​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ត្រូវ​តស៊ូ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ ​តាម​មាគ៌ា​សន្តិវិធី​ ​និង​អហិង្សា​

0 498

លោក​ ​លី​ ​ឈូ​ន

​ប្រធាន​ផែនការ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ត្រឹង​ ​ម៉ាន់​រិន្ទ ​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ចង់​សម្រេច​ឆន្ទៈ​របស់​ខ្លួន​ ​ក្នុង​ការ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ ​ត្រូវតែ​ខំ​អត់ធ្មត់​តស៊ូ​មតិ​ទាមទារ​តាម​មាគ៌ា​សន្តិវិធី​ ​និង​អហិង្សា​ ​។​ ​ពិតមែន​តែ​ការ​តស៊ូ​តាម​មាគ៌ា​នេះ​ ​ត្រូវ​ប្រើ​ពេលវេលា​វែងឆ្ងាយ​ក៏​ពិតមែន​ ​តែ​ខ្មែរក្រោម​ ​គង់តែ​បាន​សម្រេច​ ​បើ​មិន​បោះបង់​នូវ​ឆន្ទៈ​នេះ​ ​។​ ​ប្រធាន​ផែនការ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លើកឡើង​ដូច្នេះ​ ​ក្នុង​វេទិកា​មួយ​របស់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​នៅ​ថ្ងៃ​ទី​ ​២​០​ ​កញ្ញា​ស​ប្តាហ៍​កន្លងទៅ​ ​ទា​ង់​ទង​ទៅ​នឹង​លិខិត​ឆ្លើយតប​របស់​រដ្ឋាភិបាល​វៀតណាម​ ​ទៅកាន់​ក្រុម​អ្នកជំនាញ​ការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​ជុំវិញ​ករណី​ធ្វើទុក្ខបុកម្នេញ​យុវជន​ខ្មែរក្រោម​ ​មួយ​រូប​ឈ្មោះ​ យឿ​ង​ ខា​យ​ ​ជា​អ្នក​ផ្សព្វផ្សាយ​សៀវភៅ​ច្បាប់​ជនជាតិ​ដើម​ ​តែ​វៀតណាម​ ​បែរជា​ឆ្លើយ​មួលបង្កាច់​ថា​ ​យុវជន​ខ្មែរក្រោម​រូប​នេះ​ ​កំពុងតែ​ធ្វើ​នូវ​ទង្វើ​ ​ដើម្បី​បំបែក​រដ្ឋ​ ​។​ ​ទន្ទឹម​នឹង​រដ្ឋាភិបាល​វៀតណាម​ ​ឆ្លើយ​មួលបង្កាច់​បំផ្លើស​ការពិត​ ​នៃ​ការ​តស៊ូ​របស់​ខ្មែរក្រោម​ ​លើឆាកអន្តរជាតិ​ដូច្នេះ​ ​អ្នក​នៅ​ក្នុងស្រុក​ឯណេះ​ ​ត្រូវ​ពួក​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​ ​ប្រើ​គ្រប់​មធ្យោបាយ​ធ្វើទុក្ខបុកម្នេញ​អ្នក​តស៊ូ​មតិ​ខ្មែរក្រោម​ ​ដូចជា​បង្ខំឲ្យ​រោងចក្រ​ ​រោង​សិប្បកម្ម​ ​គ្រឹះស្ថាន​មួយ​ចំនួន​ដេញ​អ្នក​តស៊ូ​មតិ​ខ្មែរក្រោម​ ​ចេញពី​ការងារ​ចិញ្ចឹមជីវិត​ទៀត​ផង​ ​។​ ​ការ​តស៊ូ​របស់​ខ្មែរក្រោម​សម័យនេះ​ ​គឺ​គ្មាន​ស្រមើ​ស្រមៃ​ ​និង​គ្មាន​គោលបំណង​ ​បំបែក​រដ្ឋ​ ​ចេញពី​រដ្ឋ​វៀតណាម​នោះ​ទេ​ ​គឺ​ខ្មែរក្រោម​ ​ធ្វើតាម​តួនាទី​របស់​ខ្លួន​ ​ដែល​ជា​ម្ចាស់​ដើម​នៃ​មាតុភូមិ​កម្ពុជាក្រោម​ ​ហើយ​ធ្វើការ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ ​ស្រប​ទៅ​តាមច្បាប់​អង្គការសហប្រជាជាតិ​ ​និង​ស្របតាម​ឆន្ទៈ​រដ្ឋាភិបាល​របស់​វៀតណាម​ ​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​ច្បាប់​ និង​កតិកាសញ្ញា​ទាំងនេះ​ ​របស់​អង្គការសហប្រជាជាតិ​ ​។

