សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ពន្យារ​ពេល​ប្រជុំ​មហា​សន្និបាត​ ដោយសារ​តែ​ជំងឺ Covid-19

0 342

ដោយ យន់ សាមៀន | RFA Khmer

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន សម្រេច​ពន្យារពេលប្រជុំ​មហាសន្និបាត​ ដែល​គ្រោង ​នឹងធ្វើ​ឡើង​នៅ​ដើម​ខែ​កញ្ញា ខាងមុខនេះ ដោយសារតែ​ជំងឺ Covid-19 កំពុង​រាតត្បាត ។ តាម​គំរោង​កិច្ចប្រជុំ​នេះ នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស គណៈកម្មការ​នាយក រួមទាំង​ជ្រើសរើស​ប្រធាន​ប្រតិបត្តិ​ថ្មី ​សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​ម្តង​ ។

ទិដ្ឋភាពទូទៅនៃអង្គមហាសន្និបាតសកលលើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីឆ្នាំ ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន
ទិដ្ឋភាពទូទៅនៃអង្គមហាសន្និបាតសកលលើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីឆ្នាំ ២០១៦ ។ រូបថតៈ ស៊ឺន ចែងចើន

ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ថេរ​ដីកា​ថា ការពន្យារ​ពេលនេះ នឹងធ្វើ​រហូតដល់​ជំងឺ Covid-19 បាន​ធូរស្រាល​ ។ ព្រះអង្គ​បន្ថែម​ទៀត​ថា សហព័ន្ធ​កំពុង​បន្តធ្វើ​ការងារ ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម មិន​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ ពី​សំណាក់​អាជ្ញាធរ​វៀតណាម ទោះបី​វិបត្តិ​នៃ​ជំងឺ Covid-19 កំពុង​រាតត្បាត​ក៏ដោយ​ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​បង្កើតឡើង​ដោយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ នៅក្រៅ​ប្រទេស កាលពី​ឆ្នាំ ១៩៨៥ ដើម្បី​បំរើ​ខ្មែរក្រោម កំពុង​រស់នៅ​លើទឹក​ដី​កំណើត និង​តស៊ូ​មតិ​ដោយ​អហិង្សា មិន​ឲ្យ​អាជ្ញាធរ​វៀតណាម រំលោភសិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ជនជាតិ​ដើមកំណើត​ ។

ព្រះតេជព្រះគុណ ស៊ឺង យ៉ឹ​ង​រតនា មាន​ថេរ​ដីកា​បន្តទៀតថា ទោះបី​កន្លងមក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ការតស៊ូ​មតិ​លើក​ឆាក​អន្តរជាតិ យ៉ាង​ខ្លាំង​ក្លាក៏ដោយ ប៉ុន្តែ​ អាជ្ញាធរ​វៀតណាម បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម រួម​មានការ​ចាប់ចង​ពលរដ្ឋ​ខ្មែរក្រោម​ក្រីក្រ​ម្នាក់​ដាក់ពន្ធនាគារ និង​ហាមឃាត់​យុវជន​ខ្មែរក្រោម មិន​ឲ្យ​ប្រើប្រាស់​បណ្តាញ​សង្គម​ ដើម្បី​ចែកចាយ​ព័ត៌មាន​ ពី​ប្រវត្តិសាស្ត្រកម្ពុជាក្រោម​ជាដើម​ ។ ព្រះតេជព្រះគុណ ស៊ឺង យ៉ឹ​ង​រតនា ជា​ព្រះចៅអធិការវត្ត ខេមរង្ស៊ី​ផង​នោះ បន្តទៀតថា វត្តមាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ភាពចាំបាច់​ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន ​នៅ​កម្ពុជា​ក្រោម៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បង្កើតឡើង​ដើម្បី​បំរើ​ខ្មែរក្រោម ហើយ​តួនាទី​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិខ្មែរក្រោម​ជា​ម្ចាស់​ស្រុក ជា​ជាតិ​ដើម» ។

ទឹកដីកម្ពុជាក្រោម​រួមមាន ២១​ ខេត្ត ត្រូវ​បាន​បារាំង​កាត់​ឲ្យ​វៀតណាម​ គ្រប់គ្រង​ទាំង​ខុសច្បាប់​អស់​រយៈ ៧២ ​ឆ្នាំ​មកហើយ ។ បច្ចុប្បន្ន​ខ្មែរក្រោម​នៅ​ទូទាំង​ពិភពលោក កំពុង​ធ្វើ​យុទ្ធនា​ការទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត ៕

Leave A Reply

Your email address will not be published.