សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​​អូស្ត្រាលី​​ថា ​រដ្ឋាភិបាល​​វៀតណាម​​ កាន់​តែ​​គាប​សង្កត់​​សិទ្ធិ​​ពលរដ្ឋ​ខ្មែរ​​ក្រោម

0 635

ដោយ ថា ថៃ | RFA Khmer

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​រដ្ឋ​វិចតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី (Australia) លើក​ឡើង​ថា ​រដ្ឋាភិបាល​វៀតណាម កាន់តែ​បំបិទ​សិទ្ធិ​និង​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់បែប​យ៉ាង​ លើ​ពលរដ្ឋខ្មែរ​ក្រោម ។ ការ​លើក​ឡើង​របស់​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បែបនេះ ធ្វើឡើង​ក្នុងឱកាស ​ដែល​ពួកគាត់ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ​នៅថ្ងៃទី ១១ ​ខែធ្នូ ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​យល់​ដឹង​ អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​គោរព​សិទ្ធិមនុស្ស ។

(រាប់ពីឆ្វេងទៅស្តាំ) ប្រធាន​​សាខា​សហព័ន្ធ​ខ្មែរ​​កម្ពុជា​​ក្រោម ​​ប្រចាំ​រដ្ឋ​​វិចតូរីយ៉ា ​លោក លឹម ណារ៉ា (កណ្តាល) តំណាង​​រាស្ត្រ​​រដ្ឋវិចតូរីយ៉ា​​ដើម​កំណើត​ខ្មែរ​ ​លោក តាក់ ម៉េងហ៊ាង​ ចូលរួមក្នុងពិធីរំលឹកខួប​ ៧៤ ឆ្នាំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ ។ រូប៖ Tha Thai/RFA
(រាប់ពីឆ្វេងទៅស្តាំ) ប្រធាន​​សាខា​សហព័ន្ធ​ខ្មែរ​​កម្ពុជា​​ក្រោម ​​ប្រចាំ​រដ្ឋ​​វិចតូរីយ៉ា ​លោក លឹម ណារ៉ា (កណ្តាល) តំណាង​​រាស្ត្រ​​រដ្ឋវិចតូរីយ៉ា​​ដើម​កំណើត​ខ្មែរ​ ​លោក តាក់ ម៉េងហ៊ាង​ ចូលរួមក្នុងពិធីរំលឹកខួប​ ៧៤ ឆ្នាំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ ។ រូប៖ Tha Thai/RFA

ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោម​ដែល​រស់នៅ​ឯ​នាយ​សមុទ្រ ​នៅតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ ស្ថានភាព​សិទ្ធិ​សេរីភាព​របស់​ជន​ជាតិ​របស់​​ខ្លួន​ដែល​រស់​នៅ​ក្រោម​ការ​គាបសង្កត់​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាង​អាជ្ញាធរ​​​រដ្ឋាភិបាល​វៀតណាម ​នៅ​ដែនដី​កម្ពុជា​ក្រោម។ ខួប​៧៤​ឆ្នាំ​នៃ​ទិវាសិទិ្ធមនុស្សអន្តរជាតិ ​សហគមន៍​ខ្មែរ​ក្រោម​រស់នៅ​ក្រៅប្រទេស ដូចជា​ សហរដ្ឋអាមេរិក​ និង​អូស្ត្រាលី​ជាដើម នាំគ្នា​ប្រារព្ធ​ទិវា​នេះ​ជា​បន្តបន្ទាប់ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ​យល់​ដឹង​អំពី​សិទ្ធិ​សំខាន់​ៗរបស់​ខ្លួន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ គោរព​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​​របស់​​អង្គការ​សហប្រជាជាតិ។​​​

