ខ្មែរក្រោម​មួយ​គ្រួសារ រង​ការ​បណ្ដេញចេញ​ពី​ដីធ្លី ត្រូវ​សមត្ថកិច្ច​វៀតណាម ខេត្ត​ក្រមួនស ចាប់ខ្លួន

0 763

ដោយ ស៊ឺន ចែងចើន

ពលរដ្ឋខ្មែរ​ក្រោម​មួយ​គ្រួសារ មាន​សមាជិក ៦ នាក់ ដែល​រងគ្រោះ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​វៀតណាម ខេត្ត​ក្រមួនស ហើយបាន​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត​កៀង​យ៉ាង កាលពី​រាត្រី​ថ្ងៃទី ៧ មិថុនា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន វាយ​ខ្នោះដៃ រួចហើយ​បញ្ជូន​ទៅ​សាលាឃុំ​ភូមី ឬឃុំ​ប៉​ប្រក់ ដោយ​មិន​ប្រាប់​មូលហេតុ ។ សមាជិក​គ្រួសារ​ជា​ជនរងគ្រោះ​ម្នាក់ ក្នុងចំណោម​មនុស្ស ៥ នាក់ ដែល​ត្រូវ​បាន​ដោះលែង​ត្រឡប់​ផ្ទះ​វិញ ក្រោយ​ចាប់ខ្លួន​អស់​រយៈពេល​ជាង ២ ម៉ោង​នោះ ឲ្យដឹង​ថា សមត្ថកិច្ច​នៅ​មិនទាន់​ដោះលែង​បងប្រុសបង្កើតរបស់ខ្លួន​ឲ្យ​មាន​សេរីភាព​វិញ​នៅឡើយ​ទេ ។

លោក ហ្វិ​ន យ៉ាង​ដៀប
លោក ហ្វិ​ន យ៉ាង​ដៀប

ពី​ដែន​ដី​កម្ពុជា​ក្រោម អ្នកស្រី ហ្វិន ធីហូវ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ លោក ហ្វិ​ន យ៉ាង​ដៀប មានប្រសាសន៍​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម ថា នៅ​យប់​ថ្ងៃទី ៧ មិថុនា ខណៈ​អ្នកស្រី កំពុង​បំបៅ​ដោះ​កូន ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​អាជ្ញា​វៀតណាម ប្រមាណ ៥០ នាក់ បាន​សម្រុកចូល​ដល់​ក្នុង​ផ្ទះ ចាប់ខ្លួន​ប្តី​អ្នកស្រី និង​អ្ន​ស្រី រួម​ទាំង​សមាជិក​គ្រួសារ ៤ នាក់​ផ្សេងទៀត ទាំង​ដែល​អ្នកខ្លះ កំពុងតែ​ដេក​លង់លក់​ទៅ​ហើយ​នោះ ។

ស្ត្រី​កូនខ្ចី​អាយុ​ជាង ១ ខែ រូប​នេះ បន្ត​ថា សមត្ថកិច្ច​បាន​ប្រើ​វិធី​ហិង្សា ដោយ​ចាប់​វាយ​ខ្នោះដៃ និង​អូស​ពួក​គាត់​បង្ខំឲ្យ​ឡើងឡាន រួច​យក​ទៅ​សួរចម្លើយ នៅ​សាលាឃុំ​ភូមី ។ អ្នកស្រី មានប្រសាសន៍​ដោយ​បញ្ជាក់​បន្ថែម​ថា ខណៈ​ក្រុម​នគរបាល កំពុង​នាំ​ពួក​គាត់​ទៅ​សួរចម្លើយ ស្រាប់តែ​មាន​ទូរស័ព្ទ​បញ្ជា​ពី​ថ្នាក់លើ ប្រាប់​ឲ្យ​ដោះលែង​ពួក​គាត់​ចំនួន ៥ នាក់ លើកលែងតែបងប្រុសបង្កើត​របស់​អ្នកស្រី ដែលគេ​បញ្ចូន​ទៅ​សួរនាំ​បន្ត នៅ​សាលាស្រុក យ៉ាង ថាញ់ (Giang Thành​) ។

គួរ​ជម្រាប​ជូន​ថា ការ​ចាប់ខ្លួន លោក ហ្វិ​ន យ៉ាង​ដៀប នេះ ធ្វើឡើង​ក្រោយពី​លោករួម​​ជាមួយ នឹង​ភូមិ​ប៉​ប្រក់ ឃុំ​ប៉​ប្រក់ ស្រុក​កៀង​លឿង ខេត្ត​ក្រមួនស កាលពី​ថ្ងៃទី ៥ ខែឧសភា បាន​បើក​អេ​ស្កា​វ៉ា​ទ័រ ដើម្បី​រារាំង​អាជ្ញាធរ​វៀតណាម ប្រដាប់ដោយ​អាវុធ​ជាច្រើន​រយ​នាក់ បាន​ចុះទៅ​ហាមឃាត់ និង​រឹបអូស​យក​ដី​ជាង ៣០០០ ហិ​កតា ។ ប៉ុន្តែ ពលរដ្ឋខ្មែរ​តវ៉ា​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើ​ហិង្សា និង​បណ្ដាលឲ្យ​ពលរដ្ឋខ្មែរ​ក្រោម ជាង ១០ នាក់​រង​បួស​ធ្ងន់ និង​ស្រាល ។ ពលរដ្ឋខ្មែរ​ក្រោម​ឲ្យដឹង​ថា ពួក​គេ​បាន​អាស្រ័យផល​លើ​ដី​នោះ តាំងពី​អំឡុង​ឆ្នាំ ១៩៧៣ មក​ម៉្លេះ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិនព្រម​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​នោះ​ទេ ៕ អត្ថ​បទៈ ស៊ឺន ចែង​ចើន​

 

Leave A Reply

Your email address will not be published.