សុន្ទរកថា របស់ អ្នកស្រី គៀង ធី​ប៉ា តំណាង​​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ក្នុងពិធី​រំឭក​ខួប​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ

120

លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យទី ៦ មីនា ម្សិលមិញ​នេះ បាន​ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ដែលមាន​ទីតាំង ស្ថិតនៅ​វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ជាង ១០០ នាក់ ។​

ពិធី​រំឭក​ខួប​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ ដែល​រៀបចំ​ដោយ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គឺ​ផ្តោត​សំខាន់​ទៅលើ​ការផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់រូប ទាំង​បុរស ទាំង​ស្ដ្រី ដើម្បី​ជួយ​ឲ្យស្ដ្រី​មាន​ភាពយុត្តិធម៌​ក្នុង​ការទទួល​សិទ្ធិ និង​ការកាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោល​នូវបញ្ហា​ទាំងឡាយ ដែល​កើតមាន​ចំពោះ​ស្ដ្រីភេទ ភាពស្មើគ្នា​រវាង​បុរស និង​ស្ដ្រី ។ ជាពិសេស​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរក្រោម កំពុង​រស់​នៅឯ​ដែនដី​កម្ពុជា​ក្រោម យល់ដឹង​កាន់តែច្បាស់ អំពី​សិទ្ធិ​របស់ខ្លួន ។​

អ្នកស្រី គៀង ធី​ប៉ា តំណាង​​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ក្នុងពិធី​រំឭក​ខួប​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ ។ រូបថតៈ ស៊ឺន ចែងចើន
អ្នកស្រី គៀង ធី​ប៉ា តំណាង​​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ក្នុងពិធី​រំឭក​ខួប​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ ។ រូបថតៈ ស៊ឺន ចែងចើន

ខាងក្រោមនេះ ជាសុន្ទរកថា ដែល​អាន​ដោយ អ្នកស្រី គៀង ធី​ប៉ា តំណាង​ឲ្យ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា៖

អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​
​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

លេខាធិការដ្ឋាន​

សុន្ទរកថា​
​អ្នកស្រី គៀង ធី​ប៉ា តំណាង​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម​
​ក្នុង​ខួប​លើក​ទី ១០៥ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ (០៨ មីនា ១៩១១ – ០៨ មីនា ២០១៦)

-​    ​សូម​ក្រាបថ្វាយបង្គំ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ជាទី​សក្ការៈ​!
-​    ​សូម​គោរព​គណៈអធិបតី​ជាទីគោរព​!
-​    ​សូម​គោរព​អង្គពិធី​ទាំងមូល​ជាទី​ស្រឡាញ់​រាប់អាន​!

ថ្ងៃនេះ​ជា​ថ្ងៃមួយ​ប្រកបទៅដោយ​មហា​នក្ខត្តឫក្ស ដែល​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ខួប​លើក​ទី ១០៥ ឆ្នាំ​។ ស្រប​ក្នុងឱកាស​នេះ ខ្ញុំព្រះករុណា នាង​ខ្ញុំ​សូម​ប្រគេន និង​ជម្រាបជូន​មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​ទិវា​នេះ​ឡើង​ដូចតទៅ​៖

