កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០១៩​ របស់សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

0 581

កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០១៩​ របស់សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

ទីក្រុង​ Las​ Vegas​ រដ្ឋ​ Nevada​ សហរដ្ឋអាមេរិក​

ចាប់ពី​ថ្ងៃទី​ ៣០​ ខែសីហា​ ដល់​ថ្ងៃទី​ ១ ខែកញ្ញា​ ឆ្នាំ​ ២០១៩​

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០១៩​ រយៈពេល​ពេល​បី​ថ្ងៃ​ ចាប់ពីថ្ងៃ​សុក្រ​ ទី​ ៣០​ ខែសីហា​ ដល់​ថ្ងៃអាទិត្យ​ទី​ ១ ខែកញ្ញា​ នៅ​ទីក្រុង​ឡា​សវេហ្គាស​ (Las​ Vegas​) រដ្ឋ​នេ​វ៉ា​ដា​ (Nevada​) សហរដ្ឋអាមេរិក​ ។ ថ្ងៃទី​មួយ​ ​ប្រជុំ​គណៈកម្មការ​នាយក​ ថ្ងៃទី​ពីរ​ អង្គប្រជុំ​បាន​ពិភាក្សា​លើ​របាយការណ៍​សកម្មភាព​ និង​ សមិទ្ធផល​ដែល​បាន​ ​អនុវត្ត​ក្នុង​ ឆ្នាំ​ ២០១៩​ និង​ថ្ងៃទី​បី​ ចេញ​ផែនការណ៍​សម្រាប់​ឆ្នាំ​ ២០២០​ ។ ថ្នាក់ដឹកនាំ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ជា​ គណៈកម្មការ​នាយក​ ​ប្រធាន​តំបន់​ ​ប្រធាន​សាខា​ ​សមាជិក​ ​សមាជិកា​ និង​ អ្នកគាំទ្រ​ មក​ពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ ក្នុង​នោះ​ មាន​សហរដ្ឋអាមេរិក​ កាណាដា​ ​អ៊ីតាលី​ ​បារាំង​ និង​ កម្ពុជា​ បាន​ជួបជុំគ្នា​នៅក្នុង​វត្ត​ពុទ្ធិក​ខ្មែរ​ ។

ថតរូបអនុស្សាវរីយ៍ ក្រោយបិទបញ្ចប់សន្និបាតប្រចាំឆ្នាំ ២០១៩ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន
ថតរូបអនុស្សាវរីយ៍ ក្រោយបិទបញ្ចប់សន្និបាតប្រចាំឆ្នាំ ២០១៩ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ថាច់ ប្រីជា គឿន

នៅ​ថ្ងៃសុក្រ​ ១ កើត​ ខែភទ្របទ​ ឆ្នាំ​ កុរ​ ឯកស័ក​ ព. ស. ២៥៦៣​ ត្រូវ​ នឹង​ថ្ងៃទី​ ៣០​ ខែសីហា​ គ. ស. ២០១៩​ ជា​ថ្ងៃទី​មួយ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​នាយក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ប្រជុំ​នៅក្នុង​ផ្ទះ​របស់​ លោក​ លី​ កើត​ ចាប់ផ្ដើម​ពី​ម៉ោង​ ៩ ព្រឹក​ ។ ​

