សហព័ន្ធ​ខ្មែរ​​កម្ពុជាក្រោម​ ថ្កោលទោស​​វៀតណាម​ ធ្វើ​នយោបាយ​សងសឹក​អ្នក​ហ៊ាន​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម

0 3,077

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម ​ដែល​ប្រើប្រាស់​នយោបាយ​សងសឹក​ខ្មែរក្រោម ដែល​ហ៊ាន​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម ។ វៀតណាម​ បាន​កោះហៅ​ពួកគេ​ទៅ​គំរាមកំហែង​ និង​បណ្តេញចេញពី​ការងារ​ ដោយសារតែ​ពួកគេ​ប្រារព្ធ​ខួប ១៥​ ឆ្នាំ នៃ​ទិវា សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម (UNDRIP) ដែល​បាន​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ ។

ពិធីអបអរសាទរ ខួប ១៥ ឆ្នាំ នៃ UNDRIP ប្រារព្ធនៅផ្ទះ លោក ថាច់ កឿង ស្ថិតក្នុងស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ។ រូបៈ ផ្តល់ឲ្យ
ពិធីអបអរសាទរ ខួប ១៥ ឆ្នាំ នៃ UNDRIP ប្រារព្ធនៅផ្ទះ លោក ថាច់ កឿង ស្ថិតក្នុងស្រុកផ្នោដាច់ នៃ ខេត្តព្រះត្រពាំង ។ រូបៈ ផ្តល់ឲ្យ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ចាត់ទុក​ទង្វើ​អាជ្ញាធរ​វៀតណាម​ ដែល​បាន​បន្ត​គំរាមកំហែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ដោយ​គ្រាន់តែ​ពួកគេ​ចូលរួម​អបអរសាទរ​ខួប ១៥​ ឆ្នាំ នៃ​ ទិវា សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម (UNDRIP)​ ថា ជា​ការ​ធ្វើ​ផ្ទុយ​ទៅ​នឹង​ការ​ប្តេជ្ញាចិត្ត​របស់​វៀតណាម ចំពោះមុខ​សមាជិក​អង្គការ​សហប្រជាជាតិ​ ដែល​ថា វៀតណាម​នឹង​លើកតម្កើង​វិស័យ​សិទ្ធិមនុស្ស​ ។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ ទី​ ១១ តុលា បាន​បោះឆ្នោត​ទទួល​យក​វៀតណាម​ ជា​សមាជិក​ថ្មី ​នៃ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បើ​ទោះបី​ជា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយចំនួន បាន​អំពាវនាវ​ឲ្យ​ឯកអគ្គរដ្ឋទូត និង​តំណាង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ កុំ​បោះឆ្នោត​គាំទ្រ​បេក្ខភាព​ប្រទេស​វៀតណាម ឲ្យ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្តី ។ អង្គការ​សិទ្ធិ​ទាំងនោះ​ លើក​ឡើង​ថា ប្រទេស​វៀតណាម​ បន្ត​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ខ្លួនឯង និង​ជនជាតិ​ដើម ដែល​ជា​ម្ចាស់​ស្រុក រួមមាន ពលរដ្ឋ​ខ្មែរក្រោម​ជាដើម ​។ ពាក់ព័ន្ធ​នឹង​ការ​មិន​គោរពតួនាទី​របស់​វៀតណាម ជា​សមាជិក​ស្ថាប័ន​ការពារ​សិទ្ធិមនុស្ស​ថ្មីថ្មោង​ដែរ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃទី ១៣ កញ្ញា មក ក្រោយពេល​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ​នៃ​ សមាគម​កូន​ខ្មែរ​ ដើម្បី​អភិវឌ្ឍន៍​ បាន​ប្រមូល​ផ្តុំគ្នា ប្រមាណ​ ១០០ ​នាក់ ធ្វើ​ពិធី អបអរសាទរ​ខួប​ ១៥ ​ឆ្នាំ​នៃ​ថ្ងៃ ដែល​អង្គការ​សហប្រជាជាតិ​ដាក់ចេញ​អនុម័ត សេចក្តី​ប្រកាស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម (UNDRIP) នៅ​ខេត្ត​ព្រះ​ត្រពាំងមក យ៉ាងហោចណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរក្រោម​ ចំនួន​បី​នាក់ ត្រូវ​បាន​វៀតណាម​កោះហៅ​ទាំង​គ្មាន​ដីកា និង​បណ្តេញ​ចេញ​ពី​ការងារ ។ អាជ្ញាធរ​វៀតណាម បាន​គំរាម​ចាប់​ពលរដ្ឋ​ខ្មែរក្រោម ​ដាក់​ពន្ធនាគារ ៧ ​ឆ្នាំ ​ប្រសិន​បើ​ពួកគេ​បន្ត​សកម្មភាព​តស៊ូ​មតិ ទាមទារ​សិទ្ធិ​ជនជាតិ​ដើម ហើយ​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ទៀត​ មិនអាច​រក​ការងារ​ធ្វើ​បាន​ដោយសារតែ​ម្ចាស់​ក្រុមហ៊ុន​មិន​ហ៊ាន​ទទួលយក​ ដោយ​ខ្លាច​អាជ្ញាធរ​វៀតណាម ។