ប្រធាន​ផែន​ការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ លោក ​ត្រឹង​ ម៉ាន់​រិន្ទ អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​រងទុក្ខ​វេទនា​ ពី​ការ​គាប​សង្កត់​ បំបិទ​សេរីភាព ពី​របប​កុម្មុយ​នីស្តុ​វៀតណាម​នោះ​ ឲ្យ​ក្រោក​ឡើង​តស៊ូ​មតិ​ដោយ​សន្តិ​វិធី​និង​អហិង្សា​ទាំង​អស់​គ្នា​ ទើប​ខ្មែរ​ក្រោម ​រួច​ផុត​ទុក្ខ​ ហើយ​អ្នក​តស៊ូ​មតិ​ខ្មែរ​ក្រោម​ ក៏​អាច​គេច​ផុត​ពី​ការ​មួល​បង្កាច់​ ទម្លាក់​កំហុស​ ដើម្បី​ដាក់​ទោស​ទណ្ឌ​ពី​របប​កុម្មុយ​នីស្ត​វៀតណាម ​៖ «ការ​តវ៉ា​ដោយ​សន្តិ​វិធី​ហ្នឹង​គឺ​វា​ទាម​ទារ​ពេល​វេលា​យូរ​ និង​ទី​មួយ ទីពីរ​ទៀត​គឺ​វា​ទាម​ទារ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​យើង​ទាំង​អស់​គ្នា​ ។ មិន​មែន​សហព័ន្ធ​ម្នាក់​ឯង​ធ្វើ​ការ​ងារ​ហ្នឹង​ទៅ​រួច​ គឺ​ត្រូវ​ពឹង​លើ​បង​ប្អូន​ចូល​រួម​ធ្វើ​រឿង​ហ្នឹង​ទាំង​អស់​គ្នា​ ។ សុំ​កុំ​យល់​ថា​យើង​ជា​អ្នក​តូច​តាច​មិន​អាច​ធ្វើ​អី​ទៅ​រួច​ទេ កុំ​គិត​អីចឹង អ្វី​ដែល​យើង​ធ្វើ​កើត​យើង​ត្រូវ​តែ​ជួយ​គ្នា​ ។​ ឥឡូវ​នេះ​ខ្ញុំ​ឧទាហរណ៍​ឱ្យ​ឃើញ​ករណី​មួយ​តូច​ទេ ដូច​ជា​ដល់​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ឬ មួយ​ក៏​តំណាង​រាស្ត្រ​អី​នឹង​​ ដល់​ពេល​ហ្នឹង​យើង​ទាំង​អស់​គ្នា​នាំ​គ្នា​មិន​ទៅ​បោះ​ឆ្នោត​គឺ​ដេក​ផ្ទះ​ គ្រាន់​តែ​ប៉ុណ្ណឹង​ក៏​ល្មម​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ភ័យ ​ដែរ »

ចំណែក​សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​មួយ​រូប​ កំពុង​រស់​នៅ​ខេត្ត​ព្រះ​ត្រពាំង​គឺ​លោក ​ថាច់ ថា ដែល​លោក​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​វៀតណាម ​ចាប់​រឹប​អូស​យក​សៀវភៅ​ច្បាប់​សិទ្ធិ​មនុស្ស សៀវភៅ​សិទ្ធិ​ជន​ជាតិ​ដើម ​និង​សៀវភៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព ទាំង​ ១៧ ចំណុច​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ហៅ​កាត់​ថា​ SDGs កាល​ពី​ថ្ងៃ​ទី ២៥ មិថុនា​កន្លង​ទៅ​នេះ ។ ​ក្នុង​ពេល​ដែល​លោក​កំពុង​តែ​ដឹក​សៀវភៅ​ទៅ​ចែក​ជូន​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​តាម​ស្រុក​មួយ​ចំនួន​ ដែល​ពួក​គាត់​ត្រូវ​ការ​សៀវភៅ​ទាំង​នេះ​ ។

សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​ វ័យ​ ៥៧ ឆ្នាំ​រូប​នេះ​ បាន​ស្រែក​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្រោក​ឈរ​ឡើង​តស៊ូ​ដោយ​សន្តិ​វិធី​ និង​អហិង្សា​ទាំង​អស់​គ្នា​ ព្រោះ​ថា​ពលរដ្ឋ​ខ្មែរ​ក្រោម ​ដែល​ជា​ម្ចាស់​ស្រុក​មិន​អាច​រស់​នៅ​បាន​ទៀត​ទេ​ ក្នុង​ស្ថាន​ភាព​ដែល​វៀតណាម ​​បិត​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ មាន​ការ​រឹប​អូស​យក​ដី​ធ្លី​ពលរដ្ឋ​ខ្មែរ​ក្រោម​ និង​ការ​បិទ​សិទ្ធិ​បញ្ចេញ​មតិ​​ជា​ដើម​៖ «អីចឹង​ខ្ញុំ​ច្រើន​តែ​រំលឹក​និយាយ​ថា ​រដ្ឋាភិបាល​គឺ​ជា​ទឹក​ ឯ​ប្រជា​ពលរដ្ឋ​គឺ​ប្រៀប​បាន​ដូច​ជា​ត្រី​ ហើយ​ពេលនេះ ​គឺ​ថា​ទឹក​ហ្នឹង​ កំពុង​តែ​មាន​ការ​កករ​ កខ្វក់​ បរិស្ថាន​ទឹក​ហ្នឹង​មិន​ស្អាត​ ធ្វើ​ឲ្យ​ត្រី​ហ្នឹង​ពិបាក​នឹង​រស់​ ដល់​ម៉ោង​នេះ​ គឺ​ត្រី​ត្រូវ​ទេ​ស្ទុះ​រើ​បម្រះ​​ បើ​មិន​ខំ​ស្ទុះ​ទេ​គឺ​ស្លាប់​ ។ ទឹក​នេះ​កំពុង​ធ្វើ​ឱ្យ​បរិស្ថាន​ពុល​គឺ​រដ្ឋាភិបាល​និង​កំពុង​តែ​បំពុល​បរិស្ថាន​ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​ប្រៀប​ដូច​ជា​ត្រី​ជា​មច្ឆា​ហ្នឹង​មិន​អាច​រស់​ត​ទៅ​ទៀត​បាន​ទេ​ណា​បង​ប្អូន​»

ការ​លើ​ក​ឡើង​មក​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​ចុះ​ថ្ងៃ​ទី​ ២០ កញ្ញា​កន្លង​ គឺ​ជា​លិខិត​ឆ្លើយ​តប​របស់​រដ្ឋ​អំណាច​វៀតណាម​ ដែល​បាន​ផ្ញើ​ជូន​ទៅ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ។ ក្នុង​ករណី ​ដែល​ស្ថាប័ន​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ចោទ​ប្រកាន់​ភាគី​វៀតណាម​ថា​ បាន​រំលោភ​សិទ្ធិ​យុវជន​ខ្មែរ​ក្រោម​ ឈ្មោះ​ យឿង ខាយ​ ។ រី​ឯ​លិខិត​ឆ្លើយ​តប​នោះ​ វៀតណាម ​បែរ​ជា​ចោទ​ប្រកាន់​ចំពោះ​យុវជន​ឈ្មោះ​យឿង​ ខាយថា​ផ្សព្វ​ផ្សាយ​សៀវភៅ​ច្បាប់​ជនជាតិ​ដើម​ គឺ​ខុស​ច្បាប់​នៃ​ប្រទេស​វៀតណាម​ ហើយ​ថែប​ទាំង​ចោទ​ប្រកាន់​យុវជន​យឿង ​ខាយ ថា​កំពុង​ព្យាយាម​បំបែក​រដ្ឋ​ទៀត​ផង ​។

ទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​លោក ​ទៀ​ ថេន​ បំភ្លឺ​ថា ​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​អង្គការ​តស៊ូ​មតិ​ដោយ​សន្តិ​វិធី​ និង​អហិង្សា​ ដែល​អង្គការ​សហ​ប្រជាជាតិ​ទទួល​ស្គាល់​ មិន​មែន​​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋ​អំណាច​វៀតណាម​ ថា​ជា​ក្រុម​អង្គការ​ខិលខូច​ ​នោះ​ទេ​ ។ ចំណែក​ការ​តស៊ូ​មតិ​របស់​ពល​រដ្ឋ​ និង​យុវជន​ខ្មែរ​ក្រោម​ នៅ​កម្ពុជាក្រោម​ សព្វ​ថ្ងៃ​ក៏​ដូច្នោះ​ដែរ​ គឺ​ជា​ការ​តស៊ូ​ស្រប​ទៅ​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ​៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ មិន​មាន​ទៅ​ការ​ធ្វើ​អ្វី​ឲ្យ​លើស​ពី​ច្បាប់​ជាតិ ​ច្បាប់​ អន្តរ​ជាតិ​នោះ​ទេ​ គឺ​យើង​ធ្វើ​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​យើង​ទាម​ទារ​ចង់បាន​ គឺ​យើង​ត្រូវ​ការ​ធ្វើ​តែ​ប៉ុណ្ណឹង​ ។ ឥឡូវ​ហ្នឹង​យុវជន​យើង​ពួក​គាត់​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ទេ​ណា ហើយ​ និង​បង​ប្អូន​យើង​ដទៃ​ទៀត​ក៏​កំពុង​តវ៉ា​រាល់​ថ្ងៃ​ រឿង​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខ​បុក​ម្នេញ ចំពោះ​បង​ប្អូន​យើង​ដែល​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ រក្សា​នូវ​ប្រពៃណី​ទំនៀម​ទម្លាប់​ដ៏​ត្រឹម​ត្រូវ​របស់​គេ ថែ​រក្សា​មត៌ក​វប្បធម៌​​​របស់​ដូន​តា​គេ​ ដូច្នេះ​ឯង​គឺ​រដ្ឋអំណាច​វៀតណាម​ខ្លួន​ឯង​ហ្នឹង​ដែល​ធ្វើ​ឱ្យ​បាត់​បង់​ឯកភាព​ជាតិ​ ។ ហើយ​ខ្ញុំ​ត្រូវ​តែ​និយាយ​ ត្រូវ ជូន​របាយការណ៍​នេះ ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​បាន​ជ្រាប​ពី​រឿង​ទាំង​អស់​ហ្នឹង​»

ក្រោយ​ពី​ការ​ត្រួត​ត្រា​របស់​របប​អាណានិគម​វៀតណាម​ លើ​ដែន​ដី​កម្ពុជា​ក្រោម​មក​ ពល​រដ្ឋ​ខ្មែរ​ក្រោម​បាន​ក្រោក​ឡើង​តស៊ូ​ទាម​ទារ​ ​និង​ដណ្ដើម​​កម្ពុជា​ក្រោម​មក​វិញ​ មិន​ដែល​អាក់​ខាន​ឡើយ​ តែ​ការ​តស៊ូ ដោយ​កម្លាំង​បាយ​របស់​បុព្វបុរស​ខ្មែរ​ក្រោម ​តែង​តែ​ទទួល​បរាជ័យ​រហូត​ ។

ប្រធាន​ផែន​ការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ លើក​ឡើង​ថា​ ការ​តស៊ូ​តាម​មាគ៌ា​របស់​សហព័ន្ធ​ ក្នុង​សម័យ​នេះ ​គឺ​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​ ។ ការ​តស៊ូ​មតិ​នេះ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់​ អត់​ធ្មត់​​តាំង​កាយ​វិការ​ តាំង​ពាក្យ​សម្ដី​ ព្រោះ​វា​ជា​ការ​តស៊ូ​ដ៏​យូរ​អង្វែង​​តែ​ការ​តស៊ូ​នេះ ​​នឹង​នាំ​មក​ជោគ​ជ័យ​ជា​មិន​ខាន ​ព្រោះ​ជា​ការ​តស៊ូ​តាម​ឆន្ទៈ​​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ​​និង​ស្រប​ទៅ​តាម​សម័យ​កាល​វិវឌ្ឍន៍​នៃ​ពិភព​លោក ​៖ «យើង​ពេលណា​ ក៏​យើង​អំពាវ​នាវ​ដល់​ឲ្យ​បង​ប្អូន​យើង​តវ៉ា​ដោយ​សន្តិ​វិធី​ និង​អហិង្សា​ កាល​ណា​យើង​ភ្លាត់​ធ្វើ​អំពើ​ហិង្សា​ បាន​ន័យ​ថា​យើង​ឱ្យ​ច្បាប់​គេ​ចាប់​ គេ​បាញ់​សម្លាប់​យើង ​ដាក់​គុក​យើង​ដោយ​ស្រប​ច្បាប់​ ហេតុ​ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​តស៊ូ​មតិ​ដោយ​សន្តិ​វិធី​ ទោះ​បី​វា​ប្រើ​ពេល​យូរ​អង្វែង​ក៏​ដោយ​ តែ​យើង​នៅ​តែ​ជឿ​ជាក់​ថា​ យើង​ធ្វើ​រឿង​ពិត​ធ្វើ​រឿង​ត្រឹម​ត្រូវ​ទី​បំផុត​យើង​នឹង​បាន​សម្រេច​ដូច​ក្ដី​ប្រា​ថ្នា​»

Leave A Reply

Your email address will not be published.