​យុវជន​ខ្មែរក្រោម​ ​ស្នើ​ឲ្យ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជួយ​ពន្លឿន​អង្គការសហប្រជាជាតិ​ ​ជំរុញ​ឲ្យ​វៀតណាម​ ​ឆាប់​ទទួលស្គាល់​ខ្មែរក្រោម​ ​ជា​ជនជាតិ​ដើម​

0 483

ដោយ លី ឈូន

​យុវជន​ខ្មែរក្រោម​ ​ទាំង​ក្នុងស្រុក​ ​និង​ក្រៅ​ស្រុក​ ​ស្នើ​ទៅ​ឲ្យ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ប្ដឹង​ទៅ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ​ឲ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​វៀតណាម​ ​ឲ្យឆាប់​ទទួលស្គាល់​ខ្មែរក្រោម​ ​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​។​ ​ការ​លើកឡើង​ដូច្នេះ​ ​ដោយសារតែ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅតែ​ត្រូវ​ទួល​រង​ការ​រំលោភបំពាន​ ​ពី​អាជ្ញាធរ​វៀតណាម​ ​ដោយសារតែ​ពួកគេ​មិន​គោរព​សិទ្ធិ​ខ្មែរក្រោម​ ​ឲ្យបាន​ពេញលេញ​ ​និង​មិន​គោរពច្បាប់​សិទ្ធិ​ជនជាតិ​ដើម​សោះឡើយ​ ​។​ ​មាគ៌ា​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​គឺ​ជួយ​តម្រង់​ទិស​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ឲ្យត្រឹមត្រូវ​ទៅ​តាមច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​។​ ​ចំណែក​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​ថា​ ​វៀតណាម​មិន​ត្រឹមតែ​បំភ្លេច​គុណបំណាច់​ដូនតា​ខ្មែរក្រោម​ ​ជា​អ្នក​កសាង​កម្ពុជាក្រោម​ ​ដែល​វៀតណាម​ហៅថា​ ​ខ្មែរ​ណាម​បូ​ ​ប៉ុណ្ណោះ​ទេ​ ​រដ្ឋអំណាច​វៀតណាម​ ​នៅ​ថែមទាំង​ ​កាប់​សម្លាប់​ ​ធ្វើទុក្ខបុកម្នេញ​ ​កូនចៅ​បុព្វបុរស​របស់​ខ្លួន​ ​គឺ​ខ្មែរក្រោម​សព្វថ្ងៃនេះ​ ​ទៀត​ផង​ ​តែ​ទោះជាយ៉ាងណាក៏ដោយ​ ​រឿង​ប្រវត្តិសាស្ត្រ​ជា​រឿង​សច្ច​ភាព​ ​ដោយ​ការ​តស៊ូ​របស់​ខ្មែរក្រោម​ ​មិន​យូរ​ទេ​ ​វៀតណាម​ត្រូវតែ​ទទួលស្គាល់​ខ្មែរក្រោម​ ​ជា​ជនជាតិ​ដើម​ជាមិនខាន​ ​។

សន្និសីទ​អន្តរជាតិ​ ក្រោម​ប្រធានបទ «សិទ្ធិ​របស់​ខ្មែរក្រោម ​ក្នុងការ​ទទួលបាន​នូវ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង» ធ្វើ​នៅក្នុង វិមាន​សន្តិភាព (Peace Palace) នាទីក្រុង​ឡាអេ នៃ​ប្រទេស​ហូ​ឡង់ កាលពី​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ។
សន្និសីទ​អន្តរជាតិ​ ក្រោម​ប្រធានបទ «សិទ្ធិ​របស់​ខ្មែរក្រោម ​ក្នុងការ​ទទួលបាន​នូវ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង» ធ្វើ​នៅក្នុង វិមាន​សន្តិភាព (Peace Palace) នាទីក្រុង​ឡាអេ នៃ​ប្រទេស​ហូ​ឡង់ កាលពី​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ។

