ពលរដ្ឋ​ខ្មែរក្រោម​រងគ្រោះ​ដីធ្លី​ថា អាជ្ញាធរ​វៀតណាម នៅក្នុង​ខេត្ត​ក្រមួនស រៀបចំ​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ ជា​រឿង​អយុត្តិធម៌​

0 595

ដោយ ស៊ឺន ចែងចើន

​សាច់ញាតិ​ជនរងគ្រោះ​ជាខ្មែរក្រោម ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់ខ្លួន​ក្នុង​ទំនាស់​ដីធ្លី នៅខេត្ត​ក្រមួនស បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង នៅពេល​ដឹងថា អាជ្ញាធរ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដោយ​ចោទប្រកាន់​ពួកគាត់ ពីបទ​ប្រើ​អំពើហិង្សា​មកលើ​កម្លាំង​សមត្ថកិច្ច ក្នុង​ព្រឹត្តិការណ៍​តវ៉ា​រឿង​វិវាទ​ដីធ្លី​អូសបន្លាយ​យូរអង្វែង​អស់​ជាច្រើន​ឆ្នាំ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រងរបួស​ធ្ងន់​ស្រាល​ប្រមាណ​ជាង ១០ នាក់ ។ ពលរដ្ឋ​រងគ្រោះ​​អះ​អាង​ថា ចំណាត់ការ​របស់​អាជ្ញា​ធរ​បែបនេះ ជា​រឿង​អយុត្តិធម៌ និង​មិនអាច​ទទួល​យ​បានឡើយ ។​

(រូបឆ្វេង​) ខ្មែរក្រោម ដែល​រង​របួសក្រោយ​ការ​ផ្ទុះ​ហិង្សា​​ជាមួយនគរបាល​វៀតណាម ​និង (ស្ដាំ) ក្រុមខ្មែរក្រោម កំពុងប្រឈមមុខ​ជាមួយ​នគតបាលវៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​ព្រៃ​មេង ​​ខេត្ត​ក្រមួន​ស​​ ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ Screenshot
(រូបឆ្វេង​) ខ្មែរក្រោម ដែល​រង​របួសក្រោយ​ការ​ផ្ទុះ​ហិង្សា​​ជាមួយនគរបាល​វៀតណាម ​និង (ស្ដាំ) ក្រុមខ្មែរក្រោម កំពុងប្រឈមមុខ​ជាមួយ​នគតបាលវៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​ព្រៃ​មេង ​​ខេត្ត​ក្រមួន​ស​​ ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ Screenshot

​ក្រុមគ្រួសារ​សាច់ញាតិ ដែល​រងគ្រោះ​ដោយសារតែ​ការបណ្ដេញ​ចេញពី​ដីធ្លី​ម្នាក់ ថ្លែង​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដឹង​នៅ​ថ្ងៃទី ១០ ខែតុលា​នេះ​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ជិត ៣០ នាក់ ត្រូវបាន​អាជ្ញាធរ​វៀតណាម កោះហៅ​ដើម្បី​សួរចម្លើយ ។ ក្នុងនោះ មនុស្ស​ចំនួន ៤ នាក់ ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច កំពុង​ចាត់វិធានការ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ពាក់ព័ន្ធ នឹង​ការចោទប្រកាន់​ករណី​ប្រើ​អំពើហិង្សា​មកលើ​កម្លាំង​សម្ថ​កិច្ច​វៀតណាម ជុំវិញ​បញ្ហា​ជម្លោះដីធ្លី នៅ​ខេត្ត​ក្រមួនស ។​

សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​ដដែល​នេះ បញ្ជាក់ថា អ្នក​ទាំង ៤ នាក់ ដែល​អាជ្ញាធរ​សម្រេច​បញ្ជូនទៅ​កាន់​តុលាការ​នោះ រួមមាន​លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប អាយុ ៤១ ឆ្នាំ (​ជា​អ្នកស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ​) លោក តៀន ដាម អាយុ ២៨ ឆ្នាំ (​ជា​ម្ចាស់​ដី​) តៀន ណា​ម អាយុ ២៨ ឆ្នាំ (​ជា​ម្ចាស់​ដី​) និង​លោកយាយ ធី ភិ​ច អាយុ ៧១ ឆ្នាំ (​ជា​ម្ចាស់​ដី​) ។ ចំណែក​ពលរដ្ឋ​ខ្មែរក្រោម​ជាប់​ពាក់ព័ន្ធ​ចំនួន ២៣ នាក់​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ម្រេច​ដាក់ពិន័យ​រដ្ឋបាល ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ចាប់ពី​បី​លាន​ដុង​ទៅ​បួន​លាន​ដុង ឬ​ស្មើ នឹង ១៥០ ដុល្លារ ទៅ ២០០ ដុល្លារ ។​

