សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ថា​ ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជាក្រោម​ ​នៅតែ​បន្ត​រង​ការ​រំលោភបំពាន​ ​ពីសំណាក់​រដ្ឋាភិបាល​វៀតណាម

0 513

ដោយ ស៊ឺន ចែងចើន

​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូលដ្ឋាន​ ​នៅ​ប្រទេស​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ខ្មែរក្រោម​ នៅតែ​បន្ត​រង​ការរើសអើង​ ​រង​នូវ​ភាព​អយុត្តិធម៌​ ​និង​រង​នូវ​ការរំលោភ​សិទ្ធិ​សេរីភាព​ជាច្រើន​ករណី​ ​ត្រឹមតែ​ក្នុងរយៈពេល​ ​៣​ ​ត្រីមាស​ប៉ុណ្ណោះ​ ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​។​ ​ការ​លើកឡើង​បែប​នេះ​ ​នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​ ​១​៤​ ​ឆ្នាំ​ ​នៃ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​) ​ស្ដីពី​ ​«​សិទ្ធិ​ជនជាតិ​ដើម​»​ ​ដែល​រដ្ឋាភិបាល​វៀតណាម​ ​គឺជា​រដ្ឋ​ភាគី​មួយ​ ​បាន​ទទួលស្គាល់​ ​និង​គាំទ្រ​សេចក្ដីប្រកាស​នេះ​ ​។

ថ្នាក់ដឹកនាំ និងសមាជិករបស់លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម ចូលរួមខួប​ ​១​៤​ ​ឆ្នាំ​នៃ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម ។ រូបៈ សារព័ត៌មាន ព្រៃនគរ
ថ្នាក់ដឹកនាំ និងសមាជិករបស់លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម ចូលរួមខួប​ ​១​៤​ ​ឆ្នាំ​នៃ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម ។ រូបៈ សារព័ត៌មាន ព្រៃនគរ

​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​២​ ​ខែកញ្ញា​ស​ប្តាហ៍​កន្លងទៅ​នេះ​ ​លេខាធិការដ្ឋាន​ ​ដែល​ជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ចំនួន​ ​៩​ ​ជា​សមាជិក​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ប្រារព្ធ​ទិវា​ ​១​៣​ ​កញ្ញា​ ​ដែល​ជា​ខួប​ទី​ ​១​៤​ ​ឆ្នាំ​ នៃ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​) ​ស្ដីពី​ ​«​សិទ្ធិ​ជនជាតិ​ដើម​»​ (​១​៣​ ​កញ្ញា​ ​២​០​០​៧​ – ​១​៣​ ​កញ្ញា​ ​២​០​២​១​) ​។​ ​ពិធី​អប​អរសាទរ​ទិវា​​​នេះ​ ​រៀបចំ​ឡើង​ ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​ស្ថិតនៅ​បុរី​ព្រៃ​ន​គ​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​។​ ​ក្រៅពី​អ្នកចូលរួម​សំដែង​ការចាប់អារម្មណ៍​ ​ដែល​លើកឡើង​ពី​ក្តី​កង្វល់​នានា​ ​ជុំវិញបញ្ហា​រំលោភ​ជន​ជាតិ​ដើម​កំណើត​ខ្មែរក្រោម នៅប្រទេស​វៀតណាម​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​ ​នៅ​ក្នុង​ពិធី​នោះ​ ​ក៏មាន​រៀបចំ​កិច្ចពិភាក្សា​ផ្តោត​ទៅលើ​ប្រធាន​បទ​ ​«​ខ្មែរក្រោម​ ​ត្រូវតែ​ទទួល​បានការ​យកចិត្តទុកដាក់​ និង​ផ្តល់​សិទ្ធិ​ពេញលេញ​ជា​ជនជាតិ​ដើម​»​ ដោយធ្វើ​ការផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​និង​សំណួរ​ចម្លើយ​ ​ពី​អ្នកតា​ម​ដាន​ទស្សនា​ ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ផង​ ​។

