ខ្មែរក្រោម នៅកម្ពុជា ដាក់របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាក្រោម ទៅអង្គការសង្គមស៊ីវិលអាស៊ាន
ដោយ គឹម សាវតា
បើទោះជាបញ្ហារំលោភសិទ្ធិមនុស្ស ពីសំណាក់អាជ្ញាធរវៀតណាម មកលើពលរដ្ឋខ្មែរក្រោមមួយចំនួន ត្រូវបានស្ថាប័នសិទ្ធិមនុស្សលើពិភពលោក បានដឹងឮ ព្រមទាំងបានជំរុញឲ្យរដ្ឋាភិបាលវៀតណាម បំភ្លឺ និងដោះស្រាយហើយក្តី ប៉ុន្តែ នៅពេលថ្មីៗ នេះ ខ្មែរក្រោមនៅកម្ពុជា ដាក់របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា និងកម្ពុជាក្រោម ទៅអង្គការ សង្គមស៊ីវិលអាស៊ាន ដើម្បីឲ្យប្រទេសក្នុងតំបន់អាស៊ានបានដឹងពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាក្រោមដែរ ក្នុងនោះ ក៏មានប្រទេសវៀតណាមផង ។

កាលពីថ្ងៃទី ១៥-១៧ ខែតុលា សប្ដាហ៍កន្លងទៅ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានចូលរួមក្នុងវេទិកាប្រជាពលរដ្ឋ និងសន្និសីទសង្គមស៊ីវិលអាស៊ាន ឆ្នាំ ២០២១ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធ អនឡាញ ។ ក្នុងការចូលរួមនោះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលកំពុងប្រតិបត្តិកា នៅកម្ពុជា បានដាក់របាយការណ៍ ស្តីពីការរំលោភសិទ្ធិមនុស្ស ដោយផ្តោតសំខាន់លើបញ្ហាចំនួន ៣ ចំនុចធំៗ ដែលបានកើតក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១ ។
ក្នុងរបាយការណ៍នោះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានលើកឡើងថា បន្ទាប់ពីរដ្ឋការបារាំងបានប្រគល់ទឹកដីកម្ពុជាក្រោម ឲ្យទៅវៀតណាម គ្រប់គ្រង កាលពីឆ្នាំ ១៩៤៩ សេរីភាពក្នុងការរស់នៅ ក្នុងនាមជាជនជាតិដើម និងលំហសិទ្ធិមនុស្ស ហាក់នៅមានកម្រិត បើប្រៀបធៀបជាមួយជាតិសាសន៍ដទៃ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ក្នុងរបាយការណ៍ដដែល អង្គការ សមាគគខ្មែរកម្ពុជាក្រោម នៅកម្ពុជា លើកឡើង ពីបញ្ហាប្រឈមជាច្រើន ដែលកើតមាននៅកម្ពុជា និងនៅដែនដីកម្ពុជាក្រោម ដូចជា បញ្ហាសិទ្ធិលំនៅដា្ឋន និងយុត្តិធម៌ ការធ្វើទុក្ខបុកម្នេញទៅលើអ្នកធ្វើការពារសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ពីការរាតត្បាតកូវីដ-១៩ ជាដើម ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់ នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ថា ថ្វីត្បិតអាស៊ាន មិនសូវមានឥទ្ធិពល នៅក្នុងការដោះស្រាយបញ្ហា ដែលកើតឡើង នៅក្នុងតំបន់ក្តី ប៉ុន្តែ យ៉ាងហោចណាស់ គឺគេបានស្គាល់ថា ខ្មែរក្រោមជាអ្នកណា និងមកពីណា ។
លោក ស៊ឺន ជុំជួន «យើងរំពឹងថារបាយការណ៍របស់យើង នឹងបានបញ្ជាក់ទៅដល់ប្រមុខរដ្ឋនៃអាស៊ានទាំងអស់ គេបានស្គាល់អំពីថា ខ្មែរក្រោមយើងជាអ្នកណា ហើប្រឈមនឹងបញ្ហាអ្វីខ្លះ ហើយយ៉ាងហោចណាស់ ក៏គេពិចារណាអំពីបញ្ហានៃស្ថានភាពសិទ្ធិមនុស្សនៃជនជាតិដើន ឬក៏ជនជាតិភាគតិចហ្នឹង» ។

