ខ្មែរក្រោមនៅលើពិភពលោកជ្រើសរើសយក «សិទ្ធិស្វ័យសម្រេចវាសនាខ្លួន ដោយខ្លួនឯង» ទៅថ្ងៃអនាគត

0 408

ដោយ យន់ សាមៀន | RFA

ពលរដ្ឋ​ខ្មែរ​ក្រោម ​ក្នុង​ប្រទេស​មួយ​ចំនួន​មាន ដូច​ជា សហរដ្ឋ​អាមេរិក អឺរ៉ុប ថៃ កូរ៉េ​ខាង​ត្បូង និង​កម្ពុជា បាន​នាំ​គ្នា​ប្រារព្ធ​ខួប ៧០ ឆ្នាំ នៃ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ក្រោម​នឹម​ត្រួតត្រា​របស់​ប្រទេស​កុម្មុយនិស្ត​វៀតណាម ។ ពួក​គេ​អះអាង​ថា សារ​សំខាន់​នៃ​ខួប ៧០ ឆ្នាំ គឺ​ការ​ស្វែង​រក​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ក្រោម ​រស់​នៅ​លើ​ទឹក​ដី​កំណើត​បាន​ស្វែង​យល់​គ្រប់​ជ្រុងជ្រោយ ។ ចំណែក​រដ្ឋាភិបាល​វៀតណាម ក៏​បាន​ដឹង​ឮ ហើយ​ ​នឹង​មិន​សូវ​ហ៊ាន​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ក្រោម ​ដូច​បច្ចុប្បន្ន​នេះ​ដែរ ។

អ្នកចូលរួមក្នុង​សន្និសីទ​ ស្តីពី​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»។ រូបថតៈ ថាច់ ប្រីជា គឿន
អ្នកចូលរួមក្នុង​សន្និសីទ​ ស្តីពី​«សិទ្ធិខ្មែរក្រោម​ក្នុងការសម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង‍»។ រូបថតៈ ថាច់ ប្រីជា គឿន

មន្ត្រី​សំខាន់ៗ មួយ​ចំនួន​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​សាមគ្គី​គ្នា​ជា​សំឡេង​ធ្លុង​មួយ​ឆ្ពោះ​ទៅ​ការ​ស្វែង​រក​សិទ្ធិ​កំណត់​ជោគ​វាសនា​អនាគត​ឯង​ខ្លួន ឲ្យ​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ក្រោម ដែល​កំពុង​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​កុម្មុយនិស្ត​វៀតណាម ។ ពលរដ្ឋ​ខ្មែរ​​ក្រោម បាន​ប្រើប្រាស់​ព្រឹត្តិការណ៍​ខួប ៧០​ ឆ្នាំ​នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​នេះ ដើម្បី​ធ្វើ​ជា​យុទ្ធនាការ​មួយ​នៅ​ជុំវិញ​ពិភព​លោក ដើម្បីឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ​កំពុង​ស្រែក​ឃ្លាន សិទ្ធិ សេរីភាព ផ្នែក​សាសនា អក្សរសាស្ត្រ ជំនឿ និង​ប្រពៃណី ។ កាល​ពី​ដើម​ខែ​មិថុនា ខ្មែរ​ក្រោម​ជុំវិញ​ពិភព​លោក បាន​ជួប​ជុំ​គ្នា​ថ្លែង​ទាមទារ​សារ​សិទ្ធិ​សេរីភាព ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​ប្រមូល​មន្ត្រី​ជំនាញ​លើ​ពិភព​លោក សិក្សា​ស្វែង​យល់​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បើក​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី ១ មិថុនា នៅ​ទីក្រុង ឡាអេ ប្រទេស ហូឡង់ ក្នុង​វិមាន​សន្តិភាព នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ជជែក​ពី​បញ្ហា​ទាមទារ​សិទ្ធិ​សេរីភាព​នេះ ។ គណ:កម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះចៅ​អធិការ​វត្ត ខេមររង្សី នៅ​ទីក្រុង សាន់ហូស្សេ (San Jose) រដ្ឋ​កាលីហ្វ័រញ៉ា (California): ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ​មាន​ថេរ​ដីកា​ថា ខ្មែរ​ក្រោម​ទូទាំង​ពិភព​លោក​បាន​ជោគជ័យ​ផ្ញើ​សារ​សំខាន់​ដល់​បង​ប្អូន​ខ្មែរ​ក្រោម​ រស់​នៅ​លើ​ទឹក​ដី​កំណើត និង​រដ្ឋាភិបាល​វៀតណាម៖ «សារ សម្រេច​វាសនា​ដោយ​ខ្លួន​ឯង​នេះ យើង​បាន​ផ្ញើ​ទៅ​ដល់​រដ្ឋាភិបាល​វៀតណាម ក៏​ដូច​ជា បង​ប្អូន​យើង​នៅ​ក្នុង​ស្រុក​យល់​ថា ពួក​គេ​ជា​ជនជាតិ​ដើម ដូច្នោះ​យើង​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​តាំង​ពី​ការ​ប្រតិបត្តិ​ជំនឿ​សាសនា​ ប្រពៃណី ការពារ​វប្បធម៌ និង​ទំនៀម​ទម្លាប់​របស់​យើង ដោយ​គ្មាន​ការ​ន័យ​ខ្លាច​អ្វី​ទេ

