញាធរ​វៀតណាម

0 161

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​ បាន​ស្នើ​សហគមន៍​អន្តរជាតិ ​និងអង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឲ្យ​អន្តរាគមន៍ទៅរដ្ឋាភិបាល​វៀតណាម​ ឲ្យ​បញ្ឈប់ធ្វើ​ទុក្ខបុក​​​ម្នេញ​​​​ពលរដ្ឋ​ខ្មែរក្រោម ​ដែលកំពុង​ទាមទារសិទ្ធិជាជនជាតិដើម ។ សំណើនេះ ធ្វើឡើង​បន្ទាប់ពី ​អាជ្ញាធរវៀតណាម ​បានចាប់ខ្មែរក្រោម​ម្នាក់​ដាក់​ពន្ធនាគារ ​និងបាន​គំរាម​កំហែង​យុវជន​ខ្មែរ​ក្រោម ​មួយ​ចំនួន​ទៀត ។

ពលរដ្ឋខ្មែរក្រោម ពាក់អាវយឺត SDGs របស់អង្គការសហប្រជាជាតិ
ពលរដ្ឋខ្មែរក្រោម ពាក់អាវយឺត SDGs របស់អង្គការសហប្រជាជាតិ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ កំពុង​ធ្វើ​យុទ្ធនាការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះ​លែង​កសិករ​ខ្មែរក្រោម​ម្នាក់​ គឺ​លោក ថាច់ រីន ដែល​កំពុង​ជាប់​ពន្ធនាគារ រង់ចាំ​សវនាការ​ក្រោយ​លោក​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ទាមទារ និង​ផ្សព្ធផ្សាយ​សិទ្ធិជន​ជាតិ​ដើម ។

អាជ្ញាធរ​វៀតណាម ​ខេត្ត​ព្រះត្រពាំង បាន​ចាប់​ខ្លួន​លោក ថាច់ រីន កាល​ពី​ថ្ងៃ​ទី ១៤ តុលា ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បង្ហោះ​រូបភាព​មេ​ដឹក​នាំ​លោក​ប្រធាន ហូ ជីមិញ ក្នុង​ចេតនា​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ អតីត​មេ​ដឹក​នាំ​វៀតណាម ។

មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរដីកា​ថា វៀតណាម​ កំពុង​យក​លេស ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ចង់​បាន​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង ។ ព្រះអង្គ​បន្ត​ថា លោក ថាច់ រីន មិន​ផ្សព្វផ្សាយ​ព័ត៌មាន ​ប៉ះពាល់ដល់​អតីត​មេ​ដឹក​នាំ​វៀតណាម​ នោះ​ទេ៖ «រដ្ឋាភិបាល​វៀតណាម​ហ្នឹង​តែង​តែ​បំបិទ​សិទ្ធិសេរីភាព ចំពោះពលរដ្ឋខ្មែរក្រោម ទាំងការ​និយាយស្តី ទាំង​ការ​ផ្សព្វផ្សាយ​ ទាំង​ការ​បញ្ចេញ​មតិ ​ក្នុង​នាមជា​ជន​ជាតិ​ដើម​ហ្នឹង»

ព្រះភិក្ខុ សឺង យ៉ឹងរតនា ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) ផង​នោះ មាន​ថេរដីកា​ថា បច្ចុប្បន្ន​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម ​កំពុង​ស្វែង​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះ​លែង លោក ថាច់ រីន ៖ «វៀតណាម​ នៅ​តែ​រឹត​ត្បិត​សិទ្ធិ​សេរីភាព និង​គាប​សង្កត់​ពលរដ្ឋខ្មែរក្រោម​ និងយុវជនខ្មែរ​ក្រោម​ក្តី ​នៅ​លើ​ទឹក​ដី​កម្ពុជាក្រោម ។ យុទ្ធនាការ​សហព័ន្ធខ្មែរកម្ពុជាក្រោម គឺតែងតែ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ​អន្តរាគមន៍ករណី​វៀតណាម​ហ្នឹង​ធ្វើ​ទៅ​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ទាំងអយុត្តិធម៌»

ករណី​ អាជ្ញាធរវៀតណាម ​ឃុំ​ខ្លួន លោក ថាច់ រីន ក្នុងពន្ធនាគារ​នេះ មិន​មែន​ជា​ករណី​ទី​មួយ​ទេ ។ អាជ្ញាធរ​វៀតណាម កាល​ពី​ថ្មីៗ នេះ ក៏​បាន​ចាប់​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ ឈ្មោះ ហ្វិន វ៉ាំងឌែប ដាក់​ពន្ធនាគារ ដោយសារ​តែ​លោក​ត្រូវអាជ្ញាធរ​វៀតណាម​ ចោទ​ប្រកាន់ថា ​ជាប់ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​មួយ ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី តំណាង​ខ្មែរ​ក្រោម​អះអាង​ថា លោក ហ្វិន វ៉ាំងឌែប មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​នេះ ជា​លេស​ដោយសារ​តែ លោក​បាន​ចូលរួម​សំដែង​មតិ​រឿង​ថ្ងៃ​បាត់បង់​ទឹក​ដី តាម​បណ្ដាញ​សង្គម ហ្វ៊េសប៉ុក (Facebook) ។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុង​ជាប់​ពន្ធនាគារ ហើយ​លោក​ត្រូវ​តុលាការ​កាត់​ទោសឲ្យជាប់​ពន្ធនាគារ​រហូតដល់រយៈ​ពេល​ពីរ​ឆ្នាំ ។ អាជ្ញាធរ​វៀតណាម ក៏​បាន​សម្លុត​គំរាម​កំហែង​យុវជនខ្មែរ​ក្រោម ​ជា​ច្រើន​រូប ដោយ​ឲ្យ​បញ្ឈប់​ផ្សព្វផ្សាយ​កា​រទាមទារ​សិទ្ធិជា​ជនជាតិ​ដើម និង​ផ្តល់​ព័ត៌មាន​ទៅ​ក្រៅ​ប្រទេស ​រឿង​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរក្រោម ។ អាជ្ញាធរ​វៀតណាម​ កំពុងតែ​ទាមទារ​យុវជន​ខ្មែរ​ក្រោម​ទាំង​នោះ​ ឲ្យ​បង់​ប្រាក់​ពិន័យ​រាប់​រយ​ដុល្លារ​រឿង​ពួក​គេ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ច្បាប់អន្តរជាតិ ​ស្តីពី​ជនជាតិ​ដើម ។

