ជនភៀសខ្លួនខ្មែរក្រោម នៅថៃ កំពុងជួបប្រទះបញ្ហាជីវភាពដោយសារតែជំងឺកូវីដ
ដោយ យន់ សាមៀន | RFA Khmer
ជនភៀសខ្លួនខ្មែរក្រោម ជាងពីររយនាក់ កំពុងមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែពួកគេមិនអាចចេញក្រៅផ្ទះ ដើម្បីស្វែងរកការងារធ្វើ ព្រោះជំងឺកូវីដ (Covid-19) កំពុងរាតត្បាតនៅថៃ ។ ពួកគេអំពាវនាវឱ្យសប្បុរសជន និងអង្គការសង្គមស៊ីវិលជួយ ប្រសិនមិនដូច្នោះទេ ពួកគេខ្លះអាចដាច់បាយស្លាប់នៅប្រទេសថៃ ។

ជនភៀសខ្លួន អ្នកនាង ស៊ី ខូល ក៏ដូចជនភៀសខ្លួនខ្មែរក្រោមផ្សេងទៀត ដែលជាប់ផុងនៅប្រទេសថៃ ស្វែងរកសិទ្ធិជ្រកកោន នៅប្រទេសទីបីនោះ កំពុងខ្វះខាតប្រាក់ចាយវាយ និងម្ហូបអាហារសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែ ជំងឺកូវីដ កំពុងវាយប្រហារថៃ ។ អ្នកនាង ស៊ី ខូល ប្រាប់អាស៊ីសេរីថា អ្នកនាង មិនអាចចេញចេញក្រៅផ្ទះ ដើម្បីស្វែងរកការងារធ្វើទេ ដោយសារតែ ព្រួយបារម្ភពីការឆ្លងជំងឺ Covid-19 ដ៏កាចសាហាវមួយនេះ ៖ «រយៈពេលចុងក្រោយនេះ ខ្ញុំឈឺខ្ញុំឈប់បានទៅធ្វើការ ហើយខ្ញុំខ្លាចជំងឺ Covid-19 ជនភៀសខ្លួនគាត់ក៏អត់មានការងារធ្វើដែរ ព្រោះគាត់ទៅបះបន្លែអ៊ីចឹង ថ្ងៃខ្លះមានថ្ងៃខ្លះអត់មាន» ។
យ៉ាងហោចណាស់ក៏មាន ពលរដ្ឋខ្មែរក្រោមប្រមាណ ជិត ៧០ គ្រួសារ ស្មើនឹងជាងពីររយនាក់ កំពុងជុំសិទ្ធិជ្រកកោននៅប្រទេសទីបី ក្នុងទីក្រុងមួយចំនួននៅប្រទេសថៃ ដោយគេចចេញពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម ។ អ្នកនាង ស៊ី ខូល ដែលបានភៀសខ្លួនពីក្នុងកំណើត កំពុងគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម បន្ទាប់ពី អ្នកនាងបាន ចេញមុខតវ៉ាសំដែងមតិ ទាមទារសិទ្ធិជនជាតិដើមកំណើត តាមបណ្ដាញសង្គម (Facebook) សព្វថ្ងៃរស់បាន ដោយសារតែអង្គការនៅថៃខ្លះ បានផ្តល់អង្ករសម្រាប់ហូប ជាប្រចាំខែ ។ អ្នកនាង ថា ទោះបីអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ទទួលស្គាល់អ្នកនាង ជាជនភៀសខ្លួនក៏ដោយ ប៉ុន្តែ នាងគ្មានសិទ្ធិរកការងារធ្វើស្របច្បាប់នៅប្រទេសថៃនោះទេ ។ នាងបានលួចលាក់ការងារ រហូតដល់ ជំងឺ Covid-19 វាយប្រហារទីក្រុង អ្នកនាងរស់នៅដល់សព្វថ្ងៃនេះ ៖ «ខ្ញុំធ្វើការ ក៏ដោយតែចៅកែគេអាណិតអាសូរខ្ញុំដែរ បានជាខ្ញុំអាចធ្វើការងារបាន តែបើគេមិនអាណិតខ្ញុំ ខ្ញុំមិនអាចទៅធ្វើការងារបានទេ ពីព្រោះអីខ្ញុំអត់មានលិខិតឆ្លងដែន អត់មានទិដ្ឋាការ (Visa) ធ្វើការហ្នឹងគេ ទីមួយទៀតដោយសារតែ គេឃើញយើង ជីវភាពយើងពិបាក យើងរកការងារអត់បាន ។ ខ្ញុំធ្វើការដោយលួចលាក់» ។
