ពលរដ្ឋ​ខ្មែរក្រោម ដែល​ធ្វើការ​នៅ​ទីក្រុង​ធំៗ ក្នុងប្រទេស​វៀតណាម ស្នើសុំ​ឈប់សម្រាក​ក្នុងឱកាស​បុណ្យ​ប្រពៃណីជាតិ​ខ្មែរ​

0 610

ដោយ គឹម សាវតា

​បើទោះបីជា​ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់ និង ធ្វើការ​ក្រោម​ច្បាប់​ការងារ​របស់​រដ្ឋាភិបាល​វៀតណាម​ក្តី ប៉ុន្តែ ពលរដ្ឋ​ខ្មែរក្រោម មិនអាច​ខកខាន​ក្នុងការ​ចូលរួម ពិធីបុណ្យ​តាម​ប្រពៃណី​របស់​ខ្មែរ​នោះទេ ។ ជាក់ស្ដែង​តំណាង ប្រជាពលរដ្ឋ​ខ្មែរ ក្រោម ប្រមាណ ៨០ នាក់ នៅ​ថ្ងៃទី ៥ ខែមករា​នេះ បានដាក់​លិខិត​សំណូមពរ​មួយ​ទៅ​ថ្នាក់ដឹកនាំ​វៀតណាម ដើម្បី​បាន​ឈប់សម្រាក ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ក្នុងនាម​ជា​ជនជាតិដើម​ម្ចាស់​ស្រុក ។

យុវជន យឿង ខាយ តំណាង​ឲ្យ​កម្មករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាលវៀតណាម
យុវជន យឿង ខាយ តំណាង​ឲ្យ​កម្មករ​ខ្មែរក្រោម ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាលវៀតណាម

យុ​វជន​ខ្មែរក្រោម តំណាង​ឲ្យ​ប្រជាពលរដ្ឋ នៅ​ដែនដី​សណ្ដ​ទន្លេមេគង្គ​ប្រមាណ ៨០ នាក់ បាននាំគ្នា​ចុះហត្ថលេខា​លើ លិខិត​មួយ ដើម្បី​ដាក់​ទៅ​ប្រធាន​រដ្ឋ ប្រធានសភា និង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្នើសុំ​ឈប់សម្រាក​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល​រយៈពេល ៦ ថ្ងៃ គឺ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល ៣ ថ្ងៃ និង​ពិធីបុណ្យ​សែនដូនតា​រយៈពេល ៣ ថ្ងៃ ។​

​ក្នុង​លិខិត​សំណូមពរ ដែលមាន​ហត្ថលេខា​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ ៨០ នាក់​នេះ បាន​ឲ្យ​ដឹងថា ដោយសារតែ​កត្ដា​ជីវភាព ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ភាគច្រើន បាន​ចាក​ចេញពី​ស្រុកកំណើត​ទៅធ្វើ​ការ​ឆ្ងាយ មិនបាន​ចូល​រូ​ម​ក្នុង​ពិធី​បែប​សាសនា​ជនជាតិដើម​សំខាន់ៗ ក្នុងនោះ​ក៏មាន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ផងដែរ ។​

​លិខិត​បន្តថា ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល ៤ គឺ​ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃ ១៥ ខែមេសា និង​ពិធី​សែនដូនតា​រយៈពេល ៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ ខែមេសា ។​

​លោក យឿ​ង ខាយ តំណាង​ពលរដ្ឋ​ខ្មែរក្រោម​មួយរូប បាន​ឲ្យ​សំឡេង​កម្ពុជា​ក្រោម ដឹងថា ពិធីបុណ្យ​បែប​ប្រពៃណី និង សាសនា​សំខាន់​របស់​ខ្មែរក្រោម មានដូចជា បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ បុណ្យ​សែនដូនតា និង​បុណ្យអុំទូក ប៉ុន្តែ​ភាគច្រើន​ប្រជាពលរដ្ឋ​ខ្មែរក្រោម មិនបាន​ឈប់សម្រាក ដើម្បី​ទៅ​ប្រារព្វ​បុណ្យ​ទាំង​នោះទេ ដូចនេះ ទើប​លោក និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ផ្សេងទៀត ស្នើសុំ​ឲ្យ​បាន​ឈប់​ពិធីបុណ្យ​សំខានៗ ចំនួន ២ គឺ បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ និង​បុណ្យ​សែនដូនតា​នេះ ។

លោក យឿ​ង ខាយ «​គេ​មិន​ឲ្យ​ឈប់​ទេ និយាយ​រួម​គឺ​បុណ្យ​ដូនតា បុណ្យចូលឆ្នាំ បុណ្យអុំទូក​អី បើ​យើង​ចង់​ឈប់​ចឹ​ង​គឺ​យើង​សុំច្បាប់​គេ ប៉ុន្តែ​យើង​សុំច្បាប់​គេ​ឈប់​ហ្នឹង គេ​កំណត់​ឲ្យ​យើង​២​ថ្ងៃ ឬមួយ​៣​ថ្ងៃ បើ​យើង​ឈប់​លើស​ហ្នឹង ក្រុមហ៊ុន​ហ្នឹង​គេ​ដេញ​យើង​ចោលការ​ងារ​បង​។​»

​បើតាម​លោក យឿ​ង ខាង ក្នុង​មួយឆ្នាំ រដ្ឋាភិបាល​វៀតណាម​ឲ្យ​ឈប់សម្រាក​ទូទាំងប្រទេស​តែម្តង​ប៉ុណ្ណោះ គឺ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​វៀតណាម គឺមាន​រយៈពេល​យ៉ាងតិច ៥ ថ្ងៃ ។​

​ទោះជា​យ៉ាងនា​រហូតដល់​ពេលនេះ មិនទាន់មាន​ការឆ្លើយ​តប​ពី​ភាគី​វៀតណាម យ៉ាងណា​នៅឡើយ​ទេ ចំពោះ​ការស្នើសុំ​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល ៣ ថ្ងៃ និង​ពិធី​សែនដូនតា​រយៈពេល​៣​ថ្ងៃនេះ នៅឡើយ​ទេ ។​

​គួរ​ជម្រាបជូន​ថា កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៩ យុវជន​ខ្មែរក្រោម​ឈ្មោះ ថាច់ កឿង ក៏បាន​ធ្វើជា​តំណាង​ឲ្យ​ពលករ​ខ្មែរក្រោម ដែល​ធ្វើការ នៅ​ទីក្រុង​ធំៗ ដូចជា ទីក្រុង​ព្រៃនគរ ខេត្ត​ទួល​តា​មោក និង​ខេត្ត​ចង្វា​ត្រពាំង ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម ស្នើ​ឲ្យ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម អនុញ្ញាត​ឲ្យ​ខ្មែរក្រោម ដែល​ធ្វើ​ការងារ​នៅតាម​ទីក្រុង អាច​ឈប់សម្រាក​ពេល​បុណ្យជាតិ​សំខាន់ៗ ដូចជា បុណ្យចូលឆ្នាំថ្មី និង​បុណ្យ​សែនដូនតា ជាដើម ៕

Leave A Reply

Your email address will not be published.