ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក អញ្ជើញមកដល់ទីក្រុង Las Vegas រដ្ឋ Nevada
ដំណើរមកដល់របស់ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសនានា ក្នុងពិភពលោក រួមមាន អឺរ៉ុប កាណាដា អូស្ត្រាលី កម្ពុជា និងរដ្ឋនានាក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមសន្និបាតប្រចាំឆ្នាំ ២០១៦ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែល នឹងប្រព្រឹត្តទៅ នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៣-១៤ និង ១៥ ខែមករា ឆ្នាំ ២០១៧ ។
ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែបើកកិច្ចប្រជុំដំណាច់ឆ្នាំ ដើម្បីបូកសរុបការងារ និងពិភាក្សាលើគម្រោងសម្រាប់ឆ្នាំថ្មី ។
កិច្ចប្រជុំដំណាច់ ឆ្នាំ ២០១៦ នេះ ផ្ដោតលើប្រធានបទ “ខួប ២០ ឆ្នាំ ថ្ងៃបង្កើតសហព័ន្ធខ្មែរកម្ពុជាក្រោម” ។
ក្រៅពីនេះ នឹងមានរបៀបវារៈសំខាន់ៗ មួយចំនួនដូចជា៖
- បូកសរុបការងារប្រចាំឆ្នាំ, ដាក់ផែនការឆ្នាំថ្មី ។
- ពិនិត្យឡើងវិញលើលក្ខន្តិកៈសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យបានត្រឹមត្រូវ ដើម្បីបោះពុម្ពជាផ្លូវការទុកសម្រាប់អនុវត្តយូរអង្វែងទៅអនាគត ។
- ធ្វើបណ្ណសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ។
- ស្វែងរកយុទ្ធសាស្ត្របញ្ជ្រាបនូវគំនិត “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” បញ្ចូល ទៅក្នុងសតិអារម្មណ៍ពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុកតាមរយៈបច្ចេកព័ត៌មានវិទ្យា ។
- ប្រកាសជូន ពានរង្វាន់សិទ្ធិមនុស្សកម្ពុជាក្រោម ដល់អ្នកដែលត្រូវយួនចាប់ដាក់គុក ព្រោះតែបុព្វហេតុការពារសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម ។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមជាអង្គការក្រៅរដ្ឋាភិបាលរបស់ខ្មែរក្រោមមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសាខានៅទូទាំងពិភពលោក ធ្វើចលនាតស៊ូដោយសន្តិវិធី និងអហិង្សា ដើម្បីស្វែង “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ដែលកំពុងតែធ្វើអាណានិគមដោយរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមសព្វថ្ងៃ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតឡើងកាលពី ឆ្នាំ ១៩៩៦ សព្វថ្ងៃជាសមាជិកនៃអង្គការអន្តរជាតិមួយចំនួន ដូចជា អង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ជាភាសាអង់គ្លេសថា UNPO វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីបញ្ហាជនជាតិដើម (UNPFII) និងគណបក្សចម្រុះជាតិ នៅអឺរ៉ុប ជាដើម ៕
Comments are closed.