ប្រធានលេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម គឺលោក ថាច់ ឡែន ក៏បានលើកឡើងថា នេះមិនមែនជាលើកទីមួយទេ ដែលអង្គការសមាគម ខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅកម្ពុជា ចូលរួមជាមួយវេទិកាប្រជាពលរដ្ឋ និងសន្និសីទសង្គមស៊ីវិលអាស៊ាន ពោលគឺបានចូលរួមជាច្រើនឆ្នាំមកហើយ ក្នុងគោលបំណងឲ្យប្រជាជាតិទាំង ១០ និងប្រទេសចូលរួមដទៃទៀត បានស្គាល់ខ្មែរក្រោម ដោយឡែកសម្រាប់ឆ្នាំ ២០២១ នេះ គឺអង្គការសមាគម ខ្មែរកម្ពុជាក្រោម បានលើកបញ្ហាជាច្រើន ដែលកើតឡើងពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ បន្ថែមក្រៅពីការរំលោភសិទ្ធិមនុស្សផ្សេងៗ ពីអាជ្ញាធរ ឬសមត្ថិកិច្ចវៀតណាម ។
លោក ថាច់ ឡែន «យើងក៏បានបញ្ជាក់ពីផលប៉ះពាល់អំពីកូវីដ-១៩ មកដល់ប្រជាពលរដ្ឋយើងថា ប្រជាពលរដ្ឋយើងគឺពិតជាមានការប៉ះពាល់ច្រើនមែនទែនទាំងភាពគ្មានការងារធ្វើ ការរៀនសូត្រក៏អត់មានបានរៀន ហើយជាពិសេសប្រពៃណីទំនៀមទម្លាប់ វប្បធម៌ខ្មែរក្រោមហ្នឹងក៏ត្រូវបានផ្អាកដែរ ក្នុងករណីដែលមានកូវីដ-១៩ ហ្នឹង ហើយជាពិសេស នៅពេលដែលខ្មែរក្រោមយើងជួយបញ្ហាជំងឺកូវីដ-១៩ ពួកគាត់មានការប៉ះទង្គិចរឿង ជីវភាពដូចថា ការទទួលនូវការសង្គ្រោះហ្នឹងដូចថាមិនសូវស្មើរភាពគ្នា ជាពិសេសរដ្ឋាភិបាលវៀតណាម គេមិនសូវយកចិត្តទុកដាក់បម្រើដល់ប្រជាពលរដ្ឋឲ្យមានតុល្យភាពរវាងពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាមទេ» ។
មុននឹងដាក់របាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងកម្ពុជាក្រោម ទៅអង្គការសង្គមស៊ីវិលអាស៊ាន ក្រុមអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ចំនួន ៩ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ស្ដីអំពី «រដ្ឋាភិបាលវៀតណាម មិនទាន់យកចិត្តទុកដាក់ និងផ្តល់សិទ្ធិពេញលេញដល់ខ្មែរក្រោម ជាជនជាតិដើម» ។
ក្រុមអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលចេញសេចក្តីថ្លែងការណ៍ រួមមាន ១. សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ២. មិត្តសមាគមខ្មែរកម្ពុជាក្រោម ៣. សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ៤. សហគមន៍ខ្មែរកម្ពុជាក្រោម ៥. មូលនិធិសម្រាប់អ្នកក្រីក្រ ៦. មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ៧. ក្រុមប្រឹក្សាយុវជនខ្មែរក្រោម ៨. សារព័ត៌មានព្រៃនគរ ៩. អង្គការស្ត្រីខ្មែរកម្ពុជាក្រោម ។ ក្រុមអង្គការទាំងនេះ លើកឡើងថា រដ្ឋាភិបាលវៀតណាម ដែលជារដ្ឋសមាជិក នៃអង្គការសហប្រជាជាតិ មិនបានគោរពឋានៈ និងឆន្ទៈរបស់ខ្លួន ចំពោះមុខច្បាប់អន្តរជាតិឡើយ ។ អង្គការ សមាគមខ្មែរកម្ពុជាក្រោម កត់សម្គាល់ឃើញថា ក្នុងឆ្នាំ ២០២១ នេះ ខ្មែរក្រោម នៅតែបន្តទទួលរងការរើសអើង រងនូវភាពអយុត្តិធម៌ និងរងការរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់ ៕