យុវជន​ខ្មែរ​ក្រោម​មួយ​រូប​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះ​ត្រពាំង​ឈ្មោះ​យាង​សុ ធារិន្ទ​ ​សព្វ​ថ្ងៃ​លោក​ជា​សមាជិក​​នៃ​ក្រុម​ប្រឹក្សា​យុវជន​ខ្មែរ​ក្រោម​ ដែល​មាន​ទីតាំង​នៅ​ទី​ក្រុង​ភ្នំពេញ​។ នៅ​ក្នុង​វេទិកា​ស្ដី​ពី​សិទ្ធិ​ជន​ជាតិ​ដើម​ រៀប​ចំ​ឡើង​ដោយ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន​ព្រៃ​នគរ​កាល​ពី​ថ្ងៃទី ២៧  កញ្ញា​កន្លង ​លោក​អំពាវ​នាវ​​សុំ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្ដឹង​ទៅ​ឧត្ដម​ស្នង​ការ​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដើម្បី​ជំរុញ​ឲ្យ​វៀតណាម​ត្រូវ​ឆាប់​ទទួល​ស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម ។​ លោក​យាង​សុ ធារិន្ទ វាគ្មិន​ប៉ិន​វោហា​នេះ​ បន្ត​ថា ថា​ពីមុន​ចុះ​មិន​ទាន់​មាន​ច្បាប់​សិទ្ធិ​​ជនជាតិ​ដើម​ តែ​ពេល​នេះ​មាន​ហើយ​ ក៏ដោយ​ ក៏​វៀតណាម​មិន​យក​ច្បាប់​ហ្នឹង​​មក​អនុវត្ត​សម្រាប់​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ដែរ​ ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ត្រូវ​បាត់​ផល​ប្រយោជន៍​របស់​ខ្លួន​ជា​ច្រើន  ដូច​ជា​ត្រង់​មាត្រា​ ១៤  និង ទី ១៦ ចែង​អំពី​វិស័យ​សិក្សា​អប់រំ​ និង​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ជនជាតិ​ដើម​ គឺ​ មាន​សេរី​ភាព​ទូលំទូលាយ​ណាស់៖«ដោយ​​​ជនជាតិ​ដើមហ្នឹង ​មាន​សិទ្ធិ​បង្កើត​ប្រពន្ធ​អប់រំ​ ដោយ​ខ្លួន​ឯង​ ហើយ​ប្រើ​ភាសា​របស់​ខ្លួន​ដោយ​ផ្ទាល់​ទៀត  ព្រម​ទាំង​មាន​សិទ្ធិ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ប្រើ​ភាសា​ជនជាតិ​ដើម​ខ្លួន​ឯង​មិន​មែន​ប្រើ​ភាសា​វៀតណាម​ហើយ​ និយាយ​បាន​ ៤,១០ ម៉ាត់ ហើយ​ចាត់​ទុក​ថា​អា​ហ្នឹង​អ្នក​ឯង​ប្រគល់​សិទ្ធិ​ឲ្យ​គេ​នោះ​គឺ​មិន​មែន​ទេ​ គឺ​ត្រូវ​អនុញ្ញាត​ឱ្យ​គេ​បង្កើត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​ភាសា​ខ្លួន​គេ ហើយ​គ្រប់​គ្រង​យ៉ាង​ម៉េច​ទៅ​តាម​ការ​រីក​ចម្រើន​របស់​ជនជាតិ​គេ​ អីចឹង​ត្រូវ​តែ​ផ្ដល់​សិទ្ធិ​ឱ្យ​គេ »។