ថ្លែង​បើក​កម្មវិធី​ ​ក្នុង​ឱកាស​ខួប​ ​១​៤​ ​ឆ្នាំ​នៃ​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ លោក​ ​តាំង​ ​សា​រៈ ​ប្រធាន​សាខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​លើកឡើង​ ​ពី​មេដឹកនាំ​នៅ​ប្រទេស​មួយ​ចំនួន​ ​នៅ​លើ​ពិភពលោក​ ​ដែល​មាន​ក្រុម​ជនជាតិ​ដើម​ម្ចាស់​ស្រុក​រស់នៅ​ ​បាន​ប្រកាស​ជា​សាធារណៈ​សុំ​ការ​អភ័យទោស​ ​ចំពោះ​ការ​រង​ទុក្ខបុកម្នេញ​អស់​ជាច្រើន​រយ​ឆ្នាំ​កន្លងមក​ ​ក្រោម​នយោបាយ​របស់​រដ្ឋាភិបាល​ជំនាន់​មុន​ ​ដែល​បាន​ធ្វើឡើង​ដោយ​ប្រើអំណាច​បុគ្គល​នៃ​មេដឹកនាំ​បណ្តា​ប្រទេស​មួយ​ចំនួន​ ​ដែល​មាន​ក្រុម​ជនជាតិ​ដើមកំណើត​ ​និង​សមាជិក​ក្រុម​កុ​ល​ស​ម្ព័ន្ធ​ជនជាតិ​ដើម​ ​។​ ​ក្នុង​សន្ទរកថា​ដដែល​នេះ​ ​លោក​ ​តាំង​ សា​រៈ ​បាន​លើកឡើង​ ​ពី​អតីតកាល​របស់​មេ​ដឹ​នាំ​មួយ​ចំនួន​ ​អនុវត្ត​គោលនយោបាយ​បិទ​សិទ្ធិ​សេរីភាព​សាសនា​ ​វប្បធម៌​របស់​ជនជាតិ​ដើម​ ​នយោបាយ​រើសអើង​ ​ភាព​អយុត្តិធម៌​អស់​រយៈពេល​រាប់​សិប​ទសវត្សរ៍​ ដែល​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​បាន​ទទួល​រងគ្រោះ​ ​។​ ​បន្ថែម​ពីលើ​សុន្ទ​កថា​នោះ​ លោក​ ​តាំង​ ​សា​រៈ ​បាន លើកយក​ព្រឹត្តិការណ៍​ថ្មី​មួយ​ ​ដែល​រដ្ឋាភិបាល​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ ​ដឹកនាំ​ដោយ​ប្រធានាធិបតី​ ​លោក​ ​And​rés Man​u​e​l​ ​L​ó​p​e​z​ Obr​ado​r ​កាលពី​ថ្ងៃចន្ទ​ ​ទី​ ​៣​ ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ប្រកាស​សូមទោស​ជនជាតិ​ដើម​ភាគតិច​ម៉ា​យ៉ា​ន​ជា​ផ្លូវការ​ ​ចំពោះ​ការប្រព្រឹត្ត​ទង្វើ​ខុសឆ្គង​នានា​ប្រឆាំង​នឹង​ពួកគេ​ ​ចាប់តាំង​ពី​យុទ្ធនាការ​គ្រប់គ្រង​ទ្វីប​អាមេរិក​ដោយ​អេស៉្បា​ញ​ ​។​

ថ្លែង​ក្នុង​វេទិកានៃ​កិច្ចពិភាក្សា​​ ​ ​លោក​ ​ថា​ច់ ​ច​ន្រ្ទា ​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែរក្រោម​ ​កត់​សម្គាល់​ឃើញ​ថា​ ​រយៈកាល​ ​១​៤​ ​ឆ្នាំ​កន្លងមក​ហើយ​ ​ដែល​រដ្ឋាភិបាល​វៀតណាម​ ​បាន​ទទួលស្គាល់​ ​និង​គាំទ្រ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​។​ ​ប៉ុន្តែ​ ​រដ្ឋាភិបាល​វៀតណាម​ ​មិនបាន​គោរព​ ​និង​អនុវត្ត​រាល់​ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​នេះ​ ហើយ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ខ្មែរក្រោម​ ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​នៅ​លើទឹក​ដី​ដើមកំណើត​របស់​ខ្លួន​ឡើយ​ ​។​ ​ផ្ទុយទៅវិញ​ ​រដ្ឋាភិបាល​វៀតណាម​ ​បែរជា​ព្យាយាម​លុបបំបាត់​ពូជសាសន៍​ ​ចំពោះ​ខ្មែរក្រោម​ទៅវិញ​ ​។​

