សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ហូ​ឡង់ ជម្រាប​ដល់​អង្គការ UNPO អំពី​បញ្ហា​វៀតណាម​ចាប់​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម

0 139

​នៅ​ថ្ងៃទី ២៣ ខែតុលា  ក្រុម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សាខា​នៅ​ប្រទេស​ហូ​ឡង់ បាន​នាំយក​សេចក្ដី ថ្លែង​ការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទៅជូន​មន្ត្រី​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ថា UNPO នៅ​ទីស្នាក់ការ​កណ្ដាល នាទី​ក្រុង ឡាអេ ។ សេចក្ដីថ្លែងការណ៍​នោះ ស្ដីអំពី​បញ្ហា ព្រះសង្ឃ ២ អង្គ និង ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៧ រូប នៅ​ខេត្ត​ឃ្លាំង ដែល​ទើបតែ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ ពី ១០ ខែ ទៅ ៦ ឆ្នាំ កាលពី​ថ្ងៃទី ២៥ និង ២៧ ខែកញ្ញា កន្លងទៅនេះ ។​ unpo110210_35

​លោក សឺ​ន សា​វ៉ាង អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​ហូ​ឡង់ ដែល​បាន​នាំយក​សេច ក្ដី​ថ្លែងការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទៅជូន​មន្ត្រី​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង​នោះ បាន​ថ្លែង ប្រាប់​វិទ្យុ សំឡេង​កម្ពុជា​ក្រោម ថា លោក Pierre Hagay ជា​អ្នកទទួលយក​លិខិត​ពី​លោក ។

​លោក សឺ​ន សា​វ៉ាង បាន​បន្តទៀតថា អង្គការ UNPO នឹង​បញ្ជូន​សេចក្ដីថ្លែងការណ៍​នេះ​បន្តទៅ​រដ្ឋាភិបាល នានា ក្នុង​ពិភពលោក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​វៀតណាម ដើម្បី​ជម្រាប​អំពី​បញ្ហា ដែល​រដ្ឋាភិបាល វៀតណាម​បាន​ចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដាក់គុក ហើយ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ទាំងនោះ​ដាក់ សម្ពាធ ដល់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដោយ​ឥត​លក្ខខណ្ឌ ។​
​ក្រៅពីនេះ លោក សឺ​ន សា​វ៉ាង ក៏បាន​ប្រាប់​ដែរ​ថា នៅ​ថ្ងៃទី ០២ ខែធ្នូ ខាងមុខនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម នៅ​ប្រទេស​ហូ​ឡង់ នឹងធ្វើ​បាតុកម្ម​នៅមុខ​ការិយាល័យ​សភា​អ៊ឺរ៉ុប នៅ​ទីក្រុង​ព្រូ​សែ​ល ប្រទេស បែ​ល​ហ្ស៊ី​ក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត  ឃ្លាំង ។​

​យោងតាម​សេចក្ដីថ្លែងការណ៍​ជា​ភាសា​អង់គ្លេស​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចេញ​ផ្សាយ​តាម    គេហទំព័រ​ជា​ផ្លូវការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ខែតុលា នេះ បាន​បញ្ជាក់ថា  កាលពី​ថ្ងៃទី ២៥ និង​ថ្ងៃទី ២៧ ខែកញ្ញា តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង បាន​បើកសវនាកា​ត់​ទោស​ព្រះសង្ឃ​ចំនួន ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៧ នាក់ ឲ្យ​ជាប់ពន្ធនាគារ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ​បង្ក​ឲ្យ​មានការ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ការផ្ដល់​សម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​ពីបទ​ប៉ង​រត់​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ។​

សេចក្ដីថ្លែងការណ៍​នេះ បាន​បន្តទៀតថា កាលពី​ថ្ងៃទី ២៥ ខែកញ្ញា អ្នកភូមិ​ព្រៃ​ជាប់ ៥ នាក់ ដែល​ជាប់​ទាក់ទិន​នឹង ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម ប្រកាស​សាលក្រម​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀតណាម ។​