ស្រដៀង​គ្នា​នេះ​ដែរ​ យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត​​ឈ្មោះ​ ចៅ​ សារ៉ាត់​ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​ទង​​ខេត្ត​មាត់​ជ្រូក ​សព្វថ្ងៃ​លោក​ជា​កម្មករ​ចំណាក​ស្រុក​ នៅ​ខេត្ត​ទួល​តា​មោក​​ ដែល​វៀតណាម​​ដាក់​​ឈ្មោះ​ថ្មី​ថា​បិញ យឿង (Binh Duong) នៅ​​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​​ ដែល​រៀប​ចំឡើង​ដោយ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​ក្រោម​(វត្ត​រតនា​រាម​) ដែល​ហៅ​កាត់​ថា​ KKCC Tv​ នា​ទីក្រុង​ស៊ីដនី​​ប្រទេស​ឧស្ត្រាលី​ កាល​ពី​ថ្ងៃ ​១២​ តុលា​កន្លង​ លោក​ចៅ​ សារ៉ាត់​លើក​យក​មាត្រា​ទី​ ១៧​ ត្រង់​កថា​ខ័ណ្ឌ​ ទី ២​ ស្ដី​ពី​ការ​អប់រំ​សម្រាប់​កុមារ ។ បុរស​តស៊ូ​មតិ​អ្នក​ស្រុក​ស្វាយ​ទង​ម្នាក់​នេះ​លើក​ឡើង​ថា​  ដោយ​សា​​តែ​អាជ្ញាធរ​វៀតណាម​រើស​អើង​ មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់រំ​សម្រាប់​កុមារ​ខ្មែរ​ក្រោម​ហ្នឹង​ហើយ​ ទើប​បណ្ដាល​ឲ្យ​មាន​យុវជន​ខ្មែរ​ក្រោម​ជា​ច្រើន​ ​បោះ​បង់​ការ​សិក្សា​ ហើយ​ស្វែង​រក​ការ​ងារ​ធ្ងន់​ ៗ​ ធ្វើ​ទាំង​វ័យក្មេង ៖«កុមារ​ខ្មែរ​កម្ពុជា​ក្រោម​យើង​ពួក​គាត់​ខ្លះ​ទៅ​ជា​កូន​អ្នក​ក្រ​ អី​ចឹង​ទៅ​ឪពុក​ម្ដាយ​ខ្លះ​ គ្មាន​លទ្ធភាព​​ក្នុង​ការ​ឲ្យ​កូន​រៀន​បាន​ថ្នាក់​ខ្ពស់​ ម្យ៉ាង​ទៀត​ជា​ពិសេស​ការ​ពន្យល់​ការ​ណែនាំ​របស់​រដ្ឋាភិបាល​វៀតណាម មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ គឺ​បណ្ដោយ​ទៅ​តាម​យថា​កម្ម​របស់​កុមារ​ខ្មែរ​ក្រោម​តាម​ហ្នឹង​ទៅ​  មិន​មែន​ឃើញ​កុមារ​ខ្មែរ​ខ្វះ​ខាត​នៅ​ចំណុច​ណា​មួយ​ហើយ​ជួយ​ពន្យល់​ណែ​នាំ​ ឬ​ក៏​ផ្ដល់​ការ​ឧបត្ថម្ភ​ការ​សិក្សា​ដល់​​កុមារ​ខ្មែរ​ក្រោម​នោះ​ គឺ​នេះ​អត់​ទេ​ ទាំង​នេះ​គឺ​ជា​អំពើ​កេង​ប្រវ័ញ្ច​និង​រើស​អើង​ចំពោះ​កុមារ​ខ្មែរ​ក្រោម​» ។

ការ​លើក​ឡើង​មក​នេះ​ ដោយ​មើល​ឃើញ​ថា​ទោះ​មុន​ឬ​ក្រោយ​នៃ​ការ​ប្រកាស​ជា​សកល​​ស្ដី​ពី​ច្បាប់​សិទ្ធិ​ជនជាតិ​ដើម​ក៏​ដោយ​ ​ក៏​វៀតណាម​មិន​យក​ច្បាប់​សិទ្ធិ​ជនជាតិ​ដើម​ប្រើ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែរ​ ដោយ​វៀតណាម​ចាត់​ទុក​ខ្មែរ​ក្រោម​ជា​ជន​អន្តោប្រវេសន្ត ​​ដូច​ជា​ករណី កាល​ពី​ថ្ងៃ​ទី១៣​ ខែ​មេសា​ឆ្នាំ​នេះ​ យុវជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​មួយ​រូប​ឈ្មោះ​យឿង​ ខាយ​ ជា​កម្មករ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ខេត្ត​វាល​ប្រើស​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​ ដុង​ណាយ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​រដ្ឋាភិបាល​វៀតណាម​​ចោទ​ប្រកាន់​ថា​ ក្បត់ជាតិ ឬ ​(ព្យាយាម​បំបែក​រដ្ឋ​) ព្រោះ​តែ​យុវជន​ឈ្មោះ​យឿង​ ខាយ​ផ្សព្វ​ផ្សាយ​សៀវភៅ​ច្បាប់​ជនជាតិ​ដើម​ និង​ឯក​សារ​ប្រវត្តិ​ទឹក​ដី​កម្ពុជា​ក្រោម​។

