ប្រ​តិ​ភូ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រាយ​ការណ៍​អំ​ពី​ការ​រំ​លោភ​សិទ្ធិមនុស្ស ដល់​មន្រ្តី​សិទ្ធិ​មនុស្ស​សហរដ្ឋ​អា​មេរិក

760

ដោយ ស៊ឺន ចែងចើន| VOKK

នៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែមករា នេះ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដឹកនាំ ដោយលោកបណ្ឌិត Joshua Cooper ប្រធានអង្គការសិទ្ធិមនុស្សរដ្ឋហាវ៉ៃ និងជាឧត្តមទី ប្រឹក្សា សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបគណៈកម្មការសិទ្ធិមនុស្ស នៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដើម្បីជំរាបអំពីស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពជំនឿសាសនា នៅកម្ពុជាក្រោម ។

ព្រះតេជព្រគុណ លីវ នី និង ថាច់ ធឿន ពេលត្រូវខចាប់ផ្សឹក ។
ព្រះតេជព្រគុណ លីវ នី និង ថាច់ ធឿន ដែលកំពុងតែនៅក្នុងគុកយួន ។

គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមាន លោក ត្រឹង យ៉ាប ប្រធានរដ្ឋបាល, លោក ត្រឹង ម៉ាន់រិន ប្រធានផែនការ, លោក វ៉ាង យឿង (Hoang Duong) ទីប្រឹក្សាយុវជន, លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា និងលោក លី ចាន់ដា ជនរងគ្រោះត្រូវអាជ្ញាធរយួនចាប់ផ្សឹក ច្រកចូលបាវធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដែលសព្វថ្ងៃបានតាំងទីលំនៅថ្មី នៅរដ្ឋញូវយ៉ក់ សហរដ្ឋអាមេរិក ។

នៅវេលាម៉ោង ១១ ថ្ងៃត្រង់ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តី នាយក ដ្ឋានរដ្ឋាបាលនៃសហរដ្ឋអាមេរិក (United States Department of State), ម៉ោង ២ រសៀល ចូលជួបគណៈកម្មាធិការសិទ្ធិមនុស្ស ទទួលបន្ទុកកិច្ចការបរទេស (House Committee on Foreign Affairs) និងម៉ោង ៤ និង ៣០នាទីរសៀល គណៈប្រតិភូស ហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបសវនាការជាមួយនឹងគណៈកម្មាធិការសិទ្ធិមនុស្ស Tom Lantos (Tom Lantos Human Rights Commission).

បន្ទាប់ពីការជួបធ្វើសវនាការជាមួយនឹងគណៈកម្មាធិការសិទ្ធិមនុស្សសហរដ្ឋអាមេរិក រួចហើយ នៅថ្ងៃសុក្រ ទី ២៧ ខែមករា ស្អែកនេះ គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏គ្រោងចូលទៅការិយាល័យវិទ្យុអាស៊ីសេរី (RFA) និងការិយាល័យ វិទ្យុសំឡេងសហរដ្ឋ អាមេរិក (VOA) ដើម្បីរាយការណ៍អំពីលទ្ធផលនៃការជួបមន្រ្តីសិទ្ធិមនុស្សអន្តរជាតិទាំង ៣ ស្ថាប័ន និងផ្សព្វផ្សាយទិសដៅផែនការឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ ។

ព័ត៌មានពិស្តារជុំវិញគណៈប្រតិសហព័ន្ធខ្មែរកម្ពុជាក្រោមចូលជួបគណៈកម្មាធិការសិទ្ធិមនុស្សសហរដ្ឋអាមេរិក វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) នឹងផ្សាយជូននៅកម្មវិធីលើក ក្រោយ ៕

Comments are closed.