សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​សន្និសីទ​អន្តរជាតិ​នៅ​ប្រទេស​បារាំង ស្ដីពី​កម្ពុជា​ក្រោម នា​ខែឧសភា ខាងមុខនេះ​

0 847

​ដោយ ថាច់ ប្រីជា គឿន​ | VOKK

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​សន្និសីទ​អន្តរជាតិ​ដ៏​ធំ​មួយ នៅ​ប្រទេស​បារាំង ស្ដីពី​កម្ពុជា​ក្រោម នា​ខែ ឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ ។ ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​ក​ម្ព​ជា​ក្រោម នៅ​ជុំវិញ​ពិភពលោក និង អ្នក ជំនាញ​បរទេស​ស្ដីពី​កម្ពុជា​ក្រោម ជាច្រើនរូប នឹងចូលរួម​ធ្វើជា​វាគ្មិន​នៅក្នុង​សន្និសីទ​នេះ ។​

លោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

យោងតាម​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​នៅក្នុង​កិច្ចប្រជុំ មួយ​នៅ​ទីក្រុង San Bernardino រដ្ឋ California កាលពី​ថ្ងៃទី ២៨ ខែមករា ថា សន្និសីទ​នេះ នឹងធ្វើ នៅ​ទីក្រុង​ប៉ា​រិ​ស ប្រទេស​បារាំង នៅ​ចុងខែ​ឧសភា ខាងមុខនេះ ។

​យោងតាម លោក ប្រាក់ សេរី​វុ​ឌ្ឍ ហេតុដែល​នាំ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​សន្និសីទ​អន្តរជាតិ​នៅ ប្រទេស​បារាំង​នោះ ដោយសារ​រដ្ឋាភិបាល​បារាំង ជា​អ្នក​ដែល​បាន​ចុះហត្ថលេខា​ផ្ទេរ​ដែនដី​កូស័ងស៊ីន ឬ ដែនដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​បន្ត​ត្រួតត្រា​លើ​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ នៅពេល​បារាំង​បាន​ដក​នឹម​អាណា​គម​ចេញពី​ឥណ្ឌូចិន ។

​សន្និសីទ​នេះ នឹងត្រូវ​បានរៀបចំ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន តំណាង ហៅ​កាត់​ថា UNPO ដែល​សព្វថ្ងៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក នៃ​អង្គការ​មួយ​នេះ តាំងពី​ឆ្នាំ ២០០១ មក ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រំពឹងថា ក្រោយពី​សន្និសីទ​អន្តរជាតិ​មួយ​នេះ ពិភព លោក​នឹង​យល់ដឹង​អំពី​កម្ពុជា​ក្រោម កាន់តែច្បាស់​ថែម​មួយកម្រិត​ទៀត ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អញ្ជើញ​អ្នកជំនាញ​បរទេស​សំខាន់ៗ​ស្ដីពី​កម្ពុជា​ក្រោម ទៅ​បកស្រាយ​អំពី​រឿងរ៉ាវ​កម្ពុជា​ក្រោម ហើយ បាន​អញ្ជើញ​ស្ថាប័ន សារព័ត៌មាន​អន្តរជាតិ​ល្បីៗ​ជាច្រើន​ទៅយក​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ ផងដែរ ។​

​លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​មានប្រសាសន៍ថា​៖ “ ខែឧសភា ឆ្នាំ ២០១៨ នេះ បើ​មិន​ថ្ងៃ​ពុធ ទី ៣០ ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែឧសភា យើង​នឹងធ្វើ​សន្និសីទ​ស្ដីពី​បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​បារាំង នៅ​ទីក្រុង​ប៉ា​រិ​ស ។ ឆ្លៀត​ក្នុងឱកាស​នេះ សូម​អញ្ជើញ​បងប្អូន​យើង អញ្ជើញ​ទៅ​ចូលរួម​នៅ​ទីក្រុង​ប៉ា​រិ​ស​ឲ្យ បាន​កុះករ ព្រោះ​អ៊ី ប្រទេស​បារាំង​ហ្នឹងហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​រឿង​ទឹកដី​កម្ពុជា​ក្រោម ។ ឥឡូវ យើង​បាន​ចូល​ទៅដល់​បណ្ដូល​ប្រទេស​បារាំង វិញ​ហើយ ។ យើងខ្ញុំ មានការ​ឧបត្ថម្ភ​ពី​អង្គការ UNPO នៅ ទីក្រុង​ព្រូ​សែ​ល នៃ​ប្រទេស​បែ​ល​ស្សិ​ក គេ​ជួយ​ទាក់ទង​ឲ្យ​ជាមួយនឹង​អ្នកនយោបាយ​អន្តរជាតិ ទាំង សមាជិក​ព្រឹទ្ធសភា​បារាំង …” ។

​នេះ​ជា​លើក​ទី ២ ហើយ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​សន្និសីទ​អន្តរជាតិ​ដ៏​ធំ បន្ទាប់កាលពីឆ្នាំ ២០០៦ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​សន្និសីទ​អន្តរជាតិ​មួយ​ស្ដីពី “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន ឯង​” នៅ​ទីក្រុង ឡាអេ ប្រទេស​ហូ​ឡង់ ដោយមាន​អ្នកច្បាប់​អន្តរជាតិ​ជាច្រើន​ធ្វើជា​វាគ្មិន បកស្រាយ​អំពី ច្បាប់​អន្តរជាតិ​ផ្សេងៗ​ដែល​ទាក់ទង​នឹង “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” របស់​ប្រជា​ជាតិខ្មែរ នៅ ដែនដី​កម្ពុជា​ក្រោម ។​

ក្រោយពី​សន្និសីទ​អន្តរជាតិ ប្រតិភូ និង​ថ្នាក់​ដឹក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក នឹង​នាំគ្នា ធ្វើដំណើរ​ទៅ​ប្រទេស​ហូ​ឡង់ ដើម្បី​ចូល​ពិធី​បុណ្យខួប ៦៨ ឆ្នាំ នៃ​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដែល សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ហូ​ឡង់ ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ប្រារព្ធ​នៅក្នុង​ខែមិថុនា ឆ្នាំ ២០១៨ នេះ ។

សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​តស៊ូ​របស់​ប្រជាជាតិ​ខ្មែរក្រោម មាន​មូលដ្ឋាន​នៅ សហរដ្ឋអាមេរិក និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី ដើម្បី​ស្វែងរក​សិទ្ធិសេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុងតែ​នៅក្រោម​នឹម​ត្រួតត្រា​របស់​រដ្ឋាភិបាល​យួន ក​ម្មុយ​និ​ស្ត សព្វថ្ងៃ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក នៃ​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង ហៅ​កាត់​ថា UNPO, ជា​សមាជិក នៃ​នាយកដ្ឋាន​ព័ត៌មាន​អង្គការសហប្រជាជាតិ (UNDPI) និង​ជា​សមាជិក នៃ​វេទិកា​អចិន្ត្រៃយ៍ របស់​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ជាដើម ៕

Leave A Reply

Your email address will not be published.