​លោក​ ​ថា​ច់ ​ច​ន្រ្ទា ​លើកឡើង​ពី​ទឡ្ហីករ​ណ៍​ជាច្រើន​ ​ដែល​បង្ហាញ​ថា​ ​ចាប់តាំង​ពី​ទឹកដី​កម្ពុជាក្រោម​ ​ត្រូវ​បាន​បារាំង​ប្រគល់​ទៅ​ឲ្យ​វៀតណាម​ ​ទាំង​ខុសច្បាប់​ ​នៅ​ថ្ងៃ​ទី​ ​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​ ​១​៩​៤​៩​ ​មក​ ​រដ្ឋអំណាច​វៀតណាម​ ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ ​ដើម្បី​លុបបំបាត់​អត្តសញ្ញាណ​ខ្មែរក្រោម​ ​នៅ​លើទឹក​ដី​កំណើត​ ​។​ ​លោក​បាន​លើកឡើង​នូវ​បញ្ហា​ជាក់ស្តែង​ ដូចជា​ ​កាលពី​ឆ្នាំ​ ​២​០​១​៩​ ​រដ្ឋាភិបាល​កុម្ម​យ​នី​ស្ត​វៀតណាម​ ​បាន​ផ្សព្វផ្សាយ​របាយការណ៍​ជំរឿន​ទៅលើ​ប្រជាជន​ចំនួន​ ​៥​៣​ ​ជនជាតិ​ ​ដែល​វៀតណាម​ចាត់ទុកថា​ ​ជា​ជនជាតិ​ភាគតិច​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​។​ ​នៅ​ក្នុង​របាយការណ៍​នោះ​ ​បង្ហាញ​ថា​ ​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​ ​មាន​ប្រមាណ​តែ​ជាង​ ​១​ លាន​ ​៣​ ​សែន​នាក់​ប៉ុណ្ណោះ​ ​ក្នុងចំណោម​ប្រជាជន​ទាំងអស់​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​ដែល​បច្ចុប្បន្ន​មាន​ប្រមាណ​ ​៩​៦​ ​លាន​នាក់​ទៅ​ហើយ​នោះ​ ​។​ ​លោក​ ​ថា​ច់ ​ច​ន្រ្ទា ចាត់​ទុក​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ក្នុងរបាយការណ៍​នោះ​ថា​ ​វៀតណាម​កំពុង​ព្យាយាម​លុបបំបាត់​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម​ ​។​ ​ក្រៅពី​នេះ​ ​វៀតណាម​ ​ក៏មាន​មហិច្ឆតា​ចង់​លុបបំបាត់​អត្តសញ្ញាណ​ខ្មែរក្រោម​ ​រួម​មាន​ ព្រះពុទ្ធសាសនា​ ​វប្បធម៌​ ​ប្រពៃណី​ទំនៀមទម្លាប់​ ​អក្សរសាស្ត្រ​ ​ភាសា​ ​អត្តសញ្ញាណ​ ​និង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ (​ប្តូរ​ឈ្មោះ​ខេត្ត​ពី​ខ្មែរ​ទៅជា​ភាសា​វៀតណាម​) ​។

ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ប៊ុន​ ​មុនី​ (​ថា​ច់ ​ឡែ​ន​) ​លើកឡើង​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​នឹង​ទទួល​បាន​សិទ្ធិ​ពេញលេញ​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​ដោយស្វ័យប្រវត្តិ​ ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ នៅតែ​គោរព​ ​និង​រក្សា​នូវ​វប្បធម៌​ខ្មែរ​ ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ រក្សា​បាន​នូវ​វត្ត​ព្រះពុទ្ធសាសនា​ ​អក្សរសាស្ត្រ​ សិល្បៈ ​ស​ម្លៀ​ក​បំពាក់​ ​ឲ្យបាន​ខ្ជាប់​ខ្ជូ​ន​ ​។​ ​លោក​លើកឡើង​បែប​នេះ​ ​ដោយសារតែ​ខ្មែរក្រោម​ ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ ​ចាត់ទុកជា​ ​ជនជាតិ​ភាគតិច​មួយ​ ​នៅក្នុងចំណោម​ជនជាតិ​ភាគតិច​ ​ចំនួន​ ​៥​៣​ ជនជាតិ​ ​ដែល​កំពុង​រស់នៅ​លើទឹក​ដី​របស់​ខ្លួន​ ​នា​ពេល​បច្ចុប្បន្ននេះ​ ​។​

