សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ថ្កោលទោស​វៀតណាម​ ករណី​កាត់ទោស​កសិករ​ខ្មែរក្រោម ៤ រូប​

0 275

ដោយ ថាច់ វឿង

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​នៅក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ថ្កោលទោស​អាជ្ញាធរ​វៀតណាម ដែល​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​កសិករ​ខ្មែរក្រោម​ចំនួន ៤ ឲ្យ​ជាប់គុក ពី ៦ ខែ​ទៅ ២ ឆ្នាំ​កន្លះ និង​ជំរុញ​ឲ្យ​វៀតណាម​ត្រូវ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ចំពោះ​ពលរដ្ឋខ្មែរ​ក្រោម ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បើកវេទិកា​ពិភាក្សា ស្ដីពី ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ក្រោម​ប្រធានបទ «​​ក្រោកឈរដើម្បី​សិទ្ធិមនុស្ស​» ។
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បើកវេទិកា​ពិភាក្សា ស្ដីពី ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ក្រោម​ប្រធានបទ «​​ក្រោកឈរដើម្បី​សិទ្ធិមនុស្ស​» ។

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម នៅ​ថ្ងៃទី ១០ ខែធ្នូ បាន​រៀបចំ​វេទិកា​ពិភាក្សា​ស្ដីពី ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ក្រោម​ប្រធានបទ «ក្រោកឈរ​ដើម្បី​សិទ្ធិមនុស្ស» ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជាក្រោម ខណៈ​ដែល​ពួក​គេ​មើលឃើញ​ថា រដ្ឋាភិបាល​វៀតណាម បាន​បង្កើន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ការ​ចាប់ខ្លួន​ពលរដ្ឋខ្មែរ​ក្រោម​ដាក់​ពន្ធនាគារ ដោយសារតែ​ពួក​គេ​ទាមទារ​សិទ្ធិ​ដីធ្លី ។ វេទិកា​នេះ​ ធ្វើតាម Online និង​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម Facebook នៃ វិទ្យុ​សំឡេង​កម្ពុជាក្រោម ។ គណៈកម្មការ​នាយក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​ធ្វើជា​វាគ្មិន​នៅក្នុង​វេទិកា​ពិភាក្សា​នេះ រួមមាន ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន លោក ប្រាក់ សេរី​វុឌ្ឍ ជា​ប្រធានប្រតិបត្តិ​​ នៃ​ សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក Joshua Cooper ជានា​យក​ប្រតិបត្តិ នៃ វិជ្ជាស្ថាន​ហា​វ៉ៃ​ដើម្បី​សិទ្ធិមនុស្ស និង​លោក ទៀ ថេន ជាទី​ប្រឹក្សា​ នៃ​ សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

មុននឹង​វេទិកា​ចាប់ផ្ដើម​ពិភាក្សា ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ សហព័ន្ធ​ខ្មែរកម្ពុជាក្រោម បាន​អាន​នូវ​សេចក្តី​ថ្លែងការណ៍​របស់សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម រំឭក​ពី​គោលបំណង​នៃ​ការ​ប្រា​ព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ និង​បាន​ថ្កោលទោស​ចំពោះ​តុលាការ​វៀតណាម ដែល​បាន​កាត់ទោស​កសិករ​ខ្មែរក្រោម ៤ នាក់ នៅ​ខេត្ត​ក្រ​មួស ឲ្យ​ជាប់ពន្ធ​នា​គារ ចាប់ពី ៦ ខែ ទៅ ២ ឆ្នាំ​កន្លះ ។

(សំឡេង​)

បណ្ឌិត Joshua Copper ជាទី​ប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម និង​ជានា​យក​ប្រតិបត្តិ​វិជ្ជាស្ថាន​ហា​វ៉ៃ ដើម្បី​សិទ្ធិមនុស្ស បាន​ថ្លែង​អំពី​ប្រវត្តិ​នៃ​ការ​អនុម័ត​សេចក្ដីប្រកាស​ជាស​កល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស (UNDHR​) និង​មា​ត្រា​ផ្សេង​ៗ របស់​កតិកាសញ្ញា​អន្តរជាតិ និង​សិទ្ធិ​ជនជាតិ​ដើម ទាក់ទង​នឹង​សិទ្ធិ​ដែល​ខ្មែរក្រោម​គ្រប់រូប​ត្រូវ​ទទួល​បាន ។ លោក​ក៏បាន​រំឭក​ឡើងវិញ​ផង​ដែរ នូវ​សកម្ម​ភាព​ផ្សេង​ៗ លើឆាកអន្តរជាតិ​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដើម្បីឲ្យ​សហគមន៍​អន្តរជាតិ​បានដឹង ​អំពី​ករណី​រំលោភសិទ្ធិ​មនុស្ស​របស់​របប​យួន​កុម្មុយនិស្ត​លើ​ពលរដ្ឋខ្មែរ​ក្រោម ។

(សំឡេង​)

