ក្រុម​គ្រួសារ​ជនរងគ្រោះ​ ស្រ្តីខ្មែរក្រោម ​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​យុត្តិធម៌​ ក្រោយ​ជនជាតិ​វៀតណាម​ បាញ់​ឲ្យ​ត្រូវ​របួស​ជើងក្នុង​ករណី​ជម្លោះ​ដី​ធ្លី

0 230

ដោយ យន់ សាមៀន | RFA Khmer

ក្រុម​គ្រួសារ​ជនរងគ្រោះ​ស្រ្តី​ខ្មែរ​ក្រោម​ ដែល​ត្រូវ​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ​បាញ់​ឲ្យ​ត្រូវ​របួស​ជើង​ក្នុង​ករណី​ជម្លោះ​ដីធ្លី​ បាន​ដាក់ពាក្យ​បណ្តឹងទាមទារ​យុត្តិធម៌ និង​ជំងឺចិត្ត ។ ការដាក់​បណ្តឹង​នេះ ធ្វើ​ឡើង​ស្របពេល ដែល​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ បាន​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ ដែល​បណ្តែត​បណ្តោយ​ឲ្យ​ជនសង្ស័យ​បាញ់​ប្រហារ​ពលរដ្ឋ​ខ្មែរ​ក្រោម ។

ស្ត្រីពាក់មាស់ជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរងរបួសជើង ដោយសារជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ​បាញ់​ឲ្យ​ត្រូវ​របួស​ជើង​ក្នុង​ករណី​ជម្លោះ​ដីធ្លី​ នៅខេត្តក្រមួនស កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ។ រូប៖ VOKK
ស្ត្រីពាក់មាស់ជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរងរបួសជើង ដោយសារជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ​បាញ់​ឲ្យ​ត្រូវ​របួស​ជើង​ក្នុង​ករណី​ជម្លោះ​ដីធ្លី​ នៅខេត្តក្រមួនស កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ។ រូប៖ VOKK

ជនរងគ្រោះ បាន​ដាក់​ពាក្យ​បណ្តឹង​ នៅ​ការិយាល័យ​ប៉ូលិស​ខេត្ត​ក្រមួនស​ហើយ កាល​ពី​សប្តាហ៍​មុន ។ ប៉ុន្តែ​ សមត្ថកិច្ច​វៀតណាម មិនទាន់​បាន​បង្ហាញ​ព័ត៌មាន​លំអិត​អំពី​ជន​សង្ស័យ​ និង​អ្នក​នៅ​ពី​ក្រោយ​អំពើ​ហិង្សា​ ដែល​បាន​ប្រើប្រាស់​កាំភ្លើង​ខ្លីបាញ់​ប្រហារ​ទៅ​លើ​ហ្វូង​បាតុករ​ខ្មែរ​ក្រោម​ បណ្តាល​ឲ្យ​ស្រ្តី​ខ្មែរ​ក្រោម​ម្នាក់​របួស​ជើង​នៅ​ឡើយ​ទេ ។

លោក ចៅ ផល្លា បងប្រុស​ជនរងគ្រោះ​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី យ័ញ ធីចាន់ផៃ បាន​ដាក់​ពាក្យ​បណ្តឹង​ ដើម្បី​ឲ្យ​សមត្ថកិច្ច​វៀតណាម យក​ជន​ល្មើស​ទៅ​តុលាការ​ ដើម្បី​ផ្តន្ទាទោស និង​ផ្តល់​សំណង​ជំងឺ​ចិត្ត ក្រោយ​ចេញ​ពី​មន្ទីរ​ពេទ្យ ព្យាបាល​ជំងឺ​រួច​មក ។