​លោក​ ​ប៊ុន​ ​មុនី​ ​អះអាង​ថា​ ​ខ្មែរក្រោម​ ​ដែល​រស់នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ​ក្នុង​ប្រទេស​វៀតណាម​ ត្រូវតែ​ចូលរួម​អភិ​រក្ស​នូវ​អ្វី​ជា​របស់​ខ្មែរ​ ​ដែល​ដូនតា​បាន​បន្សល់ទុក​រាប់ពាន់​ឆ្នាំ​មក​ហើយ​ ​ជាក់ស្តែង​ដូចជា​ វត្តអារាម​ជា​និមិត្តរូប​ ​នៃ​កេរមរតក​របស់​ប្រជាជាតិ​ខ្មែរក្រោម​ ​។​ បន្ថែម​ពីលើ​នោះ​ ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ចូលរួម​សកម្មភាព​ថែរក្សា​អភិ​រក្ស​វប្បធម៌​ប្រពៃណី​ ​និង​ទំនៀមទម្លាប់​ ​នៅ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ ​ដូចជា​ បុណ្យចូលឆ្នាំ​ថ្មី​ ​ពិធី​បុណ្យភ្ជុំបិណ្ឌ​ ​ឬ​ ​បុណ្យ​សែនដូនតា​ ​និង​បុណ្យ​កឋិន​ជាដើម​ ​។​

​ចំណែក​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​ ​នៃ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​លោក​បណ្ឌិត​ ​សឺ​ន​ ​ជុំ​ជួន​ ​អះអាង​ថា​ ​វៀតណាម​ ​នឹង​ទទួលរង​​នូវ​ការ​ខាតបង់​យ៉ាង​ច្រើន​ ​បើ​នៅតែ​បដិសេធ​មិន​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិ​ដើមកំណើត​ ​និង​បន្ត​រំលោភ​សិទ្ធិ​សេរីភាព​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ទៀត​នោះ​ ​។​ ​លោក​ថា​ ​រដ្ឋាភិបាល​វៀតណាម​ ​នឹង​រង​ការរិះគន់​ ​និង​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ ដោយសារតែ​ស្ថានភាព​សិទ្ធិមនុស្ស​ នៅ​ក្នុង​ប្រ​ទស​មួយ​នេះ​ ​កំពុង​ធ្លាក់​ក្នុង​ភាព​ដុនដាប​កាន់តែ​ខ្លាំង​ ​។​ ​លោក​បន្ថែម​ថា​ ​មិន​ត្រឹមតែ​ការ​ជំរុញ​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​អំពាវនាវ​ទៅដល់​សហគមន៍​អន្តរជាតិ​ ​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​នោះទេ​ ​។​ ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន​ ​ក៏បាន​ដាក់​របាយការណ៍​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​របស់​វៀតណាម​ ​និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ផង​ដែរ​ ​។​ លោក​បញ្ជាក់​ថា​ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​នឹង​ត្រួតពិនិត្យ​របាយការណ៍​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ ​តាមកាល​កំណត់​ជាស​កល​ (​UP​R) ​ដែល​ជា​យន្ត​ការ​របស់​អង្គការសហប្រជាជាតិ​ ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​រដ្ឋ​ជា​សមាជិក​ ​។​

ក្រោយ​ពី​កម្មវិធី​នោះ​បិទ​បញ្ចប់​ ​ក្រុម​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​ចំនួន​ ​៩​ ​ស្ថាប័ន​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួមគ្នា​មួយ​ ​ស្ដី​អំពី​ ​«​រដ្ឋាភិបាល​វៀតណាម​ ​មិនទាន់​យកចិត្តទុកដាក់​ ​និង​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​ខ្មែរក្រោម​ ​ជា​ជនជាតិ​ដើម​»​ ​។​

​ក្រុម​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​ចេញ​សេចក្តីថ្លែង​ការណ៍​ ​រួម​មាន​ ​១​. ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​ ​២​. ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​៣​. ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​ ​៤​. ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​ ​៥​. ​មូលនិធិ​សម្រាប់​អ្នក​ក្រីក្រ​ ​៦​. ​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជាក្រោម​ ​៧​. ​ក្រុមប្រឹក្សា​យុវជន​ខ្មែរក្រោម​ ​៨​. ​សារ​ព័ត៌មាន​ព្រៃនគរ​ ​៩​. ​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​។​

