សមាគមព្រះសង្ឃស្នេហាជាតិ បដិសេធមិនទទួលស្គាល់ សាមណេរ យឿង ខាយ
ដោយ យន់ សាមៀន | RFA Khmer
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ដែលមានអាជ្ញាធរវៀតណាម នៅពីក្រោយ បានបដិសេធមិនទទួលស្គាល់សាមណេរ យឿង ខាយ ជាព្រះសង្ឃ និងហាមឃាត់មិនឲ្យវត្តខ្មែរក្រោម អនុញ្ញាតឲ្យសាមណេរ យឿង ខាយ គង់ ។ វិធានការរបស់ សមាគមព្រះសង្ឃវៀតណាមនេះ ធ្វើឡើងស្របពេល ដែលអង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) ចេញរបាយការណ៍សិទ្ធិមនុស្សសកល ឆ្នាំ ២០២៣ ដែលរកឃើញថា វៀតណាមកំពុងបង្កើនការរំលោភបំពានសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម និងមន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) រិះគន់ទង្វើរបស់រដ្ឋាភិបាលវៀតណាម ដែលបន្តគាបសង្កត់សិទ្ធិមនុស្ស និងសាសនា ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពី សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ប្រចាំខេត្តឃ្លាំង ដែលមានអាជ្ញាធរវៀតណាម នៅពីក្រោយបានចេញសារាចរណែនាំមួយ ផ្ញើទៅព្រះចៅអធិការវត្តនៅទូទាំងខេត្តឃ្លាំង កុំទទួលស្គាល់សាមណេរ យឿង ខាយ ជាព្រះសង្ឃស្របច្បាប់ នៅក្នុងខេត្តឃ្លាំងឡើយ ។ សារាចរ ក៏បន្តថា ប្រសិនបើវត្តអារាម នៅទូទាំងខេត្តដឹងថា សាមណេរ យឿង ខាយ គង់នៅវត្តអារាមណាមួយ ត្រូវរាយការណ៍ទៅសមាគមព្រះសង្ឃស្នេហាជាតិវៀតណាម ជាបន្ទាន់ ហើយប្រសិនបើព្រះចៅអធិការវត្តលាក់បាំងព័ត៌មាន ឬផ្ដល់ទីតាំងឲ្យសាមណេរ យឿង ខាយ គង់នៅ នឹងត្រូវប្រឈម ចំពោះមុខច្បាប់ ។ ការគំរាមកំហែងរបស់សមាគមព្រះសង្ឃស្នេហាជាតិវៀតណាមនេះ ធ្វើឡើងបន្ទាប់ពី សាមណេរ យឿង ខាយ ដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស និងទាមទារសិទ្ធិស្វ័យសម្រេចរបស់ជនជាតិខ្មែរក្រោម បានទៅសាងផ្នួស នៅវត្តមង្គលបុរីទ្រនំសេក នៅខេត្តលង់ហោរ ។ ច្បាប់វៀតណាម តម្រូវឲ្យខ្មែរក្រោមរស់នៅខេត្តណា ត្រូវបួសក្នុងខេត្តនោះ ដោយមានការអនុញ្ញាតពីព្រះសង្ឃវៀតណាម ជាមុនសិន ។
ពាក់ព័ន្ធនឹងការគំរាមកំហែងព្រះសង្ឃខ្មែរក្រោមនេះ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា ថ្កោលទោស ទង្វើរបស់ សមាគមព្រះសង្ឃស្នេហាជាតិវៀតណាម ។ ព្រះអង្គមានថេរដីកាថា សាមណេរ យឿង ខាយ បានបួសត្រឹមត្រូវស្របតាមវិន័យរបស់ព្រះពុទ្ធសាសនា ។
ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «អាជ្ញាធរវៀតណាម បង្ខំព្រះសង្ឃ នៅខេត្តឃ្លាំងចេញលិខិតបដិសេធមិនទទួលស្គាល់សាមណេរ យឿង ខាយ បួសក្នុងព្រះពុទ្ធសាសនា ។ នេះជាទង្វើរបស់វៀតណាម ដែលសងសឹកធ្វើទុក្ខបុកម្នេញ ។ ជាពិសេស សាមណេរ យឿង ខាយ បានបួសក្នុងព្រះពុទ្ធសាសនាគ្មានខុសវិន័យក្នុងព្រះពុទ្ធសាសនាទេ ។ នៅកម្ពុជាក្រោម ប្រសិនបើកុលបុត្រមានចង់បួសនៅខេត្តណា វត្តណានៅទូទាំងដែនដីកម្ពុជាក្រោម គឺគ្មានខុសនឹងច្បាប់វិន័យទេ» ។
សហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងដាក់លិខិតទៅអង្គការសិទ្ធិមនុស្ស និងក្រសួងការបរទេសអាមេរិក ដើម្បីសុំអន្តរាគមន៍កុំឲ្យវៀតណាម បន្តរំលោភសិទ្ធិសាសនាខ្មែរកម្ពុជាក្រោម ។