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា មាន​ថេរ​ដីកា​បន្ត​ទៀតថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​នឹង​សិក្សា​អនុសាសន៍​នានា​របស់​មន្ត្រី​ជំនាញ ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​វៀតណាម​ នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​ ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​អនាគត​ដោយ​ខ្លួន​ឯង​ពី​វៀតណាម តាម​ច្បាប់​កំណត់​របស់​អង្គការ​សហប្រជាជាតិ ។ ព្រះតេជព្រះគុណ​បន្ថែម​ទៀត​ថា ជោគជ័យ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ​នៅ​មិន​យូរ​ទេ៖ «សង្ឃឹម​ថា នឹង​បាន ព្រោះ​ថា កាល​ពី​យើង​រៀបចំ​កិច្ច​ប្រជុំ​នៅ​វិមាន​សន្តិភាព​ហ្នឹង យើង​បាន​អញ្ជើញ​មន្ត្រី​ជំនាញ​បរទេស ថ្លែង​អំពី​ការ​សម្រេច​ជោគវាសនា​ដោយ​ខ្លួន​ឯង មាន​ច្បាប់​ជា​ច្រើន ដែល​អាច​ឲ្យ​ខ្មែរ​ក្រោម​អាច​មាន​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង​បាន»

មិន​មែន​មាន​តែ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​អាមេរិក និង​អឺរ៉ុប​ទេ ដែល​ធ្វើ​ពិធី​រំលឹក​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ ។ ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា ថៃ និង​កូរ៉េ​ខាង​ត្បូង ក៏​បាន​ចូលរួម​ដែរ ។ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដឹក​នាំ​ដោយ​លោក ថាច់ សេដ្ឋា បាន​ប្រមូល​ខ្មែរ​ក្រោម​ប្រមាណ​ពីរ​ពាន់​នាក់ ធ្វើពិធី​បាត់បង់​ទឹក​ដី​កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ។ អាជ្ញាធរ​នៃ​របប​ទីក្រុង​ភ្នំពេញ បាន​ហាម​ឃាត់​សហគមន៍​ខ្មែរ​ក្រោម ​មិន​ឲ្យ​ធ្វើ​ពិធី​នេះ នៅ​ទីធ្លា​សាធារណៈ​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​សហគមន៍​ធ្វើ​ពិធី​នេះ ក្នុង​ទីស្នាក់ការ ដែល​មាន​ទី​កន្លែង​ចង្អៀត​ណែន ។ អាជ្ញាធរ​ទីក្រុង​ភ្នំពេញ ក៏​បាន​ដាក់​ភ្នាក់ងារ​តាម​ស៊ើប​ការណ៍​ពី​ការ​ប្រមូល​ផ្តុំ​នេះ​ដែរ ទោះ​បី​ក្នុង​ពិធី​នេះ មាន​ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ​ចូលរួម​ក៏​ដោយ ។ លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នោះ​ថា ពលរដ្ឋ​ខ្មែរ​លើ​បច្ចុប្បន្ន​ត្រូវ​មាន​សាមគ្គីភាព និង​ឯកភាព​ជាតិ​ចៀសវាង​ការ​បែក​បាក់​គ្នា ខ្លាច​ក្រែង​កម្ពុជា ​នឹង​បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត​ទៅ​ឲ្យ​ប្រទេស​វៀតណាម ។ លោក ថាច់ សេដ្ឋា​ ថា ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដីកម្ពុជាក្រោម