នៅ​ចុង​សតវត្ស​ទី ​១៩ បច្ចេកវិទ្យា​បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​នៅលើ​ពិភពលោក ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដែលមាន​ខឿន​ឧស្សាហកម្ម​រីកចម្រើន​។ នារី និង​កុមារ​ក្រីក្រ​រាប់លាន​នាក់​ត្រូវបាន​ទាក់ទាញ​ឲ្យ​ធ្វើការ​នៅក្នុង​រោងចក្រ សហគ្រាស​ឯកជន​នានា ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​មួយចំនួន​ដែលមាន​គំនិត​លោភលន់ កេងប្រវ័ញ្ច​មិន​ស្កប់ស្កល់​លើ​កម្លាំង​ពលកម្ម​លើ​កុមារ និង​នារី​ជា​កម្មករ ដោយបាន​បង្ខំ​ឲ្យ​ពួកគេ​ធ្វើការ​ក្នុង​មួយថ្ងៃ​ពី​១២​ម៉ោង ទៅ​១៦​ម៉ោង ហើយ​ផ្តល់ប្រាក់​បៀវត្សរ៍​យ៉ាងតិច​តួច ដោយ​មិន​គិតគូរ​ពី​សុខភាព​របស់​កម្មករ​ឡើយ​។ ដោយមាន​ការឈឺចាប់​ចំពោះ​អំពើ​គៀបសង្កត់ កេងប្រវ័ញ្ច​ហួសប្រមាណ​នោះ ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ នៅ​ទីក្រុង Chicago និង New York សហរដ្ឋអាមេរិក បាន​សាមគ្គី ឯកភាពគ្នា​ក្រោកឈរឡើង តស៊ូ​យ៉ា​ប្ដូរផ្ដាច់ ទាមទារ​ឲ្យ​បន្ថយ​ម៉ោង​ធ្វើការ និង​តម្លើង​ប្រាក់បៀវត្សរ៍​។ ប៉ុន្ដែ​ជា​លទ្ធផល កម្មការិនី​ទាំងនោះ​ត្រូវ​បានទទួល​ការគៀបសង្កត់​យ៉ាង​ពេញទំហឹង ត្រូវគេ​ចាប់ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញ​ចេញពី​រោងចក្រ​។ ទោះបី​ត្រូវ​ទទួល​ការឈឺចាប់ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ ក៏​កម្មការិនី​នៅតែ​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ តស៊ូ​ស្វិតស្វាញ ងើបឈរ​ឡើង​តវ៉ា​ប្រឆាំង​ជា​សាធារណៈ​ម្តង​ហើយ​ម្តងទៀត បង្ខំ​ឲ្យ​ពួក​ម្ចាស់​រោងចក្រ សហគ្រាស ត្រូវតែ​ទទួល​យល់​ស្របតាម​។​ដំណើរ​តស៊ូ​របស់​កម្ម​ការិនី​ទាំងនោះ បាន​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា​ចំពោះ​ចលនា​នារី​លើ​សកលលោក​ទាំងមូល​។ ចលនា​ដ៏​ស្វិតស្វាញ​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​នារី​ចលករ​នៅ​ប្រទេស​អាឡឺម៉ង់ ដែលជា​ប្រទេស​ឧស្សាហកម្ម​ធំ​មួយនា​សម័យ​នោះ​។ នៅ​ប្រទេស​អាឡឺម៉ង់ ក្នុង​នោះបាន​លេចឡើង​នូវ​យុវនារី ៣ រូប​ដ៏​ល្បីល្បាញ​គឺ​៖ អ្នកស្រី ក្លា​រ៉ា​ហ្សេ​ត​គីន (Clara Zetkin) និង រ៉ូ​ស្កា​លុច​សំបូរ  ជា​ជនជាតិ​ប៉ូឡូញ ដែល​បាន​ចូលរួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី ក្រូ​ប​ស្កា​យ៉ា (​ភរិយា​លោក ឡេ នី​ន​) បំផុស​ចលនា​បង្កើតជា​គណៈ​លេខា​អន្តរជាតិ​ដើម្បី​ដឹកនាំ​ចលនា​នារី​។ ឆ្នាំ​១៩១០ សន្និបាត​អន្តរជាតិ​នារី​ដែលមាន​ប្រទេស​១៧​ចូលរួម បានធ្វើ​ឡើង​នៅ​ទីក្រុង​កូ​ប៉ែន​ហាក់ រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក់  បាន​សម្រេចយក​ថ្ងៃទី​០៨ ខែមីនា ជា “​ទិវា​នារី​អន្តរជាតិ​” ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពល​ការិនី​ទូទាំង​សកលលោក​ដើម្បី​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា “​ទីណា​មានការ​ជិះជាន់ ទីនោះ​មានការ​តស៊ូ​រើបម្រះ​”, “​មួយថ្ងៃ​ធ្វើការ​៨​ម៉ោង​”, “​ធ្វើការ​ស្មើគ្នា ប្រាក់បៀវត្សរ៍​ស្មើគ្នា​”, “​ការពារ​សុខភាព​មាតា និង​ទារក​”​។ ចាប់ពីពេលនោះ​មក ថ្ងៃទី​០៨ ខែមីនា បាន​ក្លាយទៅជា​ថ្ងៃបុណ្យ​អន្តរជាតិ​នារី ដែល​រំឭក​អំពី​ការតស៊ូ​របស់​នារី​ពល​ការិនី​ទូទាំង​សកលលោក ដែល​ប្រឹងប្រែង​រំដោះ​នារី ដោយ​ទាមទារ​ឲ្យ​អនុវត្ត​សិទ្ធិ​ស្មើគ្នា​រវាង​បុរស និង​នារី​។ ដោយសារ​តែមាន​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​អំណត់ និង​ពុះពារ​លំបាក​គ្រប់បែបយ៉ាង កាលពី ១០៥ ឆ្នាំមុន​នោះ​ហើយ ទើប​បច្ចុប្បន្ននេះ នារី​ក្នុង​ពិភពលោក មានឱកាស​ទទួលបាន​នូវ​សិទ្ធិ​ស្មើភាព​ក្នុង​ការងារ ក៏ដូចជា​ការថែទាំ​សុខភាព ទោះបីជា​នៅ​សេសសល់​ការ​បន្តុះបង្អាប់​ខ្លះៗ​ក៏ដោយ​។ លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ បាន​កាត់បន្ថយ​អស់​ជាច្រើន​នូវ​អំពើហិង្សា និង​ការរើសអើង​ចំពោះ​នារី​ភេទ​ដែល​គេ​តែងតែ​ចាត់ទុកជា​ភេទ​ទន់ខ្សោយ​នោះ​។​

-​    ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គជា​ទីសក្ការៈ​!
-​    ​គណៈអធិបតី​ជាទីគោរព​!
-​    ​អង្គពិធី​ទាំងមូល​ជាទី​ស្រឡាញ់​រាប់អាន​!

