សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​សន្និសីទ​ “​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​-​យើង​ជា​ប្រជាជន​”

0 97

​ដោយ ថាច់ ប្រីជា គៀន l សារព័ត៌មាន ព្រៃនគរ​

​នៅ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៣ ចាប់ពី​ម៉ោង ១២ ដល់ ០៤ រសៀល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ប្រជុំ​ជាមួយ​អង្គការសិទ្ធិមនុស្ស​នានា ក្រោម​ប្រធានបទ “​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ – យើង​ជា​ប្រជាជន​” ដែល​បានរៀបចំ​នៅ​ការិយាល័យ អង្គការ​លើកលែងទោស​អន្តរជាតិ លោកខាងលិច (Amnesty International Western Office) នៅ​ទីក្រុង San Francisco សហរដ្ឋអាមេរិក ។

ក្រុមប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមថតជាមួយបណ្ឌិត Jushua Cooper និង បណ្ឌិត Dr. J Kirk Boydមុខការិយាល័យអង្គការលើកលែងទោសអន្តរជាតិលោកខាងលិច(Amnesty International Western Office) នៅរដ្ឋ Californiaសហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៣  ។
ក្រុមប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមថតជាមួយបណ្ឌិត Jushua Cooper និង បណ្ឌិត Dr. J Kirk Boydមុខការិយាល័យអង្គការលើកលែងទោសអន្តរជាតិលោកខាងលិច(Amnesty International Western Office) នៅរដ្ឋ Californiaសហរដ្ឋអាមេរិក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៣ ។

​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ចូលរួម​សន្និសីទ​នេះ រួមមាន បណ្ឌិត Joshua Cooper ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជានា​យក​វិទ្យាស្ថាន​ហា​វ៉ា​យ​ដើម្បី​សិទ្ធិមនុស្ស (Hawaii Institute for Human Rights) , លោក ចៅ សេរី ប្រធាន​គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmers Kampuchea-Krom Federation Youth Committee) , ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អភិបាល សារព័ត៌មាន ព្រៃនគរ  និង ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន និពន្ធ​នាយក សារព័ត៌មាន ព្រៃនគរ  ។​

​បណ្ឌិត Joshua Cooper បាន​ថ្លែង​អំពី​មូលហេតុ​នៃ​ការធ្វើ​សន្និសីទ លើក​ទី ៨ ក្រោម​ប្រធានបទ “​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​-​យើង​ជា​ប្រជាជន​” ដែល​បានរៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំឭក​ដល់ ប្រវត្តិ​នៃ​ការបង្កើត​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ។

​បណ្ឌិត Joshua Cooper ក៏បាន​រំឭក​អំពី​កម្ម​ភាព​របស់លោក​នាពេល​កន្លងមក ក្នុង​បុព្វហេតុ​សិទ្ធិ មនុស្ស ក្នុងនោះ មាន​ជួយ​ដល់​ខ្មែរក្រោម ដូចជា​នៅក្នុង​ឆ្នាំ ២០១៣ នេះ លោក​បាន​ទៅ​ប្រទេស​កម្ពុជា និង​បាន​ចំណាយពេល ៥ ម៉ោង ដើម្បី​បង្រៀន​សិទ្ធិមនុស្ស​ដល់​ពលរដ្ឋ​ខ្មែរក្រោម នៅ​ទីក្រុង​ភ្នំពេញ និង​សកម្មភាព​ចូលរួម​ប្រជុំ​ជាច្រើន​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ជុំវិញ​ពិភពលោក ជាដើម ។

​លោក William Butkus តំណាង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន លើកឡើង​នៅក្នុង​សន្និសីទ​នោះ​ថា អង្គការ​របស់​លោកមា​ន​តួនាទី​ឃ្លាំមើល និង​តាមដាន​នូវ​សកម្មភាព​នៃ ការរំលោភ​សិទ្ធិមនុស្ស​ពី​ប្រទេស​នានា​នៅក្នុង​ពី​ភព​លោក និង​ជម្រុញ​ឲ្យ​ប្រទេស​ទាំងអស់​នៅក្នុង​ពិភព លោក​លុបចោល​នូវ​ទោស​ប្រហារជីវិត ។​