មាន​សារ​សំខាន់​ណាស់​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ពី​ប្រវត្តិ​នៃ​ការ​ផ្តល់​ទឹក​ដី​ខ្មែរ​ពី​សំណាក់​បារាំង​ទៅ​ប្រទេស​វៀតណាម​ទាំង​ខុស និង​គ្មាន​ការ​យល់ព្រម​ពី​ភាគី​កម្ពុជា ។ អាណានិគម​បារាំង​ បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៤៩ ។ ចាប់​តាំង​ពី​បាន​សិទ្ធិ​គ្រប់គ្រង​ពី​បារាំង​មក វៀតណាម​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ទំនៀម​ទម្លាប់​ខ្មែរ ។ វៀតណាម​ក៏​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ចាប់ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ដាក់​ពន្ធនាគារ ដើម្បី​កុំ​ឱ្យ​ងើប​ប្រឆាំង​ការ​តវ៉ា​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត ។

ជុំវិញ​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​នេះ គណបក្ស សង្គ្រោះ​ជាតិ បាន​ប្រកាស​ផ្ដល់​ក្ដី​សង្ឃឹម​ជា​ថ្មី​ម្ដង​ទៀត ​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ។ គណបក្ស សង្គ្រោះ​ជាតិ បាន​ថ្លែង​ការណ៍​បញ្ជាក់​ថា ទឹក​ដី​​កម្ពុជា​ក្រោម គឺជា​ទឹក​ដី​របស់​ខ្មែរ បើ​ទោះ​បី​ជា​អស់​រយៈ​ពេល ៧០ ឆ្នាំ កន្លង​ទៅ​ហើយ ដែល​អាណានិគម​បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ ឱ្យ​អាណានិគម​វៀតណាម​ត្រួតត្រា​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ​ក៏​ដោយ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ចេញ​ផ្សាយ​កាល​ថ្ងៃ​ទី ៤ មិថុនា ​បញ្ជាក់​ថា រយៈ​ពេល ៧០ ឆ្នាំ​កន្លង​ទៅ​នេះ ប្រជារាស្ត្រ​ខ្មែរ​មិន​អាច​បំភ្លេច​ទឹក​ដី​កម្ពុជា​ក្រោម​ឡើយ ហើយ​គណបក្សប្រឆាំង​មួយ​នេះ នឹង​នៅ​ជាមួយ​បងប្អូន​រួម​ឈាម​ខ្មែរ​ជានិច្ច ទោះ​បី​ជា​ខ្មែរ​ក្រោម ខ្មែរ​កណ្ដាល ខ្មែរលើ គឺជា​ខ្មែរ​តែមួយ ។

អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ ប្រាប់​អាស៊ី​សេរី​ថា បើ​គណបក្ស​ សង្គ្រោះ​ជាតិ​ ឈ្នះ​ឆ្នោត​កាន់កាប់​រដ្ឋាភិបាល នៅ​តែ​ទាមទារ​ឱ្យ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ទាមទារ​ឱ្យ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​ប្រគល់​ទឹកដីកម្ពុជា​ក្រោម​មក​ឱ្យ​កម្ពុជា​ត្រួតត្រា​វិញ៖ «គណបក្ស​សង្គ្រោះ​ជាតិ កាលណា​កាន់កាប់​រដ្ឋាភិបាល​យើង​នឹង​យក​រឿង​នេះ​ទៅលើ​ឆាក​អន្តរជាតិ ។ ដោយ​យក​គោលការណ៍ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ធ្វើ​ជា​ទឡ្ហីករណ៍​ក្នុង​ការ​ការពារ​សិទ្ធិ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​នូវ​សិទ្ធិមនុស្ស​មាន​ន័យ​ថា សិទ្ធិ​ក្នុង​ការ​ស្វ័យ​សម្រេច​ខ្លួន​ឯង​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​ពី​នរណា​មួយ»