វត្តមាន​ សមាជិក​ គណៈកម្មការ​នាយក​ ទីប្រឹក្សា​ និង​ ជំនួយការ​ ​រួមមាន​៖

  1. លោក​ ថាច់​ វៀន​ ជា​អធិបតី​ មក​ពី​ប្រទេស​បារាំង​
  2. លោក​ ចៅ​ រៀប​ ជា​ប្រធាន​សភាព​ព្រឹទ្ធា​ចារ្យ​ មក​ពី​ រដ្ឋ​ Washington​ State​ សហរដ្ឋអាមេរិក​
  3. លោក​ ប្រាក់​ សេរី​វុឌ្ឍ​ ជា​ប្រធានប្រតិបត្តិ​ មក​ពី​ រដ្ឋ​ California​ សហរដ្ឋអាមេរិក​
  4. លោក​ ម៉ៅ​ មុនី​ ជា​អនុប្រធាន​ប្រតិបត្តិ​ មក​ពី​ រដ្ឋ​ California​ សហរដ្ឋអាមេរិក​
  5. លោក​ ត្រឹង​ ម៉ាន់​ រិន​ ជា​ប្រធាន​ផែនការ​ មក​ពី​ រដ្ឋ​ Pennsylvania​ ​សហរដ្ឋអាមេរិក
  6. ​អ្នកស្រី​ សឺង​ ធី​ ណិត​ ជា​ប្រធាន​ស្រ្តី​ មក​ពី​ រដ្ឋ​ Pennsylvania​ ​សហរដ្ឋអាមេរិក​
  7. លោក​ ចៅ​ សេរី​ ជា​ហេរញ្ញិក​ មក​ពី​ រដ្ឋ​ Washington​ State​ សហរដ្ឋអាមេរិក​
  8. លោក​ ថាច់​ សា​ម៉ន​ ជា​ហេរញ្ញិក​ មក​ពី​ រដ្ឋ​ Washington​ State​ សហរដ្ឋអាមេរិក
  9. ​លោក​ ត្រឹង​ យ៉ា​ប ជា​អគ្គ​រដ្ឋបាល​ មក​ពី​ រដ្ឋ​ New​ Jersey​ សហរដ្ឋអាមេរិក
  10. ​ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​
  11. លោក​ តោ​ គិម​ ថុង​ ជា​ទី​ប្រក្សា​ មក​ពី​ប្រទេស​កាណាដា​
  12. លោក​ សឺង​ សម្រេច​ ជាទី​ប្រឹក្សា​ មក​ពី​ រដ្ឋ​ California​ សហរដ្ឋអាមេរិក

នៅ​ថ្ងៃសៅរ៍​ ២ កើត​ ខែភទ្របទ​ ឆ្នាំ​ កុរ​ ឯកស័ក​ ព. ស. ២៥៦៣​ ត្រូវ​ នឹង​ថ្ងៃទី​ ៣១​ ខែសីហា​ គ. ស. ២០១៩​ ជា​ថ្ងៃទី​ពីរ​នៃ​កិច្ចប្រជុំ​ ​កិច្ចប្រជុំ​បាន​ចាប់ផ្ដើម​ពី​ម៉ោង​ ៩ ព្រឹក​ នា​សាល​ប្រជុំ​ Elegante​ Banquet​ Hall​ ។ ជា​កិច្ច​ចាប់ផ្ដើម​ លោក​ ថាច់​ វឿង​ ជា​អ្នកសម្របសម្រួល​កម្មវិធី​ជា​ភាសាខ្មែរ​ និង​ អ្នកស្រី​ ថាច់​ សុមា​លីន​ ជា​អ្នកសម្របសម្រួល​កម្មវិធី​ជា​ភាសាអង់គ្លេស​ បាន​ដឹកនាំ​ធ្វើ​កិច្ច​គោរព​ទង់ជាតិ​កម្ពុជាក្រោម​ ​កិច្ច​គោរព​ចំពោះ​វីរបុរស​ជាតិ​ ដែល​បាន​បូជាជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​ និង​ ព្រះពុទ្ធ​សាសនា​ ​ព្រមទាំង​ព្រះសង្ឃ​សូធ្យ​ជយន្តោ​ (ជយ​បរិត្ត​) ជា​កិច្ច​ចម្រើន​ជ័យមង្គល​ដល់​អង្គប្រជុំ​ ។ ​

ដំបូងបង្អស់​ ​ព្រះតេជព្រះគុណ​ ថាច់​ ហាន់​ ជា​ព្រះចៅ​អធិការ​វត្ត​ពុទ្ធិក​ខ្មែរ​ ​តំណាង​សាខា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​ទីក្រុង​ឡា​សវេហ្គាស​ ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​ជិត​ឆ្ងាយ​ ដែល​បាន​និមន្ត​ និង​អញ្ជើញ​មក​ប្រជុំ​ នៅ​ទីក្រុង​ Las​ Vegas​ ។

