ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ ដែល​អាជ្ញាធរ​វៀតណាម ​ដក​ហូត​​លិខិតឆ្លងដែន មក​ដល់​កម្ពុជា​វិញ​ហើយ

0 601

ដោយ ហេង រស្មី | RFA Khmer

ព្រះសង្ឃ​ខ្មែរ​ក្រោម​ ព្រះតេជព្រះគុណ សឺន ទី បាន​និមន្ត​មក​ដល់​ប្រទេស​កម្ពុជា​វិញ​​ហើយ ក្រោយ​ពី​ជាប់​គាំង​នៅ​ក្នុង​ខេត្ត​ឃ្លាំង ដោយសារតែអាជ្ញាធរ​វៀតណាម បាន​ដក​ហូត​យក​លិខិតឆ្លងដែន​ពី​ព្រះអង្គ ។

ព្រះតេជព្រះគុណ សឺន ទី ថត​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​ ទិញ បៀន (Tinh bien) ប្រទេស​វៀតណាម ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០២០ ។ រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ
ព្រះតេជព្រះគុណ សឺន ទី ថត​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​ ទិញ បៀន (Tinh bien) ប្រទេស​វៀតណាម ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០២០ ។
រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ

ព្រះតេជព្រះគុណ សឺន ទី មាន​ថេរ​ដីកា​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី ១៨ កុម្ភៈ ថា ព្រះអង្គ​បាន​មក​គង់នៅ​ក្នុង​វត្ត​អង្គតាមិញ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ​ហើយ ក្រោយពី​វៀតណាម​ បាន​ប្រគល់​លិខិតឆ្លងដែន​ឱ្យ​ព្រះអង្គ​វិញ ។

ព្រះតេជព្រះគុណ​បន្ត​ថា ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ថា ជា​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​មក​លើ​ព្រះអង្គ​ ដែល​មាន​លិខិត​ឆ្លងដែន​ខ្មែរ​ស្របច្បាប់៖ «កន្លែង​នេះ ​គឺជា​ការគាបសង្កត់​មួយ ឬ​ក៏​ជា​ការ​បំបាក់​ស្មារតី​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ​ទាំងអស់ ​ដែល​បាន​ចុះ​ទៅលេង​ស្រុកកំណើត​របស់​ខ្លួន ​ដែល​កាន់​លិខិតឆ្លងដែន​ពី​ប្រទេស​ដទៃ​ទៅ​លេង​គេ ។ គេ​ធ្វើ​ហ្នឹង​ដូចជា​បំបាក់​ស្មារតី​ខ្មែរ​កម្ពុជា​ក្រោម​ ទាំងអស់​មិន​ឱ្យ​តវ៉ា ឬមួយ​ប្រឆាំង ​នឹង​ច្បាប់​របស់​គេ បើ​ទោះបី​ច្បាប់​របស់​គេ​មិនបាន​គ្រប​ដណ្ដប់​ទៅលើ​យើង​ ដែល​ជា​ជនបរទេស​ក៏ដោយ ប៉ុន្តែ​គេ​នៅតែ​ធ្វើ​ដោយ​ផ្គើន» ។

អាជ្ញាធរ​វៀតណាម ​បាន​ចោទ​ព្រះតេជព្រះគុណ ថា បាន​ចែករំលែក​សារ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ស្ដីពី​បញ្ហា​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត ​។ អាជ្ញាធរ​វៀតណាម ​បាន​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​នេះ ជា​ទង្វើ​ខុសច្បាប់ និង​ព្រមាន​ឱ្យ​បង់​ប្រាក់​ពិន័យ ចំនួន​ ៣០​ លាន​ដុង ស្មើ​ប្រមាណ​ជាង​ ១​ ពាន់ ប្រាំ​រយ (១ ៥០០) ដុល្លារ​អាមេរិក​ថែមទៀត​ផង​ ។​

ព្រះតេជព្រះគុណ សឺន ទី មាន​ថេរដីកា​ថា ប្រទេស​វៀតណាម ​គ្មាន​សិទ្ធិ​ដកហូត​លិខិតឆ្លងដែន​របស់​ព្រះអង្គ​ដោយ​មិន​មាន​ភស្តុតាង​ណាមួយ​ថា ព្រះអង្គ​បាន​ប្រព្រឹត្ត​ខុសច្បាប់​នៅ​លើ​ទឹកដី​​កម្ពុជា​ក្រោម​នោះ​ទេ​ ហើយ​ទាមទារ​ឱ្យ​វៀតណាម​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​តទៅ​ទៀត ៕

Leave A Reply

Your email address will not be published.