​ចំណែក​ពលរដ្ឋ​ខ្មែរក្រោម ម្នាក់ទៀត ដែលមាន​បងប្រុស ត្រូវបាន​អាជ្ញាធរ​ចាប់ឃុំខ្លួន​អស់​រយៈពេល ៣ ខែ ដើម្បី​ធ្វើការ​ស៊ើបសួរ​ស្វែងរក​អ្នកពាក់ព័ន្ធ​មក​អនុវត្ត​ច្បាប់​នោះ ឲ្យ​ដឹងថា នៅ​ថ្ងៃទី ០៩ តុលា ម្សិលមិញ​នេះ អាជ្ញាធរ​វៀតណាម ស្រុក​យ៉ាង​ថា​ញ់ នៃ​ខេត្ត​ក្រមួនស បាន​កោះហៅ​បងប្រុស​របស់ខ្លួន​ទៅ​សាកសួរ​អស់​ជាច្រើន​ម៉ោង ។ លោកស្រី ឲ្យ​ដឹង​ទៀតថា ក្រុមគ្រួសារ​របស់លោក​ស្រី ក៏បាន​រក​មេធាវី​ការពារ​ក្តី​ឲ្យ​បងប្រុស​របស់ខ្លួន​ដែរ ហើយ​មេធាវី​ក៏បាន​អមដំណើរ​ទៅជា​មួយ និង​អង្គុយ​ស្តាប់ ក្នុងពេល​អាជ្ញាធរ​កំពុង​សួរនាំ​បងប្រុស​របស់ខ្លួន​ផង ។ លោកស្រី បាន​បញ្ចាក់​បន្ថែមថា មេធាវី​បាន​ប្រាប់​ក្រុមគ្រួសារ​ថា នឹងដាក់​របាយ​ការណ៍ ព្រមទាំង​ពាក្យបណ្តឹង​ទៅ​តុលាការ ក្រោយពី​អាជ្ញាធរ​បិទ​បញ្ចប់​ការសាកសួរ និង​ស៊ើបអង្កេត​ក្នុង​សំណុំ​រឿងនេះ រួចរាល់​ហើយ ។ ទោះជា​យ៉ាងនេះ​ក្តី លោកស្រី បាន​សម្តែង​ការសោកស្តាយ ដែល​អាជ្ញាធរ នៅតែ​រក្សា​ចំណាត់ការ​បញ្ជូន​ប្អូនប្រុស​របស់លោក​ស្រី ទៅ​តុលាការ​ដដែល បើទោះបីជា ការស៊ើបអង្កេត​កន្លង​មក​របស់​អាជ្ញាធរ​វៀត​ណា​ម ប្រើពេល​អស់ ៣ ខែ នៅតែ​រក​មិនឃើញ​ពី​ទោសកំហុស​របស់គាត់ ហើយ​បន្ទាប់មក អាជ្ញាធរ​ក៏បាន​សម្រេច​ដោះលែង ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី ៤ ខែកញ្ញា ក៏ដោយ ។ ប្អូនប្រុស​លោកស្រី កាលពីដើម ខែមិថុនា ត្រូវបាន​សមត្ថកិច្ច​វៀ​ត​ណា​ម ប្រើប្រាស់​ហិង្សា វាយ និង​ចាប់ខ្លួន ដាក់​ឃុំឃាំង​មិន​ឲ្យ​ជួប​សាច់ញាតិ ដោយសារតែ​លោក ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឈូសឆាយ​លើដី​ស្រែ​ឲ្យ​ពលរដ្ឋ​ចំនួន ១៤៥ គ្រួសារ មុនពេល​អាជ្ញាធរ​វៀតណាម ចុះ​រឹបអូស​យក កាលពី​ថ្ងៃទី ៥ ខែឧសភា បណ្តាល​ឲ្យ​ផ្ទុះ​អំពើហិង្សា ។​

លោក ហ្វិ​ន វ៉ាំងឌែប
លោក ហ្វិ​ន វ៉ាំងឌែប

​គួររំឭកថា កាលពី​ថ្ងៃទី ៥ ខែឧសភា អាជ្ញាធរ​វៀតណាម រួមមាន ប៉ូលិស ទាហាន ដែល​ប្រដាប់​ដោយ​អាវុធ ប្រមាណ​ជា ១០០ នាក់ បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង ៣.០០០ ហិកតា ធ្វើជា​កម្មសិទ្ធិ​របស់រ​ដ្ឋ ពី​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១៤៥ គ្រួសារ​កំពុង​ប្រើប្រាស់​ដី​កេរ​មត៌ក ដែល​ដូន​តា​របស់​ពួក​គេ​បន្សល់​ទុក​មក ។ ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរក្រោម បានធ្វើការ​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើហិង្សា បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ជាង ១០ នាក់​រង​បួស​ធ្ងន់ និង​ស្រាល ។ ពលរដ្ឋ​ខ្មែរក្រោម ឲ្យ​ដឹងថា ពួកគេ​បាន​អាស្រ័យ​ផល​លើដី​នោះ​តាំងពី​អំឡុង​ឆ្នាំ​ ១៩៧៣ មកម្ល៉េះ ប៉ុន្តែ អាជ្ញាធរ​វៀតណាម​មិន​ព្រមធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​នោះទេ ។​

