ខ្មែរក្រោមថា វៀតណាមកំពុងលុបបំបាត់ចំនួនពលរដ្ឋខ្មែរក្រោម
ដោយ យាង សុធារិន្ទ
ខ្មែរក្រោម ចោទរដ្ឋាភិបាលកុម្មយនីស្តវៀតណាមថា កំពុងព្យាយាមលុបបំបាត់ចំនួន ពលរដ្ឋខ្មែរក្រោម ។ ការចោទប្រកាន់នេះ ក្រោយពីរដ្ឋាភិបាលវៀតណាម បានផ្សព្វផ្សាយ របាយការណ៍ជំរឿនឆ្នាំ ២០១៩ ទៅលើប្រជាជនចំនួន ៥៣ ជនជាតិ ដែលវៀតណាមចាត់ទុកថា ជាជនជាតិភាគតិច នៅក្នុងប្រទេសវៀតណាម ។ របាយការណ៍បង្ហាញថា ចំនួនពលរដ្ឋខ្មែរក្រោម មានប្រមាណតែជាង ១ លាន ៣ សែននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនទាំងអស់ នៅក្នុងប្រទេសវៀតណាម ដែលបច្ចុប្បន្នមានប្រមាណ ៩៦ លាននាក់ទៅហើយនោះ ។ ខ្មែរក្រោម ចាត់ទុកចំនួនពលរដ្ឋខ្មែរក្រោម នៅក្នុងរបាយការណ៍នេះថា ជាតួលេខសិប្បនិម្មិត្ត ធ្វើឡើងក្នុងចេតនាបង្ហាញថា ខ្មែរក្រោមគ្រាន់តែជាជនជាតិភាគតិចតូចមួយនៅក្នុងប្រទេសវៀតណាម គឺមិនមែនជាជនជាតិដើមម្ចាស់ទឹកម្ចាស់ដីនោះទេ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម សម្តែងការហួសចិត្ត នៅពេលឃើញរបាយការណ៍ជំរឿនប្រជាជនរបស់វៀតណាម បង្ហាញថា ពលរដ្ឋខ្មែរក្រោមមានមិនដល់ ២ លាននាក់ផងនោះ ។
របាយការណ៍មានចំណងជើងថា «លក្ខណៈជាមូលដ្ឋានរបស់ជនជាតិភាគតិចចំនួន ៥៣ នៅក្នុងឆ្នាំ ២០១៩» ដែលផ្សព្វផ្សាយដោយរដ្ឋាភិបាលវៀតណាម កាលពីខែឧសភា ឆ្នាំ២០២០ បង្ហាញថា ចំនួនប្រជាជនសរុបនៃជនជាតិទាំង ៥៣ នៅក្នុងប្រទេសវៀតណាម មានចំនួន ប្រមាណ ៨ លាន ៦ សែន (៨,៦០៤,៨១៨) នាក់ ក្នុងនោះចំនួនពលរដ្ឋខ្មែរក្រោមមានជាង ១ លាន ៣ សែន (១,៣១៩,៦៥២) នាក់ ។ តួលេខនេះ បង្ហាញថា ចំនួនពលរដ្ឋខ្មែរក្រោមស្ថិត នៅលេខរៀងទី ៥ ដែលមានប្រជាជនច្រើនជាងគេក្នុងចំណោមជនជាតិទាំង ៥៣ បន្ទាប់ពីជន ជាតិតាយ (Tày) ជនជាតិថៃ (Thái) ជនជាតិមឿង (Mường) និងជនជាតិម៉ុង (Mông) ។ ចំណែកជនជាតិចាម ដែលជាអតីតម្ចាស់នៃនគរចំប៉ា ដែលវៀតណាមបានគ្រប់គ្រងតាំងពីឆ្នាំ ១៤៧១ នោះ គឺមានចំនួនមិនដល់ ២ សែន នាក់ផង នៅក្នុងពេលបច្ចុប្បន្ន ។ នេះបើផ្អែកតាម