សហព័ន្ធខ្មែរកម្ពុជាក្រោម សោកស្តាយ ដែលរដ្ឋាភិបាលវៀតណាម បន្តបដិសេធរបាយការណ៍ នៃ ការរំលោភសិទ្ធិសាសនា
ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម សោកស្តាយ ដែលរដ្ឋាភិបាលវៀតណាម បន្តបដិសេធរបាយការណ៍ នៃ ការរំលោភសិទ្ធិសាសនា លើពលរដ្ឋវៀតណាម និងជាតិដើមខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ។ ប្រតិកម្មរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសវៀតណាម បានទាត់ចោល ការរកឃើញរបស់ក្រសួងការបរទេសអាមេរិក ថា វៀតណាមជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិសាសានាធ្ងន់ធ្ងរ ហើយការអាមេរិកកំពុងបន្តតាមដានករណីនេះ ។

សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឲ្យវៀតណាម ងាកមកគោរពសិទ្ធិសាសនា ជាជាងដោះសារ មិនទទួលស្គាល់ត្រូវចំពោះទង្វើរបស់ខ្លួន ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាន មានថេរដីការថា វៀតណាមបន្តលាក់បាំងព័ត៌មាននៃ ការរំលោភសិទ្ធិមនុស្ស ទោះបីសហគមន៍អន្តរជាតិ មានភស្តុតាងក៏ដោយ៖ «រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម នៅតែព្យាយាមលាក់បាំងការរំលោភសិទ្ធិ និងសេរីសាសនានៅលើទឹកដីកម្ពុជាក្រោម ។ សហរដ្ឋអាមេរិកមានភស្តុតាង និងសាក្សី» ។
ប្រតិកម្មរបស់ព្រះភិក្ខុ សឺង យ៉ឹងរតនា នេះកើតឡើងបន្ទាប់ពីមន្រ្តីនាំពាក្យរង នៃ ក្រសួងការបរទេសវៀតណាម អ្នកស្រី ផាម ធូ ហាំង (Pham Thu Hang) កាលពីសប្តាហ៍មុនបានទាត់ចោល របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលរកឃើញថា វៀតណាមបានរំលោភសិទ្ធិសាសនាធ្ងន់ធ្ងរ ។ សហរដ្ឋអាមេរិក កាលពីដើមខែធ្នូ បានដាក់ប្រទេសវៀតណាម ក្នុងបញ្ជីឃ្លាំមើល ជាប្រទេសចូលរួម និងធ្វើឲ្យការរំលោភសិទ្ធិសេរីភាពសាសនាធ្ងន់ធ្ងរ ។ ទោះបីជាយ៉ាងណា អាមេរិកមិនទាន់ដាក់វៀតណាម ជាប្រទេសវៀតណាម ក្នុងក្រុមប្រទេសមានក្តីបារម្ភ នៃ ការរំលោភសិទ្ធិសាសនាធ្ងន់ធ្ងរនៅឡើយទេ ។
បច្ចុប្បន្ននេះ អាមេរិកបន្តឃ្លាំមើលស្ថានភាពសេរីភាពសាសនានៅវៀតណាមនៅឡើយ ។ រដ្ឋមន្រ្តីក្រសួងការបទេសអាមេរិក លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) មានប្រសាសន៍ កាលពីថ្ងៃទី ២ ខែធ្នូ នៅពេលដាក់វៀណាម ក្នុងបញ្ជីតាមដាន ថា នៅជុំវិញពិភពលោកនេះ មានរដ្ឋាភិបាល និងក្រុមមនុស្សខ្លះ បានគំរាមកំហែងចាប់មនុស្សដាក់ពន្ធនាគារ ឬសម្លាប់ដោយសារតែជំនឿសាសនារបស់បុគ្គលនោះ ។ លោកបន្តថា មានករណីខ្លះ រដ្ឋាភិបាល នៃ ប្រទេសខ្លះ បានបំបិទសិទ្ធិសេរីភាពសាសនា ឬជំនឿដើម្បីផលប្រយោជន៍នយោបាយ ។ កត្តានេះហើយ បានបណ្តាលឲ្យមានការបែងចែកដោយឈឺចាប់ បង្កផលប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ច និងគំរាមកំហែងដល់ស្ថេរភាពនយោបាយ និងសន្តិភាព ។
លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) ថា សហរដ្ឋអាមេរិកមិនឈរអោបដៃមើលការរំលោភរំពានទាំងនេះទេ ។ ចាប់ពីឆ្នាំ ២០១៨ រដ្ឋាភិបាលវៀតណាម បានឲ្យអាជ្ញាធរតាមដានវិហារសាសនា ដែលមានឬសគល់ពីកូរ៉េខាងត្បូង ។ ដោយឡែកសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏រកឃើញថា អាជ្ញាធរវៀណាម ក៏បានរឹតត្បឹត ការប្រតិបត្តិសាសនារបស់ខ្មែរក្រោមផងដែរ ។ ការរំលោភបំពានទាំងនោះ រួមមាន កាលពីចុងខែវិច្ឆិកា បានហាមឃាត់ព្រះសង្ឃខ្មែរក្រោម មិនឲ្យនិមន្តបិណ្ឌបាត្រ ដោយប្រើប្រាស់ម៉ូតូកង់បី ។ ពួកគេបានចាប់ និង រឹបអូស ម៉ូតូកង់បីដែលព្រះសង្ឃខ្មែរក្រោម ប្រើប្រាស់ជាមធ្យោបាយសម្រាប់ ព្រះសង្ឃគង់នៅវត្តមណ្ឌលបុរីទ្រនំសេក និមន្តបិណ្ឌបាត្រ និងទេសនាតាមផ្ទះពលរដ្ឋ ។ កាលពីខែមីនា ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ ក្រោមបានលើកគ្នាតវ៉ាប្រឆាំងអាជ្ញាធរវៀតណាម ខេត្តលង់ហោរ ដែលប៉ុនប៉ង កាប់យកដើមគគីរ ដែលមានអាយុកាលជាង ៧០០ ឆ្នាំ ដែលជាកេរ្តិ៍ដំណែលរបស់វត្តមង្គលបុរីទ្រនុំសេក ។ អាជ្ញាធរវៀតណាម នៅខេត្តលង់ហោរ នេះ កាលពីខែតុលា ក៏បាននាំគ្នាទៅចង់បំផ្លាញ ទីតាំងសាលាឆទានរបស់ពលរដ្ឋខ្មែរក្រោមមួយកន្លែង នៅឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ដែលចាប់សាងសង់ កាលពីដើមឆ្នាំ ២០២១ ។ ប្រធានគណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក (USCIRF) លោក ហ្វ្រែដឺរិក ដេវី (Frederick Davie) ដែលកាលពីពេលថ្មីៗ នេះ បានស្នើដល់រដ្ឋាភិបាលវៀតណាម បញ្ឈប់ការព្យាយាមទៅវាយបំផ្លាញសាលាឆទានរបស់ខ្មែរក្រោម ។
ពាក់ព័ន្ធនឹងការរំលោភសិទ្ធិសាសនានេះ អ្នកស្រី ផាម ធូ ហាំង ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា របាយការណ៍របស់អាមេរិក ជារបាយការណ៍មិនត្រឹមត្រូវ និងលំអៀង ។ អ្នកស្រីបន្ត ថា វៀតណាម បានត្រៀមរួចជាស្រេចហើយ ក្នុងការជជែកនឹងសហរដ្ឋអាមេរិក ដោយស្មោះត្រង់ និងបើកចំហរ ដើម្បីលើកតម្កើងទំនាក់ទំនងជាទ្វេភាគី ។ ព្រះភិក្ខុ សឺង យ៉ឹងរតនា សំណូមពរឲ្យវៀតណាម ត្រូវគោរពសិទ្ធិសាសនារបស់ជនជាតិដើម ជាពិសេសខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត៖ «សហព័ន្ធខ្មែរកម្ពុជាក្រោម សូមអំពាវនាវដល់រដ្ឋាភិបាលអាមេរិក ត្រូវតែតាមដាននូវសកម្មភាព និងទង្វើរបស់រដ្ឋាភិបាវៀតណាម ក្នុងការគោរពសិទ្ធិមនុស្ស និងសេរីភាពសាសនានៅក្នុងប្រទេសវៀតណាម ។ រដ្ឋាភិបាលវៀតណាម ត្រូវតែគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ក្នុងការគោររពសិទ្ធិសេរីភាពជំនឿសាសនា និងសិទ្ធិសេរីភាព» ។
របាយការណ៍សេរីភាពសាសនារបស់ក្រសួងការបរទេសអាមេរិកសម្រាប់ឆ្នាំ ២០២១ ចេញផ្សាយកាលពីខែមិថុនា សរសេរថា រដ្ឋធម្មនុញ្ញវៀតណាមអនុញ្ញាតឲ្យពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿ និងសាសនា ប៉ុន្តែ ច្បាប់វៀតណាម ក៏អនុញ្ញតឲ្យអាជ្ញាធរដាក់កំហិតលើការប្រតិបត្តិសេរីភាពសាសនា ដោយសំអាងលើបញ្ហាសន្តិសុខជាតិ និងរបៀបរៀបរយសង្គម ។ របាយការណ៍ឲ្យដឹងទៀតថា មេដឹកនាំសាសនាដែលវៀតណាមមិនទទួលស្គាល់ តែងតែរងការធ្វើទុក្ខបុកម្នេញ រួមទាំងការចាប់ដាក់ពន្ធនាគារ និងទទួលរងអំពើហិង្សាជាដើម ។ ស្ថានភាពសេរីភាពសាសនាវៀតណាមសម្រាប់ឆ្នាំ ២០២០ និង ២០១៩ មានលក្ខណៈស្រដៀងគ្នាដែរ គឺរដ្ឋាភិបាលវៀតណាម នៅតែសកម្មក្នុងការធ្វើទុក្ខបុកម្នេញសេរីភាពផ្នែកសាសនា លើក្រុមសហគមន៍ជនជាតិដើម រួមមាន ក្រុមម៉ុងតាញ៉ាជាដើម ៕