​បណ្ឌិត ឃឹ​ក ប​យ​ដ៍ (Dr. J Kirk Boyd) ប្រធាន​អង្គការ ពង្រាងច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ (International Bill of Rights) ហៅ​កាត់​ថា BIOR និង​ជា​អតីត​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់ នៃ​សកល​វិទ្យាល័យ UC Berkeley បាន​មានប្រសាសន៍ថា អង្គការ​ពង្រាងច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​របស់លោក ជា​បណ្ដុំ​នៃ​សិទ្ធិ មនុស្ស សម្រាប់​ជម្រុញ​ឲ្យ​មនុស្ស​ទូទៅ​នៃ​ប្រទេស​ទាំងអស់​ក្នុង​លោក​អាចអនុវត្ត​តាម ដើម្បី​បានទទួល នូវ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ។

​លោក​បន្តទៀតថា ភារកិច្ច​របស់​អង្គការ គឺ​អប់រំ​មនុស្ស​អំពី “​ពង្រាងច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​” និង​មាន    ១០ % នៃ​មនុស្សជាតិ​បាន​ចុះហត្ថលេខា​លើ​ពង្រាងច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ ដែលជា​កិច្ចព្រមព្រៀង មនុស្សជាតិ​មួយ ដើម្បី​រួមរស់​ជាមួយគ្នា ។​

​ក្រៅពីនេះ បណ្ឌិត ឃឹ​ក ប​យ​ដ៍ ក៏បានផ្ដល់​កូនសៀវភៅ​បង្កាន់ដៃ​ដែលមាន​ចំណងជើង​ថា “International Bill of Rights” ជា​សៀវភៅ “​ពង្រាងច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​” ដែល​បានរៀបចំ​ដោយ​អង្គការ ពង្រាងច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ ដល់​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​អាន​, ចុះហត្ថលេខា​គាំទ្រ និង​ចែករំលែក​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ជួយ​ចុះហត្ថលេខា​គាំទ្រ ។

​លោក ចៅ សេរី បាន​ប្រធាន​គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​នៅក្នុង សន្និសីទ​នេះ អំពី​បញ្ហា​ដែល​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​ត្រូវ​ប្រឈម​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ពីរ​ដ្ឋា ភិ​បាល​បក្សកុម្មុយនិស្ត​វៀត​ណា​ម  និង​បាន​រាយការណ៍​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ថ្មីៗ​នៅ​កម្ពុជា​ក្រោម ដូចជា​ករណី​វៀតណាម​ចាប់ ព្រះ​តេជ​ព្រ​គុណ លី ចិន្ដា ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់​ផ្សឹក​យកទៅ​ធ្វើ​ទារុណកម្ម និង ការចាប់​ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី នៃ​វត្ត​សិរី​តាសេក ផ្សឹក និង​ដាក់ពន្ធនាគារ ជាដើម ។

​ក្រោយពី​សន្និសីទ​នេះ លោក ចៅ សេរី បាន​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​លោក William Butkus តំណាង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International ) និង​ជូន​ឯកសារ​របាយការណ៍​ស្ដីពី ការរំលោភ​សិទ្ធិមនុស្ស​លើ​ខ្មែរក្រោម​ពី​រដ្ឋាភិបាល​វៀតណាម​ទៅ​អង្គការ Amnesty International ដើម្បី ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ទទួល​សិទ្ធិ​ពី​អង្គ ការ​ពង្រាងច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ  ដើម្បី​បកប្រែ​សៀវភៅ​ស្ដីពី “​ពង្រាងច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​” ទៅជា ភាសា​ខ្មែរ ផងដែរ ៕

Leave A Reply

Your email address will not be published.