អង្គការ​អន្តរជាតិ ​អំពាវនាវ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ កុំបោះឆ្នោត​គាំទ្រ​បេក្ខភាព​វៀតណាម​ ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស

0 124

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ចំនួន បាន​អំពាវនាវ​ឲ្យ​ឯកអគ្គរដ្ឋទូត និង​តំណាង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ កុំបោះឆ្នោត​គាំទ្រ​បេក្ខភាព​ប្រទេស​វៀតណាម​ ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ។ អង្គការ​សិទ្ធិ​ទាំង​នោះ ​លើក​ឡើង​ថា ប្រទេស​វៀតណាម​ បន្ត​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ លើ​ពលរដ្ឋខ្លួន​ឯង និង​ជនជាតិ​ដើម ដែល​ជា​ម្ចាស់​ស្រុក រួមមាន​ពលរដ្ឋខ្មែរ​ក្រោម​ ជា​ដើម ។

ប្រតិភូ​ហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជួបប្រជុំជាមួយមន្រ្តីក្រសួងការរទេសសហរដ្ឋអាមេរិក នាពេលកន្លងមក ។
ប្រតិភូ​ហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជួបប្រជុំជាមួយមន្រ្តីក្រសួងការរទេសសហរដ្ឋអាមេរិក នាពេលកន្លងមក ។

អង្គការ​អន្តរជាតិ​ចំនួន​ ៧​ បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​មួយ បង្ហាញ​ក្តី​កង្វល់​ដល់ ​ឯកអគ្គរដ្ឋទូត និង​តំណាង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ជុំវិញ​ប្រទេស​វៀតណាម ដែល​ចង់​ក្លាយ​ជា​សមាជិក ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ សម្រាប់​អាណត្តិថ្មី​ពី​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ​២០២៥ ។ អង្គការ​ទាំងនោះ​ លើកឡើង​ថា វៀតណាម​មាន​កំណត់ត្រា​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដូច្នោះ ​ប្រសិន​បើ​ប្រទេស​នេះ ជាប់​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​មែន​នោះ កិត្តិយស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​កំពូល​ពិភពលោក​មួយ​នេះ នឹង​ត្រូវ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ។

ញាតិ្តរបស់​អង្គការ​អន្តរជាតិ​នេះ ធ្វើឡើង​ក្រោយ​ពេល ក្រសួង​ការបរទេស​វៀតណាម​ប្រកាស​ថា វៀតណាម​ចង់ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ។ វៀតណាម អះអាង ថា រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ នឹង​ប្តេជ្ញា​ការពារ​ជនងាយ​រងគ្រោះ បំបាត់អំពើ​ហិង្សា លើកតម្កើង​សមភាព​យេនឌ័រ​ និងដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពិភពលោក ។ វៀតណាម​ធ្លាប់​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​នេះ ​ម្តង​រួច​ហើយ កាល​ពី​ចន្លោះ​ឆ្នាំ ២០១៤ និង ២០១៦ ។ ទោះបី​ជា​យ៉ាង​ណា កាល​ពី​ពេល​ថ្មីៗ​ នេះ អ្នករាយការណ៍​ពិសេស​ផ្នែកសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ សម្រាប់​ប្រទេស​វៀតណាម សំដែង​ក្តី​បារម្ភ​ជុំវិញ​ការ​ឃាត់​ខ្លួន​យុវជន​ខ្មែរ​ក្រោម ​លោក យឿង ខាយ ដោយ​ចោទ​ប្រកាន់​លោក​រឿង​ចែកចាយ ឯកសារ​សេចក្តីប្រកាស​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម ។ វៀតណាម​ បាន​សារភាព​ថា អាជ្ញាធរ​វៀតណាម​ពិត​ជា​បាន​ចាប់​ខ្លួន​លោក យឿង ខាយ ដោយ​សារ​តែការ​ចែក​ចាយ​ឯកសារ​ ស្តីពី​សិទ្ធិជនជាតិ​ដើម​មែន ។

