សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្ដឹង​អន្តរជាតិ​ករណី​យួន​បិទទ្វារ​របង​ផ្ទះ​ខ្មែរក្រោម​

0 681

ដោយ ស៊ឺន ចែងចើន និងថាច់ ប្រីជា គឿន

​អាជ្ញាធរ​វៀតណាម នៅ​ព្រឹក​ថ្ងៃទី ១០ ខែវិច្ឆិកា សប្ដាហ៍​នេះ បាន​ចុះ​បិទទ្វារ​របង​ចេញចូល​ផ្ទះ​របស់​ខ្មែរក្រោម​មួយ​គ្រួសារ នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ដែល​កំពុងមាន​ជម្លោះដីធ្លី​ជាមួយ នឹង​ជនជាតិ​យួន ។ ការបិទ​ទ្វាររបង​ចេញចូល​ផ្ទះ​នេះ បន្ទាប់ពី​នាយកដ្ឋាន​អនុវត្ត​សាលដីកា​រដ្ឋប្បវេណី​ខេត្ត​ព្រះ​ត្រពាំង​របស់​រដ្ឋាភិបាល​វៀតណាម កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា បាន​កោះហៅ​ក្រុមគ្រួសារ​ជា​ពលរដ្ឋ​ខ្មែរក្រោម ទៅ​ចុះហត្ថលេខា​ទទួលស្គាល់​ លើ​ការអនុវត្ត​សាលក្រម​ជាស្ថាពរ​របស់​តុលាការ តែ​គ្រួសារ​ខ្មែរក្រោម​បាន​បដិសេធ​សេចក្ដីសម្រេច​របស់​តុលាការ ហើយ​លើកឡើងថា ទង្វើ​របស់​អាជ្ញាធរ​ដែ​ល​សហការ​នឹង​ជនជាតិ​យួ​នោះ ជាការ​រំលោភបំពាន និង​មាក់ងាយ​ដល់​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​លើកយក​បញ្ហា​នេះ​ រាយការណ៍​ទៅ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នានា ដើម្បី​អន្តរាគមន៍ ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ឈប់​រំលោភបំពាន​សិទ្ធិ​លើ​ខ្មែរក្រោម​ម្ចាស់​ស្រុក ។​

​អាជ្ញាធរយួន​ចុះអនុវត្ត​សាលដីកា​ ដោយបិទទ្វារ​របង​ផ្ទះ​ខ្មែរក្រោម​ ។ រូបៈ ផ្តល់ឲ្យ
​អាជ្ញាធរយួន​ចុះអនុវត្ត​សាលដីកា​ ដោយបិទទ្វារ​របង​ផ្ទះ​ខ្មែរក្រោម​ ។ រូបៈ ផ្តល់ឲ្យ

គ្រួសារ​ខ្មែរក្រោម​មួយ​គ្រួសារ នៅ​ភូមិ​ចំការ សង្កា​ត់ទី ៩ ខណ្ឌ​ទី ៩ ទីក្រុង​ព្រះ​ត្រពាំង ខេត្ត​ព្រះ​ត្រពាំង បាន​ឲ្យ​ដឹងថា ចំណាត់ការ​របស់​តុលាការ ដែល​កាត់ក្តី​ឲ្យ​ពួកគេ​ជា​អ្នកចាញ់ ក្នុង​សំណុំរឿង​ជម្លោះដីធ្លី​ជាមួយ​ជនជាតិ​យួន និង​ជា​អ្នកមាន​លុយ​មានអំណាច​នោះ ជា​រឿង​អយុត្តិធម៌​បំផុត សម្រាប់​គ្រួសារ​លោក ។​

​លោក គឹម សុខន តំណាង​គ្រួសារ​រងគ្រោះ​ដីធ្លី បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា តុលាការ​យួន បាន​បង្ខំ​ឲ្យ​គ្រួសារ​លោក​ឲ្យ​បង់ប្រាក់​ចំនួន ១០ លាន​ដុង ឬ​ប្រហែល ៥០០ ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សង​ថ្លៃបង់​សេវា​ទៅលើ​ក្រុមមន្ត្រី ដែល​ចុះទៅ​អនុវត្ត​សាលដីកា​របស់​តុលាការ ប្រសើ​ន​បើ​គ្រួសារ​លោក មិន​ព្រម​ចុះហត្ថលេខា​ទទួលស្គាល់ លើ​សេចក្តីសម្រេច​របស់​តុលាការ​ទេនោះ ។​

​លោក គឹម សុខន បាន​ថ្លែង​នៅក្នុង​វីដេអូ និង​បាន​បង្ហោះ​នៅលើ​គណនេយ្យ Facebook របស់ខ្លួន​នៅពេល​ពួក​អាជ្ញាធរ​យួន​មក​រៀប​ឥដ្ឋ​បិទ​ទ្វាររបង​ផ្ទះ​របស់លោក​ថា ទង្វើ​ដែល​តុលាការ​យួន​កាត់​ដី​ឲ្យ​ជនជាតិ​យួន​គ្នា​គេ​នោះ គឺជា​ការ​ម៉ាក់​ងាយ​ដល់​ខ្មែរក្រោម ​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

