សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម រដ្ឋ Washington រំឭកខួប ១២ ឆ្នាំ ថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោមចូលជាសមាជិក UNPO
ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋ Washington នឹងជួបជុំគ្នានៅថ្ងៃទី ០៣ ខែកក្កដា ខាងមុខនេះ ដើម្បីរំឭកដល់ខួប ១២ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោមចូលជាសមាជិក នៃអង្គការ UNPO ។
យោងតាមលិខិតអញ្ជើញមួយច្បាប់ដែលការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបានថ្ងៃនេះ ថា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋ Washington នឹងប្រារព្ធពិធីរាត្រីសមោសរ ដើម្បីរំឮកដល់ខួប ១២ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោម បាន ចូលជាសមាជិកពេញសិទ្ធិ នៃអង្គការ UNPO ។ ពិធីនេះ និងប្រព្រឹត្តទៅ ចាប់ពីម៉ោង ០៧ រសៀល ដល់ ម៉ោង ១២ អធ្រាធ នៅភោជនីយដ្ឋាន Imperial Dragon Restaurant នាទីក្រុង Tacoma រដ្ឋ Washington ។

យោងតាមលិខិតអញ្ជើញនេះដដែល អ្នកដែល បានចូលរួម នឹងជួយបង់វិភាគទានសម្រាប់ សហព័ន្ធខ្មែរ កម្ពុជាក្រោម ម្នាក់ ៥០ $ ។
ព័ត៌មានបន្ថែម ជុំវិញពិធីរាត្រីសមោសរនេះ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទ លេខ 910-920-6769 ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បាន ចូលជាសមាជិកនៃ អង្គការប្រជាជាតិគ្មាន តំណាង (Unrepresented Nation and Peoples Organization) ហៅកាត់ជាភាសាអង់គ្លេសថា UNPO កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ។
យោងតាម គេហទំព័រជាផ្លូវការរបស់អង្គការ UNPO បានបញ្ជាក់ថា អង្គការនេះ ជាក្រុមចលនាអន្តរជាតិ មួយ ធ្វើការតស៊ូដោយសន្តិវិធី អហិង្សា និងលទ្ធិប្រជាធិបតេយ្យ តំណាងឲ្យក្រុមជនជាតិដើម, ជនជាតិ ភាគតិច និងជនជាតិនៅតាមដែនដីដែលត្រូវបានគេវាតទីយក ហើយមិនមានការទទួលស្គាល់ ជាដើម ។ បច្ចុប្បន្ន អង្គការនេះ មានប្រជាជាតិជាសមាជិកប្រមាណជាង ៧០ នៅក្នុងពិភពលោក ។ ពួកគេរួបរួម គ្នាធ្វើការតស៊ូ ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន, ការពារវប្បធម៌របស់ ពួកគេ មិនឲ្យបាត់បង់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីទប់ស្កាត់ រាល់វិបត្តិដែលជះឥទ្ធិពល ដល់ពួកគេ ។ អង្គការ UNPO បានបង្កើតឡើង កាលពីឆ្នាំ ១៩៩១ នៅវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ (The Hague) នៃប្រទេសហូឡង់ ដោយមានការចូលរួមពីសហស្ថាបនិក ចាប់តាំង ពីចំនួន ១៥ រហូតដល់បច្ចុប្បន្នបនេះ កើនឡើងដល់ចំនួនជាង ៧០ នៅក្នុងពិភពលោក ។
យោងតាមគោលការរបស់អង្គការ UNPO សមាជិកទាំងអស់ រួមទាំងសហព័ន្ធខ្មែរកម្ពុជាក្រោម ផង ត្រូវគោរពគោលធំៗចំនួន ៥ គឺ អហិង្សា, សិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ, សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង, ការពារបរិស្ថាន និង ការយោគយល់ ៕