​ក្រុម​អង្គការ​ទាំងនេះ​ ​លើកឡើង​ថា​ ​រដ្ឋាភិបាល​វៀតណាម​ ​ដែល​ជា​រដ្ឋ​សមាជិក​ ​នៃ​អង្គការសហប្រជាជាតិ​ មិនបាន​គោរព​ឋានៈ​ ​និង​ឆន្ទៈ​របស់​ខ្លួន​ ​ចំពោះមុខ​ច្បាប់អន្តរជាតិ​ឡើយ​ ​។​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​កត់​សម្គាល់​ឃើញ​ថា​ ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​ខ្មែរក្រោម​ នៅតែ​បន្ត​ទទួលរង​ការរើសអើង​ ​រង​នូវ​ភាព​អយុត្តិធម៌​ ​និង​រង​ការរំលោភ​សិទ្ធិមនុស្ស​ជាបន្តបន្ទាប់​ ​។​

​ក្រុម​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​គូស​បញ្ជាក់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​នៅ​កម្ពុជាក្រោម​ ​ដូចជា​ ករណី​រើសអើង​ពូជសាសន៍​ ​ដោយ​លើកឡើង​ករណី​ជាក់ស្តែង​ ​នៃ​ការ​ស្លាប់​យ៉ាង​អាថ៌កំបាំង​របស់​យុវជន​ខ្មែរក្រោម​ ក្នុង​ពន្ធ​នាគា​រ​ ​នៃ​ខេត្ត​ព​លលា​វ​ ​កាលពី​ថ្ងៃ​ទី​ ​២​៩​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​មិន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ស្វែងរក​មូលហេតុ​ពិត​ ​និង​កំណត់​ជន​ប្រព្រឹត្ត​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​ ​។​ ​ចំណែក​ករណី​មួយទៀត​ ​បាន​កើតឡើង​ចំពោះ​យុវជន​ខ្មែរក្រោម​ ​២​ ​នាក់​បាន​ស្លាប់​ ​និង​ ​២​ ​នាក់​ទៀត​រង​របួសធ្ងន់​ ​ដោយ​ជនជាតិ​វៀតណាម​មួយ​ក្រុម​បាន​ព្រួតដៃ​គ្នាវា​យ​ ​នៅ​ខេត្ត​ទួល​តា​មោក​ (​Bin​h​ ​D​uon​g​) ​កាលពី​ថ្ងៃ​ទី​ ​១​១​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ទោះបីជា​អាជ្ញាធរ​វៀតណាម​ ​បាន​ចាប់​ជន​ដៃដល់​មួយ​ចំនួន​ក៏ដោយ​ ​ប៉ុន្ដែ​ សាធារណៈ​ជន​ ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​នៅ​មិនទាន់​ទទួល​ដំណឹង​ថា​ ​តើ​អាជ្ញាធរ​វៀតណាម​ ​បាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាងណា​នោះ​ទេ​ ​ហើយ​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ​នៅតែ​មិន​ទទួល​បាន​យុត្តិធម៌​ ​និង​សំណង​រដ្ឋប្បវេណី​ឡើយ​ ​។​ ​ករណី​នេះ​ ​ក្រុម​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​ចោទ​រដ្ឋាភិបាល​វៀតណាម​ ​ថា​ ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​បទដ្ឋាន​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​ជាពិសេស​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​អនុសញ្ញា​អន្តរជាតិ​ ​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ពូជសាសន៍​ ​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​ ​និង​ការប្រព្រឹត្ត​មក​លើ​ខ្លួន​ ​ឬ​ទណ្ឌកម្ម​ឯទៀត​ដែល​ឃោរឃៅ​ ​អមនុស្សធម៌​ ​ឬ​បន្ថោក​បន្ទាប​ ​និង​ជា​ការ​ល្មើស​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​នឹង​ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ព្រមទាំង​សេចក្ដីប្រកាស​ជាស​កល​របស់​អង្គការសហប្រជាជាតិ​ ស្ដីពី​សិទ្ធិមនុស្ស​ ​។​