​ ក៏​ដូច​ជា​ករណី​កាល​ពី​​ថ្ងៃ​ទី ១៤​ តុលា​នេះ លោក ថាច់ រីន វ័យ​ ៦១​ ជា​សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​រស់​នៅ​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង​ ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ ត្រា​ វិញ (Tra Vinh) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ថា​ បង្ក​វិទ្ធង្សនា ​ឬ (អុក​ឡុក​សង្គម) ព្រោះ​តែ​​លោក​​បង្ហោះ​រូប​ខ្មោច​លោក​ហោ ​ជី​មិញ​អតីត​មេដឹកនាំ​កុម្មុយនិស្ដុ​វៀតណាម​ អប​ដោយ​អក្សរ​សរសេរ​ថា ហោ​ជី​មិញ​ជា​ចោរ​  និង​ព្រោះ​តែ​លោក​ផ្សព្វ​ផ្សាយ​ច្បាប់​សិទ្ធិ​ជនជាតិ​ដើម​ ហើយ​និង​ពាក់​អាវ​មាន​ផ្លាក​សញ្ញា​គោល​ការណ៍​អភិវឌ្ឍ​សហ​សវត្ស​ទាំង  ១៧  ចំណុច​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ ដែល​ហៅ​កាត់​ថា​ SDGs។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ទាំង​នេះ លោក​ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ត្រឹង​ ម៉ាន់រិន្ទ​លើក​ឡើង​ថា សារធាតុ​អ្នក​នយោបាយ​វៀតណាម​គឺ​អីចឹង ធ្វើជា​រមិល​គុណ​​​បុព្វ​បុរស​របស់​ខ្លួន​គឺ​ដូន​តា​ខ្មែរ​ក្រោម​​ជា​អ្នក​កសាង​កម្ពុជា​ក្រោម​ ដែល​វៀតណាម​ហៅ​ថា​ខ្មែរ​ណាម​បូ​ បច្ចុប្បន្ន ។ លោក​ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ​ បន្ត​ថា តែ​កម្ពុជា​ក្រោម​ជា​រឿង​ប្រវត្តិ​សាស្ត្រ​ ជា​កត្តា​សច្ចភាព​ វៀតណាម​មិន​អាច​កែ​ប្រែ​តាម​ទំនើង​ចិត្ត​បាន​ឡើយ​៖«វៀតណាម​នឹង​លេង​ខូច​បន្លែ​បន្លំ ទាំង​ពី​ដើម​មក​ វៀតណាម​និយាយ​ថា​ ៥៤ សញ្ជាតិ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ហ្នឹង​ជា​ជន​ជាតិ​ភាគ​តិច​អីចឹង​គេ​រាប់​តាំង​ខ្មែរ​ ចិន ​ចាម ​ ចារ៉ាយ រ៉ាដេ ហ្មុង ហើយ​រាប់​ទាំង​ចិន​ចូល​ទៀត​ តាម​ពិត​ចិន​មិន​មែន​ជា​ជន​ជាតិ​ដើម​ ទេ ជនជាតិ​ជាតិ​ចាម​ ចំប៉ា ចារ៉ាយ​រ រ៉ាដេ ម៉ុង​តា​ញ៉ា ​ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ដើម​ ។   ជន​ជាតិ​ដើម​ជា​ជន​ជាតិ​មួយ​ដែល​តាំង​ទី​លំនៅ​លើ​ទឹក​ដី​ហ្នឹង​រាប់​រយ​ពាន់​ឆ្នាំ​មុន​ការ​ចូល​មក​ដល់​របស់​យួន ចូល​មក​គ្រប់​គ្រង​ ហេតុ​ដូច្នោះ​ហើយ​ខ្មែរ​ក្រោម​យើង​គឺ​ជា​ជន​ជាតិ​ដើម ​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក»។

លោក​ប្រធាន​ផែនការ​អង្គការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​ខ្មែរ​ក្រោម​ ដែល​ហៅ​កាត់​ថា​ KKF ​ត្រឹង​ម៉ាន់​រិន្ទ​លើក​ឡើង​ទៀត​ថា​ ​វៀតណាម​ជា​ហត្ថលេខី​ទទួល​ស្គាល់​ច្បាប់​សិទ្ធិ​ជន​ជាតិ​ដើម​ (UNDRIP) តែ​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បកស្រាយ​ច្បាប់​ (UNDRIP) របស់​វៀតណាម​ ប្រាស​ចាក​ឆ្ងាយ​ពី​ការ​បក​ស្រាយ​របស់​អង្គការ​សហប្រជាជាតិ ។ ការ​បក​ស្រាយ​ខុស​របស់​របប​កុម្មុយនិស្ដុ​វៀតណាម​បែប​ហ្នឹង​ ព្រោះ​តែ​របប​នេះ​បក្ស​ពួក​និយម មិន​ចាត់​ទុក​សុខ​ទុក្ខ​របស់​រាស្ត្រ​ជា​ធំ​ឡើយ​ ។