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា ​លោក លឹម ណារ៉ា ​ដែល​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ នៅថ្ងៃទី១១ ខែធ្នូ មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ រដ្ឋាភិបាល​វៀតណាម​ កាន់តែ​គាប​សង្កត់ ​និង​​ធ្វើ​ទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋខ្មែរ​ម្ចាស់​ស្រុក​ ដែល​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព ​ដីធ្លី និង​ការ​ថែរក្សា​ប្រពៃណី​ វប្បធម៌ ​ជំនឿ​សាសនា ​ព្រមទាំង​​អក្សរខ្មែរ​ជាដើម។ លោកបន្ត​ថា​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ​ជា​សារ​បង្ហាញ​ទៅ​រដ្ឋាភិបាល​វៀតណាម​ថា ​ពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស ​នៅតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថានភាព​ជាតិ​សាសន៍​របស់​ខ្លួន​នៅ ដែនដី​កំណើត ​ហើយ​បន្ត​រួមគ្នា​ទាមទារ​សិទ្ធិ​សេរីភាព​​ជា​មូលដ្ឋាន​តទៅ​ទៀត៖

«ខាង​សាសនា​នេះ ​សព្វថ្ងៃវៀតណាម កំពុងតែ​លូកដៃ​យ៉ាង​ជ្រៅ។ ទាល់តែ​មន្ត្រី​សង្ឃ​យួនយល់​ព្រម​ទើប​យើង​មាន​សិទ្ធិ​ធ្វើ​បុណ្យ ធ្វើទាន​ហើយ​គ្រប់បែប​យ៉ាង​ ការសិក្សា​ភាសា​អក្សរសាស្ត្រ ក៏​វៀតណាម​​លូកដៃ ចូល​ជ្រៅ​ដែរ​រហូត​ដល់​វប្បធម៌​ក្បាច់​រចនា ក៏​វៀតណាម​កំពុងតែ​ជ្រៀតជ្រែក​ធ្វើ​ឲ្យ​ យើង​បាត់​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​បន្តិច​ម្តងៗ។ នេះ​ជា​ការ​ព្រួយបារម្ភ​របស់​ពួក​យើង» ។​​​​​​

ជាមួយ​គ្នា​នេះ ​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ញ៉ូហ្សេ​ឡែន ​(New Zealand) ឬ​ហៅថា ​​ទ្វីបអូសេអានី ​លោក យ័ញ បូណាត ​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​កំពុង​រស់​នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម ​​មិន​សូវ​បាន​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​នោះ​ទេ​ ដោយសារ​ពួកគាត់ ​រស់​នៅ​ក្រោម​គំនាប​របស់​វៀតណាម​រាប់​សិប​ឆ្នាំ​មក​ហើយ។ លោក ​បញ្ជាក់​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ ​នឹង​ជួយ​បង្កើន​ការ​យល់​ដឹង​អំពី​សិទ្ធិមនុស្ស​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម៖

«នៅ​កម្ពុជា​ក្រោម គាត់​មិន​ស្គាល់​អ្វី​ជា​សិទ្ធិមនុស្ស ទេ ដូច្នេះ​ហើយ​ទើប​យើង​ចង់​ចលនា​ឲ្យ​បាន​ទូលំទូលាយ​ផ្សព្វផ្សាយ​តាម​បណ្តាញ សង្គម ដើម្បី​ឲ្យ​ព័ត៌មាន​នេះ​ជ្រួតជ្រាប​ដល់​បងប្អូន​យើង​បាន​យល់ដឹង​ហើយ​ប្រើ​ប្រាស់​នូវ​សិទ្ធិ​ស្រប​ច្បាប់​របស់​គាត់​ដើម្បី​ទាមទារ​នូវ​សិទ្ធិ​មូលដ្ឋាន​ក្នុងការ​រស់នៅ។សិទ្ធិនេះ​ វា​មាន​តាំង​ពី​កំណើត​មក​ តែ​បើ​យើង​មិន​ចេះ​ប្រើ​ប្រាស់​ទេ អាជ្ញាធរ​គំរាម កំហែង​យើង​ទៅ ​យើង​ចេះ​តែ​ខ្លាច​ ដោយសារ​យើង​មិន​សូវ​យល់​ដឹង​ពី​សិទ្ធិ»

ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ​ក៏​មានការ ចូលរួម​ពី​តំណាង​អង្គការ​នានា​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​សហគមន៍​ខ្មែរ​មួយ​ចំនួន​ទៀត។

តំណាង​រាស្ត្រ​រដ្ឋវិចតូរីយ៉ា​ដើម​កំណើត​ខ្មែរ ​លោក តាក់ ម៉េងហ៊ាង​ ​ថ្លែង​គាំទ្រ​ចំពោះ​ការ​តស៊ូ​គ្រប់​ឧបសគ្គ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​ការ​ថែ​រក្សា​ប្រពៃណី​វប្បធម៌ អត្តសញ្ញាណ​របស់​ពលរដ្ឋ​ខ្មែរក្រោម។ លោក ​ក៏បាន​ចែក រំលែក​ថា ​មេដឹកនាំ​ផ្ដាច់ការ​ដូចជា​លោក ហ៊ុន សែន ​ជាដើម ​តែង​ប្រើ​យុទ្ធសាស្ត្រ ឌីហ្វីដ (DIFID) ​ដែល​មាន​ន័យ​ថា ការ​បំបែក (Divide) ធ្វើ​ឲ្យ​ឯកោ (Isolate)​ បញ្ចប់ (Finish)​ សមាហរណកម្ម (Integrate) ​អភិវឌ្ឍ (Develop) ដើម្បី​កម្ទេច​ឬ​ធ្វើឲ្យ​ចុះ​ខ្សោយ​​នូវ​ចលនា​ប្រជាធិបតេយ្យ ឬ​ចលនា​ទាមទារ​សិទ្ធិ​សេរីភាព ​ដូច្នេះ​លោក​យល់​ថា ពលរដ្ឋខ្មែរ​ក្រោម ​គួរតែ​រក្សា​ជំហរ​រឹងមាំ​ដើម្បី​បំបែក​​យុទ្ធសាស្ត្រ ​ឌីហ្វីដ​របស់​មេដឹកនាំ​ផ្ដាច់ការ​នោះ​វិញ៖

«ខ្ញុំ​ជឿជាក់​ថា មានតែ​បងប្អូន​កម្ពុជា​ក្រោម​ទេ​ដែល​បាន​ដឹង​ដែល​បាន​ឆ្លងកាត់​នូវ​យុទ្ធសាស្ត្រ​ឌីហ្វីដ ឬ​ការ​បំបែក​ឲ្យ​យើង​ទៅ​ជា​ចំរៀក ដូចជា​នៅ​កម្ពុជា​ក្រោម​រូបមន្ត​ឌីហ្វីដ​វា​មាន​រូបមន្ត​យ៉ាង​ដូចម្តេច ជូន​កាល​ក្នុង​មួយ ភូមិ គេ​ដឹង​ថា មាន​អ្នកតស៊ូ​ពិតប្រាកដ​ប៉ុន្មាន​នាក់ ជូន​កាល​គេ​យក​តែ​អ្នកតស៊ូ​ម្នាក់ទៅ​ឲ្យ​កាន់​តំណែង​ទៅ យើង​ចាប់ផ្តើម​ឈ្លោះ​គ្នា​ឯង​តែម្តង។ កន្លែង​នេះ ​ក៏​ជា​រូបមន្ត​ ឌីហ្វីដ​ដែរ​នៅ​ពេល​យើង​បំបែក​ខ្លួន​ឯង កម្ទេច​ខ្លួន​ឯង​នៅពេល​គ្រាន់តែ​គេ​ឲ្យ​ម្ខាង​​ឲ្យ​សាច់​ម្ខាង​ឲ្យ​ឆ្អឹង»

