ខ្មែរក្រោមរៀបចំសិក្ខាសាលាអំពីបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា
ដោយ យាង សុជាមេត្តា| RFA
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅថ្ងៃទី៦ ខែមីនា រៀបចំសិក្ខាសាលាថ្នាក់ជាតិខ្មែរក្រោមលើកទី១ នៅទីស្នាក់ការរបស់ខ្លួនឋិតក្នុងសហគមន៍បុរីព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់អ្នកចូលរួម អំពីស្ថានភាព និងបញ្ហានានាដែលពលរដ្ឋខ្មែរក្រោមទាំងនៅកម្ពុជាក្រោម និងនៅកម្ពុជា កំពុងជួបប្រទះ។
សិក្ខាសាលាដែលមានរយៈពេលពេញមួយថ្ងៃ មានការចូលរួមពីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមមកពីតាមបណ្ដាខេត្តនានាក្នុង ប្រទេសកម្ពុជា ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផង។ អ្នកចូលរួមបានពិភាក្សាទៅលើបញ្ហាប្រឈមរបស់ខ្មែរក្រោម យន្តការក្នុងការដោះស្រាយបញ្ហារបស់ខ្មែរក្រោម និងការតស៊ូមតិ ជាដើម។
នាយកកម្មវិធី និងជាប្រធានបណ្ដាញយុវជននៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា បញ្ហាចម្បងៗដែលខ្មែរក្រោមនៅកម្ពុជា កំពុងជួបប្រទះរួមមាន ការរស់នៅលើទីតាំងរស់នៅពិតប្រាកដ ដែលក្នុងនោះលោកថា អ្នកខ្លះរស់នៅតាមសំណង់បណ្ដោះអាសន្ន តាមភ្លឺប្រឡាយ ឬតាមកូនខ្ទមតូចៗ ជាដើម។ ក្រៅពីនេះ ពួកគេក៏មានបញ្ហាក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ការទទួលបានការអប់រំ និងការរឹតត្បិតក្នុងការចូលរួមសកម្មភាពនយោបាយ និងសង្គមផងដែរ។
លោកអះអាងថា បច្ចុប្បន្នមានអាជ្ញាធរខ្មែរមួយចំនួននៅតែចាត់ទុកពលរដ្ឋខ្មែរ ក្រោម ថាជាជនជាតិវៀតណាម ឬជាជនអន្តោប្រវេសន៍វៀតណាម នៅឡើយ។ លើសពីនេះ អាជ្ញាធររដ្ឋាភិបាល ក៏តែងឃ្លាំមើលសកម្មភាពរបស់ខ្មែរក្រោមក្នុងពេលពួកគេប្រមូលផ្តុំ គ្នា ឬការលាបពណ៌នយោបាយ ជាដើម។ លោកថា ការណ៍នេះ គឺវាផ្ទុយទៅនឹងក្តីរំពឹងរបស់ខ្មែរក្រោម ដែលពួកគេតែងសង្ឃឹមថា នៅពេលឡើងមកដល់កម្ពុជា ពួកគេនឹងទទួលបានការរាប់អាន និងការអាណិតអាសូរពីសំណាក់អាជ្ញាធរកម្ពុជា។
លោកបន្តថា នៅពេលខ្មែរក្រោមរៀបចំពិធីម្តងៗ អាជ្ញាធរកម្ពុជា តែងតែឃ្លាំមើលសកម្មភាព សូម្បីតែកម្មវិធីនៅថ្ងៃនេះក៏មាននគរបាលមកឃ្លាំមើលដែរ។ បំណងរបស់ពួកគេ គឺចង់ដឹងថា តើពួកយើងធ្វើអ្វី ដើម្បីគេងាយស្រួលតាមដាន ហើយនេះ គឺធ្វើឲ្យប៉ះពាល់ដល់ការក្រោកឡើងទាមទារសិទ្ធិសេរីភាពរបស់ខ្មែរ ក្រោម។
