លទ្ធផល​នៃ​កិច្ចប្រជុំ​មហាសន្និបាត លើក​ទី ១០ នៃ​យន្តការ​អ្នកជំនាញ ស្ដីពី​សិទ្ធិ​ជនជាតិដើម (EMRIP) របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

168

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ចាប់ពី​ថ្ងៃទី ១០ ដល់ ១៤ ខែកក្កដា សប្ដាហ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​ប្រតិភូ​របស់ ខ្លួន​ទៅ​ចូល​ថ្លែងការណ៍​នៅក្នុង​មហាសន្និបាត លើក​ទី ១០ នៃ យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជន ជាតិ​ដើម នៅ​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ។

ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ចូល​ថ្លែងការណ៍​នៅក្នុង​មហាសន្និបាត លើក​ទី ១០ នៃ យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម នៅ​ទីក្រុងហ្សឺ​ណែវ ប្រទេស​ស្វិ​ស ។ រូបថតៈ ថាច់ វាសនា
ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ចូល​ថ្លែងការណ៍​នៅក្នុង​មហាសន្និបាត លើក​ទី ១០ នៃ យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម នៅ​ទីក្រុងហ្សឺ​ណែវ ប្រទេស​ស្វិ​ស ។ រូបថតៈ ថាច់ វាសនា

​មហាសន្និបាត យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (EMRIP) ជា​យន្តការ​សម្រាប់​ផ្ដល់ ព័ត៌មាន​ស្ដីពី​ជនជាតិដើម ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស (Human Rights Council) ។ នេះ​ជា​អាណត្តិ ថ្មី​របស់ EMRIP ដែល​គេ​ដឹងថា ជាការ​អនុវត្ត​លើ​សេចក្ដីសម្រេច​លេខ ៣៣/២៥ ដែល​បានអនុម័ត កាលពី​ខែកញ្ញា ឆ្នាំ ២០១៦ ។

សារៈសំខាន់​ដែល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលប្រជុំ​នៅក្នុង​មហាសន្និបាត EMRIP នោះ ដើម្បី ផ្ដល់ព័ត៌មាន អំពី​បញ្ហា​សិទ្ធិមនុស្ស​ផ្សេងៗ​ទាក់ទង​នឹង​ជនជាតិដើម​ខ្មែរក្រោម នៃ​ដែនដី​កម្ពុជា​ក្រោម ដល់​អ្នកជំនាញ​ខាង​សិទ្ធិ​ជនជាតិដើម នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដើម្បី គេ​យកទៅ​សិក្សា និង​ធ្វើជា​របាយការណ៍​ប្រាប់​ដល់​សហគមន៍​អន្តរជាតិ ។ ម្យ៉ាងទៀត EMRIP បច្ចុប្បន្ន​មាន​ភារកិច្ច​គាំទ្រ​ចំពោះ សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជន ជាតិ​ដើម (UNDRIP) ។ នៅពេលដែល​មានការ​សិក្សា​ស្រាវជ្រាវ​យ៉ាងច្បាស់​លាស់​អំពី​ប្រជាពលរដ្ឋ ខ្មែរក្រោម សហគមន៍​អន្តរជាតិ​នឹង​យល់​អំពី​គោលការណ៍​តស៊ូ​ដើម្បី “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ ខ្លួនឯង​” របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

មហាសន្និបាត​នេះ អ្នកជំនាញ​បានធ្វើការ​សិក្សា​ទៅលើ ការអនុវត្ត​ល្អ និង​បញ្ហា​ប្រឈម​ចំពោះ ជនជាតិដើម ដូចជា ការរើសអើង​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការទទួលបាន​នូវ​សេវា​ហិរញ្ញវត្ថុ ជាពិសេស លើ​ក្រុម​ស្ត្រី​ជនជាតិដើម និង​ជនជាតិដើម​ដែល​ពិការ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏ បានផ្ដល់​អនុសាសន៍​ដ​ល់​អ្នកជំនាញ​អំពី​ការធ្វើ​ពាណិជ្ជក​កម្ម និង​ធ្វើយ៉ាងណា​ដើម្បី​សេវា​ហិរញ្ញវត្ថុ បាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ម្ចាស់​ស្រុក ។