បន្ទាប់ពី​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​មួយ​សប្តាហ៍​ក្រោយមក ពលរដ្ឋ​ខ្មែរក្រោម ជា​ជនរងគ្រោះ​នៃ​ការបង្ខំ​បណ្តេញ​ពី​ដីធ្លី​ស្រែចំការ ពី​សំណាក់​អាជ្ញាធរ​វៀតណាម ក៏បាន​ដាក់​លិខិតតវ៉ា ទៅ​នាយករដ្ឋមន្ត្រី​វៀតណាម ដោយ​ស្នើសុំ​ឲ្យ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគេ​ជាបន្ទាន់ ដើម្បី​ពួកគេ​អាចធ្វើ​ស្រែចម្ការ​ សម្រាប់ចិញ្ចឹមជីវិត ។ យ៉ាងនេះ​ក្តី គិត​មក​ត្រឹម​ថ្ងៃ ១០ ខែតុលា សំណើ​នេះ រដ្ឋាភិបាល​វៀតណាម នៅ​មិនទាន់​ចេញមុខ ដោះស្រាយ​បញ្ហាដីធ្លី ដែល​វៀតណាម បាន​រឹបអូស ជូន​ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ជនជាតិដើម​ម្ចាស់​ស្រុក​វិញ​នៅឡើយ​ទេ ។​

​ជុំវិញ​ករណី​នេះដែរ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​ នៅ​សហរដ្ឋអាមេរិក បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួងការបរទេស​អាមេរិក ឲ្យ​ជំរុញ​វៀតណាម ​ឲ្យ​ផ្ដល់​ដី​ទៅ​ខ្មែរក្រោម​វិញ ។ បន្ថែម​ពីលើ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ និង​ប្រទេស​ម្ចាស់ជំនួយ​ផ្សេងទៀត ត្រូវ​ជួយ​ជំរុញ និង​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម ដើម្បី​ផ្ដល់​ដី​ខ្មែរ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​វិញ ដោយ​គ្មាន​លក្ខខណ្ឌ ។ រីឯ នៅឯ​កម្ពុជា​វិញ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ដាក់សំណើ​ទៅ​ក្រសួងការបរទេស​កម្ពុ​ជា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​វៀតណាម ឲ្យ​ដោះស្រាយ​បញ្ហាដីធ្លី​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ដែរ ។​

ទាក់ទង​ទៅ នឹង​ការរំលោភ​ដីធ្លី​ពលរដ្ឋ​ខ្មែរក្រោម​នេះ មន្ត្រីជាន់ខ្ពស់​អង្គការ​យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដោយសារតែ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម ជា​អ្នកគ្រប់គ្រង​ដី​ទាំងស្រុង នៅក្នុង​ប្រទេស​នេះហើយ ទើបបាន​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ដីធ្លី កើតឡើង​យ៉ាងធ្ងន់ធ្ងរ​នៅ​ទូទាំងប្រទេស ។ អង្គការ​យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) កត់សំគាល់ថា រដ្ឋាភិបាល​វៀតណាម តែងតែ​ប្រើប្រាស់​អំណាច​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នេះ ដើម្បី​ដាក់​ការត្រួតត្រា​ទៅលើ​ដីធ្លី​របស់​សហគម​ន៍ ។​

​បើតាម​របាយការណ៍​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹងថា យ៉ាងហោចណាស់ ក៏មាន​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​បីនាក់​ហើយ ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់ពន្ធនាគារ ដោយសារតែ​តវ៉ា​រឿង​ដីធ្លី ។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់នៅ​ទឹកដី​កម្ពុជា​ក្រោម ចំនួន ២១ ខេត្ត និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ៨ លាន​នាក់ ។ ពលរដ្ឋ​ខ្មែរក្រោម ភាគច្រើន​ជា​កសិករ ដែល​ពឹងផ្អែក​លើដី​ស្រែចម្ការ ដើម្បី​ចិញ្ចឹមជីវិត ៕ អត្ថបទៈ ស៊ឺន ចែងចើន

Leave A Reply

Your email address will not be published.