ខ្មែរក្រោមនៅក្រៅប្រទេសបង្កើតសារព័ត៌មាន ដើម្បីផ្សព្វផ្សាយពីបញ្ហាសិទ្ធិមនុស្ស ទៅដល់ពលរដ្ឋរបស់ខ្លួន នៅដែនដីកម្ពុជាក្រោម
ដោយ យន់ សាមៀន | RFA
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅអាមេរិក បានបង្កើតសារព័ត៌មានតាមបណ្តាញអ៊ិនធឺណែត ចំនួនពីរ ដើម្បីផ្តល់ព័ត៌មានសំខាន់ៗ មួយចំនួនរួមមាន ចំណោះដឹងផ្នែកសិទ្ធិមនុស្ស វប្បធម៌ សាសនា ទំនៀមទំលាប់ និងប្រវត្តិសាស្ត្រ ទៅដល់ខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត ដែលវៀតណាមកំពុងគ្រប់គ្រង ។ បច្ចុប្បន្នមានតែសារព័ត៌មាន តាមអ៊ិនធឺណែត និងបណ្តាញសង្គមនេះទេ ដែលអាចជ្រៀត វាយលុកចូលទៅដល់ទឹកដីកម្ពុជាក្រោម ពីព្រោះអាជ្ញាធរវៀតណាម បានហាមឃាត់មិនឲ្យខ្មែរក្រោមមានសិទ្ធិបង្កើតសារព័ត៌មានឯករាជ្យ ដូចជា កាសែត វិទ្យុ និងទូរទស្សន៍ នៅវៀតណាមនោះទេ និងហាមឃាត់ពួកគេមិនឲ្យស្តាប់ និងរៀនព័ត៌មានឯករាជ្យទៀតផង ។

វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) និងសារព័ត៌មានព្រៃនគរ កំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីពាំនាំព័ត៌មានតាមប្រព័ន្ធអ៊ិនធឺណែតទៅឲ្យដល់ខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការត្រួតត្រាររបស់របបកុម្មុនីយស្តវៀតណាម ហើយដែលកំពុងរឹតត្បិតសេរីភាពផ្នែកសារព័ត៌មាន យ៉ាងខ្លាំងនោះ ។ គណ:កម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្ត ខេមររង្សី នៅទីក្រុងសាន់ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា មានសង្ឃដីកាប្រាប់អាស៊ីសេរី កាលពីពេលថ្មីៗ នេះថា សារព័ត៌មានអនឡាញ (Online) ទាំងពីរនេះហើយ ដែលបានជួយឲ្យខ្មែរក្រោម យល់ដឹងពីព័ត៌មានពិត ដើម្បីកែប្រែស្ថានភាពរស់នៅរស់របស់ពួកគេ ។
“វិស័យព័ត៌មានហ្នឹងយើងនៅខាងក្រៅប្រទេស ដែលជាអង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមបង្កើតឡើងមានសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគ នៅខាងក្រៅប្រទេសនេះ គឺបានផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមយ៉ាងច្រើនកន្លងមក រហូតមកទល់ពេលបច្ចុប្បន្ននេះ ដោយសារតែវិស័យ នៅកម្ពុជាក្រោមមានដែរ ប៉ុន្តែនៅក្រោមរដ្ឋាភិបាលបក្សរបស់គេពិនិត្យ ។ ដូច្នោះ សារព័ត៌មានវិទ្យុសំឡេងកម្ពុជាក្រោម និងព្រៃនគរ បានផ្សព្ធផ្សាយសកម្មភាព ការតស៊ូនៅលើឆាកអន្តរជាតិ ។ យើងផ្សព្ធផ្សាយអំពីសិទ្ធិមនុស្ស និងជនជាតិដើម។.”
វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) បានបង្កើតឡើងកាលពីឆ្នាំ ២០០២ ចំណែកឯសារព័ត៌មានព្រៃនគរត្រូវបានបង្កើតឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីឆ្នាំ ២០០៨ ។ សារព័ត៌មានទាំងពីរនេះ មានមូលដ្ឋាននៅទីក្រុង (San Jose) រដ្ឋ California និងមានបុគ្គលិក ៦ នាក់ ក្នុងប្រទេសមួយចំនួន នៅជុំវិញពិភពលោក ។ បុគ្គលិកទាំងនោះ ធ្វើការងារដោយមិនយកប្រាក់កំរៃឡើយ ។
“ …រហូតមកទល់សព្វថ្ងៃនេះ សារព័ត៌មានយើង ដែលផ្សាយកន្លងមកហ្នឹងបានធ្វើឲ្យបងប្អូនយើងហ្នឹងស្គាល់ថា ខ្លួនជាខ្មែរកម្ពុជាក្រោម ។ ដូចបងឃើញថា តាមហ្វេកប៊ុក យើងបងប្អូនយើងមានស្លៀកពាក់ជារបៀបប្រពៃណីខ្មែរ ហើយសរសេរតាមហ្វ៊េកប៉ុកជាភាសាខ្មែរ ។ បងប្អូនយើង យល់ពីសិទ្ធិរបស់ខ្លួនថា ខ្លួនឯងនៅក្រោមអាណានិគមយួន។”
ព្រះតេជព្រះគុណមានសង្ឃដីកាបន្តថា កន្លងមកសហព័ន្ធខ្មែរកម្ពុជាក្រោមធ្លាប់បោះពុម្ពផ្សាយព័ត៌មានសារព័ត៌មានព្រៃនគរ ហើយផ្ញើទៅកម្ពុជាក្រោម ដើម្បីផ្សព្ធផ្សាយបន្ត ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាទំនើប មានបណ្តាញសង្គមដូចជា Facebook, Youtube និង Twitter ទើបសហព័ន្ធខ្មែរកម្ពុជាក្រោមជ្រើសរើសបច្ចេកវិទ្យាថ្មី ដើម្បីផ្សាយព័ត៌មានឲ្យទៅដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើតតែម្តង ។
ការផ្សព្ធផ្សាយព័ត៌មានដល់ខ្មែរក្រោមនេះ ជាចំណែកមួយក្នុងយុទ្ធសាស្ត្រ ដើម្បីទាមទារឲ្យវៀតណាមទទួលស្គាល់ថា ខ្មែរក្រោមជាជនជាតិដើមកំណើត នៅលើកទឹកដីកម្ពុជាក្រោម ។ ហើយប្រសិនបើវៀតណាមទទួលស្គាល់សិទ្ធិជាជនជាតិដើមហើយនេះ ខ្មែរក្រោម នឹងមានសិទ្ធិស្វ័យសម្រេចលើវាសនាខ្លួន ដោយខ្លួនឯង ទៅថ្ងៃអនាគត ។
កាលពីដើមខែមីនានេះ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដឹកនាំដោយ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា និងមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមមួយចំនួនទៀត បានស្នើសុំឲ្យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស អន្តរាគមន៍ទៅវៀតណាម ដើម្បីឲ្យរដ្ឋាភិបាលវៀតណាម ផ្តល់សិទ្ធិឲ្យខ្មែរក្រោម អាចបង្កើតស្ថានីយវិទ្យុ និងទូរទស្សន៍ដោយខ្លួនឯងបាន ។ ប៉ុន្តែ តំណាងរដ្ឋាភិបាលវៀតណាម ដែលចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលរបាយការណ៍របស់វៀតណាម ជុំវិញការអនុវត្តកិច្ចព្រមព្រៀងសិទ្ធិស៊ីវិល និងនយោបាយបានបដិសេធថា វៀតណាមគ្មានជនជាតិដើមភាគតិច ហើយក៏គ្មានវិបត្តិជនជាតិដើមដែរ ។ ការអះអាងរបស់វៀតណាមនេះ ផ្ទុយ នឹងប្រវត្តិសាស្ត្រជាក់ស្តែង ។
កម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោម កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដោយសារតែបារាំងកាត់ទឹកដីកម្ពុជាក្រោម ទៅឱ្យវៀតណាមទាំងខុសច្បាប់ និងគ្មានការយល់ព្រមពីកម្ពុជា និងពលរដ្ឋខ្មែរក្រោម ។ នៅខែមិថុនាឆ្នាំ ២០១៩ ខាងមុខនេះ ជាខួបពី ៧០ ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងថា ខ្មែរក្រោមរស់នៅវៀតណាមអាចមានចំនួនច្រើនជាង ៧ លាននាក់ ហើយមួយលាននាក់ផ្សេងទៀតកំពុងរស់នៅតាមប្រទេសមួយចំនួនជុំវិញពិភពលោក ។ ពលរដ្ឋខ្មែរក្រោម មួយចំនួនប្រាប់អាស៊ីសេរីកាលពីពេលថ្មីៗ នេះថា