លោក ប្រាក់ សេរី​វុឌ្ឍ ជា​ប្រធានប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ថ្លែង​អំពី​កតិកាសញ្ញា​អន្តរជាតិ​ទាំង ៧ ដែល​ប្រទេស​វៀតណាម​ បាន​ចុះ​ហេ​ត្ថ​លេខា​ជាមួយនឹង​អង្គការសហប្រជាជាតិ ដោយ​បាន​សន្យា​ថា នឹង​ត្រូវ​អនុវត្ត​តាម​ជាដាច់ខាត​ក្នុង​ការគោរព​នូវ​សិទ្ធិ​ប្រជាពលរដ្ឋ​របស់​ខ្លួន ក្នុង​នោះ​រួមមាន សិទ្ធិ​បង្កើ​ជាគ​ណបក្សនយោបាយ សិទ្ធិ​បង្កើត​ជាស​មា​គម សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ជួបជុំគ្នា សិទ្ធិ​ក្នុង​ការ​ផ្សព្វផ្សាយ និង​ទទួល​បាន​ព័ត៌មាន និង សិទ្ធិ​សម្រេចវាសនា​ដោយខ្លួនឯង ជាដើម ។ កតិកាសញ្ញា​អន្តរជាតិ​ទាំង ៧ ដែល​របប​យួន​កុម្មុយនិស្ត​បាន​ចុះហត្ថលេខា​ជាមួយនឹង​អង្គការសហប្រជាជាតិ​នោះ រួមមាន កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិពល​រដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR​) កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង វប្បធម៌ (ICESR​) អនុសញ្ញា​ស្ដីពី​ការ​ប្រឆាំង​នឹង​ការ​ធ្វើទារុណកម្ម (CAT​) អនុសញ្ញា​ស្តី​ពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ពូជសាសន៍ (CERD​) អនុសញ្ញា​ស្តី​ពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​ស្ត្រី (CEDAW​) អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ (CRC​) និង អនុសញ្ញា​ស្តី​ពី​សិទ្ធិ​ជន​ពិការ (CRPD​) ។ ក្រៅពី​នេះ រដ្ឋាភិបាល​របប​យួន​កុម្មុយនិស្ត​ក៏បាន​ចុះ​ហេ​ត្ថ​លេខា​ទទួលស្គាល់​នូវ​សេចក្ដីប្រកាស​ជាស​កល​របស់​អង្គការសហប្រជាជាតិ​ចំនួន ២ ទៀត នោះ​គឺ ស្ដីពី​សិទ្ធិមនុស្ស (UNDHR​) និង សិទ្ធិ​ជនជាតិ​ដើម (UNDRIP​) ផង​ដែរ ។

(សំឡេង​)

លោក ទៀ ថេន ជាទី​ប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម បាន​ថ្លែង​អំពី​ការ​ប្រារព្ធ​ខួប ៧១ ឆ្នាំ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ដែល​បាន​រៀបចំ​ដោយ​ពលរដ្ឋខ្មែរ​ក្រោម​នៅ​ប្រទេស​អូស្រ្តាលី អំពី​សិទ្ធិ​ផ្សេង​ៗ ដែល​ពលរដ្ឋខ្មែរ​ក្រោម​ ត្រូវ​ទទួល​បាន និង​ការរំលោភ​សិទ្ធិមនុស្ស​របស់​របប​យួន​កុម្មុយនិស្ត​លើ​ខ្មែរក្រោម ។ លោក​បន្ដ​ទៀត​ថា សហព័ន្ធ​ខ្មែរ កម្ពុជាក្រោម នឹង​បន្ត​តវ៉ា​ទៅ​សហគមន៍​អន្តរជាតិ​អំពី​ករណី​ដែល​យួន​រំលោភសិទ្ធិ​លើ​ខ្មែរក្រោម ក្នុង​នោះ មាន​ជម្រាប​ទៅ​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ជាដើម ។ លោក​បាន​បញ្ជាក់​ថា ខ្មែរក្រោម​ជា​ជនជាតិ​ដើម​នៃ​ដែនដី​កម្ពុជាក្រោម ត្រូវតែ​ទទួល​បាន​នូវ​សិទ្ធិ​គ្រប់យ៉ាង​នៅ​លើទឹក​ដី​របស់​ខ្លួន ដោយ​របប​យួន​កុម្មុយនិស្ត​គ្មាន​សិទ្ធិ​មក​រំលោភបំពាន​ឡើយ ។

(សំឡេង​)

សូម​បញ្ជាក់​ថា កាលពី ៧២ ឆ្នាំមុន អង្គការសហប្រជាជាតិ​បាន​អនុម័ត​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស នៅ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨៤ ដែល​មាន ៣០ មាត្រា ណែនាំ​ឲ្យ​ប្រទេស​ហត្ថលេខី​ត្រូវ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ក្នុង​នោះ មនុស្ស​គ្រប់រូប​កើតមក​ត្រូវ​មាន​សេរីភាព និង​ភា​ពស្មើៗ​ គ្នា​ក្នុង​សិទ្ធិ និង​សេចក្ដីថ្លៃថ្នូរ ជាដើម ៕

Leave A Reply

Your email address will not be published.