ជនភៀសខ្លួនជនជាតិខ្មែរក្រោម ជាង ២០០ រយនាក់ បន្តជាប់ផុងនៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននៅប្រទេសទីបីមិនទាន់បានសម្រេច ។ ជនភៀសខ្លួនមួយចំនួនអះអាងថា ពួកគេភៀសខ្លួនមកសុំសិទ្ធិជ្រកកោននៅថៃ ដោយសារតែពួកគេរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម ទាំងសិទ្ធិដីធ្លី ការបញ្ចេញមតិ ការប្រើប្រាស់បណ្ដាញសង្គម និងសាសនាជាដើម ។ អង្គការសិទ្ធិមនុស្សអន្តរជាតិលើកឡើងថា ការរង់ចាំការផ្ដល់សិទ្ធិជាជនភៀសខ្លួនទៅរស់នៅប្រទេសទីបីរបស់ខ្មែរក្រោម បណ្ដាលឱ្យពួកគេរងការកេងប្រវ័ញ្ច និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
សមាជិកសមាគមជនភៀសខ្លួនខ្មែរក្រោម លោក ស្រី យឿង ធីកង ដែលបានភៀសខ្លួនពីស្រុកកំណើត ដោយសារតែអាជ្ញាធរវៀតណាមតាមចាប់ ប្រាប់អាស៊ីសេរីថា ជនភៀសខ្លួនខ្មែរក្រោម កំពុងខ្វះខាតការងារធ្វើ បណ្ដាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ ។ លោកស្រីថា ខ្មែរក្រោមមិនសូវហ៊ានចេញពីផ្ទះ ដោយសារតែខ្លាចប៉ូលិសថៃចាប់ខ្លួន និងម្យ៉ាងទៀតខ្លាចឆ្លងជំងឺកូវីដ (Covid-19) ។ ទោះបីជាយ៉ាងណា មិនទាន់មានជនភៀសខ្លួនខ្មែរក្រោមណាម្នាក់ ឆ្លងជំងឺ Covid-19 នៅឡើយទេ ។
លោកស្រី យឿង ធីកង សំណូមពរឱ្យសប្បុរសជន និងអង្គការសង្គមស៊ីវិលជួយដល់ជនភៀសខ្លួនខ្មែរក្រោម ដើម្បីធានាថា ពួកមិនស្លាប់ដោយសារតែអត់បាយ ៖ «ជាចុងក្រោយនេះ ខ្ញុំសូមឱ្យបងប្អូនជួយ បងប្អូនជួយនៅប្រទេសថៃផង ពីព្រោះអី សព្វថ្ងៃនេះ ពួកគាត់ ទាំងខ្ញុំអីនេះ ពិតជាពិបាកណាស់ ជាពិសេសថ្លៃផ្ទះ គេមិនដែលខានមិនយកមួយខែណាទេ គេត្រូវតែទាមទារយកគ្រប់ខែអ៊ីចឹង ។ សូមឱ្យបងប្អូនជួយដល់ជនភៀសខ្លួននៅប្រទេសថៃផង» ។
សព្វថ្ងៃនេះ ជនភៀសខ្លួនខ្មែរក្រោម ជាច្រើននាក់ នៅមិនទាន់ទទួលបាន សិទ្ធិជាជនភៀសខ្លួននៅឡើយ ទោះបីអ្នកខ្លះបានដាក់ពាក្យសុំសិទ្ធិជ្រកកោនជិត ១០ ឆ្នាំមកហើយក្តី ។ ពួកគាត់កំពុងរស់តែលតោល មិនមានសង្ឃឹមទៅថ្ងៃអនាគត ។
ពាក់ព័ន្ធនឹងវិបត្តិជនភៀសខ្លួនខ្មែរក្រោមនេះ សង្គមស៊ីវិលដែលមានមូលដ្ឋាននៅអាមេរិក (USA) កំពុងស្វែងរកវិធីជួយដោះស្រាយវិបត្តិ ជនភៀសខ្លួនខ្មែរក្រោម នៅប្រទេសថៃ ។
មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា សហព័ន្ធកំពុងតស៊ូមតិនឹងប្រទេសមួយចំនួន ដើម្បីឱ្យរដ្ឋាភិបាលប្រទេសទាំងនោះទទួលយក ជនភៀសខ្លួនខ្មែរក្រោម ទៅរស់នៅប្រទេសទីបី ៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមហ្នឹងបានទាក់ទងអង្គការសហប្រជាជាតិ នៅទីក្រុងបាងកក ប្រទេសស្វីស និងសហគមន៍អន្តរជាតិ រួមទាំងប្រទេសមួយចំនួនទៀតនៅលើសកលលោកនេះ ដើម្បីជួយធ្វើអន្តរាគមន៍ដើម្បីជួយពលរដ្ឋខ្មែរក្រោម មករស់នៅប្រទេសទីបី» ។
កាលពីចាប់ផ្ដើមនៃជំងឺ Covid-19 ពីឆ្នាំ ២០២០ សហព័ន្ធខ្មែរកម្ពុជាក្រោមធ្លាប់បានប្រមូលថវិកាប្រមាណ មួយម៉ឺនដុល្លារ ជួយដល់ជនភៀសខ្លួនខ្មែរក្រោម ។ ព្រះភក្ខុ សឺង យ៉ឹងរតនា អំពាវនាវ ដល់សមាជិកសហព័ន្ធ និងសប្បុរសជនទាំងអស់មេត្តាជួយឧបត្ថម្ភដល់ជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងរងទុក្ខវេទនានៅប្រទេសថៃ ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ធ្លាប់ប្រាប់អាស៊ីសេរីថា ពលរដ្ឋខ្មែរក្រោម និងជនភៀសខ្លួនខ្មែរក្រោមមិនសូវទទួលបានបានចាប់អារម្មណ៍ពីប្រទេសដែលទទួលយកជនភៀសខ្លួននោះទេ ។ លោកថា មានប្រទេសតែមួយចំនួនតូចតែប៉ុណ្ណោះ បានពិចារណាផ្ដល់សិទ្ធិជ្រកកោនដល់ពួកគេ ដែលជាហេតុបណ្ដាលឱ្យពួកគេជួបប្រទះបញ្ហាមិនចេះចប់មិនចេះហើយ ហើយក៏រងការធ្វើទុក្ខបុកម្នេញពីសំណាក់មន្ត្រីពុករលួយខ្លះ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែថៃ ទទួលបានប្រាក់ខែតិច ជាងប្រាក់ខែគោលជាដើម ។ លោកស្នើឱ្យអាជ្ញាធរថៃផ្តល់ការការពារ ដល់ជនភៀសខ្លួនខ្មែរក្រោមនៅថៃទាំងនោះ ជាជាងចាត់ទុកពួកគេជាពលករខុសច្បាប់ ដែលងាយនឹងត្រូវអាជ្ញាធរចាប់ និងឃុំខ្លួន ។ វៀតណាម បានគ្រប់គ្រងខ្មែរទឹកដីកម្ពុជាក្រោម អស់រយៈពេល ៧២ ឆ្នាំហើយចាប់តាំងពីបារាំងបានកាត់ទឹកដីខ្មែរក្រោមទាំងខុសច្បាប់ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៤៩ មក ។ ចាប់តាំងពីបានគ្រប់គ្រងទឹកដីកម្ពុជាក្រោមមក វៀតណាមបានធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម និងចង់ប្រែក្លាយជនជាតិខ្មែរក្រោមឱ្យទៅជាជនជាតិវៀតណាម ប៉ុន្តែការខំប្រឹងប្រែងរបស់វៀតណាមមិនបានជោគជ័យ រហូតដល់មានការតស៊ូប្រឆាំងរបស់ពលរដ្ឋខ្មែរក្រោម រហូតដល់ខ្មែរក្រោមមួយចំនួនត្រូវបង្ខំចិត្តរត់ចោលស្រុកកំណើត ។ បច្ចុប្បន្ន ខ្មែរក្រោម នៅលើទឹកដីកំណើត និងនៅក្រៅប្រទេសកំពុងធ្វើយុទ្ធនាការស្វែងរកសិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួនទៅថ្ងៃអនាគត ៕