ជនជាប់ចោទ​ជា​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ នាក់ នេះ មាន​ស្រុកកំណើត​នៅ​ភូមិ​បៀ​ង​ដុង A (Bien Dong   A ) ឃុំ វិញ​ត្រាច់​ដុង (Vinh Trach Dong) ទីក្រុង​ពល​លាវ ខេត្ត​ពល​លាវ  ម្នាក់ៗ​ត្រូវបាន​តុ​ការ​ដំបូង របស់ បក្សកុម្មុយនិស្ត វៀតណាម​សម្រេច​ប្រកាស សាលក្រម​ឲ្យ​ជាប់គុក ដូចតទៅ ៖

១.​អ្នកស្រី លី ធី សា​បុ​ត (Lý Thị Sà Bột)   ១ ឆ្នាំ​
២.​អ្នកស្រី លី ធី យន់ (Lý Thị Dạnh)  ១ ឆ្នាំ​
៣.​អ្នកស្រី ឡឹម ធី ឡង (Lâm Thị Loan)  ១ ឆ្នាំ​
៤.​លោក  លី មិន ហាយ (Lý Minh Hải)  ១១ ខែ និង​
៥.​លោក តាំង ផល្លា (Tăng Pho La)  ១០ ខែ​

ចំណែក​អ្នកស្រី លី ធី សា​បុ​ត ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស​មុនពេល​វៀតណាម​ចាប់ខ្លួន ។​
​យោងតាម​សេចក្ដីប្រកាស​របស់​ចៅក្រម​នៅក្នុង​អង្គ​សវនាការ​នេះ​ថា  ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៥ រូបនេះ ត្រូវ បាន​ចោទ​ប្រកាន់ទោស ព្រោះ​បាន​ជួយ​ទូងស្គរ និង​វៃ​រគាំង​នៅ​វត្ត​ព្រៃ​ជាប់ កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៣ ដើម្បី​ប្រឆាំងនឹង​ការសម្រេច​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការចាប់​ផ្សឹក​ព្រះតេជព្រះគុណ លី ចិន្ដា ។​

មកដល់​ថ្ងៃ ទី ២៧ ខែកញ្ញា តុលាការខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម​បានប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ២ ទៅ ៦ ឆ្នាំ ពីបទ    “​ចាត់តាំង​នាំ​មនុស្ស​ចេញទៅ​ក្រៅប្រទេស​” និង ” ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង ប្រឆាំង​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​” ។​

សាលក្រម​នេះ បានសម្រេច​ផ្ដន្ទាទោស ព្រះតេជព្រះគុណ ថាច់ ធឿន (Thach Thuol) ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត​សេរី​តាសេក​ឲ្យ​ជាប់ពន្ធនាគារ ៦ ឆ្នាំ  ព្រះតេជព្រះគុណ លីវ នី (Lieu Ny) ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ឲ្យ​ជាប់ពន្ធនាគារ ៤ ឆ្នាំ លោក ថាច់ ភូមិ​រិ​ទ្ធ (Thach Phum Rich) កើត ឆ្នាំ ១៩៨៩  ឲ្យ​ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ ដើម្បី​ប្រឆាំង​រដ្ឋា​ភិ បាល​” និង លោក ត្រា វណ្ណ ថា (Tra Quanh Tha) ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ  ពីបទ “​ចាត់តាំង​នាំ មនុស្ស​រត់​ចេញទៅ​ប្រទេសក្រៅ​” ។  អ្នក​ទាំង ៤ រូបនេះ មាន​ស្រុ​កំណើត ឃុំ​វិញ​ហាយ (Vĩnh Hải) ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ។

​នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ចំនួន ៨ ចំណុច ក្នុងនោះ​មានការ​ទាមទារ​ឲ្យ​វៀតណាម​ដោះលែង​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ទាំង ៦ នាក់ ដោយ​ឥត​លក្ខខណ្ឌ  និង​ថ្លែងថា ការដែល​វៀតណាម​ចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដាក់ពន្ធនាគារ​នោះ ជាការ​បំពាន​លើ​មាត្រា​នៃ​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជន ជាតិ​ដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ៕

Leave A Reply

Your email address will not be published.