ខួប ៦៧ ឆ្នាំ នៃទិវា ៤ មិថុនា ដោយសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Stockton

175

នៅថ្ងៃអាទិត្យ ទី ២៦ ខែមិថុនា ឆ្នាំ ២០១៦ សាខាសហពន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក បានប្រារព្ធខួប ៦៧ ឆ្នាំ នៃទិវា ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃដែលបារាំងបាន កាត់ដែនដីកម្ពុជាក្រោម ឬ ដែនដីកូស័ងស៊ីនឲ្យទៅវៀតណាម ។ ពិធីនេះប្រារព្ធនៅពុទ្ធរង្សី  មានការចូលរួម ពីអ្នកគាំទ្រនៅក្នុងតំបន់មួយនេះ និងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម មួយចំនួន ដូចជា ព្រះតេជព្រះ គុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម  លោក ថាច់ តង ប្រធានតំបន់អាមេរិកខាងលិច  លោក លី ឃោន ប្រធានសាខាប្រចាំទីក្រុង San Jose លោក លុយ លិន ថាយ ប្រធាន សាខាប្រចាំអាមេរិក ខាងជើង និង លោក ម៉ៅ រ៉ាឌី ប្រធានសាខាប្រចាំទីក្រុង Stockton  ព្រមទាំងមានការចូលរួមពីតំណាង សាខាគណបក្ស សង្គ្រោះជាតិ ប្រចាំទីក្រុង Stockton ផងដែរ ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅទីក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក រៀបចំទិវា ៤ មិថុនា ដែលជាថ្ងៃបារាំងផ្ទេរដែនដីកម្ពុជាក្រោម ទៅឲ្យវៀតណាមធ្វើអាណានិគមបន្ត មកលើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក ។ រូបថត ស៊ឺន ចែងចើន
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅទីក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក រៀបចំទិវា ៤ មិថុនា ដែលជាថ្ងៃបារាំងផ្ទេរដែនដីកម្ពុជាក្រោម ទៅឲ្យវៀតណាមធ្វើអាណានិគមបន្ត មកលើពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក ។ រូបថត ស៊ឺន ចែងចើន

កម្មពិធីនេះ ប្រព្រឹត្តទៅដោយមានកិច្ចនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និងថ្វាយភត្តដល់ព្រះសង្ឃ ដើម្បី ឧទ្ទិសកុសលដល់បុព្វការីជនខ្មែរគ្រប់ជំនាន់ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងសាសនានៅ ដែនដីកម្ពុជាក្រោម  ។ បន្ទាប់ពីអ្នកចូល រួមក្នុងនោះមានតំណាងគណបក្សសង្រោះជាតិជាដើមបានឡើង ថ្លែងចាប់អារម្មណ៍ដល់ពិធីនេះ លោក ចៅ សេរី បានធ្វើបទបង្ហាញមួយស្ដីអំពីសកម្មភាពរបស់សហព័ន្ធ ខ្មែរ កម្ពជាក្រោម នៅលើឆាកអន្តរជាតិ ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងអំពីមូល ហេតុដែលនាំឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រារព្ធកម្មវិធី ៦៧ នៃទិវា ៤ មិថុនា ថា ដើម្បីដល់ថ្ងៃដែលបារាំង បានកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម កាលពីថ្ងៃ ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ស៊ឺន ចែងចើន

លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងធ្វើបទបង្ហាញអបដោយរូបថតដល់ អ្នកចូលរួមឲ្យបានយល់អំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានធ្វើការតស៊ូតាំងពីដើមរៀង មក ដើម្បីឲ្យសហគមន៍អន្តរជាតិបានស្គាល់ថា ខ្មែរក្រោមជានរណា ។

លោក ចៅ សេរី បានបញ្ជាក់ថា នៅពេលនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានឆ្លងកាត់ដំណាក់កាលធ្វើឲ្យគេ ស្គាល់ខ្មែរក្រោមហើយ ៗឈានដល់ដំណាក់កាលថ្មីមួយទៀត គឺស្វែងរកដៃគូជាមួយអង្គការអន្តរជាតិនានា ដើម្បីធ្វើការតស៊ូមតិជម្រុញឲ្យមានការផ្លាស់ប្ដូរផ្នែកសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ។

លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទី ៤ ខែមិថុនា សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោម ទូទាំងពិភពលោក ដូចជា ប្រទេសកម្ពុជា  ថៃ  សហរដ្ឋអាមេរិក  កាណាដា អូស្តាលី New Zealand និង ប្រទេសមួយចំនួននៅអឺរុប ដូចជា បារាំង ស្វិស អ៊ីតាលី ហូឡង់ ជាដើម តែងតែប្រារព្ធទិវា ៤ មិថុនា ដើម្បី រំឭកដល់ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោម ជាអតីតទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជាឲ្យទៅយួន បន្តធ្វើអាណានិគមលើខ្មែរក្រោម ។

កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បាន​ប្រកាស​ច្បាប់ លេខ ៤៩-៧៣៣ ក្នុងការប្រគល់ដែនដីកូស័ងស៊ីន ឲ្យទៅជារដ្ឋចំណុះវៀតណាមដែល ពលរដ្ឋខ្មែរចាត់ទុកថា ជាសន្ធិសញ្ញាខុសច្បាប់ ។

ដែនដីកូស័ងស៊ីន ឬ កម្ពុជា​ក្រោម មាន​ទំហំ ៦៧ ពាន់ គីឡូម៉ែត្រ​ក្រឡា នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ឬ  ភាគខាងត្បូងនៃប្រទេសវៀតណាម សព្វថ្ងៃ ។​ ក្រោយពីបារាំងបានកាត់ដែនដីកម្ពុជាក្រោមទៅឲ្យវៀតណាម មក ពលរដ្ឋខ្មែរក្រោមវាល់លាននាក់ជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម បានបន្តរស់នៅក្រោមនឹមអាណា និគមយួនរហូតមកដល់ សព្វថ្ងៃ ។

សព្វថ្ងៃ ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម មិនមានសិទ្ធិប្រារព្ធខួប ទិវា ៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃ ប្រវត្តិសាស្ត្រជាតិរបស់ខ្លួន ដែលអាណានិគមនិយមបារាំងបានកាត់ដែនដីកម្ពុជាក្រោម និងវាសនារបស់ខ្លួន ផ្ទេរឲ្យទៅនៅក្រោមនឹមអាណានិគមថ្មីរបស់យួននោះឡើយ ។ ទិវានេះ ប្រារព្ធបានតែពលរដ្ឋខ្មែរក្រោមនៅក្រៅ ប្រទេសតែប៉ណ្ណោះ ៕

ចុចទីនេះ ដើម្បីមើលរូបថតជាច្រើនទៀត…

Comments are closed.