សកម្មជន​ខ្មែរក្រោម លោក យឿង ខាយ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​សោកស្តាយ ដែល​វៀតណាម ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ បន្ត​រំលោភ​សិទ្ធិមនុស្សខ្មែរ​កម្ពុជា​ក្រោម ។

លោក យឿង ខាយ៖ «ប្អូន​គិតថា វៀតណាម​មិន​បាន​គោរព​សិទ្ធិមនុស្ស​ខ្មែរក្រោម ការ​ច្បាប់​អង្គការ​សហប្រជាជាតិ​នោះ​ទេ ។ ខ្លួន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បាន​ប៉ុន្មាន​សោះ​ហ្នឹង គាប​សង្កត់​ពលរដ្ឋ​ខ្មែរក្រោម ជា​ជនជាតិ​ដើម»

នគបាលវៀតណាម នៅខេត្តព្រះត្រពាំង មកតាមដានឃ្លាំមើល ពលរដ្ឋ​ខ្មែរក្រោម​ ​ប្រា​រ​ព្វ​ខួប​ ​១​៥​ ​ឆ្នាំ​ ​នៃ​ ​សិទ្ធិ​ជនជាតិ​ដើម ។ រូបៈ ផ្តល់ឲ្យ​ ​

សមាជិក​អង្គការ​សហប្រជាជាតិ ​បាន​បោះឆ្នោតឲ្យ​វៀតណាម​ ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អាណត្តិ​បី ឆ្នាំ​ពី​ឆ្នាំ ​២០២៣ ដល់​ឆ្នាំ ​២០២៥​ ។ វៀតណាម​ធ្លាប់​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​នេះ​ម្តង​រួចហើយ កាលពី​ចន្លោះ​ឆ្នាំ​ ២០១៤ និង ២០១៦​ ។ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ ដែល​មាន​តួនាទី​ ដើម្បី​ពង្រឹង​លើកតម្កើង និង​ការពារ​សិទ្ធិមនុស្ស​ជុំវិញ​ពិភពលោក ដោះស្រាយ ការ​រំលោភ​សិទ្ធិមនុស្ស និង​ផ្តល់​អនុសាសន៍​ ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស ។ ក្រុមប្រឹក្សា​នេះ មាន​សមាជិក ​៤៧ មក​ពី​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ ហើយ​តែង​ជួប​ប្រជុំ​គ្នា​មួយឆ្នាំ​ម្តង ដើម្បី​ជជែក​បញ្ហា​សិទ្ធិមនុស្ស​ពិភពលោក នៅ​ការិយាល័យ អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)​ ។ ជុំវិញ​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម​ នៅ​លើ​ទឹកដី​កំណើត​នេះ​ដែរ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​បញ្ឈប់​វៀតណាម កុំ​ឲ្យ​បន្ត​ធ្វើទុក្ខបុកម្នេញ​ខ្មែរក្រោម​ជា​បន្ត​ទៀត ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​លោក ប្រាក់ សេរីវុឌ្ឍ ព្រមាន​ថា សហព័ន្ធ​នឹង​បន្ត​តាមដាន​ការអនុវត្ត​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វៀតណាម ហើយ​ប្រសិន​បើ​វៀតណាម​ហ៊ាន​បន្ត​រំលោភសិទ្ធិ​មនុស្ស ពលរដ្ឋ​ខ្មែរក្រោម​ទៀត​នោះ សហព័ន្ធ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ជា​បន្ត​ទៀត ៕

Leave A Reply

Your email address will not be published.