​បើ​យើង​ប្រៀបធៀប​ប្រវត្តិ​ទិវា​នារី​អន្តរជាតិ ០៨ មីនា ទៅនឹង​កំណើត​នៃ​អង្គការសហប្រជាជាតិ ឃើញថា ប្រវត្តិ​ទិវា​នារី​អន្តរជាតិ ០៨ មីនា មានកំណើត​មុន​សិទ្ធិមនុស្ស​ទៀតផង​។ តែ​ទោះបី​យ៉ាងណាក៏ដោយ សព្វថ្ងៃ​នៅ​កម្ពុជា ពិតមែនតែ​មានច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ដូចជា​សេចក្ដីប្រកាស​ជាស​កល របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិមនុស្ស អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង ប្រឆាំងនឹង​នារី​ភេទ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​ជំពូក ៣ ស្ដីពី​សិទ្ធិ​នោះ​ហើយ​ក៏ដោយ ក៏​វិសមភាព​រវាង​បុរស និង​ស្ដ្រី ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ការរំលោភ​សិទ្ធិ​ស្ដ្រី អំពើហិង្សា​ក្នុង​គ្រួសារ​នៅតែ​កើតមាន​ជា​បញ្ហា​ដដែល​។ ហេតុដូច្នេះ​បានជា​រដ្ឋាភិបាល​យើង និង​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់ ខិតខំ​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់រូប​ទាំង​បុរស ទាំង​ស្ដ្រី ដើម្បី​ជួយ​ឲ្យ​ស្ដ្រី​មាន​ភាពយុត្តិធម៌​ក្នុង​ការទទួល​សិទ្ធិ និង​ដើម្បី​ជួយ​កាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោល​នូវ​បញ្ហា​ទាំងឡាយ​ខាងលើ​ដែលមាន​ចំពោះ​ស្ដ្រីភេទ ភាពស្មើគ្នា​រវាង​បុរស និង​ស្ដ្រី មិន​ត្រឹម​តែមាន​ឲ្យ​នៅលើ​ក្រដាស និង​បបូរមាត់​តែប៉ុណ្ណោះ​ទេ សូម​ឲ្យ​មានការ​គោរព​គ្នា​ទៅវិញទៅមក ដោយ​គិតថា  នារី​ក៏​ជា​ដៃគូ​មួយ​ដោយ​មិនអាច​ខ្វះ​បានឡើយ​។​