របាយការណ៍ជំរឿនរបស់រដ្ឋាភិបាលវៀតណាម ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសវៀតណាម ទាំងមូលបើបូកបញ្ចូលទាំងជនជាតិវៀតណាមទៀត ប្រជាជននៅក្នុងប្រទេសវៀតណាម មានសរុបទាំងអស់ជិត ៩៦ លាន នាក់ ។ ដូច្នេះ បើផ្អែកលើតួលេខជំរឿនរបស់រដ្ឋាភិបាលវៀតណាម នៅពេលនេះ វាមានន័យថា ជនជាតិវៀតណាម មានចំនួនរហូតដល់ទៅជិត ៨៨ លាននាក់ ក្នុងចំណោមប្រជាជនជិត ៩៦ លាននាក់នៅក្នុង ប្រទេសវៀតណាមបច្ចុប្បន្ន ។
គួររម្លឹកផងដែរថា រដ្ឋាភិបាលវៀតណាមធ្លាប់បានអះអាងកាលពី ៣០ ឆ្នាំមុនថា ពលរដ្ឋខ្មែរក្រោមមានចំនួនជាង ១ លាននាក់ ។ ប៉ុន្តែ រហូតមកដល់ ៣០ ឆ្នាំក្រោយមក រដ្ឋាភិបាលវៀតណាម នៅតែអះអាងថា ពលរដ្ឋខ្មែរក្រោមមានចំនួនតែជាង ១ លាននាក់ដដែល ។ បន្ថែមពីលើ នេះ បើតាមរដ្ឋាភិបាលវៀតណាមដដែល វៀតណាមថាកាលពីឆ្នាំ ២០០៩ ខ្មែរក្រោមមាន ចំនួនតែជាង ១ លាន ២ សែន (១.២៦០.៦៤០) នាក់ ហើយមកដល់ឆ្នាំ ២០១៩ វៀតណាមអះ អាងថា ខ្មែរក្រោមមានចំនួនតែជាង ១ លាន ៣ សែន (១,៣១៩,៦៥២) នាក់ ។ បើផ្អែកលើតួ លេខនេះ បញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ខ្មែរក្រោមកើនមកដល់ ៦ ម៉ឺន (៥៩.០១២) នាក់ផង ។

ប៉ុន្តែ សម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា UNPO វិញ ថាពលរដ្ឋខ្មែរក្រោមមានមិនតិចជាង ៧ លាននាក់នោះទេ នៅក្នុងពេលបច្ចុប្បន្ន ។
អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុនី ថ្លែងថា តួលេខរបស់រដ្ឋាភិបាលវៀតណាមនេះ គឺខ្មែរក្រោមមិនអាចទទួលយកបាននោះទេ ។ លោកថាចំនួនខ្មែរក្រោមមានជាង ១ លាន ៣ សែននាក់នោះ វាគ្រាន់តែជាតួលេខដែលរដ្ឋាភិបាលវៀតណាមបង្កើតឡើង ដើម្បីបង្គ្រប់កិច្ចឲ្យស្រប នឹងគោលនយោបាយរបស់វៀតណាម ដែលថា “ខ្មែរក្រោមជាជនជាតិ ភាគតិច” តែប៉ុណ្ណោះ ។ ម្យ៉ាងទៀត លោកអះអាងថា ពលរដ្ឋខ្មែរក្រោមមិនដែលបានបំពេញបែបបទលើ «ទម្រង់ធ្វើជំរឿនប្រជាជន និងលំនៅឋាន» របស់រដ្ឋាភិបាលវៀតណាម នោះឡើយ ។ លោកចោទសួរថា តើរដ្ឋាភិបាលវៀតណាម បានតួលេខខ្មែរក្រោមនេះ មកពីណា?
