សហព័ន្ធខ្មែរកម្ពុជាក្រោម សម្រេចគោលដៅបន្តដំណើរទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯង
ដោយ យន់ សាមៀន | RFA
សមាជិកកិច្ចប្រជុំប្រចាំឆ្នាំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានសម្រេចលើកកម្ពស់ការយល់ដឹង និងតស៊ូមតិដើម្បីទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯងរបស់ជនជាតិខ្មែរក្រោម ដែលកំពុងរស់នៅក្រោមអាណានិគមរបស់វៀតណាម ។ តើសហព័ន្ធខ្មែរក្រោមមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីសម្រេចយុទ្ធនាការនេះ ទៅថ្ងៃអនាគត?

មន្ត្រីជាន់ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យដឹងថា សហព័ន្ធសម្រេចជ្រើសរើសយកវិធានការដាក់សំពាធអន្តរជាតិប្រឆាំងរដ្ឋាភិបាលវៀតណាម និងដកបទពិសោធន៍ពីប្រទេសមួយចំនួន ដែលទើបទទួលបានឯករាជ្យដើម្បី តស៊ូដោយអហិង្សា ដើម្បីទាមទារសិទ្ធិសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត ។ សេចក្ដីសម្រេចនេះ ធ្វើឡើងកាលពីដើមខែកញ្ញា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡាសវើហ្វាស រដ្ឋណេវាដា (Nevada) ដែលមានតំណាងពលរដ្ឋខ្មែរក្រោម មកពីប្រទេសមួយចំនួនលើពិភពលោកចូលរួម ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ៧ កញ្ញាថា សហព័ន្ធកំពុងបញ្ជូនបេសកកម្មជនពិសេសទៅសិក្សាបទពិសោធន៍សំខាន់ៗ ពីប្រទេសមួយចំនួន ដូចជាប្រទេស (East Timor) ដែលទទួលបានឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០០២ ។ ចាប់តាំងពីឆ្នាំ ១៩៩០ មក មានប្រទេសជាង ៣០ ហើយ ដែលទទួលបានឯករាជ្យ និងសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ។ ដូច្នោះលោក ប្រាក់ សេរីវុឌ្ឍ ថា លោកនៅតែមានសង្ឃឹមចំពោះវាសនាខ្មែរក្រោម៖ «ចំណុចសំខាន់ទីមួយគឺយើងសិក្សាស្រាវជ្រាវពីសិទ្ធិក្នុងការសម្រេចវាសនាដោយខ្លួនឯងអំពីជនជាតិដទៃក្នុងពិភពលោកដែលគេទាមទារបានសេរីភាព អ្នកខ្លះបានស្វ័យភាព អ្នកខ្លះទៀតឯករាជ្យ ។ យើងនឹងខំទាក់ទងគេដើម្បីស្រាវជ្រាវផ្ទាល់នៅលើទឹកដីរបស់គេហ្នឹង» ។
លោក ប្រាក់ សេរីវុឌ្ឍ បន្តទៀតថា វៀតណាមត្រូវតែគោរពច្បាប់អន្តរជាតិ និងអង្គការសហប្រជាជាតិ ក្នុងការផ្ដល់សេចក្ដីសម្រេចចិត្តដល់ជនជាតិដើម សម្រេចវាសនាដោយខ្លួនឯង ។ លោកថា សហព័ន្ធនឹងប្រើប្រាស់យុទ្ធសាស្ត្រតស៊ូមតិនៅលើឆាកអន្តរជាតិ ពិសេសសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដើម្បី ដាក់គំរាមឱ្យវៀតណាមទទួលស្គាល់ថា ខ្មែរក្រោមជាជនជាតិដើម៖ «ខ្ញុំមានសេចក្ដីសង្ឃឹមយ៉ាងច្រើនពីព្រោះស្ថានការអន្តរជាតិ វិបត្តិផ្ទៃក្នុងគណបក្សកុម្មុយនិស្តវៀតណាមនិងឥទ្ធិពល នៃមហាអំណាចហ្នឹងដាក់សំពាធទៅលើប្រទេសវៀតណាម ដោយសារតែវៀតណាមធ្វើខុសច្រើនទៅនឹងលក្ខខណ្ឌនៃអំណោយអន្តរជាតិ និងសហរដ្ឋអាមេរិក» ។
