មេដឹកនាំ KKF ស្វាគមន៍ក្រុមយុវជន សហព័ន្ធខ្មែរកម្ពុជាក្រោមក្រោយបញ្ចប់ បេសកកម្ម ១ សប្តាហ៍ នៅ UN
ដោយ ស៊ឺន ចែងចើន | VOKK
នៅថ្ងៃសៅរ៍ទី ១៤ ខែឧសភា ម្សិលមិញនេះ នៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងខេមឌិន (Camden) រដ្ឋ New Jersey សហរដ្ឋអាមេរិក គណៈកម្មការ សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំកិច្ចស្វាគមន៍ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីរដ្ឋនានា ក្នុងទឹកដីសហរដ្ឋអាមេរិក ប្រទេសកាណាដា បារាំង អ៊ីតាលី អូស្ត្រាលី និងកម្ពុជា ។
កិច្ចជួបជុំនេះ ធ្វើឡើងបន្ទាប់ពីក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ចប់បេសកកម្មរយៈពេល ១ សប្តាហ៍ ក្នុងការចូលសង្កេតការណ៍ និងថ្លែងការណ៍ នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ស្ដីអំពីបញ្ហាជនជាតិដើម (UNPFII) នៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក ដែលកំពុងតែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦ ។
ក្នុងពិធីជួបជុំជាមួយក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា មួយចំនួនដូចជា លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផែនការ លោក ត្រឹង យ៉ាប ប្រធានរដ្ឋបាល លោកបណ្ឌិត Joshua Cooper ទីប្រឹក្សា លោក ហាង វឿង អ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម និងអ្នកស្រី សឺង ធីណិត ប្រធានស្ត្រីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ក្រៅពីនេះក៏មាន ការចូលរួមពីព្រះសង្ឃខ្មែរក្រោម និមន្តមកពីរដ្ឋនានា ចំនួន ៩ អង្គ ក្នុងនោះរួមមានព្រះតេជព្រះគុណ យឿង តារា ប្រធានសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម និមន្តមកពីប្រទេសកម្ពុជា ផង ។
លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងបើកកម្មវិធី ដោយរំឭកពីគុណតម្លៃរបស់ លោកបណ្ឌិត Joshua Cooper ប្រធានវិជ្ជាស្ថានសិទ្ធិមនុស្សរដ្ឋ Hawaii និងទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានលះបង់ពេលវេលា និងលះបង់កម្លាំងកាយចិត្ត ក្នុងការខិតខំប្រឹងប្រែងតស៊ូជាមួយ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើឆាកអន្តរជាតិ ដើម្បីទាមទារ «សិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង»ជូនពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។
លោក ត្រឹង ម៉ាន់ រិន្ទ បានលើកឡើងទៀតថា ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងបានចូលរួមប្រជុំ និងថ្លែងការណ៍ ក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ស្ដីពីបញ្ហា ជនជាតិដើម ហើយលទ្ធផលក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ ។ ចំណុចសំខាន់ៗដែលទទួលបានក្នុងការតវ៉ារបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនោះ មានជាអាទិ៍ កូនចៅខ្មែរក្រោម បានរៀនអក្សរខ្មែរ, រដ្ឋាភិបាល វៀតណាម បានជួយសម្រួលតម្លៃថ្នាំពេទ្យដល់ពលរដ្ឋខ្មែរក្រោម ក្នុងការទទួលបានសេវាព្យាបាលជម្ងឺ, ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានសមត្ថភាព ជំនួសមេដឹកសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការចូលរួមប្រជុំ នៅលើឆាកអន្តរជាតិ ។
លោក ត្រឹង ម៉ាន់ រិន្ទ បានថ្លែងយ៉ាងនេះថា ៖
លោក ត្រឹង ម៉ាន់ រិន្ទ បញ្ជាក់បន្ថែម ដោយសង្កត់ធ្ងន់ថា បច្ចុប្បន្នបញ្ហាផ្ទៃក្នុងនៃប្រទេសវៀតណាម និងប្រទេសកម្ពុជា កំពុងតែមានភាពចលាចលវឹកវរ ដូច្នេះ វាគឺជាឱកាសដ៏ល្អសម្រាប់ ខ្មែរក្រោមពង្រឹងស្មារតី និងគោលជំហរ ដើម្បីបង្កើតឲ្យមានសំឡេងតែមួយ ដែលជាចំណុចនាំឲ្យខ្មែរក្រោម ទទួលបានជោគជ័យ នៅពេលអនាគត ។
អ្នកស្រី សឺង ធីណិត ប្រធានស្ត្រីនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានមតិដោយចាប់អារម្មណ៍ទៅលើក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដោយអ្នកស្រីមានក្តីរំភើបចំពោះក្រុមយុវជនសហព័ន្ធ ខ្មែរកម្ពុជាក្រោមជាច្រើន ដែលជាអ្នកមានសមត្ថភាពជំនួសកិច្ចការដល់ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម នាបច្ចុប្បន្ននេះ ។
អ្នកស្រី សឺង ធីណិត មានប្រសាសន៍យ៉ាងដូច្នេះ ៖
ចំណែកអ្នកនាង កៀង សុធី ប្រធានគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) បានឡើងណែនាំក្រុមយុវជន ដឹកនាំដោយអ្នកនាង ដែលចូលរួមថ្លៃងការណ៍នៅក្នុងវេទិកា អចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិ ស្ដីអំពីបញ្ហាជនជាតិដើមនោះ បញ្ជាក់ប្រាប់អ្នកចូលរួមក្នុងពិធីជួបជុំ អំពីកិច្ចការរបស់ក្រុមអ្នកនាង ដែលកំពុងបំពេញបេសកកម្មនៅលើឆាកអន្តរជាតិ យ៉ាងនេះថា ៖
ក្រោយពី អ្នកនាង កៀង សុធី មានមតិរួចមក សមាជិកក្រុមយុវជនម្នាក់ៗ បានឡើងសម្ដែងមតិ ទាក់ទងទៅ នឹងបទពិសោធរបស់ពួកគេ ក្នុងការចូលរួមនៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហ ប្រជាជាតិ ស្ដីអំពីបញ្ហាជនជាតិដើម ។
សូមបញ្ជាក់ថា នៅថ្ងៃចន្ទ ទី ១៦ ខែឧសភា ជាថ្ងៃទី ១ នៃសប្ដាហ៍ទី ២ របស់សម័យប្រជុំលើកទី ១៥ នៃវេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម ។ ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបន្តចូលរួមស្តាប់ និងថ្លែងការណ៍ នៅក្នុងវេទិកានេះ រហូតដល់ថ្ងៃទី ២០ ឧសភា ២០១៦ ។
រាល់សេចក្ដីថ្លែងការណ៍ និងសកម្មភាពរបស់ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើឆាកអន្តរជាតិមួយនេះ នឹងត្រូវដាក់ផ្សាយ នៅលើកម្មវិធីទូរទស្សន៍ Online ព្រៃនគរ នៅពេលឆាប់ៗ នេះ ។ លោកអ្នកអាចបើកមើលកម្មវិធីទូរទស្សន៍ ព្រៃនគរ ដែលមានចាក់ផ្សាយ នៅលើគេហទំព័រ www.vokk.net ឬ www.preynokornews.info ៕
ខាងក្រោមនេះ ជារូបថតសកម្មភាពខ្លះៗ ក្នុងពិធីស្វាគមន៍ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ក្រោយបញ្ចប់បេសកកម្ម ១ សប្តាហ៍ នៅ UN ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៦ ។
រូបថត៖ ស៊ឺន ចែងចើន
Comments are closed.