(វីដេអូ​)

លោក​ ថាច់​ វៀន​ ជា​អធិបតី​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ថ្លែង​បើក​អង្គប្រជុំ​ ដោយធ្វើ​សេចក្ដីថ្លែង​អំណរគុណ​ ដល់​គណៈកម្មការ​រៀបចំ​អង្គប្រជុំ​ ​និង​ ថ្នាក់ដឹកនាំ​ សមាជិក​ និង​អ្នកគាំទ្រ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ជុំវិញ​ពិភពលោក​ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ប្រជុំ​ ។ លោក​បាន​អំពាវនាវ​ឲ្យ​បន្ត​ការ​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក្នុង​ការ​ ​តស៊ូ​មតិ​រហូតដល់​បាន​ទទួល​នូវ​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ នា​ពេល​អនាគត​ ។

(វីដ​អូ)

លោក​ សឺង​ សម្រច​ ជាទី​ប្រឹក្សា​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថ្លែង​អំពី​ ដំណើរ​ឆ្ពោះទៅ​កាន់​មាតុភូមិ​កម្ពុជាក្រោម​ ។ លោក​ បាន​មានប្រសាសន៍​ថា​ ពលរដ្ឋខ្មែរ​ក្រោម​គ្រប់រូប​ត្រូវតែ​តស៊ូ​ ដើម្បី​កម្ពុជាក្រោម​ ទោះបី​មាន​គ្នា​តិច​ ឬច្រើន​ក៏ដោយ​ ត្រូវ​ដើរទៅ​មុខ​ទាំងអស់គ្នា​ ។ លោក​បាន​បន្ត​ទៀត​ថា​ សូម្បីតែ​សត្វ​បក្សី​ដែល​ជាប់​នៅក្នុង​ទ្រុង​ក៏​នៅ​ចេះ​ត្រដរ​ ដូច្នេះ​ ខ្មែរក្រោម​ដែល​កំពុងតែ​រស់នៅ​ក្រោម​នឹម​អាណានិគម​យួន​ ក៏​ត្រូវតែ​ចេះ​ក្រោក​ឡើង​តស៊ូ​ទាំងអស់គ្នា​ ដើម្បី​សិទ្ធិ​សេរីភាព​ដែរ​ ។ ជាពិសេស​វ័យ​កណ្តាល​ត្រូវតែ​ត្រៀមខ្លួន​បន្តវេន​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដើម្បី​តស៊ូ​ទាមទារ​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ ។

(វីដេអូ​)

លោក​ ប្រាក់​ សេ​រី​វុ​ឌ្ឃ​ ជា​ប្រធានប្រតិបត្តិ​ និង​ លោក​ ម៉ៅ​ មុនី​ ជា​អនុប្រធាន​ប្រតិបត្តិ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ធ្វើ​របាយការណ៍​ ស្ដីពី​សកម្មភាព​ប្រចាំ​ ឆ្នាំ​ ២០១៩​ របស់​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ចាប់ពី​ ខែមករា​ ដល់​ ខែសីហា​ ។ យោង​តាម​របាយការណ៍​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ទទួលជោគជ័យ​យ៉ាងច្រើន​ក្នុង​បេសកកម្ម​ នៅ​លើឆាកអន្តរជាតិ​ក្នុង​ការ​ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋខ្មែរ​ក្រោម​ ក្នុង​នោះ​រួមមាន​ ការ​ចូល​ប្រជុំ​នៅក្នុង​ វេទិកា​ជនជាតិ​ដើម​ នៅ​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ New​ York​ សហរដ្ឋអាមេរិក​ និង​ នៅ​ទីក្រុង​ហ្សឺណែវ​ នៃ​ប្រទេស​ស្វិ​ស និង​ការរៀបចំ​ សន្និសីទ​អន្តរជាតិ​នៅក្នុង​វិមាន​សន្តិភាព​ នាទី​ក្រុង​ឡា​អេ​ នៃ​ប្រទេស​ហូ​ឡង់​ ក្រោម​ប្រធានបទ​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​របស់​ខ្មែរក្រោម​ ដើម្បី​រំឭ​ដល់​ខួប​ ៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​ ជាដើម​ ។