ខ្មែរក្រោមនៅលើពិភពលោក បានប្រារព្ធខួប ៧០ ឆ្នាំ នៃការបាត់បង់នៃទឹកដីខ្មែរក្រោមកាលពីដើមខែមិថុនាកន្លងទៅ ។ អាណានិគមបារាំង បានកាត់ទឹកដីកម្ពុជាក្រោម ទៅឱ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ពលរដ្ឋខ្មែរក្រោម បានប្រើប្រាស់ព្រឹត្តិការណ៍ខួប ៧០ ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីនេះ ដើម្បីធ្វើជាយុទ្ធនាការមួយនៅជុំវិញពិភពលោក ដើម្បីឱ្យសហគមន៍ជាតិ និងអន្តរជាតិដឹងថា ពលរដ្ឋខ្មែរក្រោមកំពុងស្រែកឃ្លាន សិទ្ធិ សេរីភាព ផ្នែកសាសនា អក្សរសាស្ត្រ ជំនឿ និងប្រពៃណី ។ ចាប់តាំងពីបានសិទ្ធិគ្រប់គ្រងពីបារាំងមក វៀតណាមបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណ សាសនា និងទំនៀមទម្លាប់ខ្មែរ ។ វៀតណាមក៏បានធ្វើទុក្ខបុកម្នេញ ចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាដាក់ពន្ធនាគារ ដើម្បីកុំឱ្យងើបប្រឆាំងការតវ៉ាសិទ្ធិជាជនជាតិដើមកំណើត ។ មានពលរដ្ឋខ្មែរក្រោមជាច្រើនរយនាក់កំពុងពួនលាក់ខ្លួននៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយ នៅប្រទេសទីបី ក្រោយពួកគេត្រូវរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម ។
ជុំវិញយុទ្ធនាការទាមទារឱ្យខ្មែរក្រោមមានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនេះ គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ក៏បានគាំទ្រយុទ្ធនាការនេះដែរ ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ធ្លាប់ប្រាប់អាស៊ីសេរីថា បើគណបក្ស សង្គ្រោះជាតិ ឈ្នះឆ្នោតកាន់កាប់រដ្ឋាភិបាល នៅតែទាមទារឱ្យមានសិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋខ្មែរក្រោម និងទាមទារឱ្យប្រទេសកុម្មុយនិស្តវៀតណាម ប្រគល់ទឹកដីខ្មែរក្រោមមកឱ្យកម្ពុជាត្រួតត្រាវិញ ។
ទោះបីយ៉ាងណា គណបក្សប្រជាជនកម្ពុជា បានអំណាចពីរដ្ឋាភិបាលវៀតណាមនោះ ហើយដែលកំពុងដឹកនាំរដ្ឋាភិបាលឯកបក្ស បង្កើតឡើងដោយព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយ កាលពីខែកក្កដា ឆ្នាំ ២០១៨ នោះ មិនគាំទ្រយុទ្ធនាការ ខ្មែរក្រោមដើម្បីទាមទារសិទ្ធិស្វ័យសម្រេចនោះទេ ។ មន្ត្រីនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ចំអកថា ការចង់បានទឹកដីខ្មែរក្រោមពីវៀតណាមវិញ ជាការយល់សប្ដិតែប៉ុណ្ណោះ ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ចំអកថា លោក នឹងផ្ដល់ក្ដារមឈូស ដោយឥតគិតប្រាក់ទៅឱ្យជនណា ដែលចង់ទាមទារទឹកដីកម្ពុជាក្រោមមកវិញ ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បន្ថែមទៀតថា សហព័ន្ធក៏ស្នើឱ្យពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកំណើតត្រូវចេះតស៊ូមតិដោយអហិង្សាប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម ប្រសិនបើវៀតណាមធ្វើទុក្ខបុកម្នេញរំលោភលើសិទ្ធិសេរីភាពរបស់ពួកគេ ។ លោកឱ្យចង់ឱ្យពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេសដែលមានឱកាសទៅលេងស្រុកកំណើត ហើយដឹងពីការធ្វើទុក្ខបុកម្នេញខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម ត្រូវតែនិយាយប្រាប់រដ្ឋាភិបាលប្រទេសសេរីដែលពួកគេរស់នៅ ដើម្បីឱ្យរដ្ឋាភិបាលទាំងនោះដឹងទង្វើអាក្រក់របស់វៀតណាម ។
ក្រៅពីដាក់ចេញនូវយុទ្ធសាស្ត្រ ទាមទារសិទ្ធិសម្រេចដោយខ្លួនឯងរបស់ជនជាតិខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏សម្រេចពង្រីក និងពង្រឹងសមត្ថភាពសាខាសហព័ន្ធបន្ថែមទៀត ហើយគ្រោង នឹងរៀបចំមហាសន្និបាតពិភពលោកឆ្នាំ ២០២០ នៅរដ្ឋវ៉ាស៊ីនតោន ដើម្បីជ្រើសរើសមេដឹកនាំថ្មី ៕