ពាក់ព័ន្ធ​នឹងករណី​គំរាមកំហែង​យុវជន​ខ្មែរក្រោម​នេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ទទូច​ឲ្យ​យុវជន​ខ្មែរ​ក្រោម​ រក្សា​ស្មារតី​ស្នេហា​ជាតិ និង​កុំចាញ់​សម្លុត​អាជ្ញាធរ​វៀតណាម៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​តែ​គាំទ្រ​នឹង​លើក​ទឹក​ចិត្ត​សកម្មភាព​របស់​យុវជន​ខ្មែរក្រោម​ក្តី​ ពលរដ្ឋ​ខ្មែរក្រោម​ក្តី ដែល​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម សូម​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​របស់​យុវជន​ខ្មែរក្រោម​ហ្នឹង ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​​ក្រោមហ្នឹង​ តែងតែ​ធ្វើ​សកម្មភាព​នៅ​លើ​ឆាក​អន្តរជាតិ រហូត​ទៅ​ដល់​អង្គការ​​សិទ្ធិមនុស្ស និង​ដាក់​របាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​នោះ»

ឆ្លើយបតនឹង​សំណើរបស់​មន្រ្តី​ព័ត៌មាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​នេះ យុវជន​ខ្មែរ​ក្រោម ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ប្តេជ្ញា​ថា ពួក​គេ​នឹង​បន្ត​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ជន​ជាតិ និង​សិទ្ធិ​ស្វ័យ​សម្រេច​ទៅ​ថ្ងៃ​អនាគត ។ យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក តោ ហ្វាង​ចឿង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា វៀតណាម​មាន​ចេតនា បំបាក់​ស្មារតី​យុវជន​ខ្មែរក្រោម​មិន​ឲ្យ​ហ៊ាន​ងើប​ឡើង​តវ៉ា ទាមទារ​សិទ្ធិ​សេរីភាព ទើប​អាជ្ញាធរ​ធ្វើ​ការ​ឃាត់ និង​ឃុំ​ខ្លួន​ខ្មែរ​ក្រោម​ជា​បន្ត​បន្ទាប់៖ «ខ្ញុំ​សូម​ជម្រាប​ប្រាប់ ការ​តស៊ូ​របស់​យុវជន គឺ​នៅ​តែ​មាន​ការ​បន្ត​ការ​តស៊ូ​ទាមទារ សិទ្ធិ​ក្នុង​នាម​ជា​ម្ចាស់​ស្រុក​រហូត​មិន​ឈប់​ទេ ។ ដរាប​ណា​ប្អូន​នៅ​តែ​មាន​ជីវិត​នឹង​ដង្ហើម នឹង​តវ៉ា​ទាមទារ​សិទ្ធិ​ហ្នឹង​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ»

យុវជន តោ ហ្វាង​ចឿង ត្រូវ​អាជ្ញាធរ​វៀតណាម​ នៅ​ខេត្តព្រះត្រពាំង ផាក​ពិន័យ​ចំនួន ៣០០ ដុល្លារ ពី​បទ​ប្រើប្រាស់​បណ្ដាញ​សង្គម ចែក​ចាយ​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​ក្រោម​ ក្នុង​ខួប​បាត់បង់​ទឹក​ដី​លើក​ទី ៧១ ឆ្នាំ ។ លោក​ថា លោក​សុខ​ចិត្តចូល​គុក ជា​ជាង​បង់​លុយ​ពិន័យ​ឲ្យ​វៀតណាម ពី​ព្រោះ​លោក​ថា លោក​គ្មាន​កំហុស​នោះ​ទេ ។

របាយ​ការណ៍​សហព័ន្ធ​ខ្មែរ​ក្រោម​ប្រចាំ​ឆ្នាំ​ ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០២០ និង​ដើម​ឆ្នាំ ២០២១ អាជ្ញាធរ​វៀតណាម បាន​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​យុវជន​ខ្មែរ​ក្រោម មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការ​បាត់បង់​ទឹក​ដី និង​សិទ្ធិ​ចែកចាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ។ យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ចាប់​ផាក​ពិន័យ ហើយ​រឹបអូស​យក​សៀវភៅ ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើមពី​ពួក​គេ ។ ចំណែក​កសិករ​ខ្មែរ​ក្រោម​ ជា​ច្រើន​នាក់ ដែល​រងគ្រោះ​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម ​រឹបអូស​យក​ដី​ស្រែ​ ក៏​ត្រូវ​តុលាការ ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ ​ទាំង​អយុត្តិធម៌​ផង​ដែរ ៕

Leave A Reply

Your email address will not be published.