សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបន្តទាមទារសិទ្ធិស្វ័យសម្រេចឲ្យខ្មែរក្រោម
ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោមបានកំណត់យុទ្ធសាស្ត្រឆ្នាំថ្មី ដោយបន្តធ្វើការងារការបទេស ដើម្បីទទួលបានសិទ្ធិស្វ័យសម្រេចឲ្យជនជាតិដើមខ្មែរក្រោម។ សហព័ន្ធ ក៏នឹងធ្វើការនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាជនភៀសខ្លួនខ្មែរកម្ពុជាក្រោមនៅប្រទេសថៃមករស់នៅសហរដ្ឋអាមេរិក។ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រឆ្នាំថ្មីនៃសហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ជនភៀសខ្លួនខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោម ដែលសកម្មក្នុងការងារទាមទារសិទ្ធិជនជាតិដើមបានស្វាគមន៍យុទ្ធសាស្ត្រឆ្នាំថ្មីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម។

សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបន្តធ្វើការងារ នឹងអង្គការសហប្រជាជាតិប្រទេសជាដៃគូសេដ្ឋកិច្ចនឹងប្រទេសវៀតណាមមានដូចជា សហរដ្ឋអាមេរិក អូស្ត្រាលីនិងជប៉ុនដើម្បីជំរុញឲ្យប្រទេសកុម្មុយនិស្តវៀតណាមគោរពសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម។ សហព័ន្ធក៏នឹងដឹកនាំប្រតិភូទៅប្រទេសមួយចំនួនដែលទទួលបានឯករាជ្យនិងសិទ្ធិស្វ័យសម្រេចដើម្បីសិក្សា និងរៀនសូត្រធ្វើតាមជ័យជម្នះរបស់ពួកគេ។ នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា ក្រោយកិច្ចប្រជុំកាលពីថ្ងៃទី១១ និង១២ មីនា កន្លែងទៅ អង្គប្រជុំបានសម្រេចរិះរកមធ្យោបាយតស៊ូមតិ ដោយអហិង្សានៅលើឆាកអន្តរជាតិ ដើម្បីឲ្យខ្មែរកម្ពុជាក្រោមមានសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត។
លោក ប្រាក់ សេរីវុឌ្ឍ៖ «រដ្ឋាភិបាលវៀតណាមហ្នឹងចង់កាច់បំបាក់យើងតែម្ដងពេលសកម្មភាពរបស់យើងកាន់តែរីកធំដុំឡើង។ ប៉ុន្តែបើយើងតស៊ូមិនចុះចាញ់យើងជឿថា រដ្ឋាភិបាលវៀតណាមមិនអាចធ្វើអ៊ីចឹងបានទេ ពីព្រោះអន្តរជាតិកំពុងចាប់អារម្មណ៍នឹងយើងខ្លាំងណាស់»។
លោក ប្រាក់ សេរីវុឌ្ឍ បន្តទៀតថា សហព័ន្ធក៏នឹងសម្រេចធ្វើការងារនឹងក្រសួងការបរទេសអាមេរិកដើម្បីប្រមូលផ្តុំអ្នកស្ម័គ្រចិត្ត និងម្ចាស់ជំនួយដើម្បីប្រមូលថវិកាចាំបាច់ធានាជនភៀសខ្លួនខ្មែរក្រោមដែលកំពុងរស់នៅយ៉ាងវេទនានៅប្រទេសថៃ ដើម្បីអាចមករស់នៅសហរដ្ឋអាមេរិកបាន។ បច្ចុប្បន្នជនភៀសខ្លួនខ្មែរក្រោមប្រមាណ២០០នាក់ បានរត់ភៀសខ្លួនពីស្រុកកំណើត និងកម្ពុជាដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញផ្នែកសិទ្ធិមនុស្ស និងសាសនានៅវៀតណាមនិងកម្ពុជា។ ក្នុងចំណោមជនភៀសខ្លួនខ្មែរក្រោមប្រមាណ ២០០នាក់ ប៉ុន្តែមានតែជនភៀសខ្លួនប្រមាណជាង៦០នាក់ត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)ទទួលស្គាល់និងផ្ដល់ឋានៈជាជនភៀសខ្លួន។ប្រធានក្រុមជនភៀសខ្លួនខ្មែរកម្ពុជាក្រោមនៅទីក្រុងបាងកកលោកឡឹមសំណាងស្វាគមន៍ចំពោះកិច្ចខំប្រឹងប្រែងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដើម្បីធានាជនភៀសខ្លួនខ្មែរក្រោមទៅរស់នៅសហរដ្ឋអាមេរិក។