វិធានការរបស់ សមាគមព្រះសង្ឃ ដែលមានអាជ្ញាធរវៀតណាម នៅពីក្រោយនេះ ទៅលើសាមណេរ យឿង ខាយ កើតឡើងស្របពេល ដែលអង្គការសិទ្ធិមនុស្សអន្តរជាតិ (HRW) ចេញរបាយការណ៍សិទ្ធិមនុស្សសកលឆ្នាំ ២០២៣ ដែលរកឃើញថា វៀតណាមកំពុងបង្កើនការបង្ក្រាបសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិល ។ វៀតណាម ក៏រឹតត្បិតការសំដែងមតិការបង្កើតសមាគមការប្រមូលផ្ដុំដោយសន្តិវិធី ការធ្វើដំណើរនិងសាសនា ។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ឲ្យវិទ្យុអាស៊ីសេរីដឹងថា រដ្ឋាភិបាលវៀតណាមបន្តធ្វើទុក្ខបុកម្នេញ និងរើសអើងជាប្រព័ន្ធលើសហគមន៍ខ្មែរក្រោម ។ ទង្វើទាំងនោះ រួមមានការឃុំខ្លួន និងសួរចម្លើយយុវជន មេដឹកនាំសហគមន៍ និងព្រះសង្ឃដែលហ៊ានសំដែងមតិ ហើយព្យាយាមអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាមូលដ្ឋាន ។ រដ្ឋាភិបាលវៀតណាម ក៏តែងតែជ្រៀតជ្រែកក្នុងប្រតិបត្តិការផ្ទៃក្នុងរបស់ពុទ្ធសាសនិកខ្មែរក្រោម និងចង់ត្រួតត្រាពួកគេ បង្អាក់ការអប់រំជាភាសាខ្មែរ និងឃ្លាំមើលជាលក្ខណៈស្អប់ខ្ពើមលើមេដឹកនាំសហគមន៍ខ្មែរក្រោម ។ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បន្តទៀតថា វាគ្មានអ្វីចម្លែកទេ ដែលខ្មែរក្រោមខឹងនឹងទង្វើរំលោភបំពានរបស់រដ្ឋាភិបាលវៀតណាម ។ វៀតណាមគិតថា ខ្មែរក្រោមមិនស្មោះត្រង់នឹងវៀតណាម ដោយសារតែពួកគេជាជនជាតិខ្មែរ ។ លោកស្នើឲ្យវៀតណាម គួរតែបញ្ឈប់ជាបន្ទាន់នូវយុទ្ធនាការបៀតបៀន ទៅលើខ្មែរក្រោម ទម្លាក់ការចោទប្រកាន់បទឧក្រិដ្ឋ លើសកម្មជនខ្មែរក្រោម ដែលជាប់ពន្ធនាគារដោយសារការអនុវត្តសិទ្ធិរបស់ពួកគេដោយសន្តិវិធី និងទទួលស្គាល់អត្តសញ្ញាណសង្គម និងវប្បធម៌ខ្មែរក្រោម ។ លោកក៏ស្នើសហរដ្ឋអាមេរិកសហភាពអឺរ៉ុប និងដៃគូពាណិជ្ជកម្ម និងម្ចាស់ជំនួយសំខាន់ៗ ផ្សេងទៀតជាមួយវៀតណាម គួរតែនិយាយជាសាធារណៈអំពីស្ថានភាពលំបាករបស់សហគមន៍ខ្មែរក្រោម ហើយទាមទារឱ្យទីក្រុងហាណូយគោរពសិទ្ធិរបស់ពួកគេ ។ ពាក់ព័ន្ធនឹងសាមណេរ យឿង ខាយ វិញ ព្រះអង្គបន្តគង់នៅវត្ត មង្គលបុរីទ្រនំសេក នៅខេត្តលង់ហោរនៅឡើយមកទល់នឹងថ្ងៃទី ១៦ មករា ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសាមណេរ យឿង ខាយ ដើម្បីសុំប្រតិកម្មរឿងវៀតណាម មិនទទួលស្គាល់ព្រះអង្គ ជាសង្ឃនៅឡើយទេ ប៉ុន្តែ សាមណេរ យឿង ខាយ សរសេរនៅលើទំព័រ (Facebook) ថា ព្រះអង្គបួសជាសង្ឃស្របតាមវិន័យព្រះពុទ្ធសាសនា ដោយមានព្រះចៅអធិការវត្តទទួលស្គាល់ ។ សាមណេរ យឿង ខាយ សរសេរបន្តថា វត្តខ្មែរក្រោម កសាងដោយដូនតាខ្មែរក្រោម មិនមែនជាសកម្មសិទ្ធិរបស់វៀតណាម នោះទេ ។ សាមណេរ យឿង ខាយ កាលពីមុនបួសជាសកម្មជនសិទ្ធិការងារនិងសិទ្ធិមនុស្ស ។ ព្រះអង្គធ្លាប់វៀតណាម កោះហៅទៅសម្លុតគំរាមកំហែងប្រមាណដប់ដង និងផាកពិន័យ ដោយសារសកម្មភាពបម្រើវិស័យសិទ្ធិមនុស្ស ។ សាមណេរ យឿង ខាយ បាន សម្រេចព្រះទ័យបួស ដើម្បីបុព្វហេតុសិទ្ធិស្វ័យសម្រេចរបស់ជនជាតិខ្មែរក្រោម ទៅថ្ងៃអនាគត ៕