ការ​ប្រកាស​របស់​គណបក្ស សង្គ្រោះ​ជាតិនេះ មន្ត្រី​របប​លោក ហ៊ុន សែន មិន​គាំទ្រ​ឡើយ ។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ចំអក​ថា ការ​ចង់​បាន​ទឹក​ដី​កម្ពុជា​ក្រោម​ពី​វៀតណាម​វិញ ជា​ការ​យល់​សប្ដិ​តែ​ប៉ុណ្ណោះ ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ចំអក​ឲ្យ​បក្ស​ប្រឆាំង​ថា លោក​ នឹង​ផ្ដល់​ក្ដារ​មឈូស ដោយ​ឥត​គិត​ប្រាក់ ទៅ​ឲ្យ​ជន​ណា​ដែល​ចង់​ទាមទារ​ទឹក​ដី​​កម្ពុជា​ក្រោម​មកវិញ ។ កន្លង​មក​របប​លោក ហ៊ុន សែន តែងតែ​បដិសេធ​ធ្វើ​អន្តរាគមន៍​ជួយ​ខ្មែរក្រោម ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយសារ​តែ​ពួក​គេ​ទាមទារ​សិទ្ធិ​ផ្នែក​សាសនា និង​ការ​ចង់​រៀន​ចេះ​ដឹង​អក្សរ​ខ្មែរ ។ មន្ត្រី​នាំ​ពាក្យ​លោក ផៃ ស៊ីផាន ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ជន​ជាតិ​វៀតណាម ដូច្នោះ​រដ្ឋាភិបាល​កម្ពុជា មិន​ជ្រៀត​ជ្រែក​ចូល​អធិបតេយ្យភាព​វៀតណាម​ឡើយ ។ ដោយ​ឡែក​រដ្ឋាភិបាល​វៀតណាម​វិញ មិន​បាន​ឆ្លើយ​តប​ទៅ ​នឹង​ការ​ប្រារព្ធ​ខួប ៧០ ឆ្នាំនៃថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ជា​ផ្លូវ​ការ​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​កុម្មុយនិស្ត​បាន​ប្រើប្រាស់​អាជ្ញាធរ​មូលដ្ឋាន កោះ​ហៅ​ខ្មែរ​ក្រោម​នៅ​វៀតណាម ដើម្បី​មក​សាកសួរ ដោយ​គ្រាន់​តែ​ពួក​គេ​ពាក់​អាវ​មាន​រូប​សញ្ញា ៧០ ឆ្នាំ​ក៏​ដោយ ។ ពលរដ្ឋ​ខ្មែរ​ក្រោម​ផ្សេង​ទៀត ក៏​ត្រូវ​បាន​វៀតណាម​កោះ​មក​ហៅ រឿង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម បញ្ចេញ​មតិ​ពាក់ព័ន្ធ​ថ្ងៃ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជាក្រោម​ នេះ​ដែរ។

កាល​ពី​ខែ​មេសា កន្លង​ទៅ​រដ្ឋាភិបាល​វៀតណាម​បាន​ចេញ​លិខិត​ស្វាគមន៍​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី ប៉ុន្តែ​អះអាង​ថា ពលរដ្ឋ​ខ្មែរ​​ក្រោម​ជា​ជន​ជាតិ​ភាគ​តិច មិន​មែន​ជន​ជាតិ​ដើម​ឡើយ ។ មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ការ​អះអាង​របស់​វៀតណាម​នេះ ដោយ​សារ​តែ​វៀតណាម​មិន​ចង់​ផ្ដល់​សិទ្ធិ​ស្វ័យ​សម្រេច​ជា​ជន​ដើម​កំណើត​ទៅ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ។