បន្ទាប់មក​ ជា​របៀបវារៈ​នៃ​កិច្ចពិភាក្សា​ជា​ក្រុម​ ​។ ​របៀបវារៈ​នេះ​ ចែកចេញជា​បី​ក្រុម​ ។ ក្រុម​ទីមួយ​ ជា​ក្រុម​របស់​ សហ​ស្ថាបនិក​ និង​ ចាស់​ព្រឹទ្ធា​ចារ្យ​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថ្លែង​អំពី​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ ​រួមមាន​ លោក​ តោ​ កឹម​ ថុង​ ជា​អធិបតី​, លោក​ ចៅ​ រៀប​ ជា​ប្រធាន​សភា​ព្រឹទ្ធា​ចារ្យ​, លោក​ ត្រឹង​ ម៉ាន់​ រិន​ ជា​ប្រធាន​ផែនការ​, លោក​ សឺន​ ហ៊ួរ​ ជា​អគ្គលេខាធិការ​, លោក​ ត្រឹង​ យ៉ា​ប ជា​ប្រធាន​រដ្ឋបាល​ និង​ ​លោក​ ចៅ​ សេរី​ ជា​អគ្គហេរញ្ញិក​ ។ ​ក្រុម​ទីពីរ​ ជា​ក្រុម​យុវជន​ រួមមាន​ ​លោក​ ម៉ៅ​ មុនី​ ជា​អនុប្រធាន​ប្រតិបត្តិ​, លោក​ គឹម​ ស៊ី​រា​ ជា​ប្រធាន​យុវជន​ប្រចាំ​កាណាដា​, លោក​ លី​ កើត​ ជាស​មា​ជិ​កប្រចាំ​ទីក្រុង​ ឡា​សវេហ្គាស​ , លោក​ ថាច់​ សា​មន​ ជា​ជំនួយការ​ហេរញ្ញិក​, អ្នកស្រី​ ថាច់​ សុ​មា​លីន​ ជាស​មា​ជិ​កក្រុម​យុវជន​ និង​ ភិក្ខុ​ ថាច់​ ប្រីជា​ គឿន​ ជា​អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ និង​ ជា​និពន្ធ​នាយក​ នៃ​សារព័ត៌មាន​ ព្រៃនគរ​ ។ ក្រុម​ទីបី​ ជា​ក្រុម​ប្រធាន​តំបន់​ ប្រធាន​សាខា​ និង​ ព្រះសង្ឃ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ រួមមាន​ លោក​ ត្រឹង​ សារុង​ ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​ទ្វីបអឺរ៉ុប​, លោក​ សឺន​ យឿង​ ជា​ប្រធាន​សមាគមខ្មែរកម្ពុជាក្រោម ដើម្បី​សិទ្ធិមនុស្ស​ និង​ អភិវឌ្ឍន៍​ មកពី​ប្រទេស​កម្ពុជា​, ព្រះតេជព្រះគុណ​ ថាច់​ ហាន់ ​ជា​ព្រះចៅ​អធិការ​វត្ត​ពុទ្ធិក​ខ្មែរ​, អ្នកស្រី​ សឺង​ សា​មេ​ត ជា​ប្រធាន​សាខា​ប្រចាំ​ទីក្រុង​ San​ Bernardino​ នៃ​រដ្ឋ​ California​ , អ្នកស្រី​ ថាច់​ សុជាតា​ ជា​ក្រុម​យុវជន​មក​ពី​ប្រទេស​កាណាដា​ និង​ជា​សហការី​ នៃ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ និង​ ទូរទស្សន៍​ ព្រៃនគរ​, លោក​ ថាច់​ តង​ ជា​ប្រធាន​តំបន់​ភាគ​លិច​សហរដ្ឋអាមេរិក​, លោក​ សឺង​ សា​រុម​ ជា​ប្រធាន​សាខា​ ប្រចាំ​រដ្ឋ​ Colorado​ សហរដ្ឋអាមេរិក​ , លោក​ គឹម​ សូ​នី​ ជា​ប្រធាន​សាខា​ប្រចាំ​រដ្ឋ​ California​ ភាគ​ខាងជើង​, លោក​ ថាច់​ ជូន​ ជា​ប្រធាន​សាខា​ប្រចាំ​ទីក្រុង​ San​ Jose​ រដ្ឋ​ California​ , លោក​ សឺង​ ចាន់​ កុសល​ ជា​ប្រធាន​សាខា​ប្រចាំ​ទៅ​ក្រុង​ Orlando​ រដ្ឋ​ Florida​, លោក​ សឺន​ ថាយ​ ធន​ ជា​លេខាធិការ​ នៃ​សាខា​ប្រចាំ​រដ្ឋ​ North​ Carolina​ និង​ ជា​សហការី​ នៃ​ វិទ្យុ​សំឡេង​កម្ពុជាក្រោម​ និង​ ទូរទស្សន៍​ ព្រៃនគរ​ , លោក​ អេន​ឌី​ ឡឹម​ ជា​ប្រធាន​សាខា​ប្រចាំ​ទីក្រុង​ Las​ Vegas​ , លោក​ កៀង​ រម្ម​ណី​ ជា​ប្រធាន​សាខា​ប្រចាំ​រដ្ឋ​ California​ ភាគ​ខាងត្បូង​ ។