​ចំពោះ​ភាព​អយុត្តិធម៌​វិញ​ ​ក្រុម​អង្គការសង្គម​ស៊ីវិល​ទាំង​ ​៩​ ​ស្ថាប័ន​ ​បាន​លើកយក​ករណី​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស​ ​បាន​ប្រព្រឹត្ត​មក​លើ​ប្រជាកសិករ​ខ្មែរក្រោម​ ​ប្រមាណ​ ​១​៥​០​ ​គ្រួសារ​ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ចុះ​មក​បង្ក្រាប​ ​ដើម្បី​រឹបអូស​យក​ដីធ្លី​ស្រែចំការ​ ​ពី​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ពួកគាត់​បាន​ ​និង​កំពុង​បង្កបង្កើន​ផល​ចិញ្ចឹម​ជីវភាព​ ​ពី​យូរយារណាស់មកហើយ​ ​។​ ​ព្រឹត្តិការណ៍​នោះ​ ​តំណាង​ពលរដ្ឋ​ខ្មែរក្រោម​ ​មួយ​រូប​ឈ្មោះ​ ហ្វិ​ញ​ វ៉ាន់​ឌែ​ប​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ចាប់​ដាក់​ពន្ធ​នាគា​រយ៉ា​ង​អយុត្តិធម៌​រហូតមកដល់​សព្វថ្ងៃ​ ។​ ​រីឯ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ទាំងនោះ​ ​រហូត​មកដល់ពេលនេះ​ ​មិន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ស្វែងរក​ដំណោះស្រាយ​ដោយ​ប្រគល់​ដី​ស្រែចំការ​ឲ្យ​មកវិញ​នៅឡើយ​ទេ​ ​។​ ​ករណី​មួយ​នេះ​ ក្នុង​សេចក្តីថ្លែង​ការណ៍​បញ្ជាក់​ថា​ ​ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា​ ​អាជ្ញាធរ​វៀតណាម​បាន​ ​និង​កំពុង​បំពាន​មក​លើ​សិទ្ធិ​រស់រាន​មានជីវិត​ ​ដូច​បាន​ចែង​ក្នុង​សេចក្ដីប្រកាស​ជាស​កល​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​សិទ្ធិមនុស្ស​ ​និង​បំពាន​មក​លើ​កតិកាសញ្ញា​អន្តរជាតិ​ ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​និង​វប្បធម៌​ ​។​

​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ បើកកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាខ្មែរក្រោម នាពេលកន្លងមក ។ រូបៈ សារព័ត៌មាន ព្រៃនគរ
​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ បើកកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាខ្មែរក្រោម នាពេលកន្លងមក ។ រូបៈ សារព័ត៌មាន ព្រៃនគរ

​ចំពោះ​ការរំលោភ​លើ​សិទ្ធិ​សេរីភាព​ដទៃ​ៗ​ ​ទៀត​ ​ដែល​ជា​ករណី​សឹង​ថា​ ​រាប់មិនអស់​នោះ​ ​ក្នុងសេចក្តីថ្លែង​ការណ៍​ដដែល​បាន​លើកឡើង​ ​ពី​ករណី​ថ្មី​ចុងក្រោយ​នេះ​ ​ដូចជា​ ​សិទ្ធិ​ក្នុង​ការ​អភិ​រក្ស​វប្បធម៌​ ​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ ​និង​ចំណេះ​ដឹង​សកល​ ​។​ ​ករណី​នេះ​ ​កើតមានឡើង​ ចំពោះ​ការ​ឃាត់ឃាំង​រាំងរា​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​ដែល​ហាមមិនឲ្យ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ សាងសង់​សាលាឆទាន​ ​នៅ​ភូមិ​កំ​រ៉ែ​ង​ ​ឃុំ​កំពង់​ប៉េង​ ​ស្រុក​ផ្សារ​ថ្មី​ ​ខេត្ត​លង់​ហោរ​ ​។​ ​ការ​ហាមឃាត់​ ​និង​រឹបអូស​យក​សៀវភៅ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ជនជាតិ​ដើម​ ​ដែល​ក្រុម​យុវជន​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​បោះពុម្ព​ ​និង​ចែកចាយ​ ហើយ​ការ​នេះ​ ​គឺជា​ភារកិច្ច​របស់​រដ្ឋាភិបាល​វៀតណាម​ ​ឯណោះ​ទេ​ ​ប៉ុន្តែ​ ផ្ទុយទៅវិញ​ ​រដ្ឋាភិបាល​វៀតណាម​ ​មិនបាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ​បែរជា​រឹបអូស​ ​និង​បង្ក្រាប​ស្មារតី​យុវជន​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ទៅវិញ​ ​។​ ​ការ​រឹបអូស​យក​អាវយឺត​ ដែល​មាន​ស្លាក​សញ្ញា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (S​D​G​) ​របស់​អង្គការសហប្រជាជាតិ​ ​និង​អាវយឺត​ពាក់ព័ន្ធ​នឹង​ការចូលរួម​អប​អរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​ពី​យុវជន​ ​និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ជាដើម​ ​។​