លោក ម៉ៅ មុនី ក៏បានពន្យល់ពីការគណនារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលសន្និដ្ឋានថា ពលរដ្ឋខ្មែរក្រោមមានមិនតិចជាង ៧ លាន នាក់ យ៉ាងដូច្នេះថា៖
«យើងមានឯកសារមួយបារាំងបានធ្វើកាលពីឆ្នាំ ១៩០២ ថាប្រជាជនយើងមានប្រហែល ២២៤.០០០ នាក់ ។ បើយើងគិត Birthrate (អត្រាកំណើត) ២ ភាគរយ ក៏យើងមានជាង ២ លាននាក់បាត់ហើយ បើគិត Birthrate ៥ ភាគរយ គឺ ៨ លាននាក់បាត់ហើយ ។ ហើយមាន ឯកសារមួយនៅឆ្នាំ ១៩៤៩ ប្រជាជនខ្មែរយើងមានប្រមាណ ៤៥០.០០០ នាក់ ។ បើយើងគិត Birthrate ២ ភាគរយ ជិត ២ លាននាក់ បើគិត ៥ ភាគរយ ជិត ១៥ លាននាក់ ។ ប្រហែលឆ្នាំ ១៩៧០ រដ្ឋាភិបាលយួនប្រកាសថា មានប្រជាជនខ្មែរជាង ២ លាននាក់ ហើយតាម Birthrate មកដល់បច្ចុប្បន្នយើងគិតថាមានប្រហែល ៧ លាននាក់ ទើបសហព័ន្ធយើងយកតួលេខហ្នឹង ប្រាប់ពិភពលោកថាយើងអាចមានប៉ុណ្ណឹង» ។
លោក ម៉ៅ មុនី មានប្រសាសន៍ថា ការណ៍ដែលរដ្ឋាភិបាលវៀតណាម បង្ហាញចំនួនពលរដ្ឋ ខ្មែរក្រោមមានចំនួនតិចនេះ វៀតណាមក៏មានចេតនាបន្សាបនូវឥទ្ធិពលនៃការទាមទាររបស់ ខ្មែរក្រោម នៅក្រៅប្រទេស ដែលកំពុងទាមទារឱ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិសេរីភាព និងសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯងរបស់ខ្មែរក្រោម ដែលជាម្ចាស់ស្រុក និងជាជនជាតិ ដើមនៅកម្ពុជាក្រោម ។ លោកថា ដើម្បីកុំឱ្យមានការរិះគន់ ឬដើម្បីធ្វើឱ្យការជំរឿនពលរដ្ឋខ្មែរក្រោមមានតម្លាភាព និងអាចទទួលយកបាន រដ្ឋាភិបាលវៀតណាមគួរអនុញ្ញាតិឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ឬអង្គការក្រៅរដ្ឋាភិបាល ដែលឯករាជ្យចូលរួមនៅក្នុងដំណើរការធ្វើជំរឿននេះ ។
រដ្ឋាភិបាលវៀតណាម អះអាងថា ជំរឿននេះធ្វើឡើងតាមរយៈការអនុញ្ញាតិឱ្យប្រជាជនខ្មែរក្រោម បំពេញទម្រង់ព័ត៌មាន និងកម្រងសំណួរ ដែលរដ្ឋាភិបាលបានរៀបចំចែកឱ្យពលរដ្ឋ បំពេញ ។ ទោះជាយ៉ាងណា ពលរដ្ឋខ្មែរក្រោមឱ្យដឹងថា ពួកគេមិនធ្លាប់បានបំពេញទម្រង់ ជំរឿននោះឡើយ ។
ព្រះសង្ឃខ្មែរក្រោម ព្រះនាម ថាច់ ចន្ទតារា គង់នៅវត្តពោធិភិរម្យរង្សី ក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង មានថេរដីកានៅថ្ងៃទី ២២ ខែតុលា ថា ព្រះអង្គផ្ទាល់ និងពលរដ្ឋខ្មែរក្រោម ផ្សេងទៀត នៅក្នុងស្រុកព្រះអង្គ មិនដែលបានឃើញទម្រង់ធ្វើជំរឿនរបស់រដ្ឋាភិបាលវៀតណាម នោះឡើយ ។ ព្រះអង្គក៏មិនជឿថា ពលរដ្ឋខ្មែរក្រោមមានត្រឹម ១ លាន ៣ សែន នាក់ ដូចការអះអាងរបស់រដ្ឋាភិបាលវៀតណាមនោះដែរ ។
