សហព័ន្ធខ្មែរកម្ពុជាក្រោមស្នើសុំអាមេរិកដាក់សម្ពាធលើរដ្ឋាភិបាលវៀតណាម

សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក នៅដើមសប្ដាហ៍នេះ បន្តស្វែងរកកិច្ចអន្តរាគមន៍ពីសហរដ្ឋអាមេរិក ប្រឆាំងនឹងការធ្វើទុក្ខ បុកម្នេញផ្នែកសាសនា និងការរំលោភសិទ្ធិមនុស្ស ខ្មែរក្រោម ដែលរស់នៅលើទឹកដីកម្ពុជាក្រោម ។
រដ្ឋាភិបាលវៀតណាម កាលពីខែឧសភា ឆ្នាំ ២០១៣ បានចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោម ៣ អង្គ នៅខេត្ត ឃ្លាំង ព្រមទាំងបានធ្វើទារុណកម្ម និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោម មួយចំនួនទៀត ។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ យ័ញ តូន កាលពីថ្ងៃច័ន្ទ ទី ២២ ខែ កក្កដា បានស្នើឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈកម្មាធិការ សហរដ្ឋអាមេរិក ទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ គាបសង្កត់រដ្ឋាភិបាលវៀតណាម ឲ្យដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម និងផ្ដល់សិទ្ធិមនុស្ស និងសេរីផ្នែកព្រះពុទ្ធសាសនាដល់ខ្មែរ ក្រោម ដែលកំពុងរស់នៅ ក្នុងទឹកដីកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោមស្នើសុំអាមេរិកដាក់សម្ពាធលើរដ្ឋាភិបាលវៀតណាម
ព្រះតេជព្រះគុណ យ័ញ តូន៖ «ឲ្យសហរដ្ឋអាមេរិកជួយអន្តរាគមន៍ ជួយធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលយួន គោរពសិទ្ធិមនុស្ស គោរពសាសនានិងបើកធំទូលាយខ្មែរក្រោមមានសិទ្ធិមានជំនឿសាសនា»។
ព្រះតេជព្រះគុណ យ័ញ តូន បានបន្តថា ព្រះសង្ឃពីរអង្គ និងខ្មែរក្រោម ៣ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅខេត្តឃ្លាំង ដែលរដ្ឋាភិបាលវៀតណាម បានប្រែឈ្មោះទៅជាខេត្តសុកត្រាំង ប៉ុន្តែអាជ្ញាធរវៀតណាម មិនបានផ្ដល់ព័ត៌មានលម្អិតពីកន្លែងឃុំឃាំងឡើយ ។
ចំណែកខ្មែរ ក្រោមចំនួន ១៣ នាក់ទៀត កំពុងស្នាក់នៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនក្នុងអង្គការ UNHCR ។ ពួក គេព្រួយបារម្ភអាជ្ញាធរវៀតណាម នឹងចាប់ខ្លួនពួកគេប្រសិននៅបន្តរស់នៅក្នុងដែនដីកម្ពុជាក្រោម ។
ព្រះអង្គបន្តទៀតថា អាជ្ញាធរវៀតណាមបានចាប់ឃាត់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដើម្បីរារាំងមិនឲ្យព្រះសង្ឃបង្រៀនធម៌ និងអក្សរសាស្ត្រខ្មែរ ។
ព្រះតេជព្រះគុណ យ័ញ តូន បន្តថា គណៈកម្មាធិការសេរីភាពអន្តរសាសនា បានសន្យានឹងជួយខ្មែរក្រោម ឲ្យមានសិទ្ធិរស់នៅជាម្ចាស់ទឹកដីកំណើតនៅប្រទេសវៀតណាម៖ «ក្រសួងអន្តរសាសនាបានទទួលនូវព័ត៌មានបន្ថែមគេមានការមិនសុខចិត្តចំពោះការរំលោភលើសិទ្ធិមនុស្ស និងសាសនារបស់រដ្ឋាភិបាលវៀត ណាម ។ ក្រសួងអន្តរសាសនាអះអាងនឹងជួយ»។
ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមទូទាំងពិភពលោក ដឹកនាំដោយសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការគាបសង្កត់ផ្នែកសាសនាលើពលរដ្ឋខ្មែរក្រោមពីរដ្ឋាផិបាលវៀត ណាម ប៉ុន្តែរដ្ឋាភិបាលវៀតណាម នៅមិនទាន់បានឆ្លើយតបជាវិជ្ជមាននៅឡើយទេ ។
របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីពីសេរីភាពសាសនាសម្រាប់ឆ្នាំ ២០១៣ រកឃើញថា ទោះបីជាវៀតណាមបានរីកចំរើនខ្លះក្នុងការទទួលស្គាល់នៃក្រុមសាសនាមួយចំនួន មានវត្តមាននៅប្រ ទេសកម្ពុជា ។ រដ្ឋាភិបាលវៀតណាម នៅបន្តរឹតត្បិតសិទ្ធិសេរីភាពផ្នែកសាសនា ។ ក្រុមសាសនាដែលមិន បានចុះបញ្ជីនឹងរដ្ឋាភិបាលនៅតែបន្តរងការគាបសង្កត់និងគំរាមកំហែង ៕