តាម​ការពិនិត្យ​របស់​យើង​នៅលើ​ឯកសារ​នេះ​ឃើញថា ក្នុងនោះ​ក៏មាន​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម​អាចមាន​សិទ្ធិ​គ្រប់គ្រាន់​ដូច​ស្ដ្រី​ទាំងឡាយ​នៅលើ​ពិភពលោក​យើង​នេះ​ផងដែរ​។ ប៉ុន្ដែ​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម​តាំងពី​អ​តី​តៈ​រហូតដល់​បច្ចុប្បន្នកាល​នេះ នៅតែ​រងគ្រោះ​ដដែល ហើយ​អាជ្ញាធរ​វៀតណាម​មិន​ត្រឹមតែ​មិនបាន​យកចិត្តទុកដាក់​ប៉ុណ្ណោះ​ទេ ថែមទាំង​រំលោភសិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​ទៀតផង​។ ចំពោះ​អង្គការសហប្រជាជាតិ ក៏​ហាក់បី​មិន​ខ្វល់ខ្វាយ​ដល់​ស្ដ្រី​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដែល​ត្រូវ​វៀតណាម​ធ្វើបាប រំលោភបំពាន​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​ទាំងអស់​។ តួយ៉ាង​ដូចជា កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០០៨ កន្លងទៅ ស្ដ្រី​ខ្មែរក្រោម​នៅ​ស្រុក​ក្របៅ ខេត្ត​មាត់ជ្រូក ត្រូវបាន​រដ្ឋអំណាច​គុ​ម្មុយ​នី​ស្ដ​វៀតណាម​វាយ​ធ្វើបាប​ដោយ​ប្រើ​ដំបងឆក់​ឲ្យ​រងរបួស ២៩ នាក់ យ៉ាង​អាណោច​អ​ធ័​ម ក្នុងនោះ​មាន​ស្ត្រី​ខ្មែរក្រោម​យ៉ាងតិច​ពីរ​នាក់ គឺ​អ្នកស្រី នាង យ៉េន និង​អ្នកស្រី នាង យ៉​ន ជាប់ពន្ធនាគារ​ក្នុង​ឆ្នាំ​២០០៩ ដោយ​រង​ការ​ចោទ​ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សង្គម​។ ព្រឹត្តិការណ៍​ដ៏​ល្វីង​ជូរចត់​មួយទៀត ត្រូវ​បានការ​គម្រាម​ចាប់ចង​ដាក់គុក​ច្រ​វ៉ា​ក់ កើតមានឡើង​កាល​ចុងឆ្នាំ ២០០៧ ទៅលើ​រូបអ្នក​ស្រី លី ធី​ហឿង ដោយ​ដោយ​មូលហេតុ​អ្នកស្រី​តវ៉ា​យកមក​វិញ​នូវ​ដីស្រែ​ដែល​រដ្ឋអំណាច​គុ​ម្មុយ​នី​ស្ដ​វៀតណាម​រឹបអូស​យក​ឲ្យ​ជនជាតិ​វៀតណាម​គ្នា​គេ​។ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១០ អ្នកស្រី ត្រឹង ធី​ចូ​វ នៅ​ភូមិ​ផ្នោ​លើ ឃុំ​ដំបូក​បី ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់ពន្ធនាគារ រហូតមកដល់​ពេលនេះ​មិនទាន់បាន​ដោះលែង​នៅឡើយ​ទេ​។ ពិសេស​ថ្មីៗ​នេះ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ស្ដ្រី​ខ្មែរក្រោម ៣ នាក់ នៅ​ខេត្ត​ឃ្លាំង ត្រូវបាន​តុលាការ​វៀតណាម​ខេត្ត​ឃ្លាំង កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ១ ឆ្នាំ ដោយ​ចោទ​ពីបទ​បង្ករ​អសន្តិសុខ​ក្នុងសង្គម ដោយ​គ្រាន់តែ​ស្ដ្រី​ទាំង ៣ នាក់​នោះ​ចូលរួម​ទូងស្គរ​ក្នុង​វត្ត​ព្រៃ​ជាប់ ក្នុងស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ដើម្បី​ប្រឆាំងនឹង​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក​ព្រះ​តេជគុណ លី ចិន្តា​។ ស្ដ្រី​ខ្មែរក្រោម​ទាំង ៣ រូបនោះ​គឺ​៖ ១. អ្នកស្រី លី ធី​សា​ប៊ុត​, ២. អ្នកស្រី លី ធី​យ៉ុ​ន​, ៣. អ្នកស្រី ឡឹម ធី​ឡង​។  ម្យ៉ាងទៀត ស្ដ្រី​ខ្មែរ​នៅ​កម្ពុជា​ក្រោម គ្មាន​សាលារៀន​ជា​ភាសា​ខ្មែរ​ទេ ដូច្នេះ​ស្ដ្រី​ខ្មែរ​នៅ​កម្ពុជា​ក្រោម ៩៥% មិនចេះ​អក្សរ​ខ្មែរ​ឡើយ ការមិន​ចេះអក្សរ​នោះ ប្រៀបដូចជា​មនុស្ស​ពិការភ្នែក​ទាំងសង្ខាង​។ នេះ​គ្រាន់តែ​ជា​ចំណុច​តូច​មួយ ក្នុងចំណោម​នៃ​ចំណុច​ជាច្រើន​មកលើ​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម​។ ម្លោះ​ហើយ នាឱកាស​នេះ ក៏​សូម​អំពាវនាវ​ដល់​អង្គ​ការ​សហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ ព្រមទាំង​អ្នកសារព័ត៌មាន​នានា​ទូទាំង​សកលលោក មេត្តាជួយ​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​នេះ ឲ្យ​មាន​សិទ្ធិសេរីភាព​ដូច​ស្ដ្រី​ទាំងឡាយ​នៅលើ​ពិភពលោក​នេះ​ផង​។​

ជាទី​បញ្ចប់ តាងនាម​នាង​ខ្ញុំ​ជា​តំណាង​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ សូម​ប្រគេន និង​ជូនពរ​ដល់​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ គណៈអធិបតី​គ្រប់រូប និង​សមាជិក​អង្គពិធី​ទាំងមូល ប្រកបដោយ​ពុទ្ធពរ​ទាំងឡាយ ៤ ប្រការ​គឺ​៖ អាយុ វណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​អរ​ព្រះ​គុណ និង​អរគុណ​!!!

Comments are closed.