«តាមការប៉ាន់ប្រមាណរបស់អាត្មាឃើញថា ប្រជាជនខ្មែរក្រោមទាំងអស់យ៉ាងតិចក៏មានត្រឹម ៩ ទៅ ១០ លាននាក់ដែរ ។ ដូចនៅស្រុកកំពង់ស្ពាន វត្តនីមួយៗ មានពលរដ្ឋខ្មែរពី ៣០០ ទៅ ៤០០ គ្រួសារ ហើយគ្រួសារនីមួយៗ មានសមាជិកច្រើន ។ គ្រាន់តែស្រុកកំពង់ស្ពានមួយវាអាចចូល ៣ ទៅ ៤ សែននាក់បាត់ទៅហើយ ។
ស្រដៀងគ្នានេះដែរ ព្រះសង្ឃខ្មែរក្រោម ព្រះនាម ថាច់ ធា មានស្រុកកំណើត នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ដែលបានទៅគង់នៅសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ ២០១៩ មានថេរដីកាបញ្ជាក់ថា ពេលនៅកម្ពុជាក្រោម ព្រះអង្គផ្ទាល់ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ផ្សេងទៀត មិនដែលទទួលបានទម្រង់ ឬបែបបទពីស្ថាប័ន និងអាជ្ញាធរមូលដ្ឋានវៀតណាម សម្រាប់បំពេញក្នុងការធ្វើជំរឿនប្រជាជននោះឡើយ ។
ព្រះអង្គថា តួលេខចំនួនពលរដ្ឋខ្មែរក្រោម ដែលបង្ហាញដោយរដ្ឋាភិបាលវៀតណាមនេះ មិនឆ្លុះបញ្ចាំងទៅ នឹងចំនួនខ្មែរក្រោមរស់នៅពិតប្រាកដ នៅកម្ពុជាក្រោមនោះទេ ។
«ក្នុងនាមអាត្មាជាខ្មែរក្រោម មិនអាចទទួលយកបានទេ ចំពោះតួលេខរដ្ឋាភិបាលវៀតណាមបាន ផ្សាយថាខ្មែរក្រោមមានតែ ១ លាន ៣ សែននាក់ ។ អាត្មាយល់ថា តួលេខនេះគ្រាន់តែជាតួលេខ ដែលរដ្ឋាភិបាលវៀតណាមកំណត់សម្រាប់បង្ហាញទៅពិភពលោក ជាពិសេសអង្គការសហប្រជាជាតិ ថា ខ្មែរក្រោមគ្រាន់តែជាជនជាតិភាគតិចក្នុងចំណោម ៥៤ ជនជាតិរស់នៅក្នុងប្រទេស វៀតណាម» ។
បច្ចុប្បន្ននេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម មិនមានលទ្ធភាពក្នុងការធ្វើជំរឿនប្រជាជនខ្មែរក្រោម នៅដែនដីកម្ពុជាក្រោមឡើយ ដោយហេតុថា រដ្ឋាភិបាលវៀតណាមមិនអនុញ្ញាតិ ។ ក្នុងពេលជាមួយគ្នា ខ្មែរក្រោមក៏មិនជឿទៅលើតួលេខ ដែលបង្ហាញដោយរដ្ឋាភិបាលវៀតណាមនោះដែរ ដោយពួកគេពិនិត្យឃើញថា តួលេខរបស់រដ្ឋាភិបាលវៀតណាម មិនឆ្លុះបញ្ចាំង ទៅ នឹងចំនួនពលរដ្ឋខ្មែរក្រោមជាក់ស្តែង និងមិនសមហេតុផលទៅតាមការគណនាកំណើន ចំនួនប្រជាជនខ្មែរក្រោម ទៅតាមតួលេខខ្មែរក្រោម ដែលរកឃើញក្នុងសម័យអាណានិគម បារាំង ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានច្រានចោលទាំងស្រុង ចំពោះការ អះអាងរបស់រដ្ឋាភិបាលវៀតណាម ។ តាមការសង្កេតរបស់លោក លោកថា ត្រឹមតែខេត្ត ព្រះត្រពាំងមួយ ក៏មានខ្មែរចន្លោះពី ១ លាន ៥ សែន ទៅ ២ លាននាក់ទៅហើយ ។
លោក ថាច់ សេដ្ឋា ក៏បានរម្លឹកអំពីការរកឃើញចំនួនពលរដ្ឋខ្មែរក្រោម ដែលមាននៅក្នុងសម័យអាណានិគមបារាំង និងនៅពេលក្រោយៗ មកទៀត យ៉ាងដូច្នេះថា ៖