កាលពី​ថ្ងៃទី ២៧ ខែកញ្ញា ជន​រងគ្រោះ​ត្រូវ​ជនជាតិ​វៀតណាម​ម្នាក់ បាន​ប្រើប្រាស់​អាវុធ​ខ្លី​ បាញ់​ទៅលើ​ក្រុម​បាតុករ​ខ្មែរ​ក្រោម ដែល​ងើប​ឡើង​ប្រឆាំងការ​បង្ខំ​បណ្តេញ​ពី​សំណាក់​អាជ្ញាធរ​ និង​ជនជាតិ​វៀតណាម ដើម្បី​យកដី​ដែល​ពួកគេ​បាន​អាស្រ័យផល និង​រស់​នៅ​ប្រមាណ ​៣០ ​ឆ្នាំ​មក​ហើយ ។ ពេល​តវ៉ា​នោះ ក៏មាន​ផ្ទុះអំពើ​បង្ក​ឡើង​ដោយ​ក្រុម​ជើង​កាងជនជាតិ​វៀតណាម ដែល​ពលរដ្ឋ​អះអាង​ថា បាន​សហការ​នឹង​អាជ្ញាធរ​វៀតណាម ប្រមាណ ២០​ នាក់ ​ដែល​បាន​នាំ​គ្រឿង​ចក្រ​មក​ឈូស​ឆាយ​ដី​របស់​ពលរដ្ឋរងគ្រោះ ដើម្បី​ហ៊ុំព័ទ្ធ​របង​យក​ដី ។ កន្លងមក​ពលរដ្ឋខ្មែរ​ក្រោម​ បាន​ព្យាយាម​សុំអាជ្ញាធរ​វៀតណាម ​ឲ្យ​ចេញ​ប្លង់​ដី​ដើម្បី​ទទួល​បាន​កម្មសិទ្ធិ​ដែរ ប៉ុន្តែ​ វៀតណាម​បាន​បដិសេធ រហូត​ដល់​អាជ្ញាធរ​ និង​ជនជាតិ​វៀតណាម​ បាន​លើក​គ្នា​មក​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ក្រោម​ចេញ​ ដើម្បី​យក​ដី​ដោយ​គ្មាន​សំណង​តែ​ម្តង ។

សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម លោក យឿង ខាយ ដែល​បាន​តាម​ដាន​ករណី​អំពើ​ហិង្សា​នេះ បាន​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ ដែល​តែង​តែ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម នៅពេល​ពួកគេ​ងើប​ឡើង​តវ៉ា​ទាមទារ​សិទ្ធិ​និង​ដីធ្លី៖ «ខ្មែរ​កម្ពុជា​ក្រោម​ ដែល​អាជ្ញាធរ​វៀតណាម​សហការ​នឹង​ជើង​កាង​បាញ់​ឲ្យ​ត្រូវ​របួស​ហ្នឹង​ ជា​អំពើ​ព្រៃ​ផ្សៃ​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​យើង​យ៉ាង​ធ្ងន់ធ្ងរ ​ប្អូន​មិន​អាច​ទទួល​យក​បាន​ទេ»

នេះមិន​មែន​ជា​ករណី​ទីមួយ ​ដែល​អាជ្ញាធរ​បាន​ប្រើប្រាស់​អំពើ​ហិង្សា វាយ​និង​បង្ក្រាប យក​ដី​ស្រែ និង​ផ្ទះ​សម្បែង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដោយ​ខុស​ច្បាប់ និង​មិន​ផ្តល់​សំណង​នោះ​ទេ ។ កាលពី​ខែឧសភា ឆ្នាំ ២០២០ អាជ្ញាធរ​វៀតណាម ខេត្តក្រមួនស រួមមាន ប៉ូលិស ទាហាន ប្រមាណជាង ១០០ នាក់ បានចុះ​ទៅ​រឹបអូស​យក​ដី​កសិករ​ខ្មែរ​ក្រោម អស់​ជាច្រើន​ពាន់ហិកតារ​ដោយ​គ្មាន​សំណង ។ ពលរដ្ឋ​ខ្មែរ​ក្រោម ​បាន​ធ្វើការ​តវ៉ា រហូត​ដល់ ​អាជ្ញាធរ​វៀតណាម​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ១០ នាក់​រង​បួស ។ អាជ្ញាធរ​វៀតណាម​ ក្រោយ​វាយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ឲ្យ​រងរបួស​ហើយ ក៏​បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​បី​នាក់​ដាក់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ ដោយ​ចោទ​ខ្មែរ​ក្រោម​ថា «ប្រើ​អំពើ​ហិង្សា​លើ​សមត្ថកិច្ច និង​បទប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ» ។​

បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​បី​នាក់ កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ​ទេ ។ ជុំវិញ ការបន្ត​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឥតស្រាក​ស្រាន្ត​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ភិក្ខុ សឺង យ៉ឹងរតនា ​ក៏ថ្កោល​ទោស​អាជ្ញាធរ​វៀតណាម និង​ស្នើឲ្យ​វៀតណាម ត្រូវតែ​វែកមុខ​រក​ជន​សង្ស័យ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ខ្មែរ​ក្រោម ដែល​ជា​ជន​រង​គ្រោះ៖ «នៅ​ប្រទេស​វៀតណាម​ ប្រជាជន​មិន​អាច​កាន់​កាំភ្លើង​បាន​ទេ​ ប៉ុន្តែ ​អាជ្ញាធរ​សហការ​នៅពី​ក្រោយ​ជើង​កាង​វៀតណាម បង្ក្រាប​កសិករ​ខ្មែរ​ក្រោម​ហើយ ប្រើ​អំពើ​ហិង្សា​ហើយ​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ក្រោម​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ ។ នេះ​ជា​អំពើ​ព្រៃផ្សៃរបស់​វៀតណាម​ដែល​បាន​បំបិទ​សិទ្ធិ​សេរីភាព​របស់​កសិករ​ខ្មែរ​ក្រោម»

របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​សម្រាប់​ឆ្នាំ ២០២២ រក​ឃើញ ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បង្ក​ឡើង​ ដោយ​រដ្ឋាភិបាល​កុម្មុយនីស​វៀតណាម ។ បញ្ហាទាំង​នោះ រួមមាន ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ ការ​ធ្វើ​ទារុណកម្ម ចាប់​ខ្លួន និង​ឃុំឃាំង​មនុស្ស យ៉ាង​អាណាធិបតេយ្យ ពី​សំណាក់​អាជ្ញាធរ​និង​ភ្នាក់ងារ​រដ្ឋាភិបាល ហើយ​សិទ្ធិ​កាន់កាប់​ដីធ្លី​ក៏​រង​ការ​រំលោភ​បំពាន​ដែរ ។ ច្បាប់​វៀតណាម​កំណត់ថា ដី​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​រដ្ឋ​មាន​សិទ្ធិ​សម្រេច រួមទាំង​តម្លៃ ការ​បែងចែក​ និង​ការ​រឹបអូស​ដី​ ដើម្បី​ប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ដែល​បញ្ហា​នេះ​បណ្តាល​ឲ្យ​មាន​អំពើពុករលួយ​និង​អយុត្តិធម៌ ។ ជម្លោះដី​ធ្លីតែង​កើត​មាន​ឡើងនៅ​ពេល​មាន​ការ​បែងចែក​ដី​ដើម្បី​បង្កើត​ជា​គំរោង​អភិវឌ្ឍន៍ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​សាធារណៈជន ។

ក្រសួង​ការបរទេស​ក៏រក​ឃើញថា ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ជួល​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល និង​ក្រុម​ជើង​កាង​ទៅ​គំរាមកំហែង​ពលរដ្ឋ ដើម្បីរឹបអូស​ដី​ធ្លី ​និង​ផ្ទះ​សម្បែង​ពលរដ្ឋ ។ អាជ្ញាធរ និងតុលាការ​វៀតណាម ក៏តែងតែ ចោទប្រកាន់​ពលរដ្ឋ​ដែល​ហ៊ាន​តវ៉ា ការ​បណ្តេញ​ចេញ​ពី​បទ ប្រឆាំង​នឹង​អាជ្ញាធរសាធារណៈ និង​បង្ក​សកម្មភាព​អសណ្តាប់​ធ្នាប់​សង្គម ៕

Leave A Reply

Your email address will not be published.