លោក​ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោមKKFចោះ​យក​មាត្រា​ទី ៣ នៃ (UNDRIP) ​រំឭក​ឡើង​វិញ​ថា៖«សិទ្ធ​ជន​ជាតិ​ដើម​ហ្នឹង​វា​មហា​សំខាន់​ ហេតុ​ដូចម្ដេច​ដែល​ហៅ​ថា​មហា​សំខាន់​ ព្រោះ​ថា​ជីវភាព​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​​​ សេដ្ឋកិច្ច​ខ្មែរ​ក្រោម​ វប្បធម៌​ខ្មែរ​ក្រោម​  នយោបាយ​ខ្មែរ​ក្រោម​ រឿង​របស់​ខ្មែរ​ក្រោម​ ទាល់​តែ​ខ្មែរ​ក្រោម​ជា​អ្នក​​សម្រេច​មិន​មែន​ឱ្យ​ជន​ជាតិ​ដទៃ​មក​សម្រេច​ជោគ​វាសនា​ខ្មែរ​ក្រោម​នោះ​ទេ​ ។ ឥឡូវ​នេះ​ខ្ញុំ​ឧទាហរណ៍​​​​ខ្លី​មួយ​ បើ​សិន​ជាតិ​ខ្មែរ​ក្រោម​មាន​សិទ្ធិ​ជា​ជន​ជាតិ​ដើម​រឿង​រ៉ាវ​ក្លោង​ទ្វារ​ចូល​ខេត្ត​ព្រះ​ត្រពាំង​គ្មាន​នរណា​វាយ​កម្ទេច​បាន​ដូច្នេះ​ទេ ​ហើយ​ប្រសិនជា​​ យើង​​មាន​សិទ្ធ​សម្រេច​​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​យើង​គឺ​ចង​ជា​រចនាសម្ព័ន្ធ​ពី​ខេត្ត​មួយ​ ទៅ​ខេត្ត​យ៉ាង​ល្អ ​មិន​មែន​ដូច​សព្វ​ថ្ងៃ​ទេ​ ខេត្ត​ឃ្លាំង​ធ្វើ​តាម​ខេត្ត​ឃ្លាំង​ទៅ​ខេត្ត​ពល​លាវ​ធ្វើ​តាម​ខេត្ត​ពល​លាវ​ទៅ ខេត្ត​ព្រះ​ត្រពាំង​ធ្វើ​តាម​ខេត្ត​ព្រះ​ត្រពាំង​ទៅ​ តាម​តែ​រាង​ ៗ ខ្លួន​»

 សេចក្ដី​ប្រកាស​របស់​ ​អ​.​ស​.​ប​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ដែល​មាន​សំឡេង​គាំទ្រ​ចំនួន​ ១​៤​៤ ​ប្រទេស​ ក្នុង​នេះ​មាន​ប្រទេស​វៀតណាម​មួយ​ផង​ដែរ​។ សំឡេង​របស់​ ​អ​.​ស​.​ប​ ​ប្រាប់​ថា​ ​៖​          (UN​DRIP​) ​«​គឺជា​ឧបករណ៍​អន្តរជាតិ​ដ៏​ទូលំទូលាយ​បំផុត ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​»​ ​និង​ ​«​បង្កើត​ឲ្យ​មាន​ឡើង​នូវ​ក្របខ័ណ្ឌ​សកល​មួយ​ ​ក្នុង​កម្រិត​អប្បបរមា​ ​សម្រាប់​ការរស់រាន​មានជីវិត សេចក្ដីថ្លៃថ្នូរ​ ​និង​សុខ​មាល​ភាព​របស់​ជនជាតិ​ដើម​ នៅ​លើ​សកលលោក​ ​ហើយនិង​ការ​បកស្រាយ​លម្អិត​ អំពី​កម្រិត​សិទ្ធិមនុស្ស​ ​និង​សេរីភាព​មូលដ្ឋាន​ ដែល​មាន​ស្រាប់​ ​នៅ​ពេល​ដែល​ពួកគេ​អនុវត្តន៍​ចំពោះ​ស្ថានភាព​ជាក់លាក់​សម្រាប់​ជនជាតិ​ដើម​»​ ​។​ (​សេចក្ដី​ប្រកាស​នេះ​) ​ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និបាត​ ​អ​.​ស​.​ប​ ​នៅ​ថ្ងៃ​ទី​ ១​៣​ ​ខែ​កញ្ញា​ ​ឆ្នាំ ​២​០​០​៧​ ។

Leave A Reply

Your email address will not be published.