ទោះ​បី​របប​លោក ហ៊ុន សែន មិន​គាំទ្រ​ការ​ចង់​បាន​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​កម្ពុជា​ក្រោម ក៏​ដោយ ប៉ុន្តែ​តំណាង​សហរដ្ឋ​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​គាំទ្រ​សមាជិកភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ជា​សមាជិក​គណៈកម្មាធិការ​អង្គការ នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ (ECOSOC) ដើម្បី​បម្រើ​ពលរដ្ឋ​ជនជាតិ​ដើម​កំណើត​ខ្មែរ នៅ​កម្ពុជា​ក្រោម ក្នុង​វិស័យ​សង្គម សិទ្ធិ​មនុស្ស និង​អប់រំ ។ ប្រសិន​បើ​សហព័ន្ធខ្មែរកម្ពុជាក្រោមអាច​ក្លាយ​ជា​សមាជិក ECOSOC មែន​នោះ សហព័ន្ ធ​នឹង​មាន​សិទ្ធិតវ៉ា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​វៀតណាម ​ទៅ​លើ​ខ្មែរ​ក្រោម ក្នុង​កិច្ច​ប្រជុំ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ជា​ប្រចាំ​ឆ្នាំ ។ តំណាង​អាមេរិក​អះអាង​ថា បេសកកម្ម​សហព័ន្ធ​ គឺ​ដើម្បី​ការពារ និង​រក្សា​វត្តមាន​របស់​សហគមន៍​ខ្មែរ​ក្រោម ដែល​កំពុង​រង​គ្រោះ​ដោយ​អាជ្ញាធរ​វៀតណាម ។

មន្ត្រី​ជំនាញ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ខួប​បាត់បង់​ទឹក​ដី​ខ្មែរ​ក្រោម ៧០ ឆ្នាំ​នៅ​ឯ​វិមាន​សន្តិភាព តុលាការ​យុត្តិធម៌​អន្តរជាតិ​បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ ជា​កិច្ច​ចាប់​ផ្តើម​ការ​ពិភាក្សា​ការ​ស្វែង​សិទ្ធិ​ស្វ័យ​សម្រេច​ដល់​ខ្មែរ​ក្រោម ។ អ្នក​ជំនាញ​ថា ខ្មែរ​ក្រោម​មាន​លក្ខណៈ​ពិសេស ដោយសារ​ពួក​គេ​គោរព​ប្រតិបត្តិ​វប្បធម៌ និង​សាសនា​យ៉ាង​ខ្ជាប់ខ្ជួន ។ គុណ​តម្លៃ​របស់​ពួក​គេ​នេះ​ហើយ បាន​ក្លាយ​ជា​ទស្សនៈ​វិស័យ សម្រាប់​ជ្រើសរើស​ផ្លូវ​ទៅ​ថ្ងៃ​អនាគត​របស់​ពួក​គេ ។ បច្ចុប្បន្ន ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​លាត​ត្រដាង​ប្រាប់​ពិភព​លោក​អំពី​ការ​ជិះ​ជាន់​របស់​វៀតណាម​ ទៅលើ​ពលរដ្ឋ​ជនជាតិ​ដើម​កំណើត ដែល​បាន​ក្លាយ​ជា​ភស្តុតាង​ដ៏​សំខាន់​មួយ ដើម្បី​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ប្រើប្រាស់​តវ៉ា​នឹង​រដ្ឋាភិបាល​វៀតណាម ក្នុង​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មិន​ត្រូវ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការ​ប្រតិបត្តិ​វប្បធម៌​ និង​សាសនា ។ មន្ត្រី​ជំនាញ​បន្ត​ទៀត​ថា ការ​ងើប​ឡើង​តវ៉ា​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពលរដ្ឋ​ខ្មែរ​​ក្រោម រឹត​តែ​ធ្វើ​ពិភព​លោក ដឹង​ឮ ហើយ​រដ្ឋាភិបាល​វៀតណាម ​ក៏​ញញើត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម​ដែរ ៕

Leave A Reply

Your email address will not be published.