​វត្តមាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង EMRIP ដើម្បី​ពិនិត្យមើល​នូវ​វិធីសាស្ត្រ​ទាក់ទង​នឹង ការងារ​អាណត្តិ​ថ្មី​របស់ យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (EMRIP) ថា​តើ EMRIP អាចធ្វើ ការ​បាន​កាន់តែ​ច្រើនយ៉ាង​ណាខ្លះ ពេលដែល​យន្តការ​នេះ​បាន​ចូល​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​នៅក្នុង​មហាសន្និបាត លើក​ទី ១០ នៃ​យន្តការ​អ្នកជំនាញ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (EMRIP) ឆ្នាំ ២០១៧ នេះ បណ្ឌិត Joshua Cooper ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹកនាំ​ក្រុមយុវជន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ៣ រូប គឺ លោក Ricky Tran និង នាង Connie Hang មកពី សហរដ្ឋអាមេរិក និង នាង Licia Tran មកពី​ប្រទេស​អី​តា​លី ចូលប្រជុំ​ដើម្បី​ផ្ដល់​អនុសាសន៍​អ្នក ជំនាញ ។​

​ក្រុមយុវជនសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពីឆ្វាងទៅស្តាំ គឺលោក Ricky Tran នាង Connie Hang មកពីសហរដ្ឋអាមេរិក នាង Licia Tran មកពី​ប្រទេស​អី​តា​លី និងព្រះតេជព្រះគុណ ថាច់ វាសនា មកពីប្រទេសបារាំង ។ រូបថតៈ ថាច់ វាសនា
​ក្រុមយុវជនសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពីឆ្វាងទៅស្តាំ គឺលោក Ricky Tran នាង Connie Hang មកពីសហរដ្ឋអាមេរិក នាង Licia Tran មកពី​ប្រទេស​អី​តា​លី និងព្រះតេជព្រះគុណ ថាច់ វាសនា មកពីប្រទេសបារាំង ។ រូបថតៈ ថាច់ វាសនា

​លើក​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង​ថ្លែងការណ៍​ផ្ដល់​អនុសាសន៍​ដល់ EMRIP ចំនួន ៤ ដង ដោយ​សេចក្ដីថ្លែងការណ៍​ទាំងនោះ ផ្ដោតលើ​បញ្ហា​សិទ្ធិមនុស្ស​ខ្មែរក្រោម​មួយចំនួន ដូចជា ការគំរាមកំហែង​យុវជន​ខ្មែរក្រោម​ដែល​ពាក់​អាវយឺត​ខ្មែរក្រោម ការ​គំរាម​និង​រារាំង ព្រះតេជព្រះគុណ លីវ នី សាង​ផ្នួស​ឡើងវិញ ការបាត់បង់​នូវ​មុខរបរ​ប្រពៃណី​កសិកម្ម ហើយ​ជំនួស​ដោយ​មុខរបរ ចិញ្ចឹម​បង្កង​ដោយ​មិនមាន​ស្ថេរភាព​របស់​ខ្មែរក្រោម ជាដើម ។​

EMRIP នឹង​បញ្ជូន​អ្នកជំនាញ​របស់ខ្លួន​ទៅ​ស៊ើបអង្កេត​នូវ​រាល់​បញ្ហា​ដែល​កំពុងតែ​កើតឡើង នៅ កម្ពុជា​ក្រោម ។ តួនាទី​របស់ ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​និយាយ​តំណាង​ប្រជាពលរដ្ឋ​ខ្មែរក្រោម ដែល​មិន​មានឱកាស​និយាយ​នៅក្នុង EMRIP ឬ នៅ ក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ដោយ​ពួក គាត់​ផ្ទាល់ ៕

Comments are closed.