យុវជន​ខ្មែរក្រោម ត្រូវ​អាជ្ញាធរ​វៀតណាម កោះហៅ​ទៅ​សួរនាំ ករណី​ចោទ​ថា ចែក​អំណោយ​ដោយ​ការរើសអើង

0 153

ដោយ ស៊ឺន ចែង​ចើន​

យុវជន​ខ្មែរក្រោម ដែល​បាន​បង្ហោះ​វីដេអូ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ចោទ​ថា អាជ្ញាធរ​វៀតណាម ចែក​ជំនួយ​ឲ្យតែ​ជនជាតិ​វៀតណាម នៅក្នុង​រដូវ​កាល​នៃ​វិបត្តិ​កូ​វីដ​-១៩ ខណៈ​ពលរដ្ឋខ្មែរ​ក្រោម មាន​ប័ណ្ណ​ក្រីក្រ បែរជា​មិនបាន​ទទួល​ជំនួយ​ផ្សេង​ៗ ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ​ ។

លិខិតកោះហៅ យុវជនខ្មែរក្រោម យ៉ាញ ក្វាងម៉ិញ ទៅបំភ្លឺ
លិខិតកោះហៅ យុវជនខ្មែរក្រោម យ៉ាញ ក្វាងម៉ិញ ទៅបំភ្លឺ

យុវជន​ខ្មែរក្រោម ឈ្មោះ យ៉ា​ញ់ មិញ​ក្វាង (Danh Minh Quang​) នៅ​ភូមិ​ស្រឡូង ឃុំ​ជ្រោយ​ទឹម ស្រុក​បាយ​ឆៅ នៃ​ខេត្ត​ឃ្លាំង កាលពី​ពេល​ថ្មី​ៗ នេះ បាន​ធ្វើការ​ផ្សាយ​ផ្ទាល់ (Live​) នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន ថា​បាន​ដើរ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩ ឲ្យ​ទទួលអំណោយ​ពី​រដ្ឋាភិបាលវៀតណាម មានតែ​ឈ្មោះ​ពលរដ្ឋ​ជា​សាច់ញាតិ​របស់​ជនជាតិ​វៀតណាម ប៉ុណ្ណោះ ។ រី​ឯពលរដ្ឋខ្មែរ​ក្រោម ដែល​មាន​ជីវភាព​ក្រីក្រ និង​ជួបប្រទះ​ទុក្ខ​លំបាក​ ពោល​គឺជា​ជនរងគ្រោះ​ពិតប្រាកដ​មិនបាន​ទទួល​ទេ ។

ឆ្លើយតប​ការចោទប្រកាន់​នេះ អាជ្ញាធរ​វៀតណាម បាន​លើក​ឡើ​ពី​មូលហេតុ ដែល​ពលរដ្ឋខ្មែរ​ក្រោម​ទាំងនោះ មិន​ទទួល​បាន​ជំនួយ ដោយ​សារ​តែ​ពួក​គេ បាន​រួចចាក​ផុត​ពី​ភាព​ក្រីក្រ ។ ចំណែក​ឯប័ណ្ណ​ក្រីក្រ​របស់​ពួក​គេ ដែល​អាជ្ញាធរ​ចេញ​ឲ្យ​នោះ ក៏​ត្រូវ​បាន​លុបចោល​រួចហើយ​ដែរ ។

គួរ​រំឮក​ផង​ដែរ​ថា កន្លងមក​រដ្ឋា​ភិ​បា​នៃ​ប្រទេស​វៀតណាម បាន​បញ្ចេញ​កញ្ចប់​ថវិកា សម្រាប់​ជួយ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ សម្រាប់​រយៈពេល ៣ ខែ ខណៈ​រដ្ឋាភិបាល​កំពុង​ដាក់ចេញ​វិធានការ​ជាបន្តបន្ទាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​រាតត្បាត​របស់​មេរោគ ។ ក្រៅពី​នេះ វៀតណាម ក៏បាន​ផ្តល់​ទុន​មូលនិធិ សម្រាប់​ជួយ​ដល់​អាជីវកម្ម និង​ពលរដ្ឋ ដែល​មិន​អាច​សងបំណុល​ធនាគារ និង​បន្ត​ប្រតិបត្តិ​ការ​អាជីវកម្ម​ខ្លួន​បាន ក្រោម​ឥទ្ធិពល​មេរោគ​កូ​វីដ​-១៩ ផង ៕

Leave A Reply

Your email address will not be published.