លោក ឡឹម សំណាង ក៏ជាជនភៀសខ្លួនបានរត់ចេញពីកម្ពុជាក្រោយពេលលោកទទួលរងការគំរាមកំហែងពេលលោកចូលរួមធ្វើបាតុកម្មប្រឆាំងស្ថានទូតវៀតណាមនៅកម្ពុជា កាលពីឆ្នាំ២០០៨។ លោកបន្តថា ជនភៀសខ្លួនខ្មែរក្រោមកំពុងប្រឈមមុខនឹងស្ថានភាពជីវភាពដោយសារតែអ្នកខ្លះបានសុំសិទ្ធិជ្រកកោននយោបាយ រយៈពេលជាង១០ឆ្នាំហើយ តែមិនទទួលបានលទ្ធផលហើយពួកគេក៏បារម្ភពីសុវត្ថិភាព ព្រោះខ្លាចអាជ្ញាធរថៃចាប់បញ្ជូនទៅប្រទេសវៀតណាម និងកម្ពុជា។ កាលពីឆ្នាំ២០២២ កន្លងទៅ ជនភៀសខ្លួនខ្មែរក្រោមចំនួនដប់នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនហើយបច្ចុប្បន្នខ្មែរក្រោមបីនាក់នៅជាប់ពន្ធនាគារនៅឡើយ។
លោក ឡឹម សំណាង៖ «វាជាការល្អបង ពីព្រោះបងប្អូនខ្មែរកម្ពុជាក្រោមពេលអង្គការសហប្រជាជាតិសម្ភាសហើយ ជាប់ប៉ុន្តែគ្មានទូតណាទទួលស្គាល់សោះដូច្នោះបានសហព័ន្ធជាអ្នកធានាជាការល្អ»។
ពាក់ព័ន្ធនឹងយុទ្ធនាការរបស់សហព័ន្ធខ្មែរក្រោមដើម្បីទាមទារសិទ្ធិស្វ័យសម្រេចឲ្យខ្មែរក្រោមដែលកំពុងរស់នៅក្នុងស្រុកកំណើតនេះដែរ ព្រះសង្ឃដែលសកម្មធ្វើការងារផ្នែកសិទ្ធិមនុស្ស ព្រះភិក្ខុ យឿង ខាយ ក៏ស្វាគមន៍ការប្ដេជ្ញាចិត្តរបស់សហព័ន្ធដែរ។ ព្រះភិក្ខុ យឿង ខាយ បច្ចុប្បន្នកំពុងរងការធ្វើទុក្ខបុកម្នេញពីសំណាក់ព្រះសង្ឃ និងអាជ្ញាធរវៀតណាមដែលកំពុងបង្ខំឲ្យព្រះសង្ឃនៅកម្ពុជាក្រោម កុំទទួលស្គាល់ព្រះភិក្ខុ យឿង ខាយ ជាព្រះសង្ឃ និងគង់នៅក្នុងវត្តនៅខេត្តលង់ហោរ និងខេត្តព្រះត្រពាំង។
ព្រះភិក្ខុ យឿង ខាយ ថេរដីកាថា ខ្មែរក្រោមអាចទទួលបានសិទ្ធិសេរីភាពផ្នែកសិទ្ធិមនុស្ស និងផ្នែកសាសនា ប្រសិនបើកម្ពុជាមានសិទ្ធិស្វ័យសម្រេច។
ព្រះភិក្ខុ យឿង ខាយ៖ «តាមអាត្មាសង្កេតមើល កន្លងមកសហព័ន្ធដើរតាមមាគ៌ាត្រូវតាមច្បាប់របស់អង្គការសហប្រជាជាតិ។ សហព័ន្ធដើរត្រូវទើបអាត្មា និងសកម្មជនដទៃទៀតហ៊ានប្រើសិទ្ធិរបស់ខ្លួន»។
កន្លងទៅកិច្ចខំប្រឹងប្រែងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមមិនអត់ប្រយោជន៍នោះទេ។ក្រសួងការបរទេសសហរដ្ឋអាមេរិកតែងតែស្វែងយល់ព័ត៌មានពីប្រតិភូសហព័ន្ធខ្មែរក្រោមជុំវិញបញ្ហាសិទ្ធិមនុស្ស និងសាសនានៅកម្ពុជា។ ចំណែកឯមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងជនជាតិដើមក៏ធ្លាប់អន្តរាគមន៍ទៅរដ្ឋាភិបាលករណីចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញខ្មែរក្រោមតាមសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម៕