ពលរដ្ឋខ្មែរក្រោម ប្រារព្ធពិធីបុណ្យចូលឆ្នាំ ក្រោមបរិយាកាសនៃការរាតត្បាតជំងឺកូវីដ-១៩ ជាសាកល
ដោយ ស៊ឺន ចែងចើន
ឆ្នាំនេះ មិនដូចឆ្នាំមុនៗ នោះឡើយ ពិធីបុណ្យចូលឆ្នាំខ្មែរ នៅលើទឹកដីកម្ពុជាក្រោម ក្នុង ព.ស.២៥៦៤ គ.ស.២០២០ នេះ ត្រូវបានរៀបចំក្នុងសភាពមិនសូវអ៊ូអរ គគ្រឹកគគ្រេង ដូចបណ្តាឆ្នាំមុនៗ ឡើយ ដោយសារតែឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-១៩ ជាសាកល ខណៈប្រទេសវៀតណាម មានករណីឆ្លងសរុបទាំងអស់ ២៦៨ គិតត្រឹមថ្ងៃទី ១៨ ខែមីនា នេះ ។ យ៉ាងនេះក្តី ព្រះសង្ឃ និងពុទ្ធិបរិស័ទចំណុះជើងវត្តជាច្រើន នៅតែរៀបចំពិធីតាមបែបសាសនានេះ ដដែល ដោយគ្រាន់តែកាត់បន្ថយការជួបជុំមនុស្សច្រើន និងផ្អាកពិធីដង្ហែមហាសង្រ្កាន្តទៅតាមភូមិស្រុក ដើម្បីទទួលទេវតាឆ្នាំថ្មី និងលុបចោលសកម្មភាពលេងសប្បាយមួយចំនួន ដូចជា ល្បែងប្រជាប្រិយ រាំកម្សាន្ត សកម្មភាពលក់ដូរ ម្ហូបអាហារ នៅក្នុងបរិវេណវត្តអារាម សកម្មភាពសម្តែងសិល្បៈ និងពិធីរាប់បាត្រព្រះសង្ឃជាដើម ។

បើទោះបីជាវត្តអារាមភាគច្រើនមានសភាពស្ងប់ស្ងាត់ ដោយសារតែការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែប្រជាពលរដ្ឋខ្មែរក្រោមជាច្រើន នៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំ នៅតាមផ្ទះ ដោយរៀបចំរណ្តាប់សែនទេវតា ដូចរៀងរាល់ឆ្នាំដែរ ។ ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមវត្តអារាមស្ទើរគ្រប់ទីកន្លែងទូទាំងដែនដីកម្ពុជាក្រោម ដែលមានប្រជាពលរដ្ឋប្រមាណជាង ៩៥ ភាគរយជាអ្នកកាន់ពុទ្ធសាសនា នៅតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ។
ថ្វីត្បិត ចូលឆ្នាំខ្មែរ ឆ្នាំនេះ មានការហាមឃាត់ការជួបជុំក្នុងពិធីសាសនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ពីគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាម សមាគមពុទ្ធសាសនាវៀតណាម និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់ខេត្ត/ក្រុង នៅដែនដីកម្ពុជាក្រោម ដែលជាសេនាធិការរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមក្តី ប៉ុន្តែ មិនមានសារាចរណែនាំ ឬសេចក្តីប្រកាសជាផ្លូវការណាមួយ ចេញដោយរដ្ឋាភិបាលវៀតណាម ហាមប្រាមការទៅវត្តអារាមរបស់ពលរដ្ឋខ្មែរក្រោម នៅថ្ងៃបុណ្យចូលឆ្នាំនោះទេ ។ យ៉ាងនេះក្តី ដោយសារតែបុណ្យចូលឆ្នាំ ជាពិធីបុណ្យប្រពៃណី តាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក ដែលធ្វើឲ្យពុទ្ធសាសនិក នៅកម្ពុជាក្រោម អាក់ខានមិនបានឡើយ ក្នុងការយកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅវត្តអារាម ។

តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរក្រោម មិនព្រងើយកន្តើយឡើយ ចំពោះការយកចិត្តទុកដាក់ អនុវត្តតាមវិធានការរបស់អាជ្ញាធរសុខាភិបាល ដើម្បីការពារខ្លួនបញ្ចៀសពីការឆ្លងជំងឺកូវីដ-១៩ ដោយពួកគេពាក់ម៉ាស និងព្យាយាមរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា ។
ចំណែក នៅតាមវត្តអារាមវិញ មានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលតាមខេត្តនានា ចុះផ្សព្វផ្សាយសារអប់រំ នៅតាមទីវត្តអារាម ធ្វើការតាមដាន និងរៀបចំកន្លែងពិនិត្យសុខភាពមុនពេលចូលទីធ្លាវត្ត ដោយតម្រូវឲ្យពុទ្ធបរិស័ទលាងដៃ ពាក់ម៉ាស រក្សាគម្លាតពីគ្នា និងមានចែកសាប៊ូ និងអាល់កុល ឬជែល សម្រាប់ធ្វើអនាម័យ នៅតាមផ្ទះរៀងៗ ខ្លួនផង ។

ចំពោះវត្តអារាមខ្លះទៀត ដែលមិនមានក្រុមគ្រូពេទ្យចុះមក ក៏បានអនុវត្តការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកសួតកូវីដ-១៩ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដោយរៀងៗ វត្តផង ដូចជា រៀបចំឲ្យមានឧបករណ៍វាស់កម្តៅ ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ ។ ជាពិសេសឧបករណ៍បាញ់អាល់កុលសម្លាប់មេរោគលើដងខ្លួន នៅខាងមុខក្លោងទ្វារវត្ត មុនពេលអនុញ្ញាតឲ្យពុទ្ធបរិស័ទឈានជើងចូលទៅខាងក្នុងវត្ត ។ រីឯព្រះសង្ឃវិញ ក៏សុទ្ធតែពាក់ម៉ាស និងមានបាញ់ទឹកអាល់កុល ដើម្បីកម្ចាត់មេរោគនៅគ្រប់ពេល មុន និងក្រោយពេលពុទ្ធបរិស័ទប្រគេនទេយ្យទាន ។

គួរជម្រាបជូនថា នៅថ្ងៃចូលឆ្នាំ រាល់ឆ្នាំគឺ ខ្មែរក្រោម ច្រើនតែណាត់គ្នា ទទួលទេវតាឆ្នាំថ្មី នៅវត្តអារាម ។ នៅពេលាទេវតាចុះ ខ្មែរក្រោម ធ្វើពិធីសូត្រមន្តទទួលទេវតា ។ ថ្ងៃឆ្លងឆ្នាំ ពួកគេតែងជួបជុំគ្នា ទទួលទេវតា សម្ដែងព្រះបរិត្ត ពូនភ្នំខ្សាច់ លេងល្បែងប្រជាប្រិយ ។ ថ្ងៃចូលឆ្នាំ ទី ២ គឺវរវ័នប័ត ខ្មែរក្រោម នាំគ្នាធ្វើពិធីងូតទឹកជូនឪពុកម្ដាយតាមផ្ទះរៀងៗ ខ្លួន ហើយពួកគេបន្តទៅវត្ត ធ្វើពិធីស្រង់ទឹកប្រគេន ព្រះសង្ឃ និងតាជី យាយជី នៅក្នុងវត្តអារាម ។ ឯថ្ងៃចូលឆ្នាំ ទី ៣ ជាថ្ងៃឡើងស័ក ខ្មែរក្រោមនាំគ្នា ធ្វើពិធីស្រង់ទឹកព្រះពុទ្ធបដិមា តាមវត្តពេលរសៀល ៕
ចុចមើលរូបថតជាច្រើនទៀត => https://bit.ly/3bhWwT6 => https://bit.ly/2ViiU99