ចុងបញ្ចប់​ នៃ​កិច្ចប្រជុំ​ លោក​ សឺន​ ហ៊ួរ​ ជា​អគ្គលេខាធិការ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ប្រកាស​អំពី​គម្រោង​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​នាយក​ នៅ​ឆ្នាំ​ ២០២០​ ខាងមុខ​ និង​ប្រកាស​អំពី​លក្ខន្តិកៈ​ សម្រាប់​ការបោះឆ្នោត​ និង​អំពី​សមាសភាព​ គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ រួមមាន​ ​ព្រះតេជព្រះគុណ​ ថាច់​ ហាន់​, ព្រះតេជព្រះគុណ​ ឡឹម​ ខាយ​, ព្រះតេជព្រះគុណ​ អៀង​ ភិរុណ​, លោក​ លី​ សេត​ និង​ អ្នកនាង​ ថាច់​ សុ​មា​លីន​ ។

សំណួរ​ និង​ ចម្លើយ​ ផ្សេង​ៗ ពី​សមាជិក​ សមាជិកា​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​អ្នកចូលរួម​ប្រជុំ​ ។ កិច្ចប្រជុំ​ថ្ងៃទី​ ២ បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ៥ រសៀល​ ។

ថ្ងៃទី​បី​នៃ​កិច្ចប្រជុំ​ ​បាន​ប្រព្រឹត្តទៅ​ នៅ​ថ្ងៃអាទិត្យ​ ៣ កើត​ ខែភទ្របទ​ ឆ្នាំ​ កុរ​ ឯកស័ក​ ព. ស. ២៥៦៣​ ត្រូវ ​នឹង​ថ្ងៃទី​ ១ ខែកញ្ញា​ គ. ស. ២០១៩​ ចាប់ពី​ម៉ោង​ ៩ ព្រឹក​ នា​ សាល​ប្រជុំ​ដដែល​ ។

កិច្ចប្រជុំ​បាន​ចាប់ផ្ដើម​ដោយ​ ដោយមាន​ លោក​ ថាច់​ វឿង​ ជា​អ្នកសម្របសម្រួល​កម្មវិធី​ជា​ភាសាខ្មែរ​ និង​ អ្នកស្រី​ ​កៀង​ សា​ខន​ ជា​អ្នកសម្របសម្រួល​កម្មវិធី​ជា​ភាសាអង់គ្លេស​ ដឹកនាំ​ធ្វើ​កិច្ច​គោរព​ទង់ជាតិ​កម្ពុជាក្រោម​ ​កិច្ច​គោរព​ចំពោះ​វីរបុរស​ជាតិ​ដែល​បាន​បូជាជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​ និង​ ព្រះពុទ្ធ​សាសនា​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ព្រមទាំង​ព្រះសង្ឃ​សូធ្យ​ជយន្តោ​ (ជយ​បរិត្ត​) ជា​កិច្ច​ចម្រើន​ជ័យមង្គល​ដល់​អង្គប្រជុំ​ ។ ​

