ខួប ១៧ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជាសមាជិក UNPO
ដោយ ស៊ឺន ចែងចើន | VOKK
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋ Washington State នឹងជួបជុំគ្នានៅថ្ងៃទី ១៨ ខែសីហា ខាងមុខនេះ ដើម្បីរំឭកដល់ខួប ១៧ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោមចូលជាសមាជិក នៃអង្គការ UNPO ។
ពិធីនេះ នឹងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីតាមបណ្តារដ្ឋនានា នៃសហរដ្ឋអាមេរិក និងតំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសផ្សេងៗ ជាច្រើនរូបទៀត ដើម្បីថ្លែងការអំពីសកម្មភាពថ្មីៗ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងលទ្ធផល ដែលខ្មែរក្រោមបានទទួលក្រោយពី ១៧ ឆ្នាំ ដែលខ្លួន បានចូលជាសមាជិកអង្គការ UNPO ។
យោងតាមលិខិតអញ្ជើញមួយច្បាប់ ដែលការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបានឲ្យដឹងថា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋ Washington State នឹងប្រារព្ធពិធីរាត្រីសមោសរ ដើម្បីរំឮកដល់ខួប ១៧ ឆ្នាំ ថ្ងៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកពេញសិទ្ធិនៃអង្គការ UNPO ។ ពិធីនេះ និងប្រព្រឹត្តទៅ ចាប់ពីម៉ោង ០៧ រសៀល ដល់ម៉ោង ១២ អធ្រាធ នៅភោជនីយដ្ឋាន Asia Pacific Cultural Center នាទីក្រុង Tacoma រដ្ឋ Washington ។
យោងតាមលិខិតអញ្ជើញនេះដដែល បានបញ្ជាក់ថា អ្នកដែលចូលរួមកម្មវិធីនេះ នឹងជួយបង់វិភាគទានសម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងម្នាក់ ៦០$ ។
ព័ត៌មានបន្ថែម ជុំវិញពិធីរាត្រីសមោសរនេះ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ 253-279-8992 ។
នេះជាកម្មវិធីមួយ ដែលសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងការអបអរ សាទរចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិកនៃ អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (Unrepresented Nation and Peoples Organization) ហៅកាត់ជាភាសាអង់គ្លេសថា UNPO កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ។
យោងតាម គេហទំព័រជាផ្លូវការរបស់អង្គការ UNPO បានបញ្ជាក់ថា អង្គការនេះ ជាក្រុមចលនាអន្តរជាតិមួយ ធ្វើការតស៊ូដោយសន្តិវិធី អហិង្សា និងលទ្ធិប្រជាធិបតេយ្យ តំណាងឲ្យក្រុមជនជាតិដើម ជនជាតិភាគតិច និងជនជាតិនៅតាមដែនដី ដែលត្រូវបានគេវាតទីយក ហើយមិនមានការទទួលស្គាល់ ជាដើម ។ បច្ចុប្បន្ន អង្គការ UNPO មានសមាជិកជាង ៤០ តំណាងឲ្យប្រជាជាតិ ប្រជាជន និងដែនដីនានាក្នុងពិភពលោក ដែលមិនមានតំណាងរបស់ខ្លួន នៅក្នុងអង្គការសហប្រជាជាតិ ក្នុងនោះ មានសហព័ន្ធខ្មែរកម្ពុជាក្រោម តំណាងឲ្យពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ផងដែរ ។ ពួកគេរួបរួមគ្នាធ្វើការតស៊ូ ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ការពារវប្បធម៌របស់ពួកគេ មិនឲ្យបាត់បង់ និងស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ដើម្បីទប់ស្កាត់រាល់វិបត្តិ ដែលជះឥទ្ធិពលដល់ពួកគេ ។
អង្គការ UNPO បានបង្កើតឡើង កាលពីឆ្នាំ ១៩៩១ នៅវិមានសន្តិភាព (Peace Palace) នាទីក្រុងឡាអេ (The Hague) នៃប្រទេសហូឡង់ ដោយមានការចូលរួមពីសហស្ថាបនិកចំនួន ១៥ ជាសមាជិក ។ ២៧ ឆ្នាំក្រោយពីអង្គការ UNPO បានបង្កើតឡើង មានសមាជិកកើនកើនឡើងដល់ជាង ៧០ ហើយបច្ចុប្បន្ននេះ មានសមាជិកនៅសល់ចំនួនជាង ៤០ តែប៉ុណ្ណោះ បន្ទាប់សមាជិកមួយចំនួន បានឯករាជ្យ ហើយសមាជិកមួយចំនួនត្រូវដាច់សមាជិកភាព ព្រោះមិនបានបំពេញតាមលក្ខខណ្ឌ ដែល UNPO តម្រូវការ ។
គួរជម្រាបជូនថា ក្រៅពីជាសមាជិក នៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា UNPO សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ជាសមាជិកពេញសិទ្ធិនៃវេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម (UNPFII) និងជាសមាជិកនៃនាយកដ្ឋានព័ត៌មានអង្គការសហប្រជាជាតិ ហៅកាត់ថា UNDPI ជាដើម ។
តាមរយៈការចូលសមាជិកនៃអង្គការអន្តរជាតិទាំងនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាចលនាតស៊ូរបស់ប្រជាជាតិខ្មែរក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសាខានៅជុំវិញពិភពលោក បានធ្វើតស៊ូមតិដោយសន្តិវិធី និងអហិង្សា នៅលើឆាកអន្តរជាតិជាច្រើន នៅទូទាំងពិភពលោក ដើម្បីទាមទារឲ្យរដ្ឋាភិបាលបក្សកម្មុយនិស្តវៀតណាមគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក នៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។