ចំណែក​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋវិចតូរីយ៉ា លោក អ៊ិន ហេមរា វិញ ​លោកលើក​ឡើង​ថា​ ថ្វី​ដ្បិត​តែ​អង្គការសហប្រជាជាតិ ​បាន​អនុម័ត​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ​កាលពី​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ​១៩៤៨ ក្តី ក៏​រដ្ឋាភិបាលវៀតណាម ​និង​រដ្ឋាភិបាល​កម្ពុជា ​នៅតែ​បន្ត​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដដែល។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ ​ចេះ​ប្រើប្រាស់​សិទ្ធិ​និង​អំណាច​របស់​ខ្លួន​ ដើម្បី​ធ្វើឲ្យ​ការ​រស់​នៅ​របស់​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ​ឡើង ​ដូចជា​ការ​ចេះ​រួមគ្នា​តវ៉ា​ទាមទារ​ដោយ​សន្តិវិធី​ និង​ការបោះឆ្នោត​ផ្លាស់​ប្តូរ​មេដឹកនាំ​ជាដើម៖

«ប្រជាពលរដ្ឋ​នីមួយៗ​មិន​ត្រឹម​តែ​មាន​សិទ្ធិ​ទេ ថែមទាំង​មាន​អំណាច​ទៀត។ យើង​ទទួល​បាន​សិទ្ធិ​របស់​យើង​តាំង​ពី​កំណើត​មក។ បើ​យើង​និយាយ​ពី​នៅ​ប្រទេសខ្មែរ​គឺ​សាមញ្ញ​ទេ ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។ ឧទាហរណ៍​ថា អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ នៅថ្ងៃទី២៣ ​ខែ៧ ​ឆ្នាំ២០២៣ ខាង​មុខ​នេះ​យើង​មាន​ការបោះឆ្នោត​ជាតិ​ ដូច្នេះ​យើង​ត្រូវតែ​ប្រើ​អំណាច​នៃ​សន្លឹក​ឆ្នោត។ខ្ញុំ​ជឿ​ថា នៅ​កម្ពុជា​​ក្រោម ​ក៏​មិន​សូវ​ខុស​គ្នា​ដែរ ដូច្នេះ​នៅ​ពេល​ដែល​គាត់ យល់​ដឹង​ពី​សិទ្ធិ​ទៅ ​គាត់​អាច​ទៅ​ទាមទារ​ពី​អាជ្ញាធរ​នៅ​កម្ពុជាក្រោម» ។​

សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ គឺ​ជា​ឯកសារ​ដ៏​សំខាន់​មួយ​ ដែល​ប្រកាស​អំពី​សិទ្ធិ​ដែល​មិនអាច​កាត់​ផ្តាច់​បាន​ពី​មនុស្ស​គ្រប់រូប​ដោយ​មិន​គិត​ពី​ពូជសាសន៍ ​ពណ៌​សម្បុរ សាសនា ភេទ ភាសា នយោបាយ ឬ​មតិ​ផ្សេង​ទៀត​ និង​ឋានៈ​ទ្រព្យ​សម្បត្តិ​ជាដើម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ឲ្យ​ដឹង​ថា ​ដែនដី​កម្ពុជា​ក្រោម​មាន​ខេត្ត​សរុប​ចំនួន២១​ខេត្ត​ មាន​វត្ត​ព្រះពុទ្ធ​សាសនាជិត៥រយ (៤៦១វត្ត​មាន​ព្រះសង្ឃ​ជាង​១ម៉ឺន២ពាន់ (១២.០០០)​ អង្គ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រស់​នៅ​​ជាង៨​លាន​នាក់។ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោមអះអាង​ថា ​អាជ្ញាធរ​ប្រទេស​វៀតណាម​ថា ​បាន​ព្យាយាម​បំបាត់​ពូជសាសន៍​ខ្មែរ​កម្ពុជា​ក្រោម ​ដូចជា​បំបាត់​វប្បធម៌ ជំនឿ​សាសនា ​ការ​អប់រំ និង​ការ​រស់​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ​កម្ពុជា​ក្រោម ការ​បង្ក្រាប​ដោយ​ហិង្សា​ផ្សេងៗ​ចំពោះ​ចលនា​របស់​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​ហ៊ាន​ចេញ​មុខ​ងើប​ឡើង​តវ៉ា៕

Leave A Reply

Your email address will not be published.