សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការទទួល​អនិច្ចធម្ម ព្រះតេជព្រះគុណ សឺ​ន ចាន់

0 261

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​នៅ​ថ្ងៃទី ៧ ខែមករា​ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ព្រះសង្ឃ និង ពុទ្ធបរិស័ទ​នៃ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​ហា​មិ​ល​តោន និង​គ្រួសារ​សព នៅក្នុង​ពិធីបុណ្យ​ឈាបនកិច្ច ព្រះ​សព ព្រះតេជព្រះគុណ សឺ​ន ច័ន្ទ ដែល​ព្រះអង្គ​បានទទួល​អនិច្ចធម្ម នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី ៧ ខែមករា ឆ្នាំ ២០២១ នៅ​ក្រុង Tillsonburg ជិត​ទីក្រុង​ឡុ​ន​ដុន នៃ​ប្រទេស​កាណាដា ក្នុង​ព្រះ​ជន្មាយុ ៨៥ វស្សា ។

ពី​សហរដ្ឋអាមេរិក លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ញើ​សារ​ចូលរួម​រំលែក ទុក្ខ និង​សម្ដែង​ការសោកស្ដាយ​អាឡោះអាល័យ​ចំពោះ​ការបាត់បង់​នូវ ព្រះតេជព្រះគុណ សឺ​ន ច័ន្ទ ជា​ព្រះសង្ឃ​ចាស់ទុំ​មួយអង្គ នៅក្នុង​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​ហា​មិ​ល​តោន នៅក្នុង​សង្គម​ខ្មែរក្រោម​នៅក្រៅ​ប្រទេស និង​ជាពិសេស នៅក្នុង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ព្រះតេជព្រះគុណ សឺ​ន ចន្ទ កាល​នៅមាន​ព្រះជន្ម តែងតែ​គាំទ្រ​ជានិច្ច ចំពោះ​ការតស៊ូ របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​ទាមទារ​នូវ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម ។

យោងតាម​សេចក្ដីជូនដំណឹង ដោយ​ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ជា​ព្រះចៅអធិការ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម​ហា​មិ​ល​តោន និង​ជា​ប្រធាន គណៈកម្មការ​សាសនា​អន្តរជាតិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា កម្មវិធី​បុណ្យឈាបនកិច្ច​ព្រះ​សព ព្រះតេជព្រះគុណ សឺ​ន ចាន់ ប្រារព្ធ​ចំនួន ៣ ថ្ងៃ គឺ ចាប់ពី​ថ្ងៃ​សុក្រ ទី ៨ ដល់ ថ្ងៃអាទិត្យ ១០ ខែមករា ។ លុះដល់​ថ្ងៃ​ចន្ទ ១៣ រោច ខែបុស្ស ឆ្នាំ ជូត​ទោស័ក ព​. ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ កម្មវិធី​បូជាព្រះសព​ជា​កិច្ច​ឆ្លងបុណ្យ ។​

Leave A Reply

Your email address will not be published.