វៀតណាម​ ក៏​បាន​ចាប់​ផ្តើម​កាត់​ទោស​កំរិត​ធ្ងន់ ប្រឆាំង​នឹង​សកម្មជន​សិទ្ធិមនុស្ស ​និង​ដីធ្លី ពី​បទប្រឆាំង​នឹង​រដ្ឋ​វៀតណាម ដែល​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ទង្វើនេះ​ថា ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ។ វៀតណាម ​បន្ត​ប្រើប្រាស់​មធ្យោបាយ ធ្វើទារុណកម្ម​ ដើម្បី​បង្ខំ​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស សារភាព​ទទួល​យក​ទោស​កំហុស​ ដែល​ពួកគេ​មិន​បាន​ប្រព្រឹត្ត ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចុះហត្ថលេខា​លើ​ញាតិ្ត ស្នើ​ឲ្យ​ប្រទេសជា​សមាជិក​អង្គការ​ប្រជាជាតិ​ កុំបោះឆ្នោត​គាំទ្រ​បេក្ខភាព​វៀតណាម កាល​ពី​សប្តាហ៍​មុន បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​ទៅ​អង្គការ​សហប្រជាជាតិ ​នៅ​បុរី ញូយ៉ក(New York) ដើម្បី​ធ្វើការ​តស៊ូមតិ​ប្រឆាំង​នឹង​សមាជិកភាព​របស់​វៀតណាម ។ សហព័ន្ធ បាន​ដាក់​ញាតិ្ត​ឲ្យ​តំណាង​ប្រទេស​លោក​សេរី​ នៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​ស្វែង​យល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​វៀតណាម និង​បើក​កិច្ចប្រជុំ​ដើម្បី​ផ្សព្ធផ្សាយ​ព័ត៌មាន​ ជុំការ​រំលោភ​បំពាន​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​លោក ប្រាក់ សេរីវុឌ្ឍ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រទេស​សេរី​ជា​ច្រើន​ប្រទេស​បាន​ស្វែង​យល់ ពីការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​វៀតណាម ហើយ​លោក សង្ឃឹម​ថា ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នឹង​មិន​បោះឆ្នោត​គាំទ្រ​វៀតណាម​នោះ​ទេ៖ «ខ្ញុំសង្ឃឹម​ថា គេ​នឹង​បោះឆ្នោត​ប្រឆាំង​កុំ​ឲ្យ​ចូល​ជា​អង្គការ​សិទ្ធិ​មនុស្ស​ហ្អឹង…ប៉ុន្តែ បើ​វៀតណាម​នៅ​តែ​បាន​ជាប់​ដដែល សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម គ្មាន​អ្វី​ខាត​ទេ ។ ពាក្យ​ចាស់​ថា កុំយក​ពងមាន់​ទៅ​ជល់​ហ្នឹង​ថ្ម វា​មិន​ឈ្នះ​ទេ ប៉ុន្តែ​ ពង​មាន់​គប់​ច្រើន​ទៅ​វា​នឹង​ធ្វើ​ឲ្យ​ប្រឡាក់​ថ្ម​ហ្នឹង» ។

ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ក្នុង​ប្រព័ន្ធ​អង្គការ​ សហប្រជាជាតិ ដែល​មាន​តួនាទី​ ដើម្បី​ពង្រឹង​លើក​តម្កើង និង​ការពារ​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក​ ដោះ​ស្រាយ ការ​រំលោភ​សិទ្ធិមនុស្ស និង​ផ្តល់​អនុសាសន៍ ​ស្តីពី​បញ្ហា​សិទិ្ធមនុស្ស ។ ក្រុម​ប្រឹក្សា​នេះ មាន​សមាជិក ៤៧​ មក​ពី​ប្រទេស​ជាសមាជិក​អង្គការ​សហប្រជាជាតិ​ ហើយ​តែង​ជួបប្រជុំ​គ្នា​មួយ​ឆ្នាំ​ម្តង ដើម្បី​ជជែក​បញ្ហា​សិទ្ធិមនុស្ស​ពិភពលោក នៅ​ការិយាល័យ អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុងហ្សឺណែវ ​(Geneva) ប្រទេសស្វីស (Switzerland) ។

ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា អង្គការ​សហប្រជាជាតិ​ជាង ​១៩០ ​ប្រទេស នឹង​បោះឆ្នោត ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស សម្រាប់​អាណត្តិ បី​ឆ្នាំ ពី​ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ នៅថ្ងៃទី ១១ ខែតុលានេះ ។ សម្រាប់​អាណត្តិ​នេះ មាន​ប្រទេស ១៧ រួមទាំង​វៀតណាម​ផង ប្រកួត​ដណ្តើម​យក​អាសនៈនៅ​សេសសល់​ចំនួន ​១៤ ក្នុង​ចំណោម​សមាជិក​សរុប ៤៧​ ប្រទេស​ ដើម្បី​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ៕

Leave A Reply

Your email address will not be published.