ពលរដ្ឋខ្មែរក្រោម សុខចិត្តដេកឲ្យរថក្រោះឈូសឆាយដីកិន ដើម្បីការពារដីកេរដូនតារបស់ខ្លួន
ដោយ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោមមួយគ្រួសារ ស្ថិតនៅភូមិផ្នោលើ ឃុំដំបូកបី ស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ប្ដេជ្ញាសុខចិត្តស្លាប់នៅលើដីខ្លួន ប្រសិនបើអាជ្ញាធរវៀតណាម នៅតែបន្តដាក់កម្លាំងឲ្យមកឈូសឆាយដីរបស់ពួកគេ ។ ការប្រកាស សុខចិត្ត បូជាជីវិត ដើម្បីការពារទឹកដី ដែលបានបន្សល់ទុកពីដូនតា មកឱ្យពួកគាត់ជំនាន់ក្រោយប្រើប្រាស់ ធ្វើឡើង បន្ទាប់ពីកម្លាំងអាជ្ញាធរវៀតណាម នៅស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង បានប្រើអំណាចរំលោភបំពានសិទ្ធិលំនៅឋានរបស់ពួកគេ ដោយចុះឈូសឆាយដី ដើម្បីរឹបអូសយកធ្វើជាកម្មសិទ្ធិរបស់រដ្ឋ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ។
តាមរយៈការបង្ហោះវីដេអូឃ្លីបជាច្រើន លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បង្ហាញថា អាជ្ញាធរវៀតណាម កំពុងធ្វើសកម្មភាព ដោយបញ្ជាឱ្យគ្រឿងចក្រឈូសឆាយ និងគាស់កកាយ រំលោភយកដីប្រជាពលរដ្ឋខ្មែរក្រោម ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ថាច់ ញ៉ឹក រៀបរាប់ថា គ្រួសារលោកសុខចិត្តស្លាប់ និងនៅក្រាញននៀល ហើយមិនចុះចាកចេញពីដីរបស់ខ្លួនជាដាច់ខាត ។ លោក ថាច់ ញ៉ឹក ជាម្ចាស់ដី ដែលត្រូវរបបយួនរឹបអូសយកនោះ បានថ្លែងក្នុងវីដេអូ នៅពេលប្អូនរបស់គាត់ទាំងពីរនាក់ កំពុងតែដេកផ្កាប់មុខ នៅមុខកង់រថក្រោះឈូសឆាយដីនោះ ថា គ្រួសារលោកសុខចិត្តលះបង់ជីវិត តែមិនឲ្យរបបអាណានិគមយួន មករឹបអូសយកដីរបស់ខ្លួនឡើយ ។
លោក ថាច់ ញ៉ឹក ៖ «រដ្ឋាភិបាលយួន ធ្វើបាបខ្មែរ យកដីខ្មែរ ឥឡូវខ្ញុំ សុខចិត្តងាប់ ឲ្យខ្ញុំងាប់ មិនឲ្យយកដីជាដាច់ខាត ប្រាប់បងប្អូនឲ្យដឹង សុខចិត្តងាប់មុខឆាង (គ្រឿងចក្រ ឬហៅថា អេស្កាវ៉ាទ័រ) ។ នេះ! ឃ្លីបនេះ ទុកផ្ញើទៅអន្តរជាតិ មើលមើល៍! រដ្ឋាភបាលវៀតណាមនេះ ធ្វើអ៊ីចឹង ត្រូវ ឬខុស? នេះមែនលួច? មែនចោរទេ? បងប្អូនជួយមើលមើល៍ ។ នែ! ចោរមកលួចដីគ្រួសារខ្ញុំ ពិតប្រាកដ ។ ឥឡូវ! មែនចោរទេហ្នឹង? ហ្នឹង! កនធ្វើការនៅឃុំ អ្ហ៎! ហើយអញ្ជើញមក មក៍កនគាត់រត់ឡើងបើកឆាងមោះ» ។
លោក ថាច់ ញ៉ឹក បានអះអាងទៀតថា រដ្ឋាភិបាល នៃ បក្សកុម្មុយនិស្តយួន ទើបតែមកបង្កើត និងចូលកាន់កាប់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទេ តែទឹកដីកេរដូនតារបស់គាត់ មានរាប់ពាន់ឆ្នាំមកហើយ មិនគួរណារដ្ឋាភបាលវៀតណាម មករំលោភបំពានប្លន់យកដីរបស់គាត់ដូច្នោះសោះ ។
លោក ថាច់ ញ៉ឹក ៖ នេះ! ប្អូនខ្ញុំ ដេកនៅមុខកង់ឆាង (គ្រឿងចក្រ ឬហៅថា អេស្កាវ៉ាទ័រ) ទុកឲ្យវារត់ (បើក) បង្កិន ។ ប្រាប់ថា ដីអញៗ ការពារពីមុនរដ្ឋហ្នឹងមានម្ល៉េះ ប្រាប់ឲ្យដឹង ។ រដ្ឋហ្នឹង មានក្រោយដីខ្ញុំទេ រដ្ឋហ្នឹង 30/04/75 រំដោះ ។ កង (ចំណែក) ដីខ្ញុំហ្នឹង មានរយពាន់ឆ្នាំហើយ តាយាយខ្ញុំសម្លាប់អស់ហើយ ឪខ្ញុំនៅ ស្លាប់ទៀត ២០១២ ។ ឥឡូវ ខ្ញុំប្រាប់ឲ្យដឹង ដាច់ខាតអ្នកឯងយកគ្រឿងចក្រមក អ្នកឯងប្តូរជីវិតហើយខ្ញុំ ។