សារព័ត៌មានតាមបណ្តាញអ៊ិនធឺណែតរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិតជាធ្វើឲ្យខ្មែរក្រោមយល់ដឹងច្បាស់ពីសិទ្ធិសេរីភាពជាមូលដ្ឋាន ហើយពួកគេអាចបន្តរក្សាប្រពៃណី និងទំនៀមទំលាប់បានគង់វង្សមិនឲ្យបាត់បង់ ។ អតីតព្រះសង្ឃខ្មែរក្រោម ដែលធ្លាប់វៀតណាមចាប់ដាក់ពន្ធនាគារ ដោយសារតែការពារសិទ្ធិទទួលបានព័ត៌មាន មានប្រសាសន៍ថា ព័ត៌មានដែលខ្មែរក្រោមទទួលបាន នឹងអាចជួយឲ្យខ្មែរក្រោមបន្តទាមទារសិទ្ធិស្វ័យសម្រេចអនាគតរបស់ខ្លួនឯង ដោយជោគជ័យជាមិនខាន ។
“វិទ្យុសំឡេងខ្មែរកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ ជួយដល់ខ្មែរក្រោម ដែលរស់នៅលើទឹកដីកំណើតរបស់ខ្លួនដឹងលឺបានច្រើនរឿងណាស់ ។ ទីមួយអ្នកដែលរស់នៅទីនេះ មិនបានសិក្សាប្រវត្តិសាស្ត្រអំពីខ្មែរកម្ពុជាក្រោមហ្នឹងទេ ពីព្រោះនៅទីនេះវាបិទ ។ ទាំងសាលារៀន និងវត្តគេមិនឲ្យបង្រៀនប្រវតិ្តសាស្ត្រខ្មែរក្រោមទេ ។ យើងមានទូរស័ព្ទម្នាក់ៗ គឺយើងស្តាប់ដោយលួចលាក់ទេ។”
ទោះបីជាយ៉ាងណាក៏ដោយ លោកស្នើឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម បង្កើនការផ្សព្ធផ្សាយបន្ថែម ជាពិសេសត្រូវផ្សាយករណីរំលោភសិទ្ធិមនុស្ស ដែលខ្មែរក្រោមកំពុងជួបប្រទះ នៅទឹកដីកំណើតពួកគេ ។
“ ជួយយកចិត្តទុកដាក់អំពីវប្បធម៌អក្សរសាស្ត្រតាមវត្តព្រោះខ្មែរក្រោមយើងមានតែនៅតាមវត្តទេជាឬសគល់ ហើយទីពីរជាទៀតជួយផ្សព្ធផ្សាយពីជីវភាពរស់នៅរបស់ខ្មែរក្រោមផង ពីព្រោះជីវភាពរបស់គាត់ត្រូវគេគាបសង្កត់ ត្រូវគេបំបិទសិទ្ធិក្នុងការបញ្ចេញមតិ។”
ការទាមទារចង់ទទួលបានព័ត៌មានឯករាជ្យរបស់ខ្មែរក្រោមកន្លងមក ត្រូវបានវៀតណាមធ្វើទុក្ខបុកម្នេញ ហើយអាជ្ញាធរវៀតណាមបានចាប់ព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គដាក់ពន្ធនាគារ ដោយសារតែព្រះសង្ឃបានផ្តល់ព័ត៌មានមួយចំនួនទៅក្រៅប្រទេស ។ បច្ចុប្បន្ន ព្រះតេជព្រះគុណ ថាច់ ធឿន ដែលត្រូវបានវៀតណាម ចាប់ដាក់ពន្ធនាគាររយៈពេល ៦ ឆ្នាំ កំពុងនៅជាប់ពន្ធនាគារនៅឡើយ ។ ព្រះអង្គត្រូវបានវៀតណាមដាក់គុកដោយសារតែព្រះអង្គ ប្រាប់ព័ត៌មានដល់អាស៊ីសេរី និងវិទ្យុសំឡេងកម្ពុជាក្រោម កាលពីពេលកន្លងទៅ ។ វៀតណាមគ្រោង នឹងដោះលែងព្រះអង្គនៅខែឧសភាខាងមុខនេះ ។ មិនមែនតែខ្មែរក្រោមទេ ដែលចោទថា វៀតណាមថា កំពុងរំលោភសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន ។ របាយការណ៍សិទ្ធិមនុស្សក្រសួងការបរទេសអាមេរិកផ្សាយកាលពីថ្ងៃទី ១៣ មីនា រកឃើញថា ការរំលោភសិទ្ធិមនុស្សនៅវៀតណាម នៅតែបន្តកើតមានឡើង ។ របាយការណ៍នោះបន្តថា ការរំលោភសិទ្ធិមនុស្សទាំងនោះរួមមាន ការឃុំឃាំងទាំងខុសច្បាប់ និងសម្លាប់ដោយអានាធិបតេយ្យ ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនតាមបណ្ដាញសង្គម និងអ៊ីនធឺណិតជាដើម ។ រដ្ឋាភិបាលក៏នៅតែបន្តរឹតត្បិតលើសិទ្ធិធ្វើដំណើរ ការប្រមូលផ្ដុំ និងការចូលរួមផ្នែកនយោបាយ ។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា មានសង្ឃដីកាថា សហព័ន្ធខ្មែរកម្ពុជាក្រោម កំពុងមានគំរោងបង្កើនការផ្សាយព័ត៌មានតាមបណ្តាញអ៊ិនធឺណែត ដើម្បីធានាថា ខ្មែរក្រោមទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ។ គំរោងសំខាន់បន្ទាប់គឺបង្កើតស្ថានីយវិទ្យុ និងទូរទ្សន៍ឯករាជ្យនៅលើទឺកដីកម្ពុជាក្រោមតែម្តង ៕