អាជ្ញាយួន ដាក់កម្លាំងឃ្លាំមើលការអនុវត្ត​សាលក្រមរបស់តុលាការ ។ រូបៈ ផ្តល់ឲ្យ
អាជ្ញាយួន ដាក់កម្លាំងឃ្លាំមើលការអនុវត្ត​សាលក្រមរបស់តុលាការ ។ រូបៈ ផ្តល់ឲ្យ

​លោក ត្រឹង ម៉ាន់ រិន្ទ ជា​ប្រធាន​ផែនការ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​សិក្សា​លើ​ករណីនេះ និង​ថា សហព័ន្ធ​នឹង​រៀបចំ​ធ្វើ​របាយការណ៍​ផ្ញើ​ទៅ អង្គការ​អន្តរជាតិ​នានា​ឲ្យ​បាន​ជ្រាប​អំពី​បញ្ហា​នេះ ដើម្បី​ទប់ស្កាត់​ការរំលោភ​សិទ្ធិ​របស់​យួន​លើ​ខ្មែរក្រោម​ម្ចាស់​ស្រុក ។​

​ជុំវិញ​ករណី​ទំនាស់​ដីធ្លី ដែល​បាន​កើតឡើង​រ៉ាំរ៉ៃ​ជាមួយនឹង​ជនជាតិ​យួន អស់​រយៈពេល​យូរ​ឆ្នាំ​មកហើយ​នោះ លោក គឹម សុខន ឲ្យ​ដឹងថា គ្រួសារ​លោក​ត្រូវ​ជនជាតិ​យួន​ម្នាក់​ឈ្មោះ កៅ អា​ញ់ ឡៀក (Cao Anh Liệt) ដែលជា​អ្នក​មក​តាំងទី​លំនៅ​ថ្មី ដោយ​ទិញ​ដី​របស់​ពលរដ្ឋ​ខ្មែរក្រោម នៅក្បែរ​ផ្ទះ​របស់លោក នៅ​ឆ្នាំ ២០០៣ ។ ក្រោយមក លោក កៅ អា​ញ់ ឡៀក បាន​ទន្ទ្រាន​ដណ្ដើមយក​ដីធ្លី​ចិញ្ចើមថ្នល់​នៅមុខ​ផ្ទះ​របស់លោក គឹម សុខន និង​បាន​បិទផ្លូវ​មិន​ឲ្យ​គ្រួសារ​លោក គឹម សុខន ធ្វើដំណើរ​ចេញចូល​ទៅ​ផ្លូវ​សាធារណៈ​បាន ខណៈ​គ្រួសារ​លោក​មាន​ប័ណ្ណ​កាន់កាប់​ដីធ្លី ឬ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ តាំងតែ​ពី​ឆ្នាំ ១៩៧៩ មកម្ល៉េះ ។​

​ក្រោយ​ទទួលរង​នូវ​អំពើ​អយុត្តិធម៌ ក្រុមគ្រួសារ​ខ្មែរក្រោម​នោះ ក៏បានរ​ប្តឹងផ្តល់​ជនជាតិ​យួន ដែល​រំលោភ​យក​ដី​កម្មសិទ្ធិ ទៅកាន់​តុលាការ​គ្រប់​ជាន់ថ្នាក់ នៅ​ខេត្ត​ព្រះ​ត្រពាំង រាប់​តាំងពី​តុលាការ​ជាន់​ទាប រហូត​តុលាការ​ជាន់ខ្ពស់ តែ​តុលាការ នៅតែ​កាត់​ឲ្យ​គ្រួសារ​លោក​ចាញ់ក្តី​ជនជាតិ​យួន​ដដែល ។​

​បើតាម​ការលើកឡើងរ​បស់​គ្រួសារ​ជនរងគ្រោះ អះ​អា​ថា ការដោះស្រាយ​ជម្លោះដីធ្លី​កន្លងមក គ្មាន​លទ្ធផល​សមរម្យ​ណាមួយ ដែល​ពួកគេ​អាច​ទទួលយកបាន​នោះទេ ពោល គឺ​អាជ្ញាធរ​ពាក់ព័ន្ធ តែងតែ​អូសបន្លាយ​ពេលវេលា ប្រើល្បិច​កល់​គ្រប់សព្វ​បែបយ៉ាង និង​លំអៀង​ទៅខាង​ជនជាតិ​យួន ដែលជា​អ្នកមានអំណាច​ខាង​ទឹក​លុយ ។ បន្ថែម​ពីលើ​នេះ តុលាការ​យួន នៅ​ខត្ត​ព្រះ​ត្រពាំង ក៏​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត ជិត ៩ លាន​ដុង ទៅ​ជនជាតិ​យួន ដែល​រំលោភបំពាន​ទ្រព្យសម្បត្តិ​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម និង​ប្រកាស​សាលដីកា​បិទផ្លូវ​ប្តឹងតវ៉ា​លើ​សំណុំរឿង​ដីធ្លី​នេះ​ទៀតផង ៕

Leave A Reply

Your email address will not be published.