​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​សេរីភាព​ផ្សេងៗ​ ​ទៀត​ ​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​កន្លងមក​ក៏​ធ្លាប់​ចេញ​របាយការណ៍​ ​បង្ហាញ​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស​ ​នៅ​វៀតណាម​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ផង​ដែរ​ ​។​ ​របាយការណ៍​នោះ​ ​លើកឡើង​ ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ ​ការរំលោភ​សិទ្ធិមនុស្ស​ ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ ​និង​សេរីភាព​ក្នុង​ការ​ដើរហើរ​ ​។​ ​យុវជន​ខ្មែរក្រោម​ ​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​កោះហៅ​ ចោទសួរ​ ​ពិន័យ​ ​និង​ ​ចោទប្រកាន់​ពី​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ ​ដោយសារ​ពួកគេ​បាន​ចែក​រ​ម្លែ​ក​ ​បង្ហោះ​ ​ឬ​រក្សាទុក​ ​ខ្លឹមសារ​ទាក់ទង​ប្រវត្តិសាស្ត្រ​កម្ពុជាក្រោម​ ​ដាក់​រូប​សញ្ញា​កាន់ទុក្ខ​មាន​ទង់​ជាតិខ្មែរ​កម្ពុជាក្រោម​ ​លើ​ប្រូ​ហ្វា​ល​ហ្វេសប៊ុក​ ​និង​ប្រកាស​ចែកចាយ​សៀវភៅ​ ​«​សិទ្ធិ​ជនជាតិ​ដើម​»​ ​ដល់​ខ្មែរ​នៅ​ ​កម្ពុជាក្រោម​ជាដើម​ ​។​ ​ចំណែក​ ​ពី​បញ្ហា​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាមួយ​ក្រុម​ឈ្មួញ​មានអំណាច​ជនជាតិ​យួន​ ​និង​ ​ក្រុមហ៊ុន​ ​រួម​ជាមួយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​នឹង​អាជ្ញាធរ​ដែនដី​ផង​ដែរ​ ​។​ ​កន្លងមក​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មាន​បញ្ហា​ដីធ្លី​នោះ​ ​មាន​ដូចជា​ ​ខេត្ត​មាត់ជ្រូក​ ​ខេត្ត​ឃ្លាំង​ ​ខេត្ត​ព្រះត្រពាំង​ ​និង​ខេត្ត​ក្រមួនស​ ​ដោយ​ការ​តវ៉ា​ទាំងនោះ​ ​ក៏​រង​ការ​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​ជា​ហូ​ហែ​រ​ផង​ដែរ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ក៏មាន​ករណី​ឃាតកម្ម​ ​និង​ករណី​ស្លាប់​ដោយ​អា​ថ៍​កំបាំង​របស់​យុវជន​ ​និង​ក្រុម​អ្នក​តស៊ូ​ ​ដើម្បី​សេរីភាព​ខ្មែរក្រោម​ ​ជាដើម​ ​។​

​តាមរយៈ​ការ​កត់​សម្គាល់​របស់​លេខាធិការដ្ឋាន​ ​នៃ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ខាងលើ​ ​បង្ហាញ​ឲ្យ​មតិ​ជាតិ​ ​អន្តរជាតិ​បានឃើញ​ថា​ ​រដ្ឋាភិបាល​វៀតណាម​ ​ដែល​ជា​រដ្ឋ​សមាជិក​ ​នៃ​អង្គការសហប្រជាជាតិ​ មិនបាន​គោរព​ឋានៈ​ ​និង​ឆន្ទៈ​របស់​ខ្លួន​ ​ចំពោះមុខ​ច្បាប់អន្តរជាតិ​ឡើយ​ ​៕

Leave A Reply

Your email address will not be published.