ក្រុម​អ្នកតស៊ូ​មតិ​ខ្មែរក្រោម ចូលជួប​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដើម្បី​ជម្រាប​ពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម

0 907

ដោយ ស៊ឺន ចែងចើន

​នៅ​ថ្ងៃទី ២២ ខែមេសា​សប្តាហ៍​នេះ គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដឹកនាំ​ដោយ​លោក ប្រាក់ សេរី​វុ​ឌ្ឍ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលជួប​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក និង​មន្ត្រី​​គណៈ​កម្មការ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ ដើម្បី​សេរីភាព​សាសនា​អន្តរជាតិ​ (USCIRF) នៅ​រដ្ឋធានី​វា​ស៊ីន​តោន​ឌី​ស៊ី ដើម្បី​ជំរាប​អំពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ក្រោម ។

លោក ប្រាក់ សេរី​វុ​ឌ្ឍ ​ប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (កណ្តាល) ជាមួយមន្ត្រី​គណៈកម្មការ​សាសនា​អន្តរជាតិ នៃ​សហរដ្ឋអាមេរិក ។
លោក ប្រាក់ សេរី​វុ​ឌ្ឍ ​ប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (កណ្តាល) ជាមួយមន្ត្រី​គណៈកម្មការ​សាសនា​អន្តរជាតិ នៃ​សហរដ្ឋអាមេរិក ។

​នៅក្នុង​កិច្ច​ជំនួប​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជម្រាបជូន​នូវ​របាយការណ៍​សំខាន់ៗ ដែល​ទាក់ទិន នឹង​រដ្ឋាភិបាល​យួន​កំពុង​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ជូន​ដល់​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ និង​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល​យួន​ឲ្យ​គោរព​សិទ្ធិមនុស្ស​ខ្មែរក្រោម និង​សេរីភាព​ជំនឿ​សាសនា​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែលជា​ម្ចាស់​ស្រុក​ជនជាតិដើម ។ ក្រៅពីនេះ ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ស្នើ​ទៅ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ឲ្យ​ជួយ​លើកយក​បញ្ហា​សិទ្ធិមនុស្ស ដែល​រដ្ឋាភិបាល​វៀតណាម បាន​រំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​វៀតណាម នៅក្នុង​កិច្ចសន្ទនា ស្ដីពី​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​វៀតណាម (U.S.-Vietnam Human Rights Dialogue) ដែល នឹងធ្វើ​ឡើង​នៅ​ខែឧសភា​ខាងមុខនេះ ។ បន្ថែម​ពីលើ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានស្នើ​សុំរដ្ឋា​ភិ​បាល​សហរដ្ឋ​អាមេរិក ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​សម្របសម្រួល​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​គណៈកម្មការ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងនាម​ជា​អ្នកផ្ដល់យោបល់ ដល់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា ECOSOC នៅក្នុង​ខែឧសភា​នេះ​ផងដែរ ។​

​គួរ​ជម្រាបជូន​ថា គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលចូលជួប​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​នោះ រួមមាន លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​លោក វ៉ាង យឿ​ង មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​បន្ទាប់ពី​ការជួប​ធ្វើ​សវនាការ​ជាមួយ នឹង​មន្ត្រី​ក្រសួងការបរទេស​រួច​មក ។ នៅ​ថ្ងៃទី ២៣ មេសា គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ចូលទៅ​ការិយាល័យ​វិទ្យុ​អាស៊ីសេរី (RFA) និង​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ដើម្បី​ធ្វើ​បទសម្ភាសន៍ អំពី​លទ្ធផល​នៃ​ការជួប​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ និង​រាយការណ៍ អំពី​សកម្មភាព​ថ្មីៗ នៅលើ​ឆាក​អន្តរជាតិ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ស្ថានភាព​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​សូម​ជំរាប​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ប្រជុំ​វេទិកា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ ផ្នែក​ជនជាតិដើម (UNPFII) នៅ​បូរី​ញូវយ៉ក ជា​រៀងរាល់ឆ្នាំ និង​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ UNPO និង​ជា​សមាជិក​អង្គការសហប្រជាជាតិ​ផ្នែក​ព័ត៌មាន​សាធារណៈ (UNPDI) ព្រមទាំង​សមាជិក គណបក្ស​ចម្រុះ​ជាតិ​សាសន៍ (TRP) នៅ​ទ្វីបអឺរ៉ុប​ជាដើម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ចលនា​តស៊ូ​ដោយ​ផ្អែកលើ​គោលការណ៍​អហិង្សា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម ៕

Leave A Reply

Your email address will not be published.