«ឯកសារមួយជំរឿនដោយអាណានិគមបារាំងនៅឆ្នាំ ១៨៨៦ ក៏ឃើញប្រជាពលរដ្ឋខ្មែរមាន ១០២.៧០៨ នាក់ ។ យើងឃើញជំរឿនមួយទៀតនៅឆ្នាំ ១៩២៤ ក៏ឃើញប្រជាពលរដ្ឋខ្មែរថយ មកនៅសល់ប្រមាណ ៨០០.០០០ នាក់ទៅវិញ ។ បើយោងតាមជំរឿនរណសិរ្សរំដោះកម្ពុជា ក្រោមនៅឆ្នាំ ១៩៦៨ ឃើញមានដល់ ៤.០២២.៥០០ នាក់ ។ សេចក្តីថ្លែងការណ៍ផ្ទាល់មាត់របស់ប្រធានាធិបតីយួន ង្វៀន វ៉ាំង ធីវ (Nguyễn Văn Thiệu) ដែលបានថ្លែងនៅព្រែកឫស្សី នៅឆ្នាំ ១៩៦៩ ក៏បាននិយាយថាប្រជាពលរដ្ឋខ្មែរមានជាង ៤ លាននាក់ផងដែរ ។ យោងតាមឯកសារ សមាគមខ្មែរ នៅប្រទេសបារាំង នៅឆ្នាំ ១៩៦៩ ក៏បាននិយាយថាខ្មែរកម្ពុជាក្រោម មានចំនួន ៤ លាន ៥ សែននាក់ ហើយបើយោងតាមទស្សនាវដ្តីកម្ពុជសុរិយាដកស្រង់ចុះផ្សាយនៅសន្និសីទ ចតុមុខឆ្នាំ ១៩៧០ របស់រដ្ឋាភិបាលខ្មែរ ដែលបានស្រង់ស្ថិតិប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភព លោកក៏បានបញ្ជាក់ច្បាស់ថា នៅកម្ពុជាក្រោមមានប្រជាពលរដ្ឋខ្មែរ ៤ លាន ៥ សែននាក់ផង ដែរ ។ បើយើងគិតកំណើនត្រឹម ២,៥ ភាគរយ ឬ ៣ ភាគរយ ក៏ប្រជាពលរដ្ឋខ្មែរក្រោមមានរហូត ទៅដល់ ៩ ឬក៏ ១០ លានដែរ ។
សារព័ត៌មានព្រៃនគរ បានទាក់ទងទៅកាន់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងគណៈកម្មការជំរឿននៃការិយាល័យស្ថិតិទូទៅរដ្ឋាភិបាលវៀតណាម ដើម្បីសុំការ ឆ្លើយតបទៅ នឹងប្រតិកម្មរបស់ខ្មែរក្រោម ចំពោះលទ្ធផលជំរឿននេះ ប៉ុន្តែមិនទទួលបានការ ឆ្លើយតបនោះទេ ។
បច្ចុប្បន្ន នៅកម្ពុជាក្រោម មានវត្តខ្មែរចំនួន ៤៦១ វត្ត និងមានព្រះសង្ឃជិត ៩ ពាន់ (៨.៧៥០) អង្គ បើគិតត្រឹមឆ្នាំ ២០១៤ ។
ក្នុងកាលៈទេសៈ ដែលខ្មែរក្រោមមានការលំបាកក្នុងការធ្វើជំរឿនប្រជាជនខ្លួនឯង នៅដែនដីកម្ពុជាក្រោម ដូចសព្វថ្ងៃនេះ លោក ថាច់ សេដ្ឋា អំពាវនាវដល់ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្ត នៅកម្ពុជាក្រោម គួរស្រង់ស្ថិតិពលរដ្ឋខ្មែរ នៅតាមចំណុះជើងវត្តរៀងៗ ខ្លួន ដើម្បីកុំឱ្យរដ្ឋាភិបាលវៀតណាម បន្តបំភ័ន្តតួលេខ និងលុបបំបាត់ចំនួនពលរដ្ឋខ្មែរក្រោម ។
លោក ថាច់ សេដ្ឋា បញ្ជាក់ថា ៖ «តួលេខដែលជំរឿនដោយរដ្ឋាភិបាលយួន យើងមិនអាចយក ជាការបានទេ ពីព្រោះយួនតែងតែមានកលល្បិចក្នុងការបំភ្លៃការពិត ចំពោះខ្មែរក្រោមជានិច្ច រហូតមកដល់បច្ចុប្បន្ននេះ ។ ព្រោះយួនគេចង់កាឡៃប្រវត្តិសាស្ត្រថា ខ្មែរកម្ពុជាក្រោមមានចំនួនតិច គឺជនជាតិភាគតិចនៅលើទឹកដីកម្ពុជាក្រោមនោះ គឺមិនមែនជាម្ចាស់ទឹកម្ចាស់ដីទេ ។ ដូច្នេះ ហើយគេរកគ្រប់មធ្យោបាយធ្វើយ៉ាងណា ដើម្បីបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិឱ្យយល់ច្រលំអំពីបញ្ហានេះ» ៕