លោក សឺន ជុំជួន បន្តថា សិក្ខាសាលានៅពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋខ្មែរក្រោម ពិសេសខ្មែរក្រោមដែលមកពីបណ្ដាខេត្តនានា ឲ្យពួកគាត់បានយល់ដឹងអំពីស្ថានភាពទូទៅរបស់ខ្មែរក្រោម និងជំរុញឲ្យពួកគេមានភាពក្លាហានក្នុងការចូលរួមដោះស្រាយបញ្ហា ខ្មែរក្រោម។

ចំណែក លោក ភួង សុខា មានស្រុកកំណើតនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម អះអាងថា លោកបានមករស់នៅក្នុងខេត្តស្វាយរៀង តាំងពីឆ្នាំ១៩៧៩។ លោកកត់សម្គាល់ថា សិក្ខាសាលានេះធ្វើឲ្យលោកយល់ដឹងបន្ថែមអំពីបញ្ហាសិទ្ធិមនុស្ស និងការចូលរួមតស៊ូមតិ។ លើសពីនេះ វាក៏ផ្តល់ឱកាសឲ្យពលរដ្ឋខ្មែរក្រោម ចូលរួមលើកឡើងនូវកង្វល់របស់ពួកគេផងដែរ។
លោកបន្តថា ជីវភាពរស់នៅរបស់ខ្មែរក្រោមនៅកម្ពុជា នៅដុនដាបច្រើន។ ទី១ ការយល់ដឹងរបស់ពលរដ្ឋខ្មែរក្រោមនៅមានកម្រិតទាប។ ទី២ ពួកគាត់នៅខ្លាចអំពីការបញ្ចេញមតិ។ ទី៣ ពួកគាត់នៅមានការកោតញញើតនៅពេលធ្វើដំណើរទៅប្រកបរបររកស៊ី ផ្សេងៗ។
ចំណែកប្រធានលេខាធិការដ្ឋានគណៈកម្មការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ ដែលខ្មែរក្រោមអញ្ជើញចូលរួមជាវាគ្មិនម្នាក់ដែរនោះ មានប្រសាសន៍ថា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ខ្មែរក្រោម អង្គការសមាគមខ្មែរកម្ពុជាក្រោម គួរមានយន្តការច្បាស់លាស់ និងត្រូវស្វែងរកឫសគល់នៃបញ្ហាពិតប្រាកដ។ លោក សួន ប៊ុនស័ក្តិ ក៏បានលើកទឹកចិត្តឲ្យខ្មែរក្រោម ចងក្រងឯកសារច្បាប់នានាដែលពាក់ព័ន្ធនឹងបញ្ហារបស់ខ្មែរក្រោម ដើម្បីជាមូលដ្ឋានក្នុងការតស៊ូមតិក្នុងពេលខាងមុខ។
លោកបន្តថា បន្ទាប់ពីបានដឹងបញ្ហាដែលជួបប្រទះ គេត្រូវមើលទៅលើយន្តការ ដែលក្នុងនោះស្ថាប័នសំខាន់ទី១ គឺរដ្ឋសភា រួចមើលទៅលើតួអង្គរដ្ឋាភិបាល តួអង្គតុលាការ បន្ទាប់មកមើលទៅលើតួអង្គថ្នាក់តំបន់ និងអន្តរជាតិ។ ជារួម តួអង្គទាំងឡាយណាដែលខ្មែរក្រោមគិតថាពាក់ព័ន្ធនឹងខ្មែរក្រោម ដើម្បីលើកយកបញ្ហាទៅបង្ហាញពួកគេ។
ការស្រាវជ្រាវបឋមរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅតាមបណ្ដាខេត្តចំនួន១២ នៅកម្ពុជា បង្ហាញថា ពលរដ្ឋខ្មែរក្រោមមានអាយុចន្លោះពី ១៥ ទៅ ៣៥ឆ្នាំ ដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជា មានប្រមាណ ១សែន ៥ម៉ឺននាក់។ បើតាមអង្គការសមាគមខ្មែរកម្ពុជាក្រោម ពលរដ្ឋខ្មែរក្រោមភាគច្រើន ប្រកបរបរកសិកម្មតូចតាច ធ្វើជាកម្មករសំណង់ លក់ដូរតាមចិញ្ចើមថ្នល់ ប្រកបរបរនេសាទ រុញទំនិញឆ្លងដែន និងស៊ីឈ្នួលច្រូតកាត់ ឬដកស្ទូង ជាដើម៕

Comments are closed.