ជាដំបូង​ បន្ទាប់ពី​ លោក​ ថាច់​ វៀន​ ជា​អធិបតី​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថ្លែង​បើក​អង្គប្រជុំ​ ​លោក​ ប្រាក់​ សេរី​វុឌ្ឍ​ ជា​ប្រធានប្រតិបត្តិ​ និង​ លោក​ ម៉ៅ​ មុនី​ ជា​អនុប្រធាន​ប្រតិបត្តិ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ធ្វើ​បទ​បង្ហាញ​អម​ដោយ​រូបភាព​ Slide​ Shows​ នូវ​សកម្មភាព​លើឆាកអន្តរជាតិ​ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​អនុវត្ត​ និង​ បាន​ទទួលជោគជ័យ​ ក្នុង​ឆ្នាំ​ ២០១៩​ និង​ បង្ហាញ​ផែនការ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២០​ ។ ​

លោក​ ត្រឹង​ ម៉ាន់​ រិន​ ជា​ប្រធាន​ប្រធាន​ផែនការ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ថ្លែង​បង្ហាញ​នូវ​សុទិដ្ឋិនិយម​របស់​ខ្លួន ​ចំពោះ​ជោគជ័យ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ធ្វើ​ឱ្យ​បរទេស​ បាន​ស្គាល់​ទឹកដី​កម្ពុជាក្រោម​ និង​បាន​ស្គាល់​ខ្មែរក្រោម​ ជា​ជនជាតិ​ដើម​ ក្នុង​នោះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ចូលរួម​ប្រណាំង​ទូកង​ជា​លក្ខណៈ​អន្តរជាតិ​, ចូលរួម​ប្រជុំ​វេទិកា​អចិន្រ្តៃយ៍​របស់​អង្គការ​សហ​ប្រជា​តិ​ ស្តី​ពី​បញ្ហា​សិទ្ធិ​ជនជាតិ​ដើម​ នៅ​ទី​ក្រុង​ញ៉ូ​វយ៉​ក (New​ York​) , ហ្សឺណែវ​ (Geneva​), ប្រូស​សែល​ (Brussels​ ) និង​ ក្រសួង​ការបរទេស​ នៃ​ប្រទេស​មហាអំណាច​ មាន​ សហរដ្ឋអាមេរិក​ ជាដើម​ ។

លោក​ សឺន​ ហ៊ួរ​ ជា​អង្គ​លេខាធិការ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ប្រកាស​នូវ​សេចក្ដីសម្រេច​ នៃ​កិច្ច​កិច្ចប្រជុំ​​រយៈពេល​ពីរ​ថ្ងៃ​ ។ សេចក្ដីសម្រេច​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២០​ រួមមាន​ ២ ចំ​ណុច​ធំៗ​ គឺ​ កិច្ចការ​អន្តរជាតិ​ និង​ កិច្ចការ​នៅ​កម្ពុជាក្រោម​ និង​ តំបន់​ ។

ទីមួយ​ កិច្ចការ​អន្តរជាតិ​ ​ចែកចេញជា​ ៣ ផ្នែក​សំ​ខាន់​ៗ រួមមាន​៖

  • សិក្សា​គំរូ​ពី​ប្រទេស​នានា​ ដើម្បី​បន្ត​អនុវត្ត​នូវ​គោលដៅ​ សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​
  • ការពារ​ និង​បំរើ​ខ្មែរក្រោម​ ក្នុង​ស្រុក​តាមរយៈ​គោលការណ៍​ SDGs​ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម
  • ធ្វើការ​ជាមួយ នឹង​រដ្ឋាភិបាល​ ទីភ្នាក់ងារ​អន្តរជាតិ​ នៃ​អង្គការសហប្រជាជាតិ​ ​សភា​អឺរ៉ុប​ និង​អាស៊ាន​

ទីពីរ​- កិច្ចការ​នៅ​កម្ពុជាក្រោម​ និង​ កិច្ចការ​នៅ​តាម​តំបន់​ ចែកចេញជា​ ៦ ផ្នែក​សំ​ខាន់​ៗ រួមមាន​៖

  • ពង្រឹង​សមាជិក​ និង​ ធ្វើការ​ជាមួយ នឹង​តំបន់​ និង​ សាខា​
  • អប់រំ​សមាជិក​អំពី​សិទ្ធិ​ និង​ កាតព្វកិច្ច​របស់​ខ្លួន
  • រៀបចំ​ មហាសន្និបាត​ពិភពលោក​ លើក​ទី​ ១១​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​ទីក្រុង​ Tacoma​ រដ្ឋ​ Washington​ State​ ដើម្បី​បោះឆ្នោត​ជ្រើស​គណៈកម្មការ​នាយក​ អាណត្តិ​ថ្មី​
  • បន្ត​លើកកម្ពស់​ការយល់​ដឹង​ និង​តស៊ូ​មតិ​ ដើម្បី​ទាមទារ​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ របស់​ជនជាតិ​ដើម​ខ្មែរក្រោម​
  • រៀបចំ​កិច្ចប្រជុំ​ គណៈកម្មការ​ប្រតិបត្តិ​ ជាមួយ នឹង​ថ្នាក់ដឹកនាំ​តំបន់​ និង​ សាខា​ តាម​ទូរ​សន្និបាត​
  • រៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ថ្នាក់ដឹកនាំ​

លោក​ ចៅ​ សេរី​ ជា​អគ្គហេរញ្ញិក​ និង​ លោក​ ថាច់​ សា​ម៉ន​ ជា​អ្នកជំនួយ​ការ​ហេរញ្ញិក​ បាន​ថ្លែង​អំពី​ ប្រាក់ចំណូល​ និង​ចំណាយ​ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក្នុង​ឆ្នាំ​ ២០១៩​ និង​ គំរោង​ថវិកា​សម្រាប់​ ឆ្នាំ​ ២០២០​ ។

លោក​ សឺង​ សម្រេច​ ជា​ទី​ប្រក្សា​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ថ្លែង​អំពី​ សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ ដោយ​លោក​បាន​ដាស់​ស្មារតី​ឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​គ្រប់រូប​ត្រូវ​ចេះ​រើបំ​រះ​ ពេលណា​ត្រូវ​គេ​ជិះជាន់​ ឬ ត្រូវ​គាបសង្កត់​ ។ លោក​បាន​បង្ហាញ​នូវ​មោទនភាព​របស់​ខ្លួន ​ចំពោះ​ទង់ជាតិ​កម្ពុជាក្រោម​ថា​ រាល់​ពលិកម្ម​ និង​ការ​លះ​បង់​អ្វី​ៗគ្រប់យ៉ាង​ របស់​ថ្នាក់ដឹកនាំ​ និង​សមាជិក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ជុំវិញ​ពិភពលោក​ បាន​ប្រមូល​ទៅលើ​ទង់ជាតិ​ ​កម្ពុជាក្រោម​ ៣ ពណ៌​ គឺ​ ខៀវ​ លឿង​ និង​ក្រហម​ ដែល​ជា​ពណ៌​នៃ​សាច់ឈាម​របស់​ពលរដ្ឋខ្មែរ​ក្រោម​គ្រប់រូប​ ធ្វើឲ្យ​ពិភពលោក​បាន​ស្គាល់​ខ្មែរក្រោម​ជា​នរណា​ ។

អ្នកស្រី​ សឺង​ ធី​ ណិត​ ជា​ប្រធាន​ស្ត្រី​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ថ្លែង​អំពី​ សមិទ្ធផល​ជោគជ័យ​នានា​ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថា​ បាន​មក​ពី​កម្លាំង​គាំទ្រ​របស់​សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ទាំងអស់គ្នា​ មិនមែន​ បាន​ដោយសារតែ​គណៈកម្មការ​នាយក​ប៉ុន្មាន​រូប​នោះ​ទេ​ ។ អ្នកស្រី​ បានថ្លែងថា ​ស្រ្តីសម័យនេះ​ ត្រូវតែ​ចេះ​ហ៊ាន​តស៊ូ​មតិ​ ដើម្បី​សិទ្ធិ​សេរីភាព​របស់​ខ្លួន ​ក្នុងនាម​ជា​ជនជាតិ​ដើម​នៃ​ដែនដី​កម្ពុជាក្រោម​ ។ ចុងក្រោយ​អ្នកស្រី​បាន​ថ្លែង​ជូន​អង្គប្រជុំ​នូវ​កំណាព្យ​ស្ដីពី​ “បណ្ដាំ​ដូនតា​ខ្មែរក្រោម​” ដែល​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ ។

(កំណាព្យ​)

លោក​ ថាច់​ វៀន​ ជា​អធិបតី​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ធ្វើ​សេចក្ដីអរ​គុណ​ ដល់​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ នៅ​ទីក្រុង​ Las​ Vegas​ ហើយ​បាន​អញ្ជើញ​ពួកគាត់​ឡើង​វេទិកា​ ដើម្បី​មាន​មតិ​ម្ដងម្នាក់​ អំពី​ភារកិច្ច​របស់​ខ្លួន​ ដែល​បាន​រៀបចំ​ទទួលភ្ញៀវ​តាំងពី​ដើម​ដល់​ចប់​ មាន​ដូចជា​ ការ​ដឹកជញ្ជូន​ភ្ញៀវ​ ​ការ​ដាំ​ស្ល​ ​និង​ កន្លែង​ស្នាក់នៅ​ ជាដើម​ ឲ្យ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ និង​ ជោគជ័យ​ ។ សមាជិក​ គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​ នៅ​ទីក្រុង​ Las​ Vegas​ រួមមាន​ ព្រះតេជព្រះគុណ​ ថាច់​ ហាន់​ ព្រះចៅ​អធិការ​វត្ត​ពុទ្ធិក​ខ្មែរ​, ​ព្រះតេជព្រះគុណ​ ថាច់​ ផាន​, ​លោក​ លី​ កើត​, ​អ្នកស្រី​ ​ថាច់​ ណា​រី​, ​លោក​ អែន​ឌី​ ឡឹម​, លោក​ ថាច់​ សែន​, លោក​ គឹម​ មៀន​ និង​ លោក​ សួស​ វុឌ្ឍី​ ។

​បន្ទាប់ ពី​នាទី​ សំនួរ​ និង​ ចម្លើយ​ ​ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ បាន​ថ្លែងអំណរគុណ​ដល់​សប្បុរស​ ដែល​បាន​ឧបត្ថម្ភ​ប្រាក់​ដល់​កិច្ចប្រជុំ​នេះ​ និង​បាន​អាន​នូវ​នាម​សប្បុរស​ទាំងអស់​ជូន​អង្គប្រជុំ​បាន​ជ្រាប​ ។

កិច្ចប្រជុំ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ ៥ រសៀល​ ដោយ​ព្រះសង្ឃ​សូត្រ​ជយន្តោ​ចម្រើន​ជយមង្គល​ និង​ ផ្សាយ​មេ​ត្ត​ធម៌​ ដល់​សព្វ​សត្វ​ឲ្យ​រួចចាក​ពៀរ​វេរា​ នឹងគ្នា​ ។

សុ​ន្ទរ​កថា​ ឬ សេចក្ដីថ្លែង​ការណ៍​នី​មួយ​ៗ​របស់​អ្នកចូលរួម​ នឹង​មាន​ចាក់​ផ្សាយ​ពិស្ដារ​ជាបន្តបន្ទាប់​នៅ​លើ​ ទូរទស្សន៍​ ព្រៃនគរ​ និង​ គេហទំព័រ​ វិទ្យុ​សំឡេង​កម្ពុជាក្រោម​ (VOKK.net​) ។

Leave A Reply

Your email address will not be published.