ខ្មែរក្រោម នឹងប្រារព្ធពិធីរំលឹកខួបលើកទី ៤២ នៃទិវាតស៊ូ ដើម្បីសិទ្ធិសេរីភាព នៅទឹកដីកម្ពុជាក្រោម
ដោយ ស៊ឺន ចែងចើន
ពិធីរំលឹកខួបនៅឆ្នាំ ២០១៨ នេះ ជាថ្ងៃគម្រប់រយៈពេល ៤២ ឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរក្រោម បានធ្វើចលនាតស៊ូរំដោះទឹកដីខ្មែរកម្ពុជាក្រោម ពីការគ្រប់គ្រងអំណាចនៃប្រទេសវៀតណាម ប៉ុន្តែការតស៊ូនោះ មិនបានជោគជ័យនោះទេ ។

ក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅទីក្រុងភ្នំពេញ នៅថ្ងៃទី ១៦ វិច្ឆិកាស្អែកនេះ នឹងរៀបចំពិធីរំឭកខួបលើទី ៤២ ឆ្នាំ នៃទិវាតស៊ូរទាមទារសិទ្ធិសេរីភាពរស់រានមានជីវិត ដូចប្រជាពលរដ្ឋទូទៅ នៅលើទឹកដីកំណើតរបស់ខ្លួន ដែលគ្រប់គ្រងអំណាចដោយរដ្ឋាភិបាលវៀតណាម ។
យោងតាមកម្មវិធី ឲ្យដឹងថា ពិធីរំឭកខួប ៤២ ឆ្នាំ នៃទិវាតស៊ូរបស់ខ្មែរក្រោម រៀបចំឡើងជារបៀបនៃកិច្ចពិភាក្សាតុមូល ឬជាកម្មវិធីវេទិកាសួរដេញដោល ក្រោមប្រធានបទ «ការរំលឹកខួបទី ៤២ ឆ្នាំ នៃទិវាតស៊ូរបស់យុទ្ធជន-យុទ្ធនារីខ្មែរកម្ពុជាក្រោម» ដោយអនុញ្ញាតឲ្យអ្នកចូលរួម និងអ្នកតាមដានការផ្សាយផ្ទាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុក អាចធ្វើការសាកសួរ និងឆ្លើយឆ្លងដោយផ្ទាល់ ជាមួយគណៈវាគ្មិន ។ កម្មវិធីនេះ នឹងរៀបចំឡើង នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បូរីព្រៃនគរ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមកម្មវិធីដដែល បញ្ជាក់ថា នៅបន្ទាប់កិច្ចពិភក្សាទាក់ទង នឹងប្រធានបទខាងលើ ក៏ នឹងមានពិធីដារបង្សុកូល ឧទ្ទិសកុសលប្រគេន និងជូនដួងវិញ្ញាណក្ខន្ធព្រះវីរសមណៈ វីរបុរស និងវីរនារីខ្មែរកម្ពុជាក្រោម ដែលបានពលីកាយ ថ្វាយជីវិត ចំពោះជាតិ មាតុភូមិ នាព្រឹត្តិការណ៍ ថ្ងៃ ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម លោក យន្ត ថារូ ដែលជាអ្នកផ្តួចផ្តើម ប្រារព្ធទិវារំឭកខួប ៤២ ឆ្នាំនេះ ឲ្យដឹងថា ការធ្វើពិធីរំឭកខួប ១៦ វិច្ឆិកា ដើម្បីរំឭកដឹងគុណដល់យុទ្ធជន និងប្រជាពលរដ្ឋខ្មែរក្រោម នៅក្នុងឆ្នាំ ១៩៧៦ ដែលស្លាប់នៅក្នុងការតស៊ូរទាមទារសិទ្ធិសេរីភាព នៅសម័យនោះ ដោយសារអាជ្ញាធរយួនសម្លាប់ ។ លោកបញ្ជាក់ថា ដើម្បីបង្ហាញពីការឈឺចាប់ នឹងការជិះជាន់ពីសំណាក់រដ្ឋាភិបាលអាណានិគមយួន កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ដែលខ្មែរក្រោម ហ៊ានងើបឡើងទាមទារសិទ្ធិសេរីភាព ពីរដ្ឋអំណាចវៀតណាម ដើម្បីសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើទឹកដីកម្ពុជាក្រោម និងរំឭកនឹកដល់គុណូបក្ការៈរបស់យុទ្ធជន យុទ្ធនារីខ្មែរក្រោមទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិកម្ពុជាក្រោម ។
កាលពី ៤២ ឆ្នាំមុន គឺថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ គឺជាព្រឹត្តិការណ៍ប្រយុទ្ធគ្នាបង្ហូរឈាមមួយរវាងយុទ្ធជនខ្មែរក្រោម និងកងទ័ពវៀតណាម បានកើតឡើង នៅខេត្តព្រះត្រពាំង ធ្វើឲ្យកងទ័ពខ្មែរក្រោម និងប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃប្រមាណជាង ១០០ នាក់ស្លាប់ ។
ការងើបឡើង ដោយប្រើប្រដាប់អាវុធរបស់ពលរដ្ឋខ្មែរក្រោម ជាព្រឹត្តិការណ៍មួយបង្ហាញឲ្យឃើញនូវមេរៀនបរាជ័យមួយ របស់ប្រជាជាតិខ្មែរក្រោម ហើយរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានឆ្លើយតបមកវិញ ដោយការសងសឹក ជាទ្រង់ទ្រាយប្រកាន់ពូជាសាសន៍មួយ ចំពោះអ្នកដែលហ៊ានងើបឡើង រំដោះជាតិចេញពីការត្រួតត្រារបស់ពួកគេ ។

លោក យន្ត ថារូ បានលើកឡើងថា នៅ ១៦ វិច្ឆិកា ជាថ្ងៃព្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរក្រោម ដែលប្រជាជនខ្មែរក្រោមហ៊ានក្រោកឡើង ធ្វើចលនាតស៊ូមួយ ប្រឆាំង នឹងរដ្ឋាភិបាលវៀតណាម នាសម័យនោះ ដើម្បីទាមទារសិទ្ធិសេរីភាពសមរម្យ ជូនប្រជាពលរដ្ឋខ្មែរក្រោម ។ ពិសេសទាមទារទឹកដីកំណើតរបស់ខ្លួនមកវិញ ដោយសារតែនៅក្រោយថ្ងៃទី ៣០ មេសា ១៩៧៥ រដ្ឋាភិបាលវៀតណាម បានរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរក្រោម ដែលស្ថិតនៅក្រោមការគ្រប់គ្រងអំណាចរបស់រដ្ឋាភិបាលវៀតណាម ដូចជា សិទ្ធិជំនឿសាសនា សិទ្ធិក្នុងការសិក្សាអក្សរសាស្ត្រខ្មែរ ដែលជាភាសាកំណើត និងបញ្ហាផ្សេងៗ ទៀត ។
លោក យន្ត ថារូ ឲ្យដឹងទៀតថា ក្រោយពីទទួលបរាជ័យ នៅក្នុងការតស៊ូនោះ រដ្ឋាភបាលវៀតណាម បានធ្វើការបង្ក្រាប់មកលើក្រុមអ្នកតស៊ូទាមទារសិទ្ធិសេរភាពយ៉ាងឃោរឃៅ បណ្តាលឲ្យមានអ្នកស្លាប់ និងការចាប់ខ្លួនព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនពាន់នាក់ ។ ចំណែកប្រជាពលរដ្ឋមួយចំនួន ត្រូវបានគេយកទៅសម្លាប់ និងមួយចំនួនកាត់ទោសប្រហារជីវិត ហើយមួយចំនួនទៀត យកទៅកាត់ទោសឲ្យជាប់គុកពី ៣ ឆ្នាំ រហូតដល់អស់មួយជីវិត ដោយចោទប្រកាន់ថា ពួកក្បត់ជាតិ ។
គួរជំរាបជូនថា ព្រឹត្តិការណ៍ ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ កើតឡើងដោយការឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម មិនចង់រស់នៅក្រោមរបបអាណានិគមយួន និងចង់បានសិទ្ធិម្ចាស់ការ ក្នុងនាមជាជនជាតិដើមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ក៏បានបង្កើតលនាមួយឈ្មោះថា «រណសិរ្សសេរីភាពជាតិរំដោះខ្មែរកម្ពុជាក្រោម» ដែលមានលោក សឺង ញ៉ ជាប្រធាន និងលោក